លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០៨

លោកយេស៊ូមិនចាញ់ការបញ្ឆោត

លោកយេស៊ូមិនចាញ់ការបញ្ឆោត

ម៉ាថាយ ២២:១៥​-​៤០ ម៉ាកុស ១២:១៣​-​៣៤ លូកា ២០:២០​-​៤០

  • អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ

  • តើ​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រៀប​ការ​ឬ?

  • បញ្ញត្ដិ​ដ៏​សំខាន់​បំផុត

ពួក​អ្នក​ដែល​ប្រឆាំង​លោក​យេស៊ូ​បាន​ខឹង​យ៉ាង​ខ្លាំង។ ហេតុ​អ្វី? ដោយ​សារ​លោក​យេស៊ូ​ទើប​តែ​បាន​លើក​ឧទាហរណ៍​ផ្សេង​ៗ​ដើម្បី​លាត​ត្រដាង​ភាព​ទុច្ចរិត​របស់​ពួក​គេ។ ឥឡូវ​នេះ ពួក​ផារិស៊ី​រួម​គំនិត​គ្នា​ដើម្បី​បញ្ឆោត​លោក។ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​យក​ជា​ហេតុ​ដើម្បី​ចាប់​លោក​ប្រគល់​ទៅ​ឲ្យ​អភិបាល​រ៉ូម។ ហេតុ​នេះ ពួក​គេ​បាន​ឲ្យ​ប្រាក់​ទៅ​ពួក​អ្នក​កាន់​តាម​ខ្លះ​របស់​ពួក​គេ ដើម្បី​ឲ្យ​ទៅ​បញ្ឆោត​លោក​យេស៊ូ។—លូកា ៦:៧

រួច​មក អ្នក​ទាំង​នោះ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​និង​បង្រៀន​ត្រឹម​ត្រូវ ក៏​មិន​រើស​មុខ​អ្នក​ណា​ឡើយ តែ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ តើ​មាន​ច្បាប់​ឲ្យ​យើង​បង់​ពន្ធ​ជូន​សេសារ​ឬ​ទេ?​»។ (​លូកា ២០:២១, ២២​) លោក​យេស៊ូ​មិន​បាន​ចាញ់​បោក​ពាក្យ​បញ្ជោរ​របស់​ពួក​គេ​ទេ ពី​ព្រោះ​លោក​ជ្រាប​ថា​ពួក​គេ​ជា​មនុស្ស​លាក់​ពុត​និង​មាន​ឧបាយ​កល។ ប្រសិន​បើ​លោក​មាន​ប្រសាសន៍​ថា ‹ទេ មិន​ត្រូវ​បង់​ពន្ធ​ទេ› នោះ​លោក​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​រ៉ូម។ ផ្ទុយ​ទៅ​វិញ បើ​លោក​មាន​ប្រសាសន៍​ថា ‹មែន​ហើយ ត្រូវ​តែ​បង់​ពន្ធ› នោះ​បណ្ដា​ជន​ដែល​ស្អប់​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​រ៉ូម អាច​យល់​ច្រឡំ​ហើយ​ចាប់​ផ្ដើម​ប្រឆាំង​លោក។ ដូច្នេះ តើ​លោក​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​ឆ្លើយ​តប​ទៅ​ពួក​គេ​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ចូរ​យក​កាក់​សម្រាប់​បង់​ពន្ធដារ​មក​បង្ហាញ​ខ្ញុំ​»។ ពួក​គេ​យក​ប្រាក់​ឌីណារី​មួយ​មក​ជូន​លោក។ រួច​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ដោយ​ប៉ិន​ប្រសប់​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។—ម៉ាថាយ ២២:១៨​-​២១

ពួក​គេ​កោត​ស្ងើច​ក្នុង​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​យេស៊ូ។ ការ​ឆ្លើយ​តប​យ៉ាង​ប៉ិន​ប្រសប់​របស់​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ងាត់​មាត់ រួច​ពួក​គេ​ក៏​ចាក​ចេញ​ទៅ។ ប៉ុន្តែ ថ្ងៃ​នោះ​មិន​ទាន់​ចប់​ទេ ហើយ​សត្រូវ​របស់​លោក​ក៏​មិន​បាន​ឈប់​ព្យាយាម​បញ្ឆោត​លោក​ដែរ ពី​ព្រោះ​បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​របស់​ពួក​ផារិស៊ី​បាន​បរាជ័យ ពួក​អ្នក​ដឹក​នាំ​សាសនា​មួយ​ក្រុម​ទៀត​បាន​មក​ជួប​លោក​យេស៊ូ។

ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​សួរ​សំណួរ​មួយ​ដែល​ទាក់​ទង​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​ការ​រៀប​ការ​ជា​មួយ​នឹង​បុរស​ដែល​ជា​សាច់​ថ្លៃ។ ពួក​គេ​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ ម៉ូសេ​បាន​ប្រាប់​ថា​៖ ‹បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន បង​ឬ​ប្អូន​ប្រុស​របស់​បុរស​នោះ ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​បុរស​នោះ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​គាត់›។ ក្នុង​ចំណោម​យើង​ធ្លាប់​មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់។ បង​ច្បង​បាន​រៀប​ការ រួច​មក​បាន​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ ហើយ​ប្អូន​បន្ទាប់​បាន​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​គាត់។ ក្រោយ​ពី​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ប្អូន​បន្ទាប់​ក៏​បាន​ស្លាប់ តែ​គ្មាន​កូន​ដែរ។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ពៅ​ក៏​ដូច្នេះ​ដែរ។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​បាន​ស្លាប់​ទៅ​ដែរ។ ដូច្នេះ ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ក្នុង​ចំណោម​បង​ប្អូន​ប្រាំ​ពីរ​នាក់​នោះ​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ពួក​គេ​ទាំង​អស់ បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។—ម៉ាថាយ ២២:២៤​-​២៨

លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​សាឌូស៊ី​ជឿ​អ្វី​ដែល​ម៉ូសេ​បាន​សរសេរ ហេតុ​នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​គឺ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​យល់​ខុស ពី​ព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ​ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។ ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ បុរស​និង​ស្ត្រី​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ។ ប៉ុន្តែ​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ? ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›។ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​»។ (​ម៉ាកុស ១២:២៤​-​២៧; និក្ខមនំ ៣:១​-​៦​) ពួក​បណ្ដា​ជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង​ចំពោះ​ចម្លើយ​របស់​លោក​យេស៊ូ។

លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ស្ងាត់​មាត់។ ដូច្នេះ ឥឡូវ​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​បាន​ព្រួត​ដៃ​គ្នា​ដើម្បី​ល្បង​ល​លោក​បន្ថែម​ទៀត។ អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​សួរ​លោក​ថា​៖ ​«​លោក​គ្រូ ក្នុង​ច្បាប់ តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។—ម៉ាថាយ ២២:៣៦

លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​បញ្ញត្ដិ​ទី​មួយ​គឺ ‹ឱ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់! ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។ មាន​ព្រះ​យេហូវ៉ា​តែ​មួយ​ទេ ហើយ​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់​ពី​កម្លាំង​កាយ› បញ្ញត្ដិ​ទី​ពីរ​គឺ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›។ គ្មាន​បញ្ញត្ដិ​ណា​សំខាន់​ជាង​បញ្ញត្ដិ​ទាំង​នេះ​ឡើយ​»។—ម៉ាកុស ១២:២៩​-​៣១

កាល​ដែល​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​ឮ​ការ​តប​ឆ្លើយ​របស់​លោក​យេស៊ូ នោះ​គាត់​ក៏​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ! លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ និង​សម​ស្រប​តាម​សេចក្ដី​ពិត​ថា​៖ ‹មាន​ព្រះ​តែ​មួយ​ទេ ហើយ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ›។ ម្យ៉ាង​ទៀត បើ​មនុស្ស​ម្នាក់​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ដួង​ចិត្ត និង​អស់​ពី​សមត្ថភាព​យល់​ដឹង ថែម​ទាំង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​មាន​តម្លៃ​ជាង​សត្វ​ដែល​គេ​ដុត​ជា​គ្រឿង​បូជា​និង​គ្រឿង​បូជា​ឯ​ទៀត​ទាំង​អស់​»។ ឮ​ដូច្នេះ លោក​យេស៊ូ​ជ្រាប​ថា​គាត់​បាន​ឆ្លើយ​ដោយ​ប្រាជ្ញា ហេតុ​នេះ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​នៅ​មិន​ឆ្ងាយ​ពី​រាជាណាចក្រ​របស់​ព្រះ​ទេ​»។—ម៉ាកុស ១២:៣២​-​៣៤

លោក​យេស៊ូ​បាន​បង្រៀន​នៅ​ឯ​វិហារ​អស់​បី​ថ្ងៃ​ហើយ (​ថ្ងៃ​ទី​៩ ទី​១០ និង​ទី​១១ ខែ​ណែសាន​)។ មនុស្ស​ខ្លះ​ដែល​រួម​មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​នេះ បាន​រីក​រាយ​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​គឺ​មិន​រីក​រាយ​សោះ ហើយ​ឥឡូវ​នេះ​ពួក​គេ​មិន​«​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ឡើយ​»។