លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣២

«បុរសនេះប្រាកដជាបុត្រព្រះមែន»

«បុរសនេះប្រាកដជាបុត្រព្រះមែន»

ម៉ាថាយ ២៧:៤៥​-​៥៦ ម៉ាកុស ១៥:៣៣​-​៤១ លូកា ២៣:៤៤​-​៤៩ យ៉ូហាន ១៩:២៥​-​៣០

  • លោក​យេស៊ូ​ស្លាប់​លើ​បង្គោល

  • មាន​ហេតុ​ការណ៍​ចម្លែក​ៗ​ពេល​លោក​យេស៊ូ​បាន​ស្លាប់

ឥឡូវ​នេះ​គឺ​«​ម៉ោង​ទី​ប្រាំ​មួយ​»​ ឬ​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​«​ស្រុក​ទាំង​មូល​បាន​ទៅ​ជា​ងងឹត​រហូត​ដល់​ម៉ោង​ទី​ប្រាំ​បួន​»​ ឬ​ម៉ោង​៣​រសៀល។ (​ម៉ាកុស ១៥:៣៣​) ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ចម្លែក​នេះ​មិន​បាន​បណ្ដាល​មក​ពី​សូរ្យគ្រាស​ទេ។ សូរ្យគ្រាស​តែង​តែ​មាន​នៅ​ពេល​ចូល​ខែ ដែល​ហៅ​ថា​ដើម​ខ្នើត មិន​មែន​នៅ​ពេល​ខែ​ពេញ​បូណ៌មី ដែល​ត្រូវ​នឹង​បុណ្យ​រំលង​នោះ​ទេ។ ម្យ៉ាង​ទៀត ភាព​ងងឹត​នេះ​មាន​រយៈ​ពេល​យូរ​ជាង​សូរ្យគ្រាស​ដែល​ធម្មតា​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ។ ដូច្នេះ ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត​នេះ!

សូម​ស្រមៃ​គិត​ថា​តើ​ហេតុ​ការណ៍​នេះ​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​កំពុង​ចំអក​មើល​ងាយ​លោក​យេស៊ូ។ ក្នុង​អំឡុង​ពេល​មាន​ភាព​ងងឹត​នេះ មាន​ស្ត្រី​បួន​នាក់​បាន​ចូល​ទៅ​ជិត​បង្គោល​ទារុណកម្ម។ ពួក​គាត់​រួម​មាន​ម្ដាយ​របស់​លោក​យេស៊ូ សាឡូមេ ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​សាវ័ក​យ៉ាកុប​តូច។

នៅ​ពេល​នោះ សាវ័ក​យ៉ូហាន​ឈរ​នៅ​ជិត​ម្ដាយ​របស់​លោក​យេស៊ូ។ នាង​កំពុង​យំ​សោកសង្រេង​«​ក្បែរ​បង្គោល​ទារុណកម្ម​»។ ម៉ារៀ​ឃើញ​ថា​កូន​ប្រុស​ដែល​នាង​បាន​បង្កើត​ហើយ​ចិញ្ចឹម​បី​បាច់ បាន​ត្រូវ​គេ​ព្យួរ​នៅ​លើ​បង្គោល​យ៉ាង​ឈឺ​ចាប់។ ពេល​នាង​ឃើញ​ដូច្នេះ នេះ​ប្រៀប​ដូច​ជា​មាន​«​ដាវ​វែង​មួយ​»​ចាក់​ទម្លុះ​ចិត្ត​របស់​នាង។ (​យ៉ូហាន ១៩:២៥; លូកា ២:៣៥​) ចំណែក​ឯ​លោក​យេស៊ូ​វិញ ទោះ​ជា​លោក​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក៏​ដោយ លោក​នៅ​តែ​គិត​អំពី​សុខ​ទុក្ខ​ម្ដាយ​របស់​លោក។ កាល​ដែល​លោក​កំពុង​ខំ​ប្រឹង​មាន​ប្រសាសន៍​ទៅ​ម្ដាយ​ថា​៖ ​«​មើល! កូន​របស់​អ្នក!​»​ នោះ​លោក​ងាក​មើល​ទៅ​យ៉ូហាន។ បន្ទាប់​មក ពេល​ដែល​លោក​កំពុង​ព្យាយាម​មាន​ប្រសាសន៍​ទៅ​យ៉ូហាន​ថា​៖ ​«​មើល! ម្ដាយ​របស់​អ្នក!​»​ នោះ​លោក​ងាក​មើល​ទៅ​ម៉ារៀ​វិញ។—យ៉ូហាន ១៩:២៦, ២៧

លោក​យេស៊ូ​កំពុង​ប្រគល់​ភារកិច្ច​មើល​ថែ​ម្ដាយ​របស់​លោក​ឲ្យ​ទៅ​សាវ័ក​ដែល​លោក​ស្រឡាញ់​យ៉ាង​ខ្លាំង។ ពេល​នោះ នាង​ទំនង​ជា​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​មេ​ម៉ាយ​ម្នាក់។ លោក​យេស៊ូ​ដឹង​ថា​ប្អូន​ប្រុស​ៗ​របស់​លោក​មិន​ទាន់​មាន​ជំនឿ​លើ​លោក​ទេ។ ដូច្នេះ លោក​កំពុង​រៀប​ចំ​ឲ្យ​ម្ដាយ​របស់​លោក​ទទួល​ការ​មើល​ថែ​ខាង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត ព្រម​ទាំង​ខាង​ជំនឿ​ផង​ដែរ។ នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​មែន!

ប្រហែល​ជា​នៅ​ពេល​ដែល​ភាព​ងងឹត​ជិត​កន្លង​ផុត​ទៅ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រេក​ទឹក​»។ ដោយ​ធ្វើ​ដូច្នេះ លោក​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ (​យ៉ូហាន ១៩:២៨; ទំនុក​តម្កើង ២២:១៥​) លោក​យេស៊ូ​មាន​អារម្មណ៍​ថា​បិតា​របស់​លោក ហាក់​បី​ដូច​ជា​បាន​ឈប់​ការពារ​លោក​ដើម្បី​ឲ្យ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក​ទទួល​ការ​ល្បង​ល​ដល់​កម្រិត​ខ្ពស់​បំផុត។ ដូច្នេះ គ្រិស្ត​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​អេលី! អេលី! ឡាម៉ា សាបាក់​ថានី?​»​ ដែល​បក​ប្រែ​ថា​៖ ​«​ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?​»។ ពេល​ឮ​ដូច្នេះ ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ក៏​យល់​ច្រឡំ​ហើយ​និយាយ​ថា​៖ ​«​មើល! គាត់​កំពុង​ហៅ​អេលីយ៉ា!​»។ ប៉ុន្តែ មាន​ម្នាក់​រត់​ទៅ​យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក ទៅ​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ចុង​ដើម​ត្រែង​មួយ ហើយ​ហុច​ឲ្យ​លោក​យេស៊ូ​ពិសា។ រួច​អ្នក​ខ្លះ​និយាយ​ថា​៖ ​«​កុំ​រវល់​នឹង​គាត់! ចាំ​មើល​ថា​តើ​អេលីយ៉ា​មក​ដាក់​គាត់​ចុះ​ឬ​មិន​មក?​»។—ម៉ាកុស ១៥:៣៤​-​៣៦

បន្ទាប់​មក លោក​យេស៊ូ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»។ (​យ៉ូហាន ១៩:៣០​) ពិត​ណាស់ លោក​បាន​សម្រេច​កិច្ច​ការ​ទាំង​អស់​ដែល​បិតា​បាន​ប្រគល់​ឲ្យ​ធ្វើ​នៅ​ផែន​ដី។ នៅ​ទី​បំផុត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា! ខ្ញុំ​សូម​ប្រគល់​ជីវិត​ខ្ញុំ​ជូន​លោក!​»។ (​លូកា ២៣:៤៦​) ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​មាន​ន័យ​ថា​លោក​ប្រគល់​កម្លាំង​ជីវិត​ឲ្យ​ព្រះ​យេហូវ៉ា ដោយ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​ផ្ដល់​កម្លាំង​ជីវិត​នោះ​មក​លោក​វិញ​ក្រោយ​មក។ រួច​មក លោក​យេស៊ូ​គ្រិស្ត​ឱន​ក្បាល​ផុត​ដង្ហើម​ទៅ ដោយ​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​ជា​និច្ច។

ភ្លាម​នោះ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង ហើយ​ថ្ម​បាន​ប្រេះ​ដាច់​ពី​គ្នា រហូត​ដល់​ទី​បញ្ចុះ​សព​ដែល​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​បាន​របើក​ឡើង រួច​សព​ជា​ច្រើន​ក៏​បាន​ខ្ទាត​ឡើង​ចេញ​មក​ក្រៅ។ អ្នកដែល​ដើរ​កាត់​ទី​នោះ​បាន​ឃើញ​សព​ទាំង​នោះ រួច​ក៏​ដើរ​ចូល​ក្នុង​«​ក្រុង​បរិសុទ្ធ​»​ ហើយ​ប្រាប់​បណ្ដា​ជន​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។—ម៉ាថាយ ១២:១១; ២៧:៥១​-​៥៣

ពេល​ដែល​លោក​យេស៊ូ​ស្លាប់ វាំងនន​ដែល​ជា​របាំង​រវាង​កន្លែង​បរិសុទ្ធ​បំផុត​និង​កន្លែង​បរិសុទ្ធ​នៅ​វិហារ​បាន​រហែក​ជា​ពីរ ចាប់​ពី​លើ​ចុះ​ដល់​ក្រោម។ ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បញ្ជាក់​អំពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ដែល​សម្លាប់​បុត្រ​របស់​លោក ហើយ​ក៏​បញ្ជាក់​ដែរ​ថា​ផ្លូវ​ចូល​ទៅ​ស្ថាន​សួគ៌​ដែល​តំណាង​ដោយ​កន្លែង​បរិសុទ្ធ​បំផុត បាន​ត្រូវ​បើក​ហើយ។—ហេប្រឺ ៩:២, ៣; ១០:១៩, ២០

ពួក​បណ្ដា​ជន​ច្បាស់​ជា​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ នាយ​ទាហាន​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ប្រហារ​ជីវិត បាន​ប្រកាស​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​បុត្រ​ព្រះ​មែន​»។ (​ម៉ាកុស ១៥:៣៩​) គាត់​ប្រហែល​ជា​បាន​នៅ​កន្លែង​ដែល​ពីឡាត​វិនិច្ឆ័យ​ក្ដី​លោក​យេស៊ូ និង​ពេល​ដែល​ពួក​គេ​ជជែក​អំពី​រឿង​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​មែន​ឬ​ក៏​មិន​មែន។ ឥឡូវ​នេះ​គាត់​ជឿ​ជាក់​ថា​លោក​យេស៊ូ​ជា​មនុស្ស​សុចរិត ហើយ​ពិត​ជា​បុត្រ​របស់​ព្រះ​មែន។

ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ចម្លែក​ទាំង​នេះ​ច្បាស់​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​បណ្ដា​ជន​ដែល​នៅ​ទី​នោះ។ ដូច្នេះ ពួក​គេ​ក៏​ចាប់​ផ្ដើម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​«​គក់​ទ្រូង​»​ ដែល​បញ្ជាក់​អំពី​ការ​កើត​ទុក្ខ​និង​ការ​អាម៉ាស់​មុខ​របស់​ពួក​គេ។ (​លូកា ២៣:៤៨​) ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​ឈរ​មើល​ពី​ចម្ងាយ មាន​ស្ត្រី​ជា​ច្រើន​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​នៅ​ពេល​ខ្លះ​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក។ ហេតុ​ការណ៍​ដ៏​អស្ចារ្យ​ទាំង​នេះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ​ដែរ។