លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣៤

ទីបញ្ចុះសពនៅទទេ លោកយេស៊ូរស់ឡើងវិញហើយ!

ទីបញ្ចុះសពនៅទទេ លោកយេស៊ូរស់ឡើងវិញហើយ!

ម៉ាថាយ ២៨:៣​-​១៥ ម៉ាកុស ១៦:៥​-​៨ លូកា ២៤:៤​-​១២ យ៉ូហាន ២០:២​-​១៨

  • លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

  • មាន​ហេតុ​ការណ៍​កើត​ឡើង​នៅ​ទី​បញ្ចុះ​សព​លោក​យេស៊ូ

  • លោក​លេច​មក​ជួប​ស្ត្រី​ផ្សេង​ៗ​

ពេល​ពួក​ស្ត្រី​បាន​ឃើញ​ទី​បញ្ចុះ​សព​នៅ​ទទេ នោះ​ពួក​នាង​ពិត​ជា​ភ័យ​និង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់! ឃើញ​ដូច​នេះ ម៉ារៀ​ម៉ាក់ដាឡេន​បាន​រត់​ទៅ​រក​«​ស៊ីម៉ូន​ពេត្រុស​និង​អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ស្រឡាញ់​»​ នោះ​គឺ​សាវ័ក​យ៉ូហាន។ (​យ៉ូហាន ២០:២​) ទោះ​ជា​យ៉ាង​នោះ​ក្ដី ស្ត្រី​ឯ​ទៀត​នៅ​ទី​បញ្ចុះ​សព​នៅ​ឡើយ ហើយ​បាន​ឃើញ​ទេវតា​មួយ​រូប។ បន្ថែម​ទៀត នៅ​ខាង​ក្នុង​ផ្នូរ​មាន​ទេវតា​មួយ​រូប​ទៀត​ដែល​«​ពាក់​អាវ​វែង ពណ៌​ស​»។—ម៉ាកុស ១៦:៥

ទេវតា​មួយ​រូប​បាន​ប្រាប់​ពួក​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ខ្ញុំ​ដឹង​ថា​នាង​កំពុង​រក​លោក​យេស៊ូ​ដែល​គេ​បាន​ព្យួរ។ លោក​មិន​នៅ​ទី​នេះ​ទេ ព្រោះ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដូច​លោក​បាន​មាន​ប្រសាសន៍។ សូម​មក​មើល​កន្លែង​ដែល​គេ​បាន​ដាក់​សព​របស់​លោក រួច​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ‹លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ លោក​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា›​»។ (​ម៉ាថាយ ២៨:៥​-​៧​) ដូច្នេះ ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សាវ័ក​«​ដោយ​មាន​អារម្មណ៍​ភ័យ​ញាប់​ញ័រ​ថែម​ទាំង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​»។—ម៉ាកុស ១៦:៨

ពេល​ម៉ារៀ​បាន​ជួប​ពេត្រុស​និង​យ៉ូហាន នាង​និយាយ​ទាំង​ត្រ​ហេ​បត្រ​ហប​ថា​៖ ​«​ពួក​គេ​បាន​យក​លោក​ម្ចាស់​ចេញ​ពី​ទី​បញ្ចុះ​សព​បាត់​ហើយ យើង​មិន​ដឹង​ថា​ពួក​គេ​បាន​ដាក់​លោក​នៅ​កន្លែង​ណា​ទេ​»។ (​យ៉ូហាន ២០:២​) ឮ​ដូច្នេះ ពេត្រុស​និង​យ៉ូហាន​ក៏​រត់​ទៅ។ យ៉ូហាន​រត់​លឿន​ជាង ហើយ​ទៅ​ដល់​ទី​បញ្ចុះ​សព​មុន​ពេត្រុស។ យ៉ូហាន​មិន​ចូល​ទៅ​ខាង​ក្នុង​ផ្នូរ​ទេ គ្រាន់​តែ​អើ​ត​មើល​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ ហើយ​គាត់​ឃើញ​តែ​ក្រណាត់​រុំ​សព។

ពេល​ពេត្រុស​ទៅ​ដល់​ទី​បញ្ចុះ​សព គាត់​ចូល​ទៅ​ខាង​ក្នុង​ភ្លាម។ គាត់​ឃើញ​ក្រណាត់​សាច់​ល្អ​និង​ក្រណាត់​ដែល​រុំ​ក្បាល​លោក​យេស៊ូ។ ឥឡូវ​យ៉ូហាន​ចូល​ទៅ​ខាង​ក្នុង​ដែរ ហើយ​គាត់​ក៏​ជឿ​អ្វី​ដែល​ម៉ារៀ​បាន​ប្រាប់។ ទោះ​បី​ជា​មុន​នោះ​លោក​យេស៊ូ​ធ្លាប់​ប្រាប់​ពួក​គាត់​អំពី​រឿង​នោះ​ក៏​ដោយ តែ​ពួក​គាត់​មិន​យល់​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ (​ម៉ាថាយ ១៦:២១​) ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ងឿង​ឆ្ងល់។ ម៉ារៀ​ក៏​ត្រឡប់​មក​ទី​បញ្ចុះ​សព​ដែរ តែ​នាង​បន្ត​នៅ​ទី​នោះ។

នៅ​ដំណាល​គ្នា​នោះ ស្ត្រី​ផ្សេង​ទៀត​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​អំពី​រឿង​ដែល​លោក​យេស៊ូ​បាន​រស់​ឡើង​វិញ។ កាល​ដែល​ពួក​នាង​កំពុង​រត់​ទៅ នោះ​លោក​យេស៊ូ​បាន​លេច​មក​ជួប​ពួកនាង ហើយ​ពោល​ថា​៖ ​«​សួស្តី!​»។ ពួក​នាង​បាន​ចូល​ទៅ​ជិត​ឱប​ជើង​លោក​រួច​«​លំឱន​កាយ​គោរព​»។ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ! ចូរ​ទៅ ហើយ​នាំ​ដំណឹង​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​ស្រុក​កាលីឡេ ហើយ​ពួក​គាត់​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ​»។—ម៉ាថាយ ២៨:៩, ១០

មុន​នោះ ពេល​មាន​រញ្ជួយ​ដី ហើយ​មាន​ទេវតា​បាន​លេច​មក នោះ​ពួក​ទាហាន​ដែល​យាម​នៅ​ទី​បញ្ចុះ​សព​«​បាន​ញ័រ​រន្ធត់​ដោយ​សារ​ខ្លាច​ទេវតា​នោះ ក៏​បាន​មើល​ទៅ​ដូច​ជា​មនុស្ស​ស្លាប់​»។ ក្រោយ​ពី​ពួក​ទាហាន​បាន​ដឹង​ខ្លួន​វិញ ពួក​គេ​ក៏​ចូល​ទៅ​ក្នុង​ក្រុង ហើយ​«​ប្រាប់​ពួក​សង្ឃនាយក​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង​»។ រួច​មក ពួក​សង្ឃ​ក៏​ពិគ្រោះ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​របស់​ជន​ជាតិ​យូដា។ បន្ទាប់​មក ពួក​គេ​សម្រេច​ចិត្ត​សូក​ពួក​ទាហាន​ទាំង​នោះ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​អំពី​រឿង​នេះ ព្រម​ទាំង​ប្រាប់​ពួក​គេ​ឲ្យ​និយាយ​ថា​៖ ​«​ពួក​អ្នក​កាន់​តាម​គាត់​បាន​មក​ទាំង​យប់ ហើយ​លួច​សព​គាត់​ពេល​ដែល​យើង​កំពុង​ដេក​លក់​»។—ម៉ាថាយ ២៨:៤, ១១, ១៣

ពួក​ទាហាន​រ៉ូម​អាច​ទទួល​ការ​ប្រហារ​ជីវិត បើ​អ្នក​ឯ​ទៀត​ដឹង​ថា​ពួក​គេ​ដេក​លក់​ក្នុង​ពេល​បំពេញ​ភារកិច្ច។ ដូច្នេះ ពួក​សង្ឃ​សន្យា​នឹង​ពួក​គេ​ថា​៖ ​«​បើ​រឿង​នេះ[​ពាក្យ​កុហក​អំពី​ការ​ដេក​លក់​]លេច​ឮ​ដល់​អភិបាល យើង​នឹង​បញ្ចុះ​បញ្ចូល​គាត់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​បារម្ភ​»។ (​ម៉ាថាយ ២៨:១៤​) ម្ល៉ោះ​ហើយ ពួក​ទាហាន​ព្រម​ទទួល​សំណូក ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួក​សង្ឃ​ប្រាប់។ ហេតុ​នេះ រឿង​មិន​ពិត​អំពី​ការ​មាន​គេ​មក​លួច​សព​លោក​យេស៊ូ​បាន​ត្រូវ​ផ្សាយ​ឲ្យ​ឮ​សុសសាយ​ក្នុង​ចំណោម​ជន​ជាតិ​យូដា។

ម៉ារៀ​ម៉ាក់ដាឡេន​នៅ​តែ​សោយ​សោក​នៅ​ឯ​ទី​បញ្ចុះ​សព​នៅ​ឡើយ។ ពេល​នោះ​នាង​ឱន​ទៅ​មើល​ក្នុង​ទី​បញ្ចុះ​សព ហើយ​ឃើញ​ទេវតា​ពីរ​រូប​ស្លៀក​ពាក់​ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​ពី​មុន​គេ​ដាក់​សព​លោក​យេស៊ូ ម្នាក់​នៅ​ក្បាល​និង​ម្នាក់​នៅ​ជើង។ ទេវតា​ទាំង​ពីរ​នោះ​សួរ​នាង​ថា​៖ ​«​ហេតុ​អ្វី​ក៏​នាង​យំ?​»។ ម៉ារៀ​ឆ្លើយ​ថា​៖ ​«​ពួក​គេ​បាន​យក​លោក​ម្ចាស់​របស់​ខ្ញុំ​ចេញ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​ដាក់​លោក​នៅ​កន្លែង​ណា​ទេ​»។ លុះ​និយាយ​អ្វី​ៗ​ទាំង​នេះ​ចប់​ហើយ នាង​បែរ​ទៅ​ឃើញ​មាន​ម្នាក់​ទៀត។ លោក​នោះ​សួរ​នាង​ដូច​ដែល​ពួក​ទេវតា​ទាំង​នោះ​សួរ​ដែរ ថែម​ទាំង​សួរ​ថា​៖ ​«​តើ​នាង​កំពុង​រក​អ្នក​ណា?​»។ ពេល​ឮ​ដូច្នោះ នាង​នឹក​ស្មានថា​លោក​ជា​អ្នក​ថែ​សួន​ច្បារ នាង​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​បាន​យក​សព​របស់​លោក​ចេញ សូម​ប្រាប់​ខ្ញុំ​ថា​អ្នក​បាន​ដាក់​នៅ​កន្លែង​ណា ខ្ញុំ​នឹង​ទៅ​យក​»។—យ៉ូហាន ២០:១៣​-​១៥

តាម​ពិត​ម៉ារៀ​កំពុង​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​ដែល​បាន​រស់​ឡើង​វិញ ប៉ុន្តែ​នៅ​ខណៈ​នោះ​នាង​មិន​បាន​ដឹង​ថា​ជា​លោក​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពេល​លោក​ហៅ​នាង​ថា​៖ ​«​ម៉ារៀ!​»​ ទើប​នាង​ដឹង​ថា​ជា​លោក​យេស៊ូ។ នាង​ដឹង​ដូច្នេះ​ដោយ​សារ​នាង​ស្គាល់​របៀប​ដែល​លោក​និយាយ​មក​កាន់​នាង។ ពេល​ម៉ារៀ​ឮ​ដូច្នេះ នាង​ហៅ​លោក​ទាំង​រំភើប​ចិត្ត​ជា​ខ្លាំង​ថា​៖ ​«​រ៉ា​បូ​នី!​»​ (​ដែល​មាន​ន័យ​ថា​«​លោក​គ្រូ!​»​)។ ប៉ុន្តែ ដោយ​សារ​នាង​ភ័យ​ខ្លាច​ថា​លោក​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ នោះ​នាង​ក៏​តោង​លោក។ ហេតុ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ឈប់​តោង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌​ទេ។ តែ​ចូរ​នាង​ទៅ​ឯ​បង​ប្អូន​របស់​ខ្ញុំ ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ‹ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ​និង​បិតា​របស់​អ្នក​រាល់​គ្នា ហើយ​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​និង​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។—យ៉ូហាន ២០:១៦, ១៧

រួច​មក ម៉ារៀ​រត់​ទៅ​កន្លែង​ដែល​ពួក​សាវ័ក​និង​អ្នក​កាន់​តាម​ឯ​ទៀត​កំពុង​ប្រជុំ​គ្នា។ នាង​ប្រាប់​ពួក​គាត់​បន្ថែម​ពី​លើ​អ្វី​ដែល​ពួក​គាត់​បាន​ឮ​ពី​ស្ត្រី​ផ្សេង​ទៀត។ ម៉ារៀ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​លោក​ម្ចាស់!​»។ (​យ៉ូហាន ២០:១៨​) ក៏​ប៉ុន្តែ ពួក​គាត់​បាន​គិត​ថា​សម្ដី​របស់​ស្ត្រី​ទាំង​នោះ​«​គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ​»។—លូកា ២៤:១១