លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១៩

លោកយេស៊ូជាផ្លូវ ជាសេចក្ដីពិត ជាជីវិត

លោកយេស៊ូជាផ្លូវ ជាសេចក្ដីពិត ជាជីវិត

យ៉ូហាន ១៤:១​-​៣១

  • លោក​យេស៊ូ​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ

  • លោក​សន្យា​ឲ្យ​អ្នក​ជួយ​មួយ​ដល់​ពួក​អ្នក​កាន់​តាម​លោក

  • បិតា​គឺ​ធំ​ជាង​លោក​យេស៊ូ

ក្រោយ​ពី​ពិសា​អាហារ​ពិធី​រំលឹក លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក​ក្នុង​បន្ទប់​ធំ​នៅ​ជាន់​លើ​នោះ​នៅ​ឡើយ។ រួច​មក​លោក​លើក​ទឹក​ចិត្ត​ពួក​គាត់​ថា​៖ ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ​»។—យ៉ូហាន ១៣:៣៦; ១៤:១

បន្ទាប់​មក លោក​យេស៊ូ​ផ្ដល់​នូវ​មូលហេតុ​ដែល​ជួយ​ពួក​សាវ័ក​ស្មោះ​ត្រង់​មិន​ឲ្យ​ថប់​បារម្ភ​ចំពោះ​ការ​ចាក​ចេញ​ទៅ​របស់​លោក។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​លំនៅ​របស់​បិតា​នៃ​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ . . . ប្រសិន​បើ​ខ្ញុំ​ទៅ​រៀប​ចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​មក​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ​»។ ក៏​ប៉ុន្តែ ពួក​សាវ័ក​មិន​យល់​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ទៅ​ស្ថាន​សួគ៌​ឡើយ។ ដូច្នេះ ថូម៉ាស់​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ យើង​មិន​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា​ទេ តើ​យើង​អាច​ស្គាល់​ផ្លូវ​ដូច​ម្ដេច​បាន?​»។—យ៉ូហាន ១៤:២​-​៥

លោក​យេស៊ូ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូហាន ១៤:៦​) ដូច្នេះ បុគ្គល​ម្នាក់​អាច​ចូល​ក្នុង​លំនៅ​របស់​បិតា​លោក​នៅ​ស្ថាន​សួគ៌​បាន លុះ​ត្រា​តែ​បុគ្គល​នោះ​ទទួល​ស្គាល់​លោក​យេស៊ូ​និង​សេចក្ដី​បង្រៀន​របស់​លោក ថែម​ទាំង​ធ្វើ​តាម​គំរូ​របស់​លោក​ក្នុង​ជីវិត។

ភីលីព​កំពុង​ស្ដាប់​លោក​យេស៊ូ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ រួច​សូម​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌ នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​យើង​»។ តាម​មើល​ទៅ ភីលីព​ចង់​ឃើញ​ការ​បើក​បង្ហាញ​ក្នុង​គំនិត​អំពី​ព្រះ​ដូច​ដែល​ម៉ូសេ អេលីយ៉ា និង​អេសាយ​បាន​ឃើញ។ ក៏​ប៉ុន្តែ ពួក​សាវ័ក​មាន​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ការ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត​ទៅ​ទៀត។ លោក​យេស៊ូ​បញ្ជាក់​អំពី​ចំណុច​នេះ​ក្នុង​ចម្លើយ​របស់​លោក​ដែល​ថា​៖ ​«​ភីលីព ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​ហើយ តើ​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ លោក​យេស៊ូ​បង្ហាញ​គុណ​សម្បត្ដិ​របស់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ការ​ដែល​ពួក​សាវ័ក​រស់​នៅ​ជា​មួយ​នឹង​លោក ហើយ​សង្កេត​មើល​ការ​ប្រព្រឹត្ត​របស់​លោក នោះ​ហាក់​ដូច​ជា​ពួក​គាត់​បាន​ឃើញ​បិតា​ហើយ។ ប៉ុន្តែ លោក​យេស៊ូ​បញ្ជាក់​ថា​បិតា​គឺ​ធំ​ជាង​បុត្រ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​និយាយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ឡើយ​»។ (​យ៉ូហាន ១៤:៨​-​១០​) ហេតុ​នេះ ពួក​សាវ័ក​អាច​ឃើញ​ថា​លោក​យេស៊ូ​កំពុង​សរសើរ​តម្កើង​បិតា​របស់​លោក ដោយ​បញ្ជាក់​ថា​សេចក្ដី​បង្រៀន​ទាំង​អស់​ជា​របស់​បិតា​លោក។

ពួក​សាវ័ក​របស់​លោក​យេស៊ូ​បាន​ឃើញ​លោក​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ហើយ​បាន​ឮ​លោក​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ឥឡូវ​នេះ លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​នោះ​ទៅ​ទៀត​»។ (​យ៉ូហាន ១៤:១២​) លោក​យេស៊ូ​មិន​មែន​កំពុង​មាន​ប្រសាសន៍​ថា​ពួក​គាត់​នឹង​ធ្វើ​អព្ភូតហេតុ​អស្ចារ្យ​ជាង​លោក​នោះ​ទេ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​នឹង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​ជាង នៅ​កន្លែង​ឆ្ងាយ​ៗ​ជាង និង​អស់​រយៈ​ពេល​យូរ​ជាង។

ទោះ​បី​ជា​លោក​យេស៊ូ​នឹង​ចាក​ចេញ​ពី​ពួក​សាវ័ក​ក៏​ដោយ តែ​លោក​នឹង​មិន​បោះ​បង់​ចោល​ពួក​គាត់​ឡើយ ពី​ព្រោះ​លោក​សន្យា​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​»។ បន្ថែម​ទៅ​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​សុំ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ​មួយ​ទៀត​ដល់​អ្នក​រាល់​គ្នា ដែល​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រហូត ពោល​គឺ​សកម្មពល​ដែល​សម្ដែង​ពី​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៤:១៤, ១៦, ១៧​) លោក​សន្យា​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក​ថា​ពួក​គាត់​នឹង​ទទួល​អ្នក​ជួយ​មួយ ពោល​គឺ​សកម្មពល​បរិសុទ្ធ។ ពួក​អ្នក​កាន់​តាម​បាន​ទទួល​សកម្មពល​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​បន្ដិច​ទៀត​ពិភព​លោក​នេះ​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ​»។ (​យ៉ូហាន ១៤:១៩​) ដូច្នេះ លោក​យេស៊ូ​នឹង​មិន​គ្រាន់​តែ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក្រោយ​មក​លោក​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក។

ឥឡូវ​លោក​យេស៊ូ​បញ្ជាក់​សេចក្ដី​ពិត​ដ៏​ងាយ​យល់​មួយ​ថា​៖ ​«​អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​បិតា​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​អ្នក​នោះ​ឃើញ​»។ ពេល​ឮ​ដូច្នេះ សាវ័ក​យូដាស​ដែល​គេ​ហៅ​ថា ថាដេ បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​បាន​កើត​ឡើង​បាន​ជា​លោក​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​យើង​ឃើញ តែ​មិន​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ឃើញ?​»។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ ហើយ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ . . . អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ​»។ (​យ៉ូហាន ១៤:២១​-​២៤​) ផ្ទុយ​ពី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ មនុស្ស​ជា​ទូ​ទៅ​មិន​ទទួល​ស្គាល់​លោក​ថា​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​នោះ​ទេ។

លោក​យេស៊ូ​នឹង​ចាក​ចេញ​ទៅ ដូច្នេះ​តើ​តាម​របៀប​ណា​ពួក​អ្នក​កាន់​តាម​អាច​នឹក​ចាំ​នូវ​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្រៀន​ពួក​គាត់? លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​អ្នក​ជួយ​ដែល​ជា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់​»។ ពួក​សាវ័ក​បាន​ឃើញ​ថា​សកម្មពល​បរិសុទ្ធ​គឺ​ខ្លាំង​ក្លា ដូច្នេះ​ប្រសាសន៍​របស់​លោក​យេស៊ូ​ពិត​ជា​សម្រាល​ទុក្ខ​ពួក​គាត់​មែន។ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​បន្សល់​សេចក្ដី​សុខ​សាន្ត​ទុក​ឲ្យ​អ្នក​រាល់​គ្នា។ . . . កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ដែរ​»។ (​យ៉ូហាន ១៤:២៦, ២៧​) ហេតុ​នេះ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​មូលហេតុ​ជា​ច្រើន​ដែល​ជួយ​ពួក​គាត់​មិន​ឲ្យ​ថប់​បារម្ភ ពី​ព្រោះ​ពួក​គាត់​នឹង​ទទួល​ការ​ណែនាំ ថែម​ទាំង​ការ​ការពារ​ពី​បិតា​របស់​លោក

មិន​យូរ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ឃើញ​ថា​ព្រះ​ការពារ​អ្នក​បម្រើ​របស់​លោក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ​»។ (​យ៉ូហាន ១៤:៣០​) មេ​កំណាច​បាន​មាន​ឥទ្ធិពល​មក​លើ​យូដាស។ ប៉ុន្តែ លោក​យេស៊ូ​គ្មាន​ភាព​ទន់​ខ្សោយ​ដែល​មក​ពី​ភាព​ខុស​ឆ្គង​ដែល​សាថាន​អាច​ប្រើ ដើម្បី​ធ្វើ​ឲ្យ​លោក​ក្បត់​ព្រះ​ឡើយ។ ម្យ៉ាង​ទៀត មេ​កំណាច​ក៏​មិន​អាច​រា​រាំង​ការ​ដែល​ព្រះ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ​»។ ដូច្នេះ លោក​ជឿ​ជាក់​ថា​បិតា​នឹង​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ១៤:៣១