លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣៦

នៅឆ្នេរសមុទ្រកាលីឡេ

នៅឆ្នេរសមុទ្រកាលីឡេ

យ៉ូហាន ២១:១​-​២៥

  • លោក​យេស៊ូ​លេច​មក​នៅ​ឆ្នេរ​សមុទ្រ​កាលីឡេ

  • ពេត្រុស​និង​អ្នក​កាន់​តាម​ឯ​ទៀត​ត្រូវ​ឲ្យ​ចំណី​ដល់​ចៀម

នៅ​ល្ងាច​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​សាវ័ក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ក្រោយ​ពី​ខ្ញុំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​ហើយ​រង់​ចាំ​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​»។ (​ម៉ាថាយ ២៦:៣២; ២៨:៧, ១០​) ឥឡូវ​នេះ អ្នក​កាន់​តាម​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ប៉ុន្តែ​តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ?

មាន​ពេល​មួយ ពេត្រុស​និយាយ​ទៅ​កាន់​សាវ័ក​៦​នាក់​ទៀត​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​នេសាទ​ត្រី​»។ សាវ័ក​ទាំង​៦​នាក់​ឆ្លើយ​ថា​៖ ​«​យើង​ក៏​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ​»។ (​យ៉ូហាន ២១:៣​) ប៉ុន្តែ ពេញ​មួយ​យប់​ពួក​គាត់​ចាប់​ត្រី​មិន​បាន​សោះ។ ឥឡូវ​នេះ​មេឃ​ជិត​ភ្លឺ​ហើយ លោក​យេស៊ូ​ក៏​លេច​មក​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សាវ័ក​មិន​ស្គាល់​ថា​លោក​ជា​អ្នក​ណា​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​កូន​ៗ​អើយ! អ្នក​រាល់​គ្នា​គ្មាន​អ្វី​បរិភោគ​ទេ មែន​ទេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​បាទ!​»។ ដូច្នេះ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ទម្លាក់​អួន​នៅ​ខាង​ស្ដាំ​ទូក ហើយ​អ្នក​នឹង​រក​បាន​»។ (​យ៉ូហាន ២១:៥, ៦​) ក្រោយ​ពី​ធ្វើ​តាម​អ្វី​ដែល​លោក​មាន​ប្រសាសន៍ ពួក​គាត់​ចាប់​បាន​ត្រី​សន្ធឹក​ណាស់ រហូត​ដល់​ពួក​គាត់​មិន​អាច​ទាញ​អួន​ឡើង​លើ​ទូក​វិញ​បាន​ឡើយ។

នៅ​ពេល​នោះ យ៉ូហាន​ប្រាប់​ពេត្រុស​ថា​៖ ​«​គឺ​ជា​លោក​ម្ចាស់!​»។ (​យ៉ូហាន ២១:៧​) ភ្លាម​នោះ ពេត្រុស​ពាក់​អាវ​ក្រៅ​របស់​គាត់ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ រួច​មក​គាត់​លោត​ចុះ​ទៅ​ក្នុង​សមុទ្រ ហើយ​ហែល​ទឹក​ប្រហែល​ជា​ចម្ងាយ​៩០​ម៉ែត្រ​ទៅ​ឆ្នេរ​វិញ។ សាវ័ក​ឯ​ទៀត​ដែល​នៅ​លើ​ទូក​បាន​ចែវ​ទូក​មក​តាម​ក្រោយ​យឺត​ៗ ព្រម​ទាំង​ទាញ​អួន​ដែល​ពេញ​ទៅ​ដោយ​ត្រី​មក​ជា​មួយ​ផង។

ពេល​ដែល​ពួក​គាត់​មក​ដល់​ឆ្នេរ​វិញ ពួក​គាត់​បាន​ឃើញ​«​រងើក​ភ្លើង​ធ្យូង​និង​ត្រី​នៅ​លើ​រងើក​នោះ ក៏​ឃើញ​មាន​នំ​ប៉័ង​ដែរ​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ត្រី​ខ្លះ​ដែល​អ្នក​រាល់​គ្នា​ទើប​តែ​ចាប់​បាន​មក​»។ ពេល​នោះ ពេត្រុស​ទាញ​អួន​ដែល​ពេញ​ដោយ​ត្រី​ធំ​ៗ​ចំនួន​១៥៣​ក្បាល! រួច​មក លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​អញ្ជើញ​មក​បរិភោគ​»។ ប៉ុន្តែ​គ្មាន​ពួក​គាត់​ណា​ម្នាក់​ហ៊ាន​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា​»​ទេ ពី​ព្រោះ​ពួក​គាត់​ដឹង​ថា​គឺ​ជា​លោក​យេស៊ូ។ (​យ៉ូហាន ២១:៩​-​១២​) នេះ​គឺ​ជា​លើក​ទី៣​ដែល​លោក​យេស៊ូ​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​ជា​ក្រុម។

លោក​យេស៊ូ​ចែក​ត្រី​និង​នំ​ប៉័ង​ឲ្យ​ពួក​គាត់​ម្នាក់​ៗ​បរិភោគ។ បន្ទាប់​មក លោក​ទំនង​ជា​សម្លឹង​មើល​ត្រី​ដែល​ពួក​សាវ័ក​ចាប់​បាន រួច​សួរ​ស៊ីម៉ូន​ពេត្រុស​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»។ លោក​យេស៊ូ​ប្រហែល​ជា​ចង់​ដឹង​ថា តើ​ពេត្រុស​ចូល​ចិត្ត​កិច្ច​ការ​នេសាទ​ជាង​កិច្ច​ការ​ដែល​លោក​ចង់​ឲ្យ​គាត់​ធ្វើ​ឬ? ពេត្រុស​ឆ្លើយ​ទៅ​លោក​ថា​៖ ​«​បាទ លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ ដូច្នេះ​លោក​យេស៊ូ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​»។—យ៉ូហាន ២១:១៥

លោក​យេស៊ូ​សួរ​ពេត្រុស​ម្ដង​ទៀត​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?​»។ ពេត្រុស​ប្រហែល​ជា​ងឿង​ឆ្ងល់​ការ​ដែល​លោក​សួរ​គាត់​ម្ដង​ទៀត។ ប៉ុន្តែ គាត់​ឆ្លើយ​យ៉ាង​ស្មោះ​ថា​៖ ​«​បាទ លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ ស្រដៀង​មុន​ដែរ លោក​យេស៊ូ​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។—យ៉ូហាន ២១:១៦

លោក​យេស៊ូ​សួរ​គាត់​ជា​លើក​ទី៣​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?​»។ ឥឡូវ​ពេត្រុស​ប្រហែល​ជា​ឆ្ងល់​ថា លោក​យេស៊ូ​កំពុង​សង្ស័យ​ចំពោះ​ចិត្ត​ស្មោះ​ភក្ដី​របស់​គាត់​ទេ​ដឹង។ ដូច្នេះ គាត់​ឆ្លើយ​យ៉ាង​ប្រាកដ​ប្រជា​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ លោក​ជ្រាប​នូវ​អ្វី​ៗ​ទាំង​អស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ រួច​មក លោក​យេស៊ូ​បញ្ជាក់​ម្ដង​ទៀត​អំពី​អ្វី​ដែល​ពេត្រុស​ត្រូវ​ធ្វើ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ចំណី​ដល់​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។ (​យ៉ូហាន ២១:១៧​) ពិត​ណាស់ អស់​អ្នក​ដែល​នាំ​មុខ​ក្នុង​អង្គ​ការ​របស់​ព្រះ ត្រូវ​បម្រើ​អ្នក​ដែល​បាន​ត្រូវ​ទាញ​នាំ​ឲ្យ​ចូល​ក្នុង​ក្រោល​ចៀម​របស់​ព្រះ។

លោក​យេស៊ូ​ត្រូវ​គេ​ចាប់​ចង​និង​ប្រហារ​ជីវិត ដោយ​សារ​លោក​បាន​ធ្វើ​កិច្ច​ការ​ដែល​ព្រះ​បាន​បង្គាប់​លោក​ឲ្យ​ធ្វើ។ ឥឡូវ​នេះ លោក​បង្ហាញ​ថា​ពេត្រុស​ក៏​នឹង​ជួប​ប្រទះ​ស្ថានភាព​ស្រដៀង​នេះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ដែល​អ្នក​នៅ​ក្មេង អ្នក​ធ្លាប់​ស្លៀក​ពាក់​ខ្លួន​ឯង ហើយ​ដើរ​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ​ពេល​ដែល​អ្នក​ចាស់​ទៅ អ្នក​នឹង​លា​ដៃ​ទៅ ហើយ​បុរស​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់​ឲ្យ​អ្នក រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទេ​»។ ប៉ុន្តែ លោក​យេស៊ូ​ក៏​បាន​ដាស់​តឿន​គាត់​ថា​៖ ​«​ចូរ​បន្ត​កាន់​តាម​ខ្ញុំ​»។—យ៉ូហាន ២១:១៨, ១៩

ពេល​នោះ ពេត្រុស​ក្រឡេក​ទៅ​ឃើញ​សាវ័ក​យ៉ូហាន ដូច្នេះ​គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ ចុះ​បុរស​នេះ​វិញ?​»។ ពេត្រុស​ចង់​ដឹង​ថា តើ​សាវ័ក​សំណព្វចិត្ត​របស់​លោក​យេស៊ូ​នឹង​មាន​អនាគត​បែប​ណា? លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ឲ្យ​គាត់​នៅ​រហូត​ដល់​ខ្ញុំ​មក តើ​នោះ​ទាក់​ទង​អ្វី​នឹង​អ្នក?​»។ (​យ៉ូហាន ២១:២១​-​២៣​) ដូច្នេះ ពេត្រុស​ត្រូវ​កាន់​តាម​លោក​យេស៊ូ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​យេស៊ូ​បញ្ជាក់​ថា​យ៉ូហាន​នឹង​រស់​នៅ​យូរ​ជាង​សាវ័ក​ឯ​ទៀត ហើយ​គាត់​នឹង​ឃើញ​ក្នុង​គំនិត​នូវ​ការ​ត្រឡប់​មក​របស់​លោក​យេស៊ូ​ដែល​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ។

តាម​ពិត មាន​កិច្ច​ការ​ជា​ច្រើន​ដែល​លោក​យេស៊ូ​បាន​ធ្វើ សូម្បី​តែ​រមូរ​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​កត់​ទុក​កិច្ច​ការ​ទាំង​នោះ​អស់​ដែរ។