លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១២

មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ

មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ

ម៉ាថាយ ២៥:១​-​១៣

  • លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់

លោក​យេស៊ូ​ទើប​តែ​បាន​ឆ្លើយ​សំណួរ​របស់​ពួក​សាវ័ក​អំពី​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក។ ស្តី​អំពី​រឿង​នេះ ឥឡូវ​លោក​បាន​ផ្ដល់​ការ​ដាស់​តឿន​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដោយ​លើក​ឧទាហរណ៍​មួយ​ទៀត។ មនុស្ស​ដែល​រស់​នៅ​ក្នុង​គ្រា​វត្តមាន​របស់​លោក​នឹង​ឃើញ​ថា​ឧទាហរណ៍​របស់​លោក​កើត​ឡើង​មែន។

លោក​រៀប​រាប់​អំពី​ឧទាហរណ៍​នេះ​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​នឹង​ប្រៀប​ដូច​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដប់​នាក់ ដែល​បាន​យក​ចង្កៀង​ចេញ​ទៅ​ជួប​កូន​កំលោះ។ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​មិន​ចេះ​ពិចារណា និង​ប្រាំ​នាក់​ចេះ​ពិចារណា​»។—ម៉ាថាយ ២៥:១, ២

ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ លោក​មិន​មែន​មាន​ន័យ​ថា​ពាក់​កណ្ដាល​នៃ​ពួក​អ្នក​កាន់​តាម​លោក​ដែល​ជា​អ្នក​ទទួល​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​មត៌ក គឺ​មិន​ចេះ​ពិចារណា ហើយ​ពាក់​កណ្ដាល​ទៀត​ចេះ​ពិចារណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​បញ្ជាក់​ថា អ្នក​កាន់​តាម​ម្នាក់​ៗ​អាច​សម្រេច​ចិត្ត​ថា​ពួក​គាត់​ចង់​ចាំ​យាម ឬ​អនុញ្ញាត​ឲ្យ​អ្វី​ឯ​ទៀត​មក​បំបែរ​អារម្មណ៍​របស់​ពួក​គាត់​ពី​រាជាណាចក្រ​ព្រះ។ លោក​យេស៊ូ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​បម្រើ​ម្នាក់​ៗ​របស់​លោក​អាច​រក្សា​ភាព​ស្មោះ​ត្រង់ ហើយ​ទទួល​ពរ​ពី​បិតា​របស់​លោក។

ក្នុង​ឧទាហរណ៍​នេះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​១០​នាក់​នឹង​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​ទទួល​កូន​កំលោះ ហើយ​ចូល​រួម​ពិធី​ដង្ហែ​អាពាហ៍ពិពាហ៍។ នៅ​ពេល​ដែល​កូន​កំលោះ​មក​ដល់ ស្ត្រី​ក្រមុំ​បរិសុទ្ធ​នឹង​អុជ​ចង្កៀង​ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​ជា​ការ​ផ្ដល់​កិត្ដិយស​ជូន​កូន​កំលោះ កាល​ដែល​លោក​នាំ​កូន​ក្រមុំ​របស់​លោក​ទៅ​ផ្ទះ​ដែល​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច​សម្រាប់​នាង។ ប៉ុន្តែ តើ​នោះ​ពិត​ជា​អ្វី​ដែល​បាន​កើត​ឡើង​ទេ?

លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ស្ត្រី​ដែល​មិន​ចេះ​ពិចារណា​បាន​យក​ចង្កៀង ប៉ុន្តែ​ពុំ​បាន​យក​ប្រេង​ទៅ​ជា​មួយ​ទេ រីឯ​ស្ត្រី​ដែល​ចេះពិចារណា​វិញ ពួក​នាង​បាន​យក​ចង្កៀង ក៏​បាន​យក​ប្រេង​ដាក់​ក្នុង​ដប​ទៅ​តាម​ដែរ។ ពេល​ដែល​កូន​កំលោះ​កំពុង​បង្អង់​យូរ ស្ត្រី​ទាំង​នោះ​បាន​ងោក​ងុយ ក៏​ដេក​លក់​អស់​ទៅ​»។ (​ម៉ាថាយ ២៥:៣​-​៥​) កូន​កំលោះ​មិន​បាន​មក​ដល់​យ៉ាង​ឆាប់​ដូច​ការ​រំពឹង​ទុក​នោះ​ទេ តែ​ហាក់​ដូច​ជា​មាន​ការ​បង្អង់​យូរ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​អស់​បាន​ដេក​លក់។ ពួក​សាវ័ក​ប្រហែល​ជា​នៅ​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ពី​មុន​អំពី​បុរស​ម្នាក់​ដែល​កើត​ក្នុង​រាជវង្ស​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​«​លុះ​បាន​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ហើយ បុរស​នោះ​បាន​វិល​ត្រឡប់​មក​វិញ​»។—លូកា ១៩:១១​-​១៥

ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ លោក​យេស៊ូ​ពន្យល់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ដែល​កូន​កំលោះ​មក​ដល់ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា​៖ ‹កូន​កំលោះ​មក​ដល់​ហើយ! ចូរ​ចេញ​ទៅ​ជួប​លោក›​»។ (​ម៉ាថាយ ២៥:៦​) ពេល​នោះ តើ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​ហើយ​ចាំ​យាម​ឬ​ទេ?

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​រួច​មក ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​នោះ​បាន​ក្រោក​ឡើង​រៀប​ចំ​ចង្កៀង​រៀង​ៗ​ខ្លួន។ ស្ត្រី​ដែល​មិន​ចេះ​ពិចារណា​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​ចេះ​ពិចារណា​ថា​៖ ‹សូម​ឲ្យ​ប្រេង​ខ្លះ​មក​យើង​ផង ពី​ព្រោះ​ចង្កៀង​របស់​យើង​ជិត​រលត់​ហើយ›។ ស្ត្រី​ដែល​ចេះ​ពិចារណា​បាន​តប​ឆ្លើយ​ដោយ​ពោល​ពាក្យ​ថា​៖ ‹ប្រហែល​ជា​មិន​មាន​ប្រេង​គ្រប់​គ្រាន់​សម្រាប់​យើង​និង​អ្នក​រាល់​គ្នា​ទេ។ សូម​ទៅ​ឯ​អ្នក​លក់​ប្រេង រួច​ទិញ​សម្រាប់​ខ្លួន​អ្នក​ទៅ›​»។—ម៉ាថាយ ២៥:៧​-​៩

ហេតុ​នេះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ដែល​មិន​ចេះ​ពិចារណា​មិន​បាន​ចាំ​យាម ហើយ​ក៏​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​កូន​កំលោះ​ដែរ។ ពួក​គេ​មិន​មាន​ប្រេង​គ្រប់​គ្រាន់​សម្រាប់​ចង្កៀង​របស់​ពួក​គេ​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​ចេញ​ទៅ​រក​ប្រេង​បន្ថែម​ទៀត។ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ស្ត្រី​ទាំង​នោះ​ចេញ​ទៅ​ទិញ​ប្រេង នោះ​កូន​កំលោះ​បាន​មក​ដល់ ហើយ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​លោក។ លុះ​បាន​ចូល​ហើយ គេ​ក៏​បិទ​ទ្វារ​ទៅ។ ក្រោយ​ពី​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ទៀត​បាន​មក​ដល់ ហើយ​ពោល​ថា​៖ ‹លោក! លោក! សូម​ឲ្យ​យើង​ចូល​ផង!›។ នោះ​លោក​តប​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ›​»។ (​ម៉ាថាយ ២៥:១០​-​១២​) ការ​មិន​ចាំ​យាម​និង​មិន​ត្រៀម​ខ្លួន​ពិត​ជា​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​មែន!

ពួក​សាវ័ក​អាច​យល់​ថា​កូន​កំលោះ​ដែល​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍ គឺ​ជា​ខ្លួន​លោក​ផ្ទាល់។ ហេតុ​អ្វី? ដោយ​សារ​ថ្មី​ៗ​នេះ លោក​បាន​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​កូន​កំលោះ។ (​លូកា ៥:៣៤, ៣៥​) ដូច្នេះ តើ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​ជា​អ្នក​ណា? ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​ហ្វូង​តូច​»​ ដែល​នឹង​ទទួល​រាជាណាចក្រ លោក​ប្រើ​ពាក្យ​ថា​៖ ​«​ចូរ​ចុក​ក្បិន ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ​»។ (​លូកា ១២:៣២, ៣៥​) ដូច្នេះ ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​នេះ ពួក​សាវ័ក​អាច​យល់​ថា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​គឺ​សំដៅ​ទៅ​លើ​ពួក​គាត់​និង​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត។ ហេតុ​នេះ តើ​លោក​យេស៊ូ​កំពុង​បង្រៀន​មេ​រៀន​អ្វី​តាម​រយៈ​ឧទាហរណ៍​នេះ?

លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​មេ​រៀន​នៃ​ឧទាហរណ៍​នេះ ពេល​លោក​មាន​ប្រសាសន៍​បញ្ចប់​ថា​៖ ​«​ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ​»។—ម៉ាថាយ ២៥:១៣

លោក​យេស៊ូ​ផ្ដល់​ការ​ដាស់​តឿន​ដល់​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​ថា ស្តី​អំពី​វត្តមាន​របស់​លោក ពួក​គាត់​ត្រូវ​«​ចាំ​យាម​»។ លោក​នឹង​មក ហើយ​ពួក​គាត់​ត្រូវ​ចាំ​យាម​និង​ត្រៀម​ខ្លួន​ដូច​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ដែល​ចេះ​ពិចារណា ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ភ្លេច​នូវ​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ ហើយ​ខក​ខាន​ទទួល​រង្វាន់​ដែល​ពួក​គាត់​អាច​ទទួល​បាន។