លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២៨

ពីឡាតនិងហេរ៉ូឌឃើញថាលោកគ្មានកំហុសទេ

ពីឡាតនិងហេរ៉ូឌឃើញថាលោកគ្មានកំហុសទេ

ម៉ាថាយ ២៧:១២​-​១៤, ១៨, ១៩ ម៉ាកុស ១៥:២​-​៥ លូកា ២៣:៤​-​១៦ យ៉ូហាន ១៨:៣៦​-​៣៨

  • លោក​យេស៊ូ​ត្រូវ​ពីឡាត​និង​ហេរ៉ូឌ​សួរ​ចម្លើយ

លោក​យេស៊ូ​មិន​បាន​ព្យាយាម​លាក់​បាំង​ពីឡាត​អំពី​រឿង​ដែល​លោក​ជា​ស្តេច​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ រាជាណាចក្រ​របស់​លោក​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម​ឡើយ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ។ ប្រសិន​បើ​រាជាណាចក្រ​របស់​ខ្ញុំ​ជា​របស់​ផង​ពិភព​លោក​នេះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​បាន​តយុទ្ធ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រគល់​ឲ្យ​ជន​ជាតិ​យូដា។ ប៉ុន្តែ​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) លោក​យេស៊ូ​មាន​រាជាណាចក្រ ប៉ុន្តែ​រាជាណាចក្រ​របស់​លោក​មិន​មែន​មក​ពី​ពិភព​លោក​ឡើយ។

ម្ល៉ោះ​ហើយ ពីឡាត​បន្ត​សួរ​ដេញ​ដោល​លោក​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ជា​ស្តេច​ឬ?​»។ លោក​យេស៊ូ​បាន​ឲ្យ​ពីឡាត​ដឹង​ថា​អ្វី​ដែល​គាត់​និយាយ​គឺ​ត្រឹម​ត្រូវ ដោយ​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​គឺ​អ្នក​ហើយ​ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្តេច។ ខ្ញុំ​បាន​កើត​មក ក៏​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​ការ​នោះ​ឯង ពោល​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត។ អស់​អ្នក​ណា​ដែល​នៅ​ខាង​សេចក្ដី​ពិត អ្នក​នោះ​ស្ដាប់​សំឡេង​ខ្ញុំ​»។—យ៉ូហាន ១៨:៣៧

ថ្មី​ៗ​នេះ លោក​យេស៊ូ​បាន​ប្រាប់​ថូម៉ាស់​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​»។ ឥឡូវ​នេះ សូម្បី​តែ​ពីឡាត​ក៏​បាន​ឮ​ថា គោល​បំណង​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ចាត់​ឲ្យ​មក​ផែន​ដី គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​«​សេចក្ដី​ពិត​»​ ជា​ពិសេស​គឺ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​លោក។ លោក​យេស៊ូ​តាំង​ចិត្ត​បញ្ជាក់​យ៉ាង​ស្មោះ​ត្រង់​អំពី​សេចក្ដី​ពិត ទោះ​បី​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។ រួច​មក ពីឡាត​សួរ​លោក​ថា​៖ ​«​តើ​សេចក្ដី​ពិត​ជា​អ្វី?​»។ ប៉ុន្តែ គាត់​មិន​បាន​រង់​ចាំ​ស្ដាប់​ការ​ពន្យល់​បន្ថែម​អំពី​រឿង​នេះ​ឡើយ។ គាត់​គិត​ថា​អ្វី​ដែល​គាត់​បាន​ឮ​គឺ​គ្រប់​គ្រាន់​ហើយ ដើម្បី​វិនិច្ឆ័យ​លោក​យេស៊ូ។—យ៉ូហាន ១៤:៦; ១៨:៣៨

ពីឡាត​ត្រឡប់​ទៅ​ជួប​បណ្ដា​ជន​ដែល​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​វិមាន​របស់​គាត់។ តាម​មើល​ទៅ លោក​យេស៊ូ​ឈរ​ក្បែរ​គាត់ ពេល​ដែល​គាត់​ប្រាប់​ពួក​សង្ឃនាយក​និង​បណ្ដា​ជន​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​ថា​បុរស​នេះ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ​»។ ពួក​បណ្ដា​ជន​ខឹង​ចំពោះ​ការ​សម្រេច​នេះ ដូច្នេះ​ពួក​គេ​តាំង​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​បុរស​នេះ​ញុះញង់​បណ្ដា​ជន​ដោយ​បង្រៀន​ពេញ​តំបន់​យូឌា ចាប់​តាំង​ពី​ស្រុក​កាលីឡេ​រហូត​មក​ដល់​ទី​នេះ​»។—លូកា ២៣:៤, ៥

ជន​ជាតិ​យូដា​ដែល​ជ្រុល​និយម​ទាំង​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពីឡាត​ភ្ញាក់​ផ្អើល​មែន។ កាល​ដែល​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​បន្ត​ស្រែក​ឡើង ពីឡាត​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?​»។ (​ម៉ាថាយ ២៧:១៣​) លោក​យេស៊ូ​មិន​ឆ្លើយ​តប​អ្វី​ឡើយ។ ទោះ​បី​ជា​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​មិន​ពិត​ក៏​ដោយ លោក​នៅ​តែ​មាន​ទឹក​មុខ​ស្ងប់ ហើយ​នេះ​បាន​នាំ​ឲ្យ​ពីឡាត​កោត​ស្ងើច។

ជន​ជាតិ​យូដា​បាន​បញ្ជាក់​ថា លោក​យេស៊ូ​បាន‹ញុះញង់​បណ្ដា​ជន​ចាប់​តាំង​ពី​ស្រុក​កាលីឡេ›។ ពេល​ឮ​ដូច្នេះ ពីឡាត​សួរ​ចង់​ដឹង​ថា​លោក​យេស៊ូ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ​ទេ។ ក្រោយ​មក គាត់​ដឹង​ថា លោក​យេស៊ូ​ពិត​ជា​អ្នក​ស្រុក​កាលីឡេ​មែន។ ដូច្នេះ នេះ​ធ្វើ​ឲ្យ​ពីឡាត​មាន​គំនិត​មួយ ដើម្បី​គាត់​មិន​ចាំ​បាច់​ទទួល​ខុស​ត្រូវ​ក្នុង​ការ​វិនិច្ឆ័យ​លោក​យេស៊ូ។ នៅ​ពេល​នោះ ហេរ៉ូឌ​អាន់ទីប៉ាស (​កូន​ប្រុស​របស់​ស្តេច​ហេរ៉ូឌ​) គឺ​ជា​អ្នក​គ្រប់​គ្រង​ស្រុក​កាលីឡេ។ គាត់​កំពុង​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​បុណ្យ​រំលង​លើក​នេះ។ ហេតុ​នេះ ពីឡាត​បញ្ជូន​លោក​យេស៊ូ​ទៅ​ឲ្យ​ហេរ៉ូឌ។ ហេរ៉ូឌ​អាន់ទីប៉ាស​គឺ​ជា​អ្នក​ដែល​បញ្ជា​គេ​ឲ្យ​កាត់​ក្បាល​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ក្រោយ​មក ពេល​ដែល​ហេរ៉ូឌ​បាន​ឮ​ថា​លោក​យេស៊ូ​កំពុង​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន នោះ​គាត់​បារម្ភ​ថា​លោក​យេស៊ូ​ប្រហែល​ជា​យ៉ូហាន​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—លូកា ៩:៧​-​៩

ឥឡូវ​នេះ ហេរ៉ូឌ​រីក​រាយ​ណាស់​ពី​ព្រោះ​គាត់​មាន​ឱកាស​ជួប​លោក​យេស៊ូ។ ប៉ុន្តែ មិន​មែន​ដោយ​សារ​គាត់​ចង់​ជួយ​លោក ឬ​ចង់​ដឹង​ថា​ការ​ចោទ​ប្រកាន់​ចំពោះ​លោក​គឺ​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ហេរ៉ូឌ​គ្រាន់​តែ​«​សង្ឃឹម​ថា​លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​មួយ​ឲ្យ​គាត់​ឃើញ​»។ (​លូកា ២៣:៨​) ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​បំពេញ​តាម​បំណង​ចិត្ត​របស់​គាត់​ឡើយ។ តាម​ពិត ពេល​ដែល​ហេរ៉ូឌ​សួរ​លោក​យេស៊ូ លោក​មិន​ឆ្លើយ​សូម្បី​តែ​មួយ​ម៉ាត់។ នេះ​ធ្វើ​ឲ្យ​ហេរ៉ូឌ​និង​ពួក​ទាហាន​របស់​គាត់​ខក​ចិត្ត​ណាស់ ដូច្នេះ​ពួក​គេ​ក៏​«​បង្អាប់​បង្អោន​»​លោក។ (​លូកា ២៣:១១​) ពួក​គេ​យក​សម្លៀក​បំពាក់​ពណ៌​ឆើត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​ចំអក​ឲ្យ​លោក​ផង​ដែរ។ បន្ទាប់​មក ហេរ៉ូឌ​បញ្ជូន​លោក​យេស៊ូ​ទៅ​ពីឡាត​វិញ។ ពី​មុន​ហេរ៉ូឌ​និង​ពីឡាត​ជា​សត្រូវ​នឹង​គ្នា តែ​ថ្ងៃ​នេះ​ពួក​គេ​បាន​ក្លាយ​ទៅ​មិត្ត​ភក្ដិ​ល្អ​នឹង​គ្នា​វិញ។

ពេល​គេ​បញ្ជូន​លោក​យេស៊ូ​មក​ឲ្យ​ពីឡាត​វិញ នោះ​គាត់​បាន​ហៅ​ពួក​សង្ឃនាយក ពួក​អ្នក​គ្រប់​គ្រង​ជន​ជាតិ​យូដា និង​បណ្ដា​ជន​មក​ជុំ​គ្នា ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អ្នក​រាល់​គ្នា តែ​មិន​បាន​ឃើញ​ថា​បុរស​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យអ្នក​រាល់​គ្នា​ចោទ​ប្រកាន់​គាត់​ដូច្នេះ​ទេ។ សូម្បី​តែ​ហេរ៉ូឌ​ក៏​មិន​បាន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​ដែរ ព្រោះ​ហេរ៉ូឌ​បាន​បញ្ជូន​គាត់​មក​យើង​វិញ ហើយ​មើល! គាត់​មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​នឹង​ប្រហារ​ជីវិត​សោះ។ ហេតុ​នេះ​ហើយ ខ្ញុំ​នឹង​ដាក់​ទណ្ឌកម្ម​គាត់ រួច​ដោះ​លែង​គាត់​ទៅ​»។—លូកា ២៣:១៤​-​១៦

ពីឡាត​ពិត​ជា​ចង់​ដោះ​លែង​លោក​យេស៊ូ​មែន ពី​ព្រោះ​គាត់​ដឹង​ថា​ពួក​សង្ឃ​ទាំង​នោះ​ប្រគល់​លោក​មក​ឲ្យ​គាត់ ដោយ​សារ​មាន​ចិត្ត​ច្រណែន។ ពេល​ដែល​ពីឡាត​ព្យាយាម​ដោះ​លែង​លោក​យេស៊ូ មាន​អ្វី​មួយ​ទៀត​ដែល​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចង់​ដោះ​លែង​លោក​កាន់​តែ​ខ្លាំង។ តើ​នោះ​ជា​អ្វី? ពេល​ដែល​គាត់​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ភរិយា​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គាត់​ថា​៖ ​«​កុំ​ជាប់​ពាក់​ព័ន្ធ​នឹង​បុរស​សុចរិត​នោះ​ឲ្យ​សោះ ព្រោះ​ខ្ញុំ​បាន​រង​ទុក្ខ​ជា​ខ្លាំង​ពេល​ខ្ញុំ​បាន​យល់​សប្ដិ​នៅ​ថ្ងៃ​នេះ[​ទំនង​ជា​មក​ពី​ព្រះ​] ដោយ​សារ​បុរស​នោះ​»។—ម៉ាថាយ ២៧:១៩

ពីឡាត​គួរ​ដោះ​លែង​លោក​យេស៊ូ​មែន ប៉ុន្តែ​តើ​គាត់​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​លែង​បុរស​ដែល​គ្មាន​កំហុស​ម្នាក់​នេះ​បាន?