លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​យើង?

តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​យើង?

ពេល​អ្នក​អាន​កាសែត មើល​ទូរទស្សន៍ ឬ​ស្តាប់​វិទ្យុ អ្នក​នឹង​ឃើញ​ហើយ​ឮ​ព័ត៌មាន​ជា​ច្រើន​អំពី​ឧក្រិដ្ឋកម្ម សង្គ្រាម និង​ភេរវកម្ម។ ម្យ៉ាង​ទៀត អ្នក​ផ្ទាល់​ប្រហែល​ជា​កំពុង​រង​ការ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ ឬ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។

សូម​សួរ​ខ្លួន​អ្នក​ថា:

  • តើ​ព្រះ​មាន​គោល​បំណង​ឲ្យ​ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​ទទួល​រង​ការ​ឈឺ​ចាប់​ដូច្នេះ​ឬ?

  • តើ​ខ្ញុំ​អាច​រក​ជំនួយ​នៅ​ឯ​ណា​ដើម្បី​ស៊ូ​ទ្រាំ​ឬ​ដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ?

  • តើ​នៅ​ថ្ងៃ​មួយ​នឹង​មាន​សេចក្ដី​សុខ​សាន្ដ​ដ៏​ពិត​ប្រាកដ​ឬ​ទេ?

គម្ពីរ​មាន​ចម្លើយ​ដ៏​គួរ​ឲ្យ​គាប់​ចិត្ដ​ចំពោះ​សំណួរ​ទាំង​នេះ។

គម្ពីរ​បង្រៀន​ថា​ព្រះ​នឹង​ធ្វើ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ផែន​ដី។

ចូរ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ

សូម​កុំ​ឆាប់​សន្និដ្ឋាន​ថា​អ្វី​ដែល​អ្នក​ទើប​តែ​បាន​អាន​នៅ​ទំព័រ​មុន​ៗ​ជា​ការ​ស្រមើ​ស្រមៃ​នោះ​ឡើយ។ ព្រះ​បាន​សន្យា​ថា មិន​យូរ​ទៀត​លោក​នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​នោះ​កើត​ឡើង ហើយ​គម្ពីរ​ពន្យល់​អំពី​របៀប​ដែល​លោក​នឹង​ធ្វើ​ដូច្នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​ក៏​ផ្ដល់​ប្រយោជន៍​ថែម​ទៀត​ដែរ។ គម្ពីរ​ប្រាប់​អំពី​វិធី​ដែល​អ្នក​អាច​មាន​ជីវិត​ដ៏​គាប់​ចិត្ដ សូម្បី​តែ​នៅ​ឥឡូវ​នេះ។ សូម​គិត​បន្ដិច​អំពី​ទុក្ខ​លំបាក​និង​កង្វល់​កង្វាយ​របស់​អ្នក​ផ្ទាល់។ អ្នក​ប្រហែល​ជា​មាន​បញ្ហា​លុយ​កាក់ បញ្ហា​ក្រុម​គ្រួសារ បញ្ហា​សុខភាព ឬ​មាន​ទុក្ខ​សោក​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ទាំង​នេះ ហើយ​ក៏​អាច​សម្រាល​ទុក្ខ​អ្នក​ដោយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ដូច​ត​ទៅ​នេះ​៖

ដោយ​សារ​អ្នក​កំពុង​តែ​អាន​សៀវភៅ​នេះ នោះ​បង្ហាញ​ថា​អ្នក​ចង់​ដឹង​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន។ សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​គម្ពីរ​បាន។ មាន​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​យល់​គម្ពីរ​ច្បាស់​ជាង។ មនុស្ស​រាប់​លាន​នាក់​ចូល​ចិត្ដ​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ យើង​សង្ឃឹម​ថា​អ្នក​ក៏​នឹង​ចូល​ចិត្ដ​រៀន​ដែរ។ សូម​ឲ្យ​ព្រះ​ផ្ដល់​ពរ​ដល់​អ្នក កាល​ដែល​អ្នក​ស្វែង​យល់​អំពី​អ្វី​ដែល​គម្ពីរ​អាច​បង្រៀន​អ្នក!