លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣៨

គ្រិស្តរង់ចាំនៅខាងស្ដាំព្រះ

គ្រិស្តរង់ចាំនៅខាងស្ដាំព្រះ

សកម្មភាព ៧:៥៦

  • លោក​យេស៊ូ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ

  • សុល​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ម្នាក់

  • មាន​ហេតុ​ឲ្យ​យើង​មាន​អំណរ

ដប់​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ សកម្មពល​បរិសុទ្ធ​បាន​ត្រូវ​ចាក់​មក​លើ​ពួក​អ្នក​កាន់​តាម​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។ ព្រឹត្ដិការណ៍​នេះ​បញ្ជាក់​ថា​លោក​យេស៊ូ​ពិត​ជា​នៅ​ស្ថាន​សួគ៌​មែន។ បន្ដិច​ទៀត​នឹង​មាន​ភ័ស្តុតាង​មួយ​ទៀត​ដែល​បញ្ជាក់​អំពី​រឿង​នេះ​ដែរ។ ស្ទេផាន​ដែល​ជា​អ្នក​កាន់​តាម​ម្នាក់ ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់​ដោយ​សារ​គាត់​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ បន្ដិច​មុន​នេះ​គាត់​ស្រែក​ឡើង​ថា​៖ ​«​មើល! ខ្ញុំ​មើល​ឃើញ​មេឃ​បើក​ចំហ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ​»។—សកម្មភាព ៧:៥៦

កាល​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌ លោក​នឹង​រង់​ចាំ​បង្គាប់​ជាក់​លាក់​ពី​ព្រះ ដូច​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​បណ្ដាំ​របស់​ព្រះ។ ដាវីឌ​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ព្រះ​អម្ចាស់[​លោក​យេស៊ូ​]នៃ​ទូល​បង្គំ​ថា​៖ ​«​ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ ទាល់​តែ​ខ្ញុំ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង​»​›។ ពេល​គ្រា​ដែល​លោក​យេស៊ូ​ត្រូវ​រង់​ចាំ​ចប់​ហើយ នោះ​លោក​នឹង​ទៅ​«​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ[​របស់​លោក​]​»។ (​ទំនុក​តម្កើង ១១០:១, ២​) ប៉ុន្តែ ពេល​លោក​យេស៊ូ​កំពុង​រង់​ចាំ​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​សត្រូវ​របស់​លោក តើ​លោក​នឹង​ធ្វើ​អ្វី​ពី​ស្ថាន​សួគ៌?

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​ស្ថាបនា​ឡើង។ ហេតុ​នេះ លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​ពួក​អ្នក​កាន់​តាម​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ (​កូឡុស ១:១៣​) នេះ​មាន​ន័យ​ថា​លោក​ដឹក​នាំ​ពួក​គាត់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ជួយ​ពួក​គាត់​ឲ្យ​រៀប​ចំ​ខ្លួន​សម្រាប់​តួនាទី​នៅ​ពេល​អនាគត។ តើ​ពួក​គាត់​នឹង​មាន​តួនាទី​អ្វី? អស់​អ្នក​ដែល​បង្ហាញ​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ។

គំរូ​ដ៏​ប្រសើរ​មួយ​ក្នុង​ចំណោម​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​ស្តេច​នៅ​ពេល​អនាគត គឺ​សុល។ មនុស្ស​ជា​ទូ​ទៅ​ស្គាល់​គាត់​ដោយ​ឈ្មោះ​ជា​ភាសា​រ៉ូម​ថា​ប៉ូល។ គាត់​គឺ​ជា​ជន​ជាតិ​យូដា​ដែល​មាន​ប្រវត្ដិ​ជា​អ្នក​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ច្បាប់​របស់​ព្រះ ប៉ុន្តែ​គាត់​បាន​ត្រូវ​នាំ​ឲ្យ​វង្វេង​ដោយ​សារ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជន​ជាតិ​យូដា។ គាត់​ថែម​ទាំង​ពេញ​ចិត្ត​កាល​ដែល​គេ​សម្លាប់​ស្ទេផាន​ដោយ​ចោល​ដុំ​ថ្ម​ទៀត​ផង។ បន្ទាប់​មក គាត់​«​នៅ​តែ​គំរាម​ពួក​អ្នក​កាន់​តាម​លោក​ម្ចាស់​នៅ​ឡើយ​»​ ហើយ​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់។ គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​សម្ដេច​សង្ឃ​កៃផាស ឲ្យ​ចាប់​ខ្លួន​ពួក​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ ហើយ​នាំ​យក​មក​ក្រុង​យេរូសាឡិម។ (​សកម្មភាព ៧:៥៨; ៩:១​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ដែល​សុល​កំពុង​ធ្វើ​ដំណើរ ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ​ចាំង​ជុំ​វិញ​គាត់ រួច​គាត់​ដួល​ដល់​ដី។

នៅ​ពេល​នោះ​មាន​ឮ​សំឡេង​មួយ​បន្លឺ​មក​ថា​៖ ​«​សុល សុល ហេតុ​អ្វី​អ្នក​បៀត​បៀន​ខ្ញុំ?​»។ គាត់​សួរ​ថា​៖ ​«​តើ​លោក​ម្ចាស់​ជា​អ្នក​ណា?​»។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​គឺ​យេស៊ូ ដែល​អ្នក​កំពុង​បៀត​បៀន​»។—សកម្មភាព ៩:៤, ៥

រួច​មក លោក​យេស៊ូ​ប្រាប់​សុល​ឲ្យ​ចូល​ក្នុង​ក្រុង​ដាម៉ាស់ ហើយ​ចាំ​ទទួល​ដំណឹង​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ប៉ុន្តែ​គាត់​ត្រូវ​ការ​ឲ្យ​គេ​ដឹក​ដៃ​នាំ​ទៅ​ក្រុង​នោះ ពី​ព្រោះ​ពន្លឺ​យ៉ាង​ចិញ្ចាច​ពី​លើ​មេឃ​នោះ​បាន​ធ្វើ​ឲ្យ​គាត់​មើល​មិន​ឃើញ​អ្វី​សោះ។ ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​មួយ​ទៀត លោក​យេស៊ូ​បាន​លេច​មក​ជួប​អាណានាស ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​រស់​នៅ​ក្នុង​ក្រុង​ដាម៉ាស់។ លោក​យេស៊ូ​ប្រាប់​អាណានាស​ឲ្យ​ទៅ​ផ្ទះ​មួយ​ដើម្បី​រក​សុល។ ពេល​ឮ​ដូច្នេះ អាណានាស​ក៏​ភ័យ​ខ្លាច ហើយ​មិន​ចង់​ទៅ​ទេ ប៉ុន្តែ​លោក​ធ្វើ​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​ចុះ ពី​ព្រោះ​បុរស​នេះ​ប្រៀប​ដូច​ជា​ភាជនៈ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បី​ជា​តំណាង​ឈ្មោះ​ខ្ញុំ​នៅ​មុខ​ប្រជា​ជាតិ​ទាំង​ឡាយ ព្រម​ទាំង​នៅ​មុខ​ស្តេច​នា​នា និង​ពួក​កូន​អ៊ីស្រាអែល​»។ ក្រោយ​មក សុល​អាច​មើល​ឃើញ​ឡើង​វិញ ហើយ​នៅ​ក្រុង​ដាម៉ាស់​គាត់​«​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ​អំពី​លោក​យេស៊ូ​ថា លោក​ជា​បុត្រ​ព្រះ​»។—សកម្មភាព ៩:១៥, ២០

ដោយ​មាន​ការ​គាំ​ទ្រ​ពី​លោក​យេស៊ូ ប៉ូល​និង​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឯ​ទៀត​បន្ត​កិច្ច​ការ​ផ្សាយ​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម។ ព្រះ​បាន​ឲ្យ​ពរ​ពួក​គាត់ ហើយ​ជួយ​ពួក​គាត់​ឲ្យ​សម្រេច​កិច្ច​ការ​ជា​ច្រើន។ ដូច្នេះ ២៥​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​លេច​មក​ជួប​ប៉ូល​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស់ នោះ​គាត់​សរសេរ​ថា​ដំណឹង​ល្អ​បាន​ត្រូវ​«​ប្រកាស​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។—កូឡុស ១:២៣

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ដែល​ជា​អ្នក​សំណព្វ​របស់​លោក ឃើញ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ក្នុង​គំនិត។ ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ។ តាម​រយៈ​អ្វី​ដែល​គាត់​ឃើញ​ក្នុង​គំនិត យ៉ូហាន​ហាក់​ដូច​ជា​រស់​នៅ​រហូត​ដល់​ឃើញ​លោក​យេស៊ូ​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្តេច​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ។ (​យ៉ូហាន ២១:២២​) ហេតុ​នេះ ​«​ដោយ​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ [​យ៉ូហាន​]បាន​នៅ​ថ្ងៃ​របស់​លោក​ម្ចាស់​»។ (​ការ​បើក​បង្ហាញ ១:១០​) តើ​ថ្ងៃ​របស់​លោក​ម្ចាស់​នឹង​មក​ដល់​នៅ​ពេល​ណា?

តាម​រយៈ​ការ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ យើង​ដឹង​ថា​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​បាន​ចាប់​ផ្ដើម​នៅ​សម័យ​ទំនើប​នេះ។ នៅ​ឆ្នាំ​១៩១៤ សង្គ្រាម​ដែល​មនុស្ស​ជា​ទូ​ទៅ​ស្គាល់​ថា​ជា​សង្គ្រាម​លោក​លើក​ទី១​បាន​ផ្ទុះ​ឡើង។ បន្ថែម​ទៅ​ទៀត ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក មាន​សង្គ្រាម​ជា​ច្រើន​ទៀត រោគ​រាត​ត្បាត ការ​អត់​ឃ្លាន ការ​រញ្ជួយ​ដី និង​ភ័ស្តុតាង​ផ្សេង​ៗ​ទៀត​ដែល​បញ្ជាក់​ថា​«​សញ្ញា​សម្គាល់​»​ ដែល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ស្តី​អំពី​«​វត្តមាន​»​របស់​លោក និង​អំពី​«​ទី​បញ្ចប់​»​ បាន​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង។ (​ម៉ាថាយ ២៤:៣, ៧, ៨, ១៤​) ម្យ៉ាង​ទៀត ឥឡូវ​នេះ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​កំពុង​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ផែន​ដី មិន​គ្រាន់​តែ​ក្នុង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​រ៉ូម​ប៉ុណ្ណោះ​ទេ។

យ៉ូហាន​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​រៀប​រាប់​អំពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ទាំង​នេះ​ថា​៖ ​«​មើល! ព្រះ​បាន​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ! ឫទ្ធានុភាព​របស់​លោក​បាន​ទទួល​ជ័យ​ជម្នះ! រាជាណាចក្រ​របស់​លោក​បាន​ត្រូវ​ស្ថាបនា​ឡើង! គ្រិស្ត​របស់​លោក​ចាប់​ផ្ដើម​កាន់​អំណាច​ហើយ!​»។ (​ការ​បើក​បង្ហាញ ១២:១០​) ពិត​ណាស់ រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ផ្សាយ​គ្រប់​ទី​កន្លែង កំពុង​គ្រប់​គ្រង​ហើយ!

ដំណឹង​នេះ​គឺ​ពិត​ជា​ដំណឹង​ល្អ​ណាស់​សម្រាប់​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក​យេស៊ូ។ ពួក​គេ​អាច​ជឿ​អ្វី​ដែល​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ហេតុ​នេះ ស្ថាន​សួគ៌​និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ស្ថាន​សួគ៌​អើយ ចូរ​រីក​រាយ​ចុះ តែ​វេទនា​ដល់​ផែន​ដី និង​សមុទ្រ ពី​ព្រោះ​មេ​កំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។—ការ​បើក​បង្ហាញ ១២:១២

ដូច្នេះ លោក​យេស៊ូ​មិន​មែន​កំពុង​អង្គុយ​រង់​ចាំ​នៅ​ខាង​ស្ដាំ​បិតា​របស់​លោក​ទៀត​ឡើយ តែ​លោក​កំពុង​គ្រប់​គ្រង​ជា​ស្តេច ហើយ​មិន​យូរ​ទៀត លោក​នឹង​បំផ្លាញ​ចោល​សត្រូវ​ទាំង​អស់​របស់​លោក។ (​ហេប្រឺ ១០:១២, ១៣​) តើ​នឹង​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី​ទៀត​សម្រាប់​យើង​នា​អនាគត?