លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី២

គម្ពីរ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ

គម្ពីរ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ

១, ២​. ហេតុ​អ្វី​គម្ពីរ​ជា​អំណោយ​មួយ​ពី​ព្រះ​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ដ?

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មិត្ដ​សម្លាញ់​ម្នាក់​ឲ្យ​អំណោយ​មួយ? អ្នក​ពិត​ជា​រំភើប​ចិត្ដ​ណាស់ ហើយ​ចង់​បើក​អំណោយ​នោះ​ភ្លាម មែន​ទេ? អ្នក​សប្បាយ​ចិត្ដ​ណាស់​ដែល​មិត្ដ​របស់​អ្នក​បាន​គិត​អំពី​អ្នក ហើយ​អ្នក​ច្បាស់​ជា​បាន​អរគុណ​គាត់​ចំពោះ​អំណោយ​នោះ។

គម្ពីរ​ជា​អំណោយ​មួយ​ពី​ព្រះ។ គម្ពីរ​ឲ្យ​យើង​ដឹង​ព័ត៌មាន​ជា​ច្រើន​ដែល​យើង​មិន​អាច​រក​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ទេ។ ជា​ឧទាហរណ៍ គម្ពីរ​ប្រាប់​ថា​ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ ផែន​ដី និង​បុរស​ស្ដ្រី​ទី១។ គម្ពីរ​មាន​គោល​ការណ៍​ដែល​អាច​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត។ ក្នុង​គម្ពីរ យើង​រៀន​អំពី​វិធី​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក ហើយ​នាំ​ឲ្យ​មាន​ស្ថានភាព​ល្អ​ជាង​នៅ​ផែន​ដី។ គម្ពីរ​គឺ​ជា​អំណោយ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ដ​ណាស់!

៣​. តើ​អ្នក​នឹង​ឃើញ​អ្វី​កាល​ដែល​អ្នក​រៀន​គម្ពីរ?

កាល​ដែល​អ្នក​រៀន​គម្ពីរ អ្នក​នឹង​ឃើញ​ថា​ព្រះ​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​សម្លាញ់​របស់​លោក។ ពេល​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ នោះ​អ្នក​នឹង​មាន​ចំណង​មិត្ដភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។

៤​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច​ចំពោះ​គម្ពីរ?

គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ប្រហែល​ជា​២.៦០០​ភាសា ហើយ​បាន​ត្រូវ​បោះ​ពុម្ព​រាប់​ពាន់​លាន​ក្បាល។ ហេតុ​នេះ មនុស្ស​ជាង​៩០​ភាគ​រយ​ទូ​ទាំង​ផែន​ដី​អាច​អាន​គម្ពីរ​ជា​ភាសា​របស់​ខ្លួន​បាន។ ម្យ៉ាង​ទៀត គម្ពីរ​ជាង​មួយ​លាន​ក្បាល​បាន​ត្រូវ​ចែក​ចាយ​ជា​រៀង​រាល់​សប្ដាហ៍! ប្រាកដ​ជា​គ្មាន​សៀវភៅ​ឯ​ណា​ទៀត​ដូច​គម្ពីរ​ឡើយ។

៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​គម្ពីរ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»​?

គម្ពីរ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​សូម​អាន ធីម៉ូថេ​ទី២ ៣:១៦) ប៉ុន្ដែ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ‹គម្ពីរ​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស ដូច្នេះ​តើ​គម្ពីរ​អាច​មក​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?›។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។ (​ពេត្រុស​ទី២ ១:២១​) ជា​ឧទាហរណ៍ អ្នក​ជំនួញ​ម្នាក់​ប្រាប់​លេខា​ឲ្យ​សរសេរ​សំបុត្រ​មួយ។ តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​សំបុត្រ​នោះ? គឺ​ជា​អ្នក​ជំនួញ មិន​មែន​លេខា​ទេ។ ស្រដៀង​គ្នា​ដែរ ព្រះ​គឺ​ជា​អ្នក​និពន្ធ​គម្ពីរ មិន​មែន​មនុស្ស​ដែល​លោក​ប្រាប់​ឲ្យ​សរសេរ​នោះ​ឡើយ។ ព្រះ​ដឹក​នាំ​ពួក​គេ​ឲ្យ​សរសេរ​អំពី​គំនិត​របស់​លោក។ ដូច្នេះ គម្ពីរ​ទាំង​មូល​ជា​«​បណ្ដាំ​របស់​ព្រះ​»​ពិត​មែន (​សូម​មើលលេខ​២​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—ថែស្សាឡូនិច​ទី១ ២:១៣

គម្ពីរ​មាន​ភាព​ត្រឹម​ត្រូវ

៦, ៧​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​គម្ពីរ​មាន​ភាព​ស្រប​គ្នា?

គម្ពីរ​បាន​ត្រូវ​សរសេរ​ក្នុង​រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ។ អ្នក​សរសេរ​គម្ពីរ​បាន​រស់នៅ​សម័យ​ខុស​ៗ​គ្នា។ អ្នក​ខ្លះ​បាន​ទទួល​ការ​អប់រំ​ខ្ពស់ តែ​អ្នក​ខ្លះ​ទៀត​ជា​មនុស្ស​សាមញ្ញ។ ជា​ឧទាហរណ៍ អ្នក​សរសេរ​គម្ពីរ​ម្នាក់​ជា​គ្រូ​ពេទ្យ។ ចំណែក​អ្នក​ឯ​ទៀត​ជា​កសិករ គង្វាល អ្នក​នេសាទ អ្នក ​ប្រកាស​ទំនាយ ចៅ​ក្រម និង​ស្ដេច។ ទោះ​ជា​អ្នក​សរសេរ​គម្ពីរ​មក​ពី​មជ្ឈដ្ឋាន​ខុស​ៗ​គ្នា​ក៏​ពិត​មែន តែ​គម្ពីរ​ទាំង​មូល​គឺ​ស្រប​គ្នា។ គម្ពីរ​មិន​រៀប​រាប់​អំពី​រឿង​មួយ​ក្នុង​ជំពូក​មួយ តែ​បែរ​ជា​និយាយ​ផ្ទុយ​ពី​នោះ​នៅ​ជំពូក​មួយ​ទៀត​ឡើយ។ *

ជំពូក​ដំបូង​ៗ​នៃ​គម្ពីរ​រៀប​រាប់​អំពី​ដើម​កំណើត​នៃ​បញ្ហា​មនុស្សជាតិ។ ប៉ុន្មាន​ជំពូក​ចុង​ក្រោយ​នៃ​គម្ពីរ​ប្រាប់​អំពី​របៀប​ដែល​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន​ឡើង​វិញ។ គម្ពីរ​រៀប​រាប់​នូវ​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្នុង​អំឡុង​ប្រវត្ដិសាស្ដ្រ​មនុស្ស​អស់​រាប់​ពាន់​ឆ្នាំ ហើយ​ក៏​បង្ហាញ​ដែរ​ថា​គោល​បំណង​របស់​ព្រះ​តែង​តែ​សម្រេច​ជា​និច្ច។

៨​. សូម​ឲ្យ​ឧទាហរណ៍​ដែល​បង្ហាញ​ថា​គម្ពីរ​គឺ​ត្រឹម​ត្រូវ​ខាង​រឿង​វិទ្យា​សាស្ដ្រ។

គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិទ្យា​សាស្ដ្រ​ទេ តែ​នៅ​ពេល​គម្ពីរ​រៀប​រាប់​អំពី​រឿង​វិទ្យា​សាស្ដ្រ នោះ​គឺ​ត្រឹម​ត្រូវ​ទាំង​អស់។ ហេតុ​អ្វី? ពី​ព្រោះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ។ ជា​ឧទាហរណ៍ សៀវភៅ​លេវីវិន័យ​មាន​ការ​ណែនាំ​ពី​ព្រះ​អំពី​វិធី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​អាច​ទប់​ស្កាត់​រោគ​រាត​ត្បាត។ ការ​ណែនាំ​ទាំង​នោះ​បាន​ត្រូវ​សរសេរ​ជា​យូរ​មក​ហើយ​មុន​មនុស្ស​ដឹង​ថា​បាក់តេរី​ឬ​មេ​រោគ​អាច​នាំ​ឲ្យ​មាន​ជំងឺ។ ម្យ៉ាង​ទៀត គម្ពីរ​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ថា​ផែន​ដី​បាន​ត្រូវ​ព្យួរ​នៅ​ទទេ​ធេង។ (​យ៉ូប ២៦:៧​) បន្ថែម​ទៅ​ទៀត នៅ​ពេល​ដែល​មនុស្ស​ជា​ទូ​ទៅ​ជឿ​ថា​ផែន​ដី​មាន​រាង​រាប​ស្មើ គម្ពីរ​ចែង​ថា​ផែន​ដី​មាន​រាង​មូល។—អេសាយ ៤០:២២

៩​. តើ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​សរសេរ​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី?

ចំណែក​រឿង​ប្រវត្ដិសាស្ដ្រ​វិញ គម្ពីរ​ក៏​តែង​តែ​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ​ដែរ។ ប៉ុន្ដែ សៀវភៅ​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ទៀត​គឺ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ឡើយ ពី​ព្រោះ​អ្នកសរសេរ​គ្មាន​ភាព​ស្មោះ​ត្រង់។ ជា​ឧទាហរណ៍ ពួក​គេ​មិន​តែង​តែ​សរសេរ​អំពី​ពេល​ដែល​ជាតិ​សាសន៍​របស់​ខ្លួន​ទទួល​បរាជ័យ​ក្នុង​សង្គ្រាម​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​សរសេរ​គម្ពីរ​មាន​ភាព​ស្មោះ​ត្រង់ ដោយ​កត់​ទុក​អំពី​ពេល​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ទទួល​បរាជ័យ។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​សរសេរ​អំពី​កំហុស​របស់​ខ្លួន​ដែរ។ ជា​ឧទាហរណ៍ ក្នុង​សៀវភៅ​ជន​គណនា ម៉ូសេ​រៀប​រាប់​អំពី​កំហុស​ធ្ងន់​ធ្ងរ​របស់​ខ្លួន​ឯង ហើយ​ក៏​ប្រាប់​ថា​ព្រះ​ដាក់​ទោស​គាត់​ដោយ​សារ​គាត់​បាន​ធ្វើ​ខុស។ (​ជន​គណនា ២០:២​-​១២​) ភាព​ស្មោះ​ត្រង់​របស់​អ្នក​សរសេរ​គម្ពីរ​បង្ហាញ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ​មែន។ ដូច្នេះ យើង​អាច​ទុក​ចិត្ដ​គម្ពីរ​បាន។

សៀវភៅ​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ណែនាំ​ល្អ

១០​. ហេតុ​អ្វី​ការ​ណែនាំ​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១០ គម្ពីរ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»។ (​ធីម៉ូថេ​ទី២ ៣:១៦​) ពិត​មែន គម្ពីរ​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​យេហូវ៉ា​ជ្រាប​នូវ​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត​មក ដូច្នេះ​លោក​ប្រាកដ​ជា​យល់​អំពី​អារម្មណ៍​និង​របៀប​គិត​គូរ​របស់​យើង​ច្បាស់​ជាង​យើង​ទៅ​ទៀត។ លោក​ចង់​ឲ្យ​យើង​មាន​សុភមង្គល។ លោក​ជ្រាប​អំពី​អ្វី​ដែល​ល្អ និង​អ្វី​ដែល​អាក្រក់​សម្រាប់​យើង។

១១, ១២​. (​ក​) តើ​លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​ដ៏​ល្អ​អ្វី​ខ្លះ​ក្នុង​ម៉ាថាយ​ជំពូក​ទី​៥​ដល់​ជំពូក​ទី​៧? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

១១ ក្នុង​សៀវភៅ​ម៉ាថាយ​ជំពូក​ទី​៥​ដល់​ជំពូក​ទី​៧ យើង​អាន​អំពី​ការ​ណែនាំ​ដ៏​ល្អ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ ស្ដី​អំពី​របៀប​រក​ឃើញ​សុភមង្គល​ពិត របៀប​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត របៀប​អធិដ្ឋាន និង​របៀប​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្ដិ។ ទោះ​បី​ជា​លោក​បាន​ឲ្យ​ការ​ណែនាំ​ទាំង​នេះ​២.០០០​ឆ្នាំ​មុន​ក៏​ដោយ ការ​ណែនាំ​ទាំង​នេះ​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​និង​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ។

១២ ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ក៏​បង្រៀន​យើង​នូវ​គោល​ការណ៍​ផ្សេង​ទៀត​ដែល​ជួយ​ក្រុម​គ្រួសារ​យើង​ឲ្យ​មាន​ជីវិត​ប្រសើរ​ជាង ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​ការ​ងារ​ល្អ ហើយឲ្យ​រស់​នៅ​ដោយ​សុខ​សាន្ដ​ក្នុង​ចំណោម​អ្នក​ឯ​ទៀត។ គោល​ការណ៍​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​ជា​និច្ច ទោះ​បី​យើង​ជា​អ្នក​ណា រស់​នៅ​កន្លែង​ណា ឬ​មាន​បញ្ហា​ណា​ក៏​ដោយ (​សូម​មើលលេខ​៣​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—សូម​អាន អេសាយ ៤៨:១៧

អ្នក​អាច​ទុក​ចិត្ដ​ទំនាយ​ក្នុង​គម្ពីរ

អ្នក​សរសេរ​គម្ពីរ​ម្នាក់​ឈ្មោះ​អេសាយ​បាន​ប្រាប់​ទុក​ជា​មុន​ថា​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​គេ​ចាប់​យក

១៣​. តើ​អេសាយ​បាន​ប្រាប់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ក្រុង​បាប៊ីឡូន?

១៣ ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​បាន​សម្រេច​រួច​ហើយ។ ជា​ឧទាហរណ៍ អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​អេសាយ ១៣:១៩​) គាត់​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​ដែល​ក្រុង​នោះ​ត្រូវ​គេ​វាយ​យក។ ក្រុង​បាប៊ីឡូន​បាន​ត្រូវ​ការពារ​ដោយ​ទ្វារ​កំពែង​ធំ​ៗ ហើយ​មាន​ទន្លេ​មួយ​ព័ទ្ធ​ជុំ​វិញ។ ប៉ុន្ដែ អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ទន្លេ​នោះ​នឹង​ត្រូវ​រីង​ទៅ ព្រម​ទាំង​ទ្វារ​កំពែង​នឹង​នៅ​បើក​ចំហ។ ម្យ៉ាង​ទៀត សត្រូវ​នឹង​ចាប់​យក​ក្រុង​នោះ​ដោយ​មិន​ចាំ​បាច់​ច្បាំង​ឡើយ។ អេសាយ​ក៏​ប្រាប់​ថែម​ទៀត​ថា​បុរស​ម្នាក់​ឈ្មោះ​ស៊ីរូស​នឹង​ចាប់​យក​ក្រុង​បាប៊ីឡូន (​សូម​មើលលេខ​៤​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—សូម​អាន អេសាយ ៤៤:២៧–៤៥:២

១៤, ១៥​. តើ​អ្វី​ដែល​អេសាយ​ប្រកាស​ទុក​ជា​មុន​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

១៤ ប្រមាណ​២០០​ឆ្នាំ​ក្រោយ​ពី​ទំនាយ​នេះ​បាន​ត្រូវ​កត់​ទុក កង​ទ័ព​មួយ​បាន​មក​បោះ​ជំរំ​ជិត​ក្រុង​បាប៊ីឡូន ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​វាយ​យក​ក្រុង​នោះ។ តើ​អ្នក​ណា​ជា​មេ​បញ្ជាការ? គឺ​ស៊ីរូស​ស្ដេច​ពើស៊ី ដូច​ទំនាយ​បាន​ចែង​ទុក​មែន។ ក៏​ប៉ុន្ដែ តើ​ទ័ព​របស់​ស៊ីរូស​អាច​ចាប់​យក​ក្រុង​បាប៊ីឡូន​ដូច​ដែល​អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​ប្រាប់​ទុក​ជា​មុន​ឬ​ទេ?

១៥ នៅ​យប់​ដែល​ទ័ព​ស៊ីរូស​វាយ​យក​ក្រុង​បាប៊ីឡូន ជន​ជាតិ​បាប៊ីឡូន​កំពុង​ជប់​លៀង។ ពួក​គេ​គិត​ថា​ខ្លួន​មាន​សុវត្ថិភាព​ដោយ​ស្ថិត​នៅ​ក្រោយ​កំពែង​ធំ​សម្បើម​ហើយ​មាន​ទន្លេ​ព័ទ្ធ​ជុំ​វិញ។ នៅ​ខាង​ក្រៅ​ក្រុង ស៊ីរូស​នឹង​ទ័ព​របស់​គាត់​បាន​ជីក​ប្រឡាយ​ដើម្បី​បង្វែរ​ទឹក​ចេញ​ពី​ទន្លេ​ដែល​ហូរ​កាត់​ក្រុង​បាប៊ីឡូន។ មិន​យូរ​ក្រោយ​នោះ ទឹក​បាន​ស្រក​រហូត​ដល់​ទ័ព​ស៊ីរូស​អាច​ដើរ​ឆ្លង​កាត់​បាត​ទន្លេ​ទៅ​ដល់​កំពែង​ក្រុង។ ក៏​ប៉ុន្ដែ តើ​ទ័ព​ស៊ីរូស​នឹង​អាច​ទម្លាយ​កំពែង​ចូល​ក្នុង​ក្រុង​បាប៊ីឡូន​បាន​យ៉ាង​ដូច​ម្ដេច? ដូច​ទំនាយ​បានចែង​ទុក ទ្វារ​កំពែង​បាន​ត្រូវ​ទុក​នៅ​ចំហ ដូច្នេះ​ទ័ព​ស៊ីរូស​បាន​ចាប់​យក​ក្រុង​នោះ​ដោយ​មិន​ចាំ​បាច់​ច្បាំង។

១៦​. (​ក​) ស្ដី​អំពី​អនាគត​របស់​ក្រុង​បាប៊ីឡូន តើ​អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី? (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ទំនាយ​ដែល​អេសាយ​ប្រកាស​ទុក​ជា​មុន​បាន​កើត​ឡើង​មែន?

១៦ បន្ថែម​ទៅ​ទៀត អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នៅ​ទី​បំផុត​នឹង​គ្មាន​អ្នក​ណារស់​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ទៀត។ គាត់​បាន​សរសេរ​ថា​៖ ​«​ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ​»។ (​អេសាយ ១៣:២០​) តើ​ទំនាយ​នោះ​បាន​សម្រេច​ឬ​ទេ? សព្វ​ថ្ងៃ​នេះ នៅ​ប្រមាណ​៨០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ទីក្រុង​បាកដាដ​នៅ​ប្រទេស​អ៊ីរ៉ាក់ ជា​ទី​តាំង​ក្រុង​បាប៊ីឡូន​ពី​បុរាណ គឺ​មាន​តែ​ប្រាសាទ​បាក់​បែក​ប៉ុណ្ណោះ។ ក្រុង​នោះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​មាន​សភាព​ស្ងាត់​ជ្រងំ​ពិត​មែន។ ព្រះ​យេហូវ៉ា​បាន​បោស​ក្រុង​បាប៊ីឡូន​«​ដោយ​អំបោស​ជា​ការ​បំផ្លាញ​»។—អេសាយ ១៤:២២, ២៣ *

ក្រុង​បាប៊ីឡូន​សល់​តែ​ប្រាសាទ​បាក់​បែក

១៧​. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ដ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ?

១៧ ដោយ​ហេតុ​ថា​ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​បាន​សម្រេច​ហើយ នេះ​មាន​ន័យ​ថា​យើង​អាច​ទុក​ចិត្ដ​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​អនាគត។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ានឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ស្ដី​អំពី​ការ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ (​សូម​អាន ជន​គណនា ២៣:១៩) ពិត​ណាស់ យើង​មាន​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​«​ជីវិត​គ្មាន​ទី​បញ្ចប់ ជា​អ្វី​ដែល​ព្រះ​ដែល​មិន​អាច​កុហក បាន​សន្យា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​»។—ទីតុស ១:២ *

គម្ពីរ​អាច​កែ​ប្រែ​ជីវិត​របស់​អ្នក

១៨​. តើ​ប៉ូល​រៀប​រាប់​យ៉ាង​ណា​អំពី​«​បណ្ដាំ​របស់​ព្រះ​»​?

១៨ យើង​បាន​រៀន​រួច​ហើយ​ថា​គម្ពីរ​ជា​សៀវភៅ​ដែល​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត។ គម្ពីរ​មាន​សាច់​រឿង​ស្រប​គ្នា ហើយ​ពេល​គម្ពីរ​រៀប​រាប់​អំពី​រឿង​វិទ្យា​សាស្ដ្រ​និង​ប្រវត្ដិសាស្ដ្រ គម្ពីរ​តែង​តែ​មាន​ភាព​ត្រឹម​ត្រូវ​ជា​និច្ច។ បន្ថែម​ទៅ​ទៀត គម្ពីរ​ក៏​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ ព្រម​ទាំង​មាន​ទំនាយ​ជា​ច្រើន​ដែល​បាន​សម្រេច​រួច​ទៅ​ហើយ។ ប៉ុន្ដែ លើស​ជាង​នោះ​ទៅ​ទៀត សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»។ តើ​នេះ​មាន​ន័យ​អ្វី?—សូម​អាន ហេប្រឺ ៤:១២

១៩, ២០​. (​ក​) តើ​គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ខ្លួន​អ្នក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា​អ្នក​ដឹង​គុណ​ព្រះ​ចំពោះ​គម្ពីរ​ដែល​ជា​អំណោយ​ពី​លោក?

១៩ គម្ពីរ​អាច​កែ​ប្រែ​ជីវិត​របស់​អ្នក។ គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​អំពី​ខ្លួន​ឯង ហើយ​អាច​ជួយ​អ្នក​ឲ្យ​យល់​ច្បាស់​អំពី​គំនិត​និង​អារម្មណ៍​ពិត​របស់​ខ្លួន។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​គិត​ថា​យើង​ស្រឡាញ់​ព្រះ តែ​ដើម្បី​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​មែន យើង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​ចែង​ទុក​ក្នុង​គម្ពីរ។

២០ គម្ពីរ​គឺ​ពិត​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​មែន។ ព្រះ​ចង់​ឲ្យ​អ្នក​អាន សិក្សា និង​ស្រឡាញ់​គម្ពីរ។ សូម​បង្ហាញ​ថា​អ្នក​ដឹង​គុណ​ព្រះ​ចំពោះ​អំណោយ​នេះ ហើយ​បន្ដ​សិក្សា​គម្ពីរ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​យល់​កាន់​តែ​ជ្រាល​ជ្រៅ​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​រៀន​ថែម​ទៀត​អំពី​គោល​បំណង​របស់​ព្រះ។

^ វគ្គ 6 មនុស្ស​ខ្លះ​អះអាង​ថា​គម្ពីរ​មិន​ស្រប​គ្នា​ទេ តែ​នេះ​គឺ​ជា​ការ​អះអាង​មិន​ពិត​ឡើយ។ សូម​មើល​ជំពូក​ទី​៧​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 16 បើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​ទំនាយ​ក្នុង​គម្ពីរ សូម​មើល​ជំពូក​ទី​៩ ទំព័រ​១១៧​-​១៣៣ ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 17 ការ​បំផ្លាញ​ចោល​ក្រុង​បាប៊ីឡូន​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេច​ពិត​មែន។ អ្នក​អាច​រក​ព័ត៌មាន​ថែម​ទៀត​ស្ដី​អំពី​ទំនាយ​អំពី​លោក​យេស៊ូ​គ្រិស្ដ​នៅលេខ​៥​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ