លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣៩

លោកយេស៊ូធ្វើឲ្យមានសួនឧទ្យានឡើងវិញ ហើយបញ្ចប់ភារកិច្ចរបស់លោក

លោកយេស៊ូធ្វើឲ្យមានសួនឧទ្យានឡើងវិញ ហើយបញ្ចប់ភារកិច្ចរបស់លោក

កូរិនថូស​ទី១ ១៥:២៤​-​២៨

  • លទ្ធផល​របស់​ចៀម​និង​ពពែ

  • មនុស្ស​ជា​ច្រើន​នឹង​រីក​រាយ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី

  • លោក​យេស៊ូ​បង្ហាញ​ថា​លោក​ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក សត្រូវ​របស់​លោក​បាន​ព្យាយាម​ធ្វើ​ឲ្យ​លោក​បរាជ័យ ទោះ​បី​ជា​លោក​មិន​ទាន់​ចាប់​ផ្ដើម​កិច្ច​បម្រើ​ព្រះ​ក៏​ដោយ។ ពិត​ណាស់ មេ​កំណាច​បាន​ព្យាយាម​ល្បួង​លោក​យេស៊ូ​ម្ដង​ហើយ​ម្ដង​ទៀត។ ក្រោយ​មក លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​មេ​កំណាច​នោះ​ថា​៖ ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ​»។—យ៉ូហាន ១៤:៣០

ក្រោយ​មក សាវ័ក​យ៉ូហាន​បាន​ឃើញ​ទុក​ជា​មុន​នូវ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត ស្តី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​«​នាគ​ដ៏​ធំ គឺ​ពស់​ដំបូង​បង្អស់ ជា​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេ​កំណាច​និង​សាថាន​»។ សត្រូវ​ដ៏​អាក្រក់​នេះ​របស់​មនុស្សជាតិ​នឹង​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ ពេល​នោះ​វា​«​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។ (​ការ​បើក​បង្ហាញ ១២:៩, ១២​) គ្រិស្ត​សាសនិក​ពិត​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ជឿ​ថា​ពួក​គេ​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​«​ពេល​តែ​បន្ដិច​បន្តួច​»​ ហើយ​ឆាប់​ៗ​នេះ​«​នាគ​ដ៏​ធំ គឺ​ពស់​ដំបូង​បង្អស់​»​ នឹង​ត្រូវ​ទម្លាក់​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។ ពេល​នោះ​វា​នឹង​លែង​មាន​សកម្មភាព​អស់​រយៈ​ពេល​១.០០០​ឆ្នាំ កាល​ដែល​លោក​យេស៊ូ​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ។—ការ​បើក​បង្ហាញ ២០:១, ២

ក្នុង​អំឡុង​ពេល​នោះ តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ផែន​ដី​ដែល​ជា​លំនៅ​របស់​មនុស្ស​យើង? តើ​អ្នក​ណា​នឹង​រស់​នៅ​ផែន​ដី ហើយ​តើ​ពួក​គេ​នឹង​រស់​នៅ​ក្រោម​ស្ថានភាព​បែប​ណា? លោក​យេស៊ូ​ប្រាប់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់។ ក្នុង​ឧទាហរណ៍​របស់​លោក​ស្តី​អំពី​ចៀម​និង​ពពែ លោក​បាន​បង្ហាញ​អំពី​អនាគត​របស់​មនុស្ស​សុចរិត​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដែល​បាន​សហការ​ជា​មួយ​នឹង​បង​ប្អូន​របស់​គ្រិស្ត​ព្រម​ទាំង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គាត់។ បន្ថែម​ទៅ​ទៀត លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អនាគត​របស់​អស់​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត ពោល​គឺ​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ពពែ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ទាំង​នោះ[​ពពែ​]នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត តែ​មនុស្ស​សុចរិត[​ចៀម​]នឹង​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—ម៉ាថាយ ២៥:៤៦

ឧទាហរណ៍​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ឧក្រិដ្ឋជន​ម្នាក់​ដែល​បាន​ត្រូវ​ព្យួរ​នៅ​ក្បែរលោក។ លោក​យេស៊ូ​មិន​បាន​ផ្ដល់​ឲ្យ​បុរស​នោះ​នូវ​រង្វាន់​ដែល​ដូច​គ្នា​នឹង​រង្វាន់​ដែល​ពួក​សាវ័ក​ស្មោះ​ត្រង់​របស់​លោក​នឹង​ទទួល​នោះ​ទេ ពី​ព្រោះ​រង្វាន់​ដែល​ពួក​គាត់​នឹង​ទទួល​គឺ​ជា​ការ​រួម​ចំណែក​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​សន្យា​ចំពោះ​អ្នក​ប្រព្រឹត្ត​អាក្រក់​ដែល​បាន​ប្រែ​ចិត្ត​នោះ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។ (​លូកា ២៣:៤៣​) នេះ​មាន​ន័យ​ថា បុរស​នោះ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​បង្ហាញ​ថា​ពួក​គេ​មាន​លក្ខណៈ​ដូច​ចៀម ដែល​«​នឹង​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ ក៏​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​នោះ​ដែរ។

នេះ​ស្រប​គ្នា​នឹង​អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​ពន្យល់​ស្តី​អំពី​ស្ថានភាព​ដែល​នឹង​មាន​នៅ​ទូ​ទាំង​ផែន​ដី។ គាត់​និយាយ​ថា​៖ ​«​ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ហើយ​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

ឧក្រិដ្ឋជន​ម្នាក់​នោះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​គាត់​អាច​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ ប៉ុន្តែ មិន​មែន​មាន​តែ​គាត់​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​បញ្ជាក់​អំពី​រឿង​នេះ​យ៉ាង​ច្បាស់​ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក ហើយ​ចេញ​មក អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​ទទួល​ការ​កាត់​ទោស​»។—យ៉ូហាន ៥:២៨, ២៩

ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​សាវ័ក​ស្មោះ​ត្រង់​និង​អ្នក​កាន់​តាម​លោក​យេស៊ូ​មួយ​ចំនួន​តូច​ផ្សេង​ទៀត​ដែល​នឹង​នៅ​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌? គម្ពីរ​រៀប​រាប់​ថា​៖ ​«​ពួក​គេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ​និង​របស់​គ្រិស្ត ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​អស់​មួយ​ពាន់​ឆ្នាំ​»។ (​ការ​បើក​បង្ហាញ ២០:៦​) អស់​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត គឺ​ជា​បុរស​និង​ស្ត្រី​ដែល​ធ្លាប់​រស់​នៅ​ផែន​ដី។ ហេតុ​នេះ ពួក​គាត់​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដែល​ចេះ​អាណិត​មេត្ដា​និង​ចេះ​យល់​អារម្មណ៍​របស់​មនុស្ស​ដែល​នៅ​ផែន​ដី។—ការ​បើក​បង្ហាញ ៥:១០

លោក​យេស៊ូ​នឹង​ផ្ដល់​ប្រយោជន៍​នៃ​ថ្លៃ​លោះ​ដល់​មនុស្សជាតិ​ដែល​នៅ​ផែន​ដី ហើយ​លោក​នឹង​បំបាត់​ចោល​នូវ​ទុក្ខ​វេទនា​ដែល​មក​ពី​ភាព​ខុស​ឆ្គង។ លោក​និង​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ មនុស្សជាតិ​នឹង​មាន​ជីវិត​ដ៏​រីក​រាយ​ដូច​គោល​បំណង​ដើម​របស់​ព្រះ កាល​ដែល​លោក​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ថា ចូរ​បង្កើត​កូន​ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី។ នៅ​ពេល​នោះ សូម្បី​តែ​សេចក្ដី​ស្លាប់​ដែល​បណ្ដាល​មក​ពី​ភាព​ខុស​ឆ្គង​របស់​អាដាម​ក៏​នឹង​លែង​មាន​ទៀត​ដែរ!

ហេតុ​នេះ លោក​យេស៊ូ​នឹង​សម្រេច​កិច្ច​ការ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​លោក​ឲ្យ​ធ្វើ។ រួច​មក នៅ​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ លោក​យេស៊ូ​នឹង​ប្រគល់​រាជាណាចក្រ​និង​ក្រុម​គ្រួសារ​មនុស្សជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ឲ្យ​បិតា​របស់​លោក​វិញ។ លោក​នឹង​សម្រេច​កិច្ច​ការ​ទាំង​នេះ​ដោយ​ចិត្ត​រាប​ទាប ដូច្នេះ​សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ក្រោយ​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​របស់​លោក បុត្រ​នោះ​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​នោះ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់​»។—កូរិនថូស​ទី១ ១៥:២៨

ច្បាស់​ណាស់ លោក​យេស៊ូ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​គោល​បំណង​ដ៏​រុង​រឿង​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត កាល​ដែល​គោល​បំណង​របស់​ព្រះ​នឹង​បន្ត​សម្រេច​ជា​រៀង​រហូត នោះ​លោក​យេស៊ូ​នឹង​បំពេញ​តួនាទី​របស់​លោក​យ៉ាង​ពេល​លេញ​ស្រប​តាម​អ្វី​ដែល​លោក​បាន​រៀប​រាប់​អំពី​ខ្លួន​លោក​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​»។—យ៉ូហាន ១៤:៦