លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥

ថ្លៃ​លោះ​ជា​អំណោយ​វិសេស​បំផុត​ពី​ព្រះ

ថ្លៃ​លោះ​ជា​អំណោយ​វិសេស​បំផុត​ពី​ព្រះ

១, ២​. (​ក​) តើ​អំណោយ​បែប​ណា​ដែល​មាន​តម្លៃ​វិសេស​ចំពោះ​អ្នក? (​ខ​) ហេតុ​អ្វី​ថ្លៃ​លោះ​ជា​អំណោយ​វិសេស​បំផុត​ពី​ព្រះ?

តើ​អ្វី​ជា​អំណោយ​វិសេស​បំផុត​ដែល​អ្នក​ធ្លាប់​ទទួល? អំណោយ​មួយ​អាច​មាន​តម្លៃ ទោះ​ជា​វា​មិន​សូវ​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ។ ពេល​ដែល​អំណោយ​នោះ​នាំ​ឲ្យ​អ្នក​សប្បាយ ឬ​ក៏​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ណា​មួយ​របស់​អ្នក អំណោយ​នោះ​ពិត​ជា​វិសេស​ណាស់​ចំពោះ​អ្នក។

ក្នុង​ចំណោម​អំណោយ​ទាំង​អស់​ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង មាន​អំណោយ​មួយ​ដែល​យើង​ត្រូវ​ការ​ខ្លាំង​បំផុត។ នោះ​ជា​អំណោយ​ដ៏​វិសេស​ដែល​ព្រះ​បាន​ឲ្យ​ដល់​មនុស្សជាតិ។ ក្នុង​ជំពូក​នេះ យើង​នឹង​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ ដើម្បី​យើង​អាច​រស់​ជា​រៀង​រហូត​បាន។ (​សូម​អាន ម៉ាថាយ ២០:២៨) ការ​ដែល​ព្រះ​យេហូវ៉ា​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​សម្រាប់​ជា​ថ្លៃ​លោះ នោះ​បង្ហាញ​ថា​ព្រះ​ពិត​ជា​ស្រឡាញ់​យើង​ខ្លាំង​ណាស់។

តើ​ថ្លៃ​លោះ​ជា​អ្វី?

៣​. ហេតុ​អ្វី​មនុស្ស​ស្លាប់?

ថ្លៃ​លោះ​ជា​វិធី​ដែល​ព្រះ​យេហូវ៉ា​លោះ​មនុស្សជាតិ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​អេភេសូរ ១:៧​) ដើម្បី​យល់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ថ្លៃ​លោះ នោះ​យើង​ត្រូវ​ដឹង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សួន​អេដែន​រាប់​ពាន់​ឆ្នាំ​មុន។ អាដាម​និង​អេវ៉ា​ដែល​ជា​ឪ​ពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង។ ដោយ​សារ​ពួក​គេ​មាន​ភាព​ខុស​ឆ្គង ពួក​គេ​បាន​ស្លាប់។ ដូច្នេះ​យើង​ក៏​ត្រូវ​ស្លាប់​ដែរ ដោយ​សារ​យើង​ទទួល​ភាព​ខុស​ឆ្គង​ជា​មត៌ក​ពី​អាដាម​និង​អេវ៉ា (​សូម​មើលលេខ​៩​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

៤​. តើ​អាដាម​ជា​អ្នក​ណា ហើយ​តើ​គាត់​មាន​ជីវិត​បែប​ណា?

ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម​ដែល​ជា​បុរស​ទី១ លោក​បាន​ឲ្យ​គាត់​នូវ​អ្វីមួយ​ដ៏​វិសេស​បំផុត ពោល​គឺ​ជីវិត​ល្អ​ឥត​ខ្ចោះ។ ហេតុ​នេះ អាដាម​មាន​រូប​កាយ​និង​ចិត្ដ​គំនិត​ល្អ​ឥត​ខ្ចោះ។ គាត់​នឹង​មិន​ទៅ​ជា​ឈឺ ចាស់ ហើយ​ក៏​មិន​ស្លាប់​ដែរ។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម នោះ​លោក​ប្រៀប​ដូច​ជា​ឪ​ពុក​របស់​គាត់។ (​លូកា ៣:៣៨​) ព្រះ​យេហូវ៉ា​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អាដាម​ជា​ទៀង​ទាត់។ លោក​បាន​ពន្យល់​គាត់​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​លោក​តម្រូវ​ពី​គាត់ ហើយ​លោក​បាន​ឲ្យ​គាត់​នូវ​កិច្ច​ការ​ដែល​គាត់​ពេញ​ចិត្ដ។—លោកុប្បត្ដិ ១:២៨​-​៣០; ២:១៦, ១៧

៥​. ពេល​គម្ពីរ​ចែង​ថា​អាដាម​បាន​ត្រូវ​បង្កើត​មក​«​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​»​ តើ​នេះ​មាន​ន័យ​អ្វី?

អាដាម​បាន​ត្រូវ​បង្កើត​«​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​»។ (​លោកុប្បត្ដិ ១:២៧​) នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​គាត់​នូវ​គុណ​សម្បត្ដិ​ដូច​លោក រួម​បញ្ចូល​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌ និង​អំណាច។ លោក​ក៏​បាន​ឲ្យ​អាដាម​មាន​ចិត្ដ​សេរី​ដែរ។ អាដាម​មិន​មែន​ដូច​ជា​មនុស្ស​យន្ដ​ទេ។ ព្រះ​បាន​បង្កើត​គាត់​ឲ្យ​ចេះ​សម្រេច​ចិត្ដ​ធ្វើ​ល្អ​ឬ​ធ្វើ​អាក្រក់។ បើ​អាដាម​បាន​សម្រេច​ចិត្ដ​ស្តាប់​បង្គាប់​ព្រះ គាត់​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។

៦​. ពេល​ដែល​អាដាម​មិន​ស្តាប់​បង្គាប់​ព្រះ តើ​គាត់​បាន​បាត់​បង់​អ្វី​ខ្លះ? តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​ទាំង​អស់​គ្នា?

នៅ​ពេល​ដែល​អាដាម​មិន​ស្តាប់​បង្គាប់​ព្រះ ហើយ​បាន​ទទួល​ការ​កាត់​ទោស​ឲ្យ​ត្រូវ​ស្លាប់ នោះ​គាត់​បាន​បាត់​បង់​នូវ​អ្វី​ៗ​ដែល​មាន​តម្លៃ​ក្រៃ​លែង ពោល​គឺ​ចំណង​មិត្ដភាព​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជីវិត​ល្អ​ឥត​ខ្ចោះ និង​លំនៅ​ក្នុង​សួន​ឧទ្យាន។ (​លោកុប្បត្ដិ ៣:១៧​-​១៩​) អាដាម​និង​អេវ៉ា​សម្រេច​ចិត្ដ​ឈប់​ស្តាប់​បង្គាប់​ព្រះ ដូច្នេះ​ពួក​គេ​មិន​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​ឡើយ។ ដោយ​សារ​អាដាម​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង នោះ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ (​រ៉ូម ៥:១២​) ពេល​អាដាម​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង នោះ​ប្រៀប​ដូច​ជា​គាត់​«​លក់​»​ខ្លួន​គាត់ និង​យើង​ទាំង​អស់​គ្នា​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​រ៉ូម ៧:១៤​) ប៉ុន្ដែ តើ​យើង​មាន​សេចក្ដី​សង្ឃឹម​ឬ​ទេ? ពិត​ជា​មាន​មែន។

៧, ៨​. តើ​ថ្លៃ​លោះ​ជា​អ្វី?

តើ​ថ្លៃ​លោះ​ជា​អ្វី? ជា​ទូ​ទៅ​ថ្លៃ​លោះ​រួម​បញ្ចូល​អ្វី​ពីរ​យ៉ាង។ ទី១ ថ្លៃ​លោះ​ជា​តម្លៃ​ដែល​ត្រូវ​ចេញ​ដើម្បី​លោះ​អ្នក​ណា​ម្នាក់​ឬ​ទិញ​អ្វី​មួយ​មក​វិញ។ ទី២ ថ្លៃ​លោះ​ជា​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​សង​ថ្លៃ​នៃ​អ្វី​មួយ។

ក្រោយ​ពី​អាដាម​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង គ្មាន​មនុស្សជាតិ​ណា​ម្នាក់​អាច​សង​ការ​បាត់​បង់​ដ៏​ធំ​ក្រៃ​លែង​របស់​គាត់​បាន​ឡើយ។ ដូច្នេះ នេះ​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​ទទួល​សេចក្ដី​ស្លាប់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​វិធី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ សូម​យើង​រៀន​អំពី​ថ្លៃ​លោះ​និង​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នោះ។

វិធី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ

៩​. តើ​ត្រូវ​ការ​ថ្លៃ​លោះ​បែប​ណា?

មិន​មាន​យើង​ណា​ម្នាក់​អាច​លោះ​ជីវិត​ល្អ​ឥត​ខ្ចោះ​ដែល​អាដាម​បាន​បាត់​បង់​នោះ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ (​ទំនុក​តម្កើង ៤៩:៧, ៨​) ថ្លៃ​លោះ​នោះ​គឺ​ត្រូវ​មាន​តម្លៃ​ស្មើ​នឹង​អ្វី​ដែល​អាដាម​បាន​បាត់​បង់។ ដូច្នេះ ត្រូវ​ការ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្នាក់​ទៀត​ដើម្បី​បង់​ថ្លៃ​លោះ​នោះ។ ម៉្លោះ​ហើយ ថ្លៃ​លោះ​នោះ​បាន​ត្រូវ​ហៅ​ថា​«​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់​»។—ធីម៉ូថេ​ទី១ ២:៦

១០​. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​យ៉ាង​ដូច​ម្ដេច?

១០ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​នោះ​យ៉ាង​ដូច​ម្ដេច? លោក​បាន​ចាត់​បុត្រ​ដែល​លោក​ស្រឡាញ់​ខ្លាំង​បំផុត​ឲ្យ​មក​ផែន​ដី។ បុត្រ​នេះ​គឺ​លោក​យេស៊ូ​ដែល​ព្រះ​បាន​បង្កើត​មុន​អ្វី​ៗ​ទាំង​អស់។ (​យ៉ូហាន​ទី១ ៤:៩, ១០​) លោក​យេស៊ូ​ស្ម័គ្រ​ចិត្ដ​ចាក​ចេញ​ពី​បិតា​និង​លំនៅ​របស់​លោក​នៅ​ស្ថាន​សួគ៌។ (​ភីលីព ២:៧​) ព្រះ​យេហូវ៉ា​បាន​ផ្ទេរ​ជីវិត​លោក​យេស៊ូ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី ហើយ​លោក​បាន​កើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​ភាព​ខុស​ឆ្គង​ទាល់​តែ​សោះ។—លូកា ១:៣៥

ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​ជា​ថ្លៃ​លោះ​សម្រាប់​យើង

១១​. តើ​មនុស្ស​ម្នាក់​អាច​លោះ​មនុស្ស​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

១១ អាដាម​ដែល​ជា​បុរស​ទី១​បាន​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ​សម្រាប់​មនុស្សជាតិ​ទាំង​អស់ ពេល​ដែល​គាត់​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ តើ​មនុស្ស​ម្នាក់​ទៀត​អាចដក​យក​សេចក្ដី​ស្លាប់​ពី​មនុស្ស​ទាំង​អស់​ដែល​ជា​កូន​ចៅ​របស់​អាដាម​បាន​ទេ? ពិត​ជា​បាន។ (​សូម​អាន រ៉ូម ៥:១៩) លោក​យេស៊ូ​គ្មាន​ភាព​ខុស​ឆ្គង​ទេ ហើយ​លោក​ប្រគល់​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​ថ្លៃ​លោះ។ (​កូរិនថូស​ទី១ ១៥:៤៥​) ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​អាច​លោះ​កូន​ចៅ​ទាំង​អស់​របស់​អាដាម​ពី​សេចក្ដី​ស្លាប់។—កូរិនថូស​ទី១ ១៥:២១, ២២

១២​. ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​រង​ទុក្ខ​វេទនា​ខ្លាំង​ដូច្នេះ?

១២ គម្ពីរ​រៀប​រាប់​ថា​លោក​យេស៊ូ​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​មុន​នឹង​លោក​ស្លាប់។ លោក​ត្រូវ​គេ​វាយ​នឹង​ខ្សែ​តី​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ ត្រូវ​គេ​បោះ​ដែក​គោល​ព្យួរ​នឹង​បង្គោល ហើយ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់។ (​យ៉ូហាន ១៩:១, ១៦​-​១៨, ៣០​) ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​រង​ការ​ឈឺ​ចាប់​ខ្លាំង​ដូច្នេះ? ដោយ​សារ​សាថាន​បាន​ចោទ​ប្រកាន់​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ទេ បើ​បុគ្គល​នោះ​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​ឬ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នោះ។ ក៏​ប៉ុន្ដែ ទោះ​ជា​លោក​យេស៊ូ​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បាន​ដែរ។ សូម​គិត​ទៅ​មើល ព្រះ​យេហូវ៉ា​ច្បាស់​ជា​រីក​រាយ​ខ្លាំង​យ៉ាង​ណា​ចំពោះ​លោក​យេស៊ូ! (​សូម​មើលលេខ​១៥​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—សុភាសិត ២៧:១១

១៣​. តើ​ថ្លៃ​លោះ​បាន​ត្រូវ​បង់​យ៉ាង​ដូច​ម្ដេច?

១៣ តើ​ថ្លៃ​លោះ​បាន​ត្រូវ​បង់​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​ប្រគល់​តម្លៃ​នៃ​ជីវិត​របស់​លោក​ជូន​បិតា​វិញ។ នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ជា​ខែ​របស់​ជន​ជាតិ​យូដា ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​សត្រូវ​ប្រហារ​ជីវិត​លោក​យេស៊ូ។ (​ហេប្រឺ ១០:១០​) បី​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ មិន​មែន​ជា​រូប​កាយ​សាច់​ឈាម​ទេ តែ​ជា​បុគ្គល​វិញ្ញាណ។ ក្រោយ​ពី​លោក​យេស៊ូ​ត្រឡប់​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ប្រគល់​តម្លៃ​នៃ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​ថ្លៃ​លោះ​ជូន​ព្រះ​យេហូវ៉ា។ (​ហេប្រឺ ៩:២៤​) ឥឡូវ​ថ្លៃ​លោះ​នោះ​បាន​ត្រូវ​បង់​រួច​ហើយ ដូច្នេះ​យើង​មាន​ឱកាស​រួច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។—សូម​អាន រ៉ូម ៣:២៣, ២៤

តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​ថ្លៃ​លោះ?

១៤, ១៥​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង?

១៤ យើង​បាន​ពិចារណា​ខ្លះ​ហើយ​អំពី​ប្រយោជន៍​ដែល​មក​ពី​អំណោយ​ដ៏​វិសេស​បំផុត​របស់​ព្រះ។ ដូច្នេះ សូម​យើង​ពិចារណា​ថែម​ទៀត​អំពី​ប្រយោជន៍​ដែល​យើង​អាច​ទទួល​នៅ​ឥឡូវ​នេះ​និង​នៅ​អនាគត។

១៥ អំពើ​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ។ ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ នោះ​គឺ​ពិបាក​ណាស់​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។ យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស ជួន​កាល​យើង​និយាយ​ខុស ហើយ​ក៏​ធ្វើ​អ្វី​ដែល​ខុស​ដែរ។ (​កូឡុស ១:១៣, ១៤​) តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ? យើង​ត្រូវ​សោក​ស្តាយ​យ៉ាង​ស្មោះ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស ហើយ​ត្រូវ​មាន​ចិត្ដ​រាប​ទាប​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ដ​ថា​លោក​នឹង​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង។—យ៉ូហាន​ទី១ ១:៨, ៩

១៦​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស?

១៦ យើង​អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ បើ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ប្រាប់​ថា​យើង​បាន​ធ្វើ​អ្វី​មួយ​ខុស នោះ​យើង​មាន​អារម្មណ៍​បន្ទោស​ខ្លួន ប្រហែល​ជា​រហូត​ដល់​អស់​សង្ឃឹម ហើយ​គិត​ថា​ខ្លួន​គ្មាន​តម្លៃ។ ប៉ុន្ដែ កុំ​អស់​សង្ឃឹម​ឡើយ។ បើ​យើង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​លើក​លែង​ទោស នោះ​យើង​អាច​ប្រាកដ​ថា​លោក​នឹង​ស្តាប់​យើង ហើយ​អភ័យ​ទោស​ឲ្យ​យើង។ (​ហេប្រឺ ៩:១៣, ១៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ជម្រាប​លោក​អំពី​កង្វល់​និង​ភាព​ទន់​ខ្សោយ​របស់​យើង។ (​ហេប្រឺ ៤:១៤​-​១៦​) ជា​លទ្ធផល យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​ជា​មួយ​នឹង​ព្រះ។

១៧​. តើ​យើង​អាច​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​សារ​លោក​យេស៊ូ​ស្លាប់​ដើម្បី​យើង?

១៧ យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ គម្ពីរ​ចែង​ថា​៖ ​«​ប្រាក់​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ គឺ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​គ្រិស្ដ​យេស៊ូ ជា​ម្ចាស់​របស់​យើង​»។ (​រ៉ូម ៦:២៣​) ដោយ​សារ​លោក​យេស៊ូ​ស្លាប់​ដើម្បី​យើង យើង​អាច​រស់​ជា​រៀង​រហូត ហើយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ (​ការ​បើក​បង្ហាញ ២១:៣, ៤​) ក៏​ប៉ុន្ដែ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ពរ​ទាំង​នេះ?

តើ​អ្នក​នឹង​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ​ឬ​ទេ?

១៨​. ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

១៨ សូម​គិត​អំពី​ពេល​ដែល​អ្នក​ណា​ម្នាក់​ឲ្យ​អំណោយ​ដ៏​វិសេស​មួយ​ដល់​អ្នក អ្នក​ច្បាស់​ជា​សប្បាយ​ចិត្ដ​ណាស់ មែន​ទេ? ថ្លៃ​លោះ​គឺ​ជា​អំណោយ​ដ៏​វិសេស​បំផុត ដូច្នេះ​យើង​គួរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អំណោយ​នោះ។ សៀវភៅ​យ៉ូហាន ៣:១៦ ចែង​ថា​៖​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក​»។ ពិត​ណាស់ ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​បាន​ជា​លោក​ឲ្យ​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​មក​ស្លាប់​ជំនួស​យើង។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​លោក​យេស៊ូ​ក៏​ស្រឡាញ់​យើង​ដែរ ដោយ​សារ​លោក​លះ​បង់​ជីវិត​ដើម្បី​យើង។ (​យ៉ូហាន ១៥:១៣​) ហេតុ​នេះ ថ្លៃ​លោះ​ជា​អំណោយ​មួយ​ដែល​គួរ​ជំរុញ​ចិត្ដ​អ្នក​ឲ្យ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ពិត​ជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។—កាឡាទី ២:២០

ពេល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា យើង​នឹង​ក្លាយ​ទៅ​ជា​សម្លាញ់​របស់​លោក ហើយ​យើង​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង

១៩, ២០​. (​ក​) តើ​អ្នក​អាច​ក្លាយ​ទៅ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា​អ្នក​មាន​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ?

១៩ ឥឡូវ​យើង​បាន​ពិចារណា​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​ជា​សម្លាញ់​របស់​លោក​បាន​ទេ? មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ឲ្យ​ស្រឡាញ់​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​មិន​ស្គាល់។ នៅ​យ៉ូហាន ១៧:៣ ប្រាប់​ថា​យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា។ កាល​ដែល​អ្នក​ខំ​ព្យាយាម​ស្គាល់​លោក នោះ​អ្នក​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង ហើយ​អ្នក​នឹង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ នៅ​ទី​បំផុត​អ្នក​នឹង​ក្លាយ​ទៅ​ជា​សម្លាញ់​របស់​លោក។ ដូច្នេះ សូម​បន្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​គម្ពីរ។—យ៉ូហាន​ទី១ ៥:៣

២០ បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូហាន ៣:៣៦​) តើ​ការ​បង្ហាញ​ជំនឿ​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង។ (​យ៉ូហាន ១៣:១៥​) យើង​មិន​គ្រាន់​តែ​និយាយ​ថា​យើង​ជឿ​លើ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ប្រព្រឹត្ដ​ស្របតាម​ជំនឿ​របស់​ខ្លួន​ផង​ដែរ។ នៅ​យ៉ាកុប ២:២៦ ប្រាប់​ថា​៖ ​«​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដ​គឺ​ស្លាប់​ហើយ​»។

២១, ២២​. (​ក​) ហេតុ​អ្វី​ជា​រៀង​រាល់​ឆ្នាំ​យើង​គួរ​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ដ? (​ខ​) តើ​យើង​នឹង​រៀន​អំពី​អ្វី​នៅ​ជំពូក​ទី​៦​និង​ទី​៧?

២១ ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ដ។ នៅ​ល្ងាច​មុន​ពេល​ដែល​លោក​យេស៊ូ​ស្លាប់ លោក​បាន​បង្រៀន​យើង​ថា យើង​គួរ​រំលឹក​មរណភាព​របស់​លោក។ ដូច្នេះ យើង​ធ្វើ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​យើង​ហៅ​ថា​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ដ ឬ​«​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​»។ (​កូរិនថូស​ទី១ ១១:២០; ម៉ាថាយ ២៦:២៦​-​២៨​) លោក​យេស៊ូ​ចង់​ឲ្យ​យើង​នឹក​ចាំ​ថា​លោក​បាន​ផ្ដល់​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​ថ្លៃ​លោះ​សម្រាប់​យើង។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បន្ដ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។ (​សូម​អាន លូកា ២២:១៩) ពេល​អ្នក​ចូល​រួម​ពិធី​រំលឹក អ្នក​បង្ហាញ​ថា​អ្នក​នឹក​ចាំ​ថ្លៃ​លោះ​និង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ចំពោះ​យើង (​សូម​មើលលេខ​១៦​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

២២ ថ្លៃ​លោះ​ជា​អំណោយ​ដ៏​វិសេស​បំផុត​សម្រាប់​យើង។ (​កូរិនថូស​ទី២ ៩:១៤, ១៥​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ អំណោយ​ដ៏​វិសេស​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់។ នៅជំពូក​ទី​៦​និង​ទី​៧ យើង​នឹង​រៀន​អំពី​រឿង​នេះ។