លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២២

សេចក្ដីអធិដ្ឋានបញ្ចប់របស់លោកយេស៊ូនៅបន្ទប់ខាងលើ

សេចក្ដីអធិដ្ឋានបញ្ចប់របស់លោកយេស៊ូនៅបន្ទប់ខាងលើ

យ៉ូហាន ១៧:១​-​២៦

  • លទ្ធផល​នៃ​ការ​ស្គាល់​ព្រះ​និង​បុត្រ​របស់​លោក

  • ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ពួក​អ្នក​កាន់​តាម​រួម​គ្នា​តែ​មួយ

លោក​យេស៊ូ​បាន​ជួយ​ពួក​សាវ័ក​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចាក​ចេញ​របស់​លោក​ក្នុង​ពេល​ឆាប់​ៗ​នេះ ពី​ព្រោះ​លោក​ស្រឡាញ់​ពួក​គាត់​យ៉ាង​ខ្លាំង។ ឥឡូវ​នេះ លោក​ងើប​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ ហើយ​អធិដ្ឋាន​ទៅ​បិតា​លោក​ថា​៖ ​«​សូម​តម្កើង​បុត្រ​លោក ដើម្បី​ឲ្យ​បុត្រ​លោក​អាច​តម្កើង​លោក​ដែរ ដោយ​សារ​លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​បុត្រ​លោក​អាច​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​លោក​បាន​ផ្ដល់​ឲ្យ​បុត្រ​លោក​»។—យ៉ូហាន ១៧:១, ២

លោក​យេស៊ូ​ជ្រាប​យ៉ាង​ច្បាស់​ថា ការ​លើក​តម្កើង​ព្រះ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​គឺ​ពិត​ជា​គួរ​ឲ្យ​សម្រាល​ទុក្ខ​មែន! ដោយ​សារ​លោក​យេស៊ូ​បាន​ទទួល​«​អំណាច​លើ​មនុស្ស​ទាំង​អស់​»​ ហេតុ​នេះ លោក​អាច​ផ្ដល់​ឱកាស​ឲ្យ​មនុស្សជាតិ​ទាំង​អស់​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​លោក។ ក៏​ប៉ុន្តែ មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​ប្រយោជន៍។ ហេតុ​អ្វី​ដូច្នេះ? ពី​ព្រោះ​លោក​យេស៊ូ​នឹង​ផ្ដល់​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​លោក​សម្រាប់​តែ​អស់​អ្នក​ដែល​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ដែល​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

បុគ្គល​ម្នាក់​ត្រូវ​ស្គាល់​បិតា​និង​បុត្រ​របស់​លោក​យ៉ាង​ច្បាស់ ហើយ​ត្រូវ​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​ទាំង​ពីរ។ គាត់​ត្រូវ​មាន​ទស្សនៈ​ដូច​បិតា​និង​បុត្រ​របស់​លោក​ផង​ដែរ។ បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​ព្យាយាម​យក​តម្រាប់​គុណ​សម្បត្ដិ​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​លោក​ទាំង​ពីរ​ស្តី​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ បុគ្គល​នោះ​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា ការ​សរសើរ​តម្កើង​ព្រះ​គឺ​សំខាន់​ជាង​ការ​ដែល​មនុស្ស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

ស្តី​អំពី​ការ​សរសើរ​តម្កើង​ព្រះ លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែន​ដី ដោយ​បាន​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ធ្វើ។ ដូច្នេះ បិតា​អើយ ឥឡូវ​នេះ​សូម​តម្កើង​ខ្ញុំ ពោល​គឺ​ឲ្យ​ខ្ញុំ​នៅ​ក្បែរ​លោក​ដោយ​មាន​សិរី​រុង​រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ​»។ (​យ៉ូហាន ១៧:៤, ៥​) លោក​យេស៊ូ​សុំ​បិតា​ផ្ដល់​ឲ្យ​លោក​នូវ​សិរី​រុង​រឿង​នៅ​ឯ​ស្ថាន​សួគ៌​ដែល​លោក​ធ្លាប់​មាន ដោយ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​មិន​បាន​ភ្លេច​អំពី​អ្វី​ដែល​លោក​បាន​សម្រេច​ក្នុង​កិច្ច​បម្រើ​របស់​លោក​ឡើយ។ លោក​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​នាម​របស់​លោក​ឲ្យ​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក​រួច​ប្រគល់​ឲ្យ​ខ្ញុំ។ ពួក​គាត់​ជា​របស់​លោក ហើយ​លោក​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ខ្ញុំ។ ពួក​គាត់​បាន​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក​»។ (​យ៉ូហាន ១៧:៦​) លោក​យេស៊ូ​មិន​គ្រាន់​តែ​ប្រកាស​អំពី​នាម​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​ជួយ​ពួក​សាវ័ក​របស់​លោក​ឲ្យ​ស្គាល់​អំពី​អ្វី​ដែល​នាម​ព្រះ​តំណាង​ផង​ដែរ ពោល​គឺ​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​និង​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្សជាតិ។

ពួក​សាវ័ក​បាន​ស្គាល់​ព្រះ​យេហូវ៉ា តួនាទី​របស់​លោក​យេស៊ូ និង​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន។ លោក​យេស៊ូ​អធិដ្ឋាន​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​គ្រប់​ទាំង​ប្រសាសន៍​ដែល​លោក​បាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​បាន​ឲ្យ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ទទួល​ប្រសាសន៍​ទាំង​នោះ ក៏​ដឹង​ប្រាកដ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​របស់​លោក ហើយ​ពួក​គាត់​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។—យ៉ូហាន ១៧:៨

បន្ទាប់​មក លោក​យេស៊ូ​ទទួល​ស្គាល់​អំពី​ភាព​ខុស​គ្នា​រវាង​ពួក​អ្នក​កាន់​តាម​លោក​និង​មនុស្ស​ក្នុង​ពិភព​លោក​នេះ ដោយ​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពិភព​លោក​ទេ ប៉ុន្តែ​អំពី​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពី​ព្រោះ​ពួក​គាត់​ជា​របស់​លោក . . . បិតា​បរិសុទ្ធ​អើយ សូម​ការពារ​ពួក​គាត់ ដើម្បី​នាម​របស់​លោក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ​ដូច​យើង​រួម​គ្នា​តែ​មួយ​ដែរ។ . . . ខ្ញុំ​ក៏​បាន​រក្សា​ទុក​ពួក​គាត់ ហើយ​គ្មាន​ពួក​គាត់​ណា​ម្នាក់​បាន​បាត់​បង់​ឡើយ លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ​»។ អ្នក​ដែល​នឹង​ត្រូវ​បំផ្លាញ​គឺ​យូដាស​អ៊ីស្ការីយ៉ុត​ដែល​បាន​ចេញ​ទៅ​ដើម្បី​រក​ឱកាស​ក្បត់​លោក​យេស៊ូ។—យ៉ូហាន ១៧:៩​-​១២

លោក​យេស៊ូ​បន្ត​អធិដ្ឋាន​ថា​៖ ​«​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ . . . ខ្ញុំ​មិន​សុំ​លោក​យក​ពួក​គាត់​ចេញ​ពី​ពិភព​លោក​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​លោក​ការពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច។ ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ​»។ (​យ៉ូហាន ១៧:១៤​-​១៦​) ពួក​សាវ័ក​និង​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​ក្នុង​ពិភព​លោក ពោល​គឺ​សង្គម​មនុស្ស​ដែល​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​សាថាន ប៉ុន្តែ​ពួក​គាត់​ត្រូវ​តែ​ញែក​ខ្លួន​ចេញ​ពី​ពិភព​លោក​នេះ​និង​ភាព​អាក្រក់​របស់​វា។ តើ​ពួក​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ពួក​គាត់​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ដើម្បី​បម្រើ​ព្រះ ដោយ​ធ្វើ​តាម​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ និង​សេចក្ដី​ពិត​ដែលលោក​យេស៊ូ​បាន​បង្រៀន​ពួក​គាត់​ដោយ​ផ្ទាល់។ រួច​មក លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ​«​សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត។ ឯ​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) នៅ​ពេល​ក្រោយ​មក ពួក​សាវ័ក​មួយ​ចំនួន​នឹង​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​សៀវភៅ​ខ្លះ​ដែល​នឹង​ទៅ​ជា​ផ្នែក​មួយ​នៃ​«​សេចក្ដី​ពិត​»​ ហើយ​សេចក្ដី​ពិត​នោះ​អាច​ជួយ​មនុស្ស​ឲ្យ​មាន​ភាព​ស្អាត​បរិសុទ្ធ។

នៅ​ពេល​ក្រោយ​មក មនុស្ស​ឯ​ទៀត​ក៏​នឹង​ទទួល​យក​«​សេចក្ដី​ពិត​»​ផង​ដែរ។ ដូច្នេះ លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់[​ពួក​សាវ័ក​ទាំង​១១​នាក់​]ប៉ុណ្ណោះ តែ​ក៏​ធ្វើ​សំណូម​អំពី​អស់​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ ដោយ​សារ​ពាក្យ​របស់​ពួក​គាត់​ផង​ដែរ​»។ តើ​លោក​យេស៊ូ​ធ្វើ​សំណូម​ពរ​អ្វី​សម្រាប់​ពួក​គាត់​ទាំង​អស់​គ្នា? លោក​អធិដ្ឋាន​ថា​៖ ​«​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​រួម​គ្នា​តែ​មួយ ដូច​លោក​ដែល​ជា​បិតា រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក ដើម្បី​ពួក​គេ​ក៏​អាច​រួប​រួម​ជា​មួយ​នឹង​យើង​ដែរ​»។ (​យ៉ូហាន ១៧:២០, ២១​) លោក​យេស៊ូ​និង​បិតា​របស់​លោក​មិន​មែន​រួម​គ្នា​ជា​បុគ្គល​តែ​មួយ​ក្នុង​ន័យ​ត្រង់​ទេ។ លោក​ទាំង​ពីរ​រួម​គ្នា​តែ​មួយ​ក្នុង​ន័យ​ថា លោក​មាន​ទស្សនៈ​ស្រប​គ្នា​ក្នុង​ការ​ទាំង​អស់។ លោក​យេស៊ូ​អធិដ្ឋាន​សុំ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​រួម​គ្នា​តែ​មួយ​ដូច​នេះ​ដែរ។

បន្ដិច​មុន​នេះ លោក​យេស៊ូ​បាន​ប្រាប់​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ថា លោក​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ​សម្រាប់​ពួក​គាត់ ពោល​គឺ​កន្លែង​ដែល​នៅ​ឯ​ស្ថាន​សួគ៌។ (​យ៉ូហាន ១៤:២, ៣​) ឥឡូវ​នេះ លោក​យេស៊ូ​អធិដ្ឋាន​អំពី​រឿង​នេះ​ថា​៖ ​«​បិតា​អើយ ខ្ញុំ​ធ្វើ​សំណូម​អំពី​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ។ ខ្ញុំ​ប្រាថ្នា​ឲ្យ​ពួក​គាត់​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ ដើម្បី​ឃើញ​សិរី​រុង​រឿង​របស់​ខ្ញុំ​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពី​ព្រោះ​លោក​បាន​ស្រឡាញ់​ខ្ញុំ​មុន​កំណើត​ពិភព​លោក​»។ (​យ៉ូហាន ១៧:២៤​) ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​បញ្ជាក់​ថា អស់​រយៈ​ពេល​ជា​យូរ គឺ​តាំង​ពី​មុន​ពេល​ដែល​អាដាម​និង​អេវ៉ា​មាន​កូន​ទៅ​ទៀត ព្រះ​បាន​ស្រឡាញ់​បុត្រ​តែ​មួយ​របស់​លោក។ ក្រោយ​មក​បុត្រ​នោះ​បាន​ក្លាយ​ទៅ​ជា​យេស៊ូ​គ្រិស្ត។

លោក​យេស៊ូ​បញ្ចប់​សេចក្ដី​អធិដ្ឋាន​របស់​លោក​ដោយ​លើក​បញ្ជាក់​ម្ដង​ទៀត​អំពី​នាម​និង​សេចក្ដី​ស្រឡាញ់​របស់​បិតា​លោក​ចំពោះ​ពួក​សាវ័ក​និង​អស់​អ្នក​ដែល​នឹង​ទទួល​យក​«​សេចក្ដី​ពិត​»។ លោក​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់​»។—យ៉ូហាន ១៧:២៦