លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧០

លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ

លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ

យ៉ូហាន ៩:១​-​១៨

  • បុរស​សុំ​ទាន​ម្នាក់​ដែល​ងងឹត​ភ្នែក​ពី​កំណើត​បាន​ត្រូវ​ធ្វើ​ឲ្យ​មើល​ឃើញ

នៅ​ថ្ងៃ​ឈប់​សម្រាក លោក​យេស៊ូ​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ។ កាល​ដែល​លោក​និង​អ្នក​កាន់​តាម​កំពុង​ធ្វើ​ដំណើរ​ក្នុង​ក្រុង ពួក​គាត់​បាន​ជួប​បុរស​សុំ​ទាន​ម្នាក់​ដែល​ងងឹត​ភ្នែក​ពី​កំណើត។ ឃើញ​ដូច្នេះ ពួក​អ្នក​កាន់​តាម​សួរ​លោក​យេស៊ូ​ថា​៖ ​«​រ៉ាប៊ី តើ​បុរស​នេះ​ងងឹត​ភ្នែក​ពី​កំណើត​ដោយ​សារ​គាត់​បាន​ធ្វើ​ខុស ឬ​ក៏​ដោយ​សារ​ឪ​ពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​ខុស?​»។—យ៉ូហាន ៩:២

ពួក​អ្នក​កាន់​តាម​ប្រហែល​ជា​ឆ្ងល់​ថា តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អំពើ​ខុស​ឆ្គង​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ឬ​យ៉ាង​ណា? លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​បុរស​នេះ​មិន​បាន​ធ្វើ​ខុស ហើយ​ឪ​ពុក​ម្ដាយ​របស់​គាត់​ក៏​មិន​បាន​ធ្វើ​ខុស​ដែរ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​កិច្ច​ការ​របស់​ព្រះ​បាន​ស​ឲ្យ​ឃើញ​ក្នុង​ករណី​របស់​គាត់​»។ (​យ៉ូហាន ៩:៣​) ដូច្នេះ ការ​ដែល​បុរស​នេះ​ងងឹត​ភ្នែក មិន​មែន​ដោយ​សារ​គាត់ ឬ​ឪ​ពុក​ម្ដាយ​គាត់​មាន​ទោស​ណា​មួយ ឬ​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​សារភាព​ខុស​ឆ្គង​របស់​អាដាម នោះ​មនុស្ស​ទាំង​អស់​កើត​មក​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ឬ​ពិការ​ភាព​ផ្សេង​ៗ ដូច​ជា​ងងឹត​ភ្នែក​ជា​ដើម។ ប៉ុន្តែ ការ​ងងឹត​ភ្នែក​របស់​បុរស​នេះ​ផ្ដល់​ឱកាស​ឲ្យ​លោក​យេស៊ូ​ធ្វើ​កិច្ច​ការ​របស់​ព្រះ ដូច​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ពេល​មុន​ៗ​ដែរ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ។

លោក​យេស៊ូ​បាន​បញ្ជាក់​ថា​កិច្ច​ការ​របស់​ព្រះ​ជា​កិច្ច​ការ​ដែល​លោក​ត្រូវ​ធ្វើ​ជា​បន្ទាន់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​យើង​ត្រូវ​ធ្វើ​កិច្ច​ការ​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ ព្រោះ​យប់​នឹង​មក​ដល់ ហើយ​ពេល​នោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន​ទេ។ ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​ពិភព​លោក ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភព​លោក​»។ (​យ៉ូហាន ៩:៤, ៥​) ពិត​មែន មិន​យូរ​ទៀត​លោក​យេស៊ូ​នឹង​ត្រូវ​ស្លាប់។ នៅ​ពេល​នោះ គេ​នឹង​ដាក់​លោក​ក្នុង​ទី​បញ្ចុះ​សព​ដែល​ប្រៀប​ដូច​ជា​ទី​ងងឹត និង​ជា​កន្លែង​ដែល​លោក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ទម្រាំ​ដល់​ពេល​នោះ លោក​មាន​ឱកាស​ជួយ​បំភ្លឺ​មនុស្ស​ក្នុង​ពិភព​លោក។

ប៉ុន្តែ តើ​លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​បុរស​នោះ​ជា​សះ​ស្បើយ​ឬ​ទេ? លោក​បាន​ធ្វើ​មែន។ តើ​តាម​របៀប​ណា? លោក​បាន​ស្ដោះ​ទឹក​មាត់​លើ​ដី ហើយ​យក​មក​ឈ្លី​ធ្វើ​ជា​ភក់ រួច​ដាក់​លើ​ភ្នែក​របស់​បុរស​នោះ ហើយ​លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​លាង​ភ្នែក​ក្នុង​អាង​ទឹក​ស៊ីឡូម​»។ (​យ៉ូហាន ៩:៧​) បុរស​នោះ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក។ រួច​មក គាត់​អាច​មើល​ឃើញ​បាន! បុរស​នោះ​ពិត​ជា​ត្រេក​អរ​ក្រៃ​លែង ដោយ​សារ​គាត់​អាច​មើល​ឃើញ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​គាត់!

ពួក​អ្នក​ជិត​ខាង​និង​អស់​អ្នក​ដែល​ដឹង​ថា​គាត់​ធ្លាប់​ងងឹត​ភ្នែក ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដែល​គាត់​អាច​មើល​ឃើញ​បាន។ ពួក​គេ​តាំង​និយាយ​ថា​៖ ​«​នេះ​ជា​បុរស​ដែល​ធ្លាប់​អង្គុយ​សុំ​ទាន មែន​ទេ?​»។ អ្នក​ខ្លះ​បាន​និយាយ​ថា​៖ ​«​គឺ​គាត់​ហើយ​»។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ ហើយ​និយាយ​ថា​៖ ​«​មិន​មែន​គាត់​ទេ ប៉ុន្តែ​អ្នក​នេះ​គឺ​ដូច​គាត់​»។ បុរស​នោះ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ​»។—យ៉ូហាន ៩:៨, ៩

ដូច្នេះ ពួក​គេ​សួរ​គាត់​ថា​៖ ​«​បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​អាច​មើល​ឃើញ​បាន?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បុរស​ឈ្មោះ​យេស៊ូ​បាន​យក​ដី​ឥដ្ឋ​មក​ឈ្លី រួច​លាប​ភ្នែក​របស់​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​អាង​ទឹក​ស៊ីឡូម​ហើយ​លាង​ភ្នែក​ចុះ›។ ដូច្នេះ ខ្ញុំ​បាន​ទៅ​លាង​ភ្នែក រួច​ក៏​អាច​មើល​ឃើញ​»។ ឮ​ដូច្នេះ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​បុរស​នោះ​នៅ​ឯ​ណា?​»។ បុរស​សុំ​ទាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ​»។—យ៉ូហាន ៩:១០​-​១២

ក្រុម​មនុស្ស​ក៏​នាំ​បុរស​នោះ​ទៅ​ជួប​ពួក​ផារិស៊ី។ ពួក​គេ​ក៏​ចង់​ដឹង​អំពី​មូលហេតុ​ដែល​គាត់​អាច​មើល​ឃើញ​ដែរ។ បុរស​នោះ​ប្រាប់​ពួក​គេ​ថា​៖ ​«​គាត់​ដាក់​ដី​ឥដ្ឋ​លើ​ភ្នែក​របស់​ខ្ញុំ រួច​ខ្ញុំ​បាន​លាង​ភ្នែក ហើយ​អាច​មើល​ឃើញ​»។ ជា​ជាង​ត្រេក​អរ​ជា​មួយ​នឹង​បុរស​នោះ​ដែល​អាច​មើល​ឃើញ​បាន ពួក​ផារិស៊ី​ខ្លះ​បែរ​ជា​ផ្ដន្ទា​ទោស​លោក​យេស៊ូ​ថា​៖ ​«​បុរស​នោះ​មិន​មក​ពី​ព្រះ​ទេ ពី​ព្រោះ​គាត់​មិន​កាន់​ថ្ងៃ​ឈប់​សម្រាក​ឡើយ​»។ ប៉ុន្តែ ពួក​ផារិស៊ី​ឯ​ទៀត​តាំង​និយាយ​ថា​៖ ​«​តើ​មនុស្ស​ម្នាក់​ដែល​ជា​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​អាច​ធ្វើ​សញ្ញា​សម្គាល់​បែប​នេះ​ដូច​ម្ដេច​បាន?​»។ (​យ៉ូហាន ៩:១៥, ១៦​) ម្ល៉ោះ​ហើយ ពួក​គេ​បាន​បែក​បាក់​គ្នា។

ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​ដូច្នេះ ពួក​ផារិស៊ី​ក៏​បែរ​ទៅ​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​គិត​យ៉ាង​ដូច​ម្ដេច​អំពី​បុរស​នោះ ដោយ​សារ​គាត់​បាន​ធ្វើ​ឲ្យ​អ្នក​អាច​មើល​ឃើញ?​»។ បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​គ្មាន​ការ​សង្ស័យ​អំពី​លោក​យេស៊ូ​ទេ ដូច្នេះ​គាត់​ឆ្លើយ​ថា​៖ ​«​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​»។—យ៉ូហាន ៩:១៧

ពួក​ផារិស៊ី​មិន​ព្រម​ជឿ​រឿង​នេះ​ទេ។ ពួក​គេ​ប្រហែល​ជា​គិត​ថា​លោក​យេស៊ូ​និង​បុរស​នោះ​បាន​ឃុប​ឃិត​គ្នា​ដើម្បី​បោក​បញ្ឆោត​បណ្ដា​ជន។ ដូច្នេះ ពួក​គេ​គិត​ថា​វិធី​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​សួរ​ឪ​ពុក​ម្ដាយ​របស់​បុរស​សុំ​ទាន​នោះ​ដើម្បី​ដឹង​ថា​គាត់​ពិត​ជា​ងងឹត​ភ្នែក​មែន​ឬ​យ៉ាង​ណា។