លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩

តើ​ពិភព​លោក​នេះ​ជិត​មក​ដល់​ទី​បញ្ចប់​ឬ?

តើ​ពិភព​លោក​នេះ​ជិត​មក​ដល់​ទី​បញ្ចប់​ឬ?

១​. តើ​យើង​អាច​ដឹង​អំពី​អនាគត​តាម​វិធី​ណា?

អ្នក​ប្រហែល​ជា​ធ្លាប់​មើល​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ឬ​ឮ​តាម​វិទ្យុ រួច​ឆ្ងល់​ថា ‹តើ​ពិភព​លោក​យើង​នឹង​ទៅ​ជា​យ៉ាង​ណា?›។ ដោយ​សារ​មាន​រឿង​ខ្លោច​ផ្សា​និង​អំពើ​ឃោរ​ឃៅ​ច្រើន​ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ខ្លះ​ជឿ​ថា យើង​កំពុង​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ។ តើ​នេះ​ជា​ការ​ពិត​ឬ? តើ​មាន​វិធី​ណា​ដើម្បី​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​ទេ? ពិត​ជា​មាន។ ទោះ​បើ​មនុស្ស​មិន​អាច​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក៏​ដោយ តែ​ព្រះ​យេហូវ៉ា​អាច​ប្រាប់​បាន។ ក្នុង​គម្ពីរ លោក​បាន​ប្រាប់​យើង​អំពី​អនាគត​របស់​យើង​និង​អនាគត​របស់​ផែន​ដី។—អេសាយ ៤៦:១០; យ៉ាកុប ៤:១៤

២, ៣​. តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ចង់​ដឹង​អំពី​អ្វី ហើយ​តើ​លោក​បាន​ឆ្លើយ​តប​យ៉ាង​ណា?

ពេល​យើង​អាន​គម្ពីរ​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក នេះ​មិន​មាន​ន័យ​ថា​ជា​ទី​បញ្ចប់​នៃ​ផែន​ដី​ទេ តែ​ជា​ទី​បញ្ចប់​នៃ​អំពើ​អាក្រក់​វិញ។ លោក​យេស៊ូ​បាន​បង្រៀន​បណ្ដា​ជន​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី។ (​លូកា ៤:៤៣​) ពួក​អ្នក​កាន់​តាម​លោក​ចង់​ដឹង​អំពី​ពេល​ដែល​រាជាណាចក្រ​ព្រះ​នឹង​មក ដូច្នេះ​ពួក​គេ​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្ដមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ (​ម៉ាថាយ ២៤:៣​) លោក​យេស៊ូ​មិន​បាន​ប្រាប់​អំពី​ពេល​កំណត់​ទេ តែ​លោក​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ដិច​មុន​ទី​បញ្ចប់​មក​ដល់។ អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។

ក្នុង​ជំពូក​នេះ​យើង​នឹង​ពិចារណា​អំពី​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​មុន​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​មក​ដល់។ ប៉ុន្ដែ មុន​ដំបូង​យើង​ត្រូវដឹង​អំពី​សង្គ្រាម​ដែល​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌​សិន ដើម្បី​យើង​អាច​យល់​នូវ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​ច្រើន​ម៉្លេះ​នៅ​ផែន​ដី។

សង្គ្រាម​នៅ​ស្ថាន​សួគ៌

៤, ៥​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌​មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ស្ដេច? (​ខ​) យោង​ទៅ​តាម​ការ​បើក​បង្ហាញ ១២:១២ តើ​អ្វី​បាន​កើត​ឡើង​នៅ​ផែន​ដី​ក្រោយ​ពី​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​មក?

ក្នុងជំពូក​ទី​៨យើង​បាន​រៀន​ថា​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤។ (​ដានីយ៉ែល ៧:១៣, ១៤​) សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​យើង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ថា​៖ ​«​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌​៖ មីកែល[​គឺ​លោក​យេស៊ូ​]និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​នាគ[​សាថាន​]និង​បណ្ដា​ទេវតា​របស់​វា​»។ * សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​ចាញ់​សង្គ្រាម​នោះ ហើយ​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី។ ទេវតា​ស្មោះ​ត្រង់​ច្បាស់​ជា​រីក​រាយ​ខ្លាំង​ណាស់! ប៉ុន្ដែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​មនុស្សជាតិ​នៅ​ផែន​ដី? គម្ពីរ​ចែង​ថា​នៅ​ពេល​នោះ​នឹង​មាន​សេចក្ដី​វេទនា​ច្រើន​ជាង​ចំពោះ​ពួក​គេ។ ហេតុ​អ្វី? ពី​ព្រោះ​មេ​កំណាច​មាន​កំហឹង​យ៉ាង​ខ្លាំង​«​ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្ដួច​»។—ការ​បើក​បង្ហាញ ១២:៧, ៩, ១២

មេ​កំណាច​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា​កាន់​តែ​ច្រើន​នៅ​ផែន​ដី ពី​ព្រោះ​វា​មាន​កំហឹង​យ៉ាង​ខ្លាំង​ដោយ​សារ​វា​នៅ​សល់​ពេល​តែ​បន្ដិច​បន្ដួច​ទេ មុន​ដែល​ព្រះ​នឹង​បញ្ឈប់​សកម្មភាព​របស់​វា​នៅ​ផែន​ដី។ សូម​យើង​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ (​សូម​មើលលេខ​២៤​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

គ្រា​ចុង​ក្រោយ​បង្អស់

៦, ៧​. តើ​អ្វី​បង្ហាញ​ថា​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​សង្គ្រាម​និង​ការ​អត់​ឃ្លាន​កំពុង​កើត​ឡើង?

សង្គ្រាម។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ​»។ (​ម៉ាថាយ ២៤:៧​) នៅ​សម័យ​យើង មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ក្នុង​សង្គ្រាម ច្រើន​ជាង​សម័យ​ណា​ទាំង​អស់​ក្នុង​ប្រវត្ដិសាស្ដ្រ។ សេចក្ដី​រាយ​ការណ៍​ពី​វិទ្យាស្ថាន​មួយ (​Worldwatch Institute​)បាន​បង្ហាញ​ថា​តាំង​ពី​ឆ្នាំ​១៩១៤ សង្គ្រាម​បាន​សម្លាប់​មនុស្ស​ជាង​១០០​លាន​នាក់។ ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម​ក្នុង​អំឡុង​១០០​ឆ្នាំ រវាង​ឆ្នាំ​១៩០០​និង​ឆ្នាំ​២០០០ គឺ​ច្រើន​ជាង​មួយ​ជា​បី បើ​ប្រៀប​ធៀប​ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម​មុន​ឆ្នាំ​១៩០០។ មនុស្ស​រាប់​លាន​នាក់​បាន​រង​ទុក្ខ​ខ្លោច​ផ្សា​ដោយ​សារ​សង្គ្រាម!

ការ​អត់​ឃ្លាន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ‹នឹង​មាន​ការ​អត់​ឃ្លាន›។ (​ម៉ាថាយ ២៤:៧​) ទោះ​បី​ជា​ការ​ផលិត​អាហារ​បាន​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​នៅ​តែ​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​គ្មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​អាហារ​បរិភោគ​ឬ​ដី​សម្រាប់​ដាំ​ដំណាំ​ឡើយ។ មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ទទួល​លុយ​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ អង្គ​ការ​សុខភាព​ពិភព​លោក​និយាយ​ថា មូលហេតុ​សំខាន់​បំផុត​មួយ​ដែល​នាំ​ឲ្យ​កុមារ​រាប់​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ គឺ​ដោយ​សារ​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។

៨, ៩​. តើ​អ្វី​បង្ហាញ​ថា​ប្រសាសន៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​ការ​រញ្ជួយ​ដី​និង​ជំងឺ​កំពុង​សម្រេច​មែន?

ការ​រញ្ជួយ​ដី។ លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​»។ (​លូកា ២១:១១​) អ្នក​វិទ្យា​សាស្ដ្រ​ប៉ាន់​ស្មានថា​នឹង​មាន​ការ​រញ្ជួយ​ដី​ធំ​ៗ​ជា​ច្រើន​រៀង​រាល់​ឆ្នាំ។ ចាប់​តាំង​ពី​ឆ្នាំ​១៩០០​មក មនុស្ស​ជាង​ពីរ​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​រញ្ជួយ​ដី។ សព្វ​ថ្ងៃ​នេះ បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន ហើយ​អាច​ប្រាប់​លឿន​ជាង​មុន​ថា​នឹង​មាន​ការ​រញ្ជួយ​ដី។ យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​នៅ​តែ​បាត់​បង់​ជីវិត។

ជំងឺ។ លោក​យេស៊ូ​ប្រាប់​ថា​នឹង​មាន​«​រោគ​រាត​ត្បាត​»។ ជំងឺ​ដ៏​សាហាវ​ៗ​នឹង​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​ហើយ​សម្លាប់​មនុស្ស​ជា​ច្រើន។ (​លូកា ២១:១១​) ទោះ​បី​ជា​គ្រូ​ពេទ្យ​ដឹង​អំពី​របៀប​ព្យាបាល​ជំងឺ​ជា​ច្រើន​ក៏​ដោយ តែ​នៅ​តែ​មាន​ជំងឺ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​ព្យាបាល​បាន​ទេ។ តាម​ពិត របាយការណ៍​មួយ​ពន្យល់​ថា​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​ជំងឺ​ផ្សេង​ៗ​ដូច​ជា​ជំងឺ​របេង គ្រុន​ចាញ់ និង​អាសន្នរោគ​រាក​រូស​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គ្រូ​ពេទ្យ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា​មាន​ជំងឺ​ថ្មី​៣០​ប្រភេទ ហើយ​ជំងឺ​ខ្លះ​ក្នុង​ចំណោម​ជំងឺ​ទាំង​នោះ​មិន​អាច​ព្យាបាល​បាន​ឡើយ។

លក្ខណៈ​របស់​មនុស្ស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

១០​. តើ​ធីម៉ូថេ​ទី២ ៣:១​-​៥ កំពុង​តែ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១០ គម្ពីរ​ចែង​នៅ​ធីម៉ូថេ​ទី២ ៣:១​-​៥ ថា​៖ ​«​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់​»។ សាវ័ក​ប៉ូល​បាន​ពណ៌នា​អំពី​លក្ខណៈ​ទូ​ទៅ​របស់​មនុស្ស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ គាត់​បាន​ប្រាប់​ថា​មនុស្ស​នឹង

  • ស្រឡាញ់​តែ​ខ្លួន​ឯង

  • ស្រឡាញ់​ប្រាក់

  • មិន​ស្តាប់​បង្គាប់​ឪ​ពុក​ម្ដាយ

  • មិន​ស្មោះ​ត្រង់

  • គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ

  • មិន​ចេះ​ទប់​ចិត្ដ

  • កាច​សាហាវ

  • ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ

  • មាន​ឫកពា​ជា​មនុស្ស​ដែល​ស្រឡាញ់​ព្រះ តែ​មិន​ព្រម​ស្តាប់​បង្គាប់​លោក

១១​. តាម​ទំនុក​តម្កើង ៩២:៧ តើ​អ្វី​នឹង​កើត​ឡើង​ដល់​មនុស្ស​អាក្រក់?

១១ តើ​មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​អ្នក​មាន​លក្ខណៈ​ដូច​នេះ​ទេ? នៅ​ទូ​ទាំង​ពិភព​លោក​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​លក្ខណៈ​អាក្រក់។ នេះ​ជួយ​យើង​ឲ្យ​ដឹង​ថា មិន​យូរ​ទៀត​ព្រះ​នឹង​ចាត់​វិធានការ​ដើម្បី​កម្ទេច​មនុស្ស​អាក្រក់ ពី​ព្រោះ​លោក​សន្យាថា​៖ ​«​វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះ​ដាល​ឡើង​ដូច​ជា​ស្មៅ ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​លូត​លាស់​ឡើង នោះ​គឺ​សំ​រាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស[​ឬ​បំផ្លាញ​ចោល​]ទៅ​អស់​កល្ប​ជា​និច្ច​ប៉ុណ្ណោះ​»។—ទំនុក​តម្កើង ៩២:៧

ដំណឹង​ល្អ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

១២, ១៣​. តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​អំពី​អ្វី​ខ្លះ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ?

១២ គម្ពីរ​បាន​ចែង​ទុក​ជា​មុន​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ពិភព​លោក​នឹង​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​វេទនា​និង​ការ​ឈឺ​ចាប់។ ប៉ុន្ដែ គម្ពីរ​ក៏​ប្រាប់​ដែរ​ថា​នឹង​មាន​អ្វី​ល្អ​ៗ​កើត​ឡើង។

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។—ម៉ាថាយ ២៤:១៤

១៣ ការ​យល់​ដឹង​អំពី​គម្ពីរ។ អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​បាន​សរសេរ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​ថា​៖ ​«​ចំណេះ​នឹង​បាន​ចំរើន​ឡើង​»។ (​ដានីយ៉ែល ១២:៤​) នេះ​មាន​ន័យ​ថា​ព្រះ​នឹង​ជួយ​រាស្ដ្រ​របស់​លោក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ជា​ពិសេស ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​តាំង​ពី​ឆ្នាំ​១៩១៤​មក។ ជា​ឧទាហរណ៍ លោក​បាន​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​នាម​លោក​និង​បំណង​ប្រាថ្នា​របស់​លោក។ លោក​ថែម​ទាំង​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​អំពី​ថ្លៃ​លោះ អំពី​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់ និង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ម្យ៉ាង​ទៀត យើង​បាន​រៀន​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​យើង​បាន។ យើង​ក៏​បាន​រៀន​អំពី​របៀប​មាន​សុភមង្គល និង​អំពី​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ដ។ ប៉ុន្ដែ តើ​អ្នក​បម្រើ​ព្រះ​នឹង​ធ្វើ​អ្វី​ចំពោះ​ចំណេះ​ដែល​ពួក​គេ​បាន​រៀន? ទំនាយ​មួយ​ទៀត​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ (​សូម​មើលលេខ​២១និង២៥​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

១៤​. តើ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​កំពុង​ត្រូវ​ប្រកាស​ប្រាប់​នៅ​កន្លែង​ណា​ខ្លះ ហើយ​តើ​អ្នក​ណា​កំពុង​ធ្វើ​កិច្ច​ការ​នេះ?

១៤ ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ផែន​ដី។ ស្ដី​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ (​ម៉ាថាយ ២៤:៣, ១៤​) ដំណឹង​ល្អ​អំពី​រាជាណាចក្រ​កំពុង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ជាង​២៣០​ប្រទេស ហើយ​ជាង​៧០០​ភាសា។ ពិត​ណាស់ នៅ​ទូ​ទាំង​ផែន​ដី សាក្សី​ព្រះ​យេហូវ៉ា​មក​ពី​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ​»​ ហើយ​កំពុងជួយ​មនុស្ស​ឲ្យ​យល់​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ។ (​ការ​បើក​បង្ហាញ ៧:៩​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ស្ម័គ្រ​ចិត្ដ។ ដូច​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន ទោះ​បី​ជា​ពួក​គេ​បាន​ត្រូវ​មនុស្ស​ជា​ច្រើន​ស្អប់​និង​ទទួល​ការ​បៀត​បៀន​យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្វី​អាច​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​ឡើយ។—លូកា ២១:១៧

តើ​អ្នក​នឹង​ធ្វើ​អ្វី?

១៥​. (​ក​) តើ​អ្នក​ជឿ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ឬ​ទេ ហើយ​ហេតុ​អ្វី? (​ខ​) តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​លោក?

១៥ តើ​អ្នក​ជឿ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ឬ​ទេ? ទំនាយ​ជា​ច្រើន​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​សម្រេច​ចិត្ដ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​«​ទី​បញ្ចប់​»​នឹង​មក​ដល់។ (​ម៉ាថាយ ២៤:១៤​) តើ​ទី​បញ្ចប់​ជា​អ្វី? គឺ​ជា​ពេល​ដែល​ព្រះ​នឹង​បំផ្លាញ​ចោល​អំពើ​អាក្រក់​ទាំង​អស់ ពេល​នោះ​ហៅ​ថា​សង្គ្រាម​ហាម៉ាគេដូន។ ព្រះ​យេហូវ៉ា​នឹង​ចាត់​លោក​យេស៊ូ ព្រម​ទាំង​ទេវតា​ដ៏​ខ្លាំង​ក្លា​របស់​លោក ឲ្យ​បំផ្លាញ​ចោល​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​លោក​និង​បុត្រ​របស់​លោក។ (​ថែស្សាឡូនិច​ទី២ ១:៦​-​៩​) ក្រោយ​មក សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​នឹង​លែង​នាំ​មនុស្ស​ឲ្យ​វង្វេង​ទៀត។ នៅ​ទី​បំផុត អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ ហើយ​ទទួល​យក​រាជាណាចក្រ​របស់​លោក នឹង​ឃើញ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​ក្លាយ​ទៅ​ជា​ការ​ពិត។—ការ​បើក​បង្ហាញ ២០:១​-​៣; ២១:៣​-​៥

១៦​. ដោយ​សារ​ទី​បញ្ចប់​ជិត​មក​ដល់​ហើយ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?

១៦ ពិភព​លោក​នេះ​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​សាថាន ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ដូច្នេះ គឺ​ជា​ការ​សំខាន់​ដែល​យើង​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី?›។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រៀន​ឲ្យ​បាន​ច្រើន​បំផុត​ពី​គម្ពីរ។ សូម​សិក្សា​គម្ពីរ​ដោយ​យក​ចិត្ដ​ទុក​ដាក់។ (​យ៉ូហាន ១៧:៣​) សាក្សី​ព្រះ​យេហូវ៉ា​មាន​កិច្ច​ប្រជុំ​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​គម្ពីរ។ សូម​ព្យាយាម​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នោះយ៉ាង​ទៀត​ទាត់។ (​សូម​អាន ហេប្រឺ ១០:២៤, ២៥) បើ​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​អ្វី​មួយ សូម​ធ្វើ​ការ​កែ​ប្រែ​នោះ​ភ្លាម​ៗ​ដោយ​ឥត​ស្ទាក់​ស្ទើរ។ ដោយ​ធ្វើ​ដូច្នេះ ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​នឹង​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។—យ៉ាកុប ៤:៨

១៧​. ហេតុ​អ្វី​នៅ​ពេល​ទី​បញ្ចប់​មក​ដល់ មនុស្ស​ភាគ​ច្រើន​នឹង​ភ្ញាក់​ផ្អើល?

១៧ សាវ័ក​ប៉ូល​ពន្យល់​ថា​ការ​បំផ្លាញ​មនុស្ស​ទុច្ចរិត​នឹង​កើត​ឡើង​នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​មិន​នឹក​ស្មាន ដូច​ជា​ពេល​ដែល​«​ចោរ​មក​នៅ​ពេល​យប់​»​ដោយ​គ្មាន​អ្នក​ណា​ដឹង។ (​ថែស្សាឡូនិច​ទី១ ៥:២​) ពេល​នោះ​មនុស្ស​ជា​ច្រើន​នឹង​ភ្ញាក់​ផ្អើល។ ហេតុ​អ្វី? លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា ពួក​គេ​នឹង​មិន​អើពើ​ចំពោះ​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​វត្ដមាន​របស់​កូន​មនុស្ស[​ឬ​គ្រា​ចុង​ក្រោយ​បង្អស់​] នឹង​ដូច​សម័យ​ណូអេ។ ព្រោះ​មនុស្ស​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ។ ពេល​កូន​មនុស្ស​មាន​វត្ដមាន ក៏​នឹង​ដូច​គ្នា​ដែរ​»។—ម៉ាថាយ ២៤:៣៧​-​៣៩

១៨​. តើ​លោក​យេស៊ូ​បាន​ព្រមាន​យើង​អំពី​អ្វី?

១៨ លោក​យេស៊ូ​បាន​ព្រមាន​ថា​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​«​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​»​ពង្វក់​ចិត្ដ​យើង​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា​ទី​បញ្ចប់​នឹង​មក​ដល់​ភ្លាម​មួយ​រំពេច​«​ដូច​ជា​លប់​»។ ម្យ៉ាង​ទៀត លោក​បាន​ប្រាប់​ថា​ទី​បញ្ចប់​«​នឹង​មក​គ្រប​លើ​អស់​ទាំង​មនុស្ស​នៅ​លើ​ផែន​ដី​»។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ដូច្នេះ ចូរ​ចាំ​យាម​ព្រម​ទាំង​អធិដ្ឋាន​ជា​និច្ច​អង្វរ​សុំ​ឲ្យ​រួច​ផុត​ពី​ការ​ទាំង​អស់​នេះ​ដែល​ត្រូវ​កើត​ឡើង ហើយ​ឲ្យ​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង​»។ (​លូកា ២១:៣៤​-​៣៦​) ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ស្តាប់​តាម​ការ​ព្រមាន​របស់​លោក​យេស៊ូ? ពី​ព្រោះ​នៅ​ពេល​ឆាប់​ៗ​នេះ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​មាន​តែ​អ្នក​ដែល​បាន​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ប៉ុណ្ណោះ នឹង​រួច​ជីវិត​ហើយ​រស់​នៅ​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី។—យ៉ូហាន ៣:១៦; ពេត្រុស​ទី២ ៣:១៣

^ វគ្គ 4 មីកែល​គឺ​ជា​នាម​មួយ​ទៀត​របស់​លោក​យេស៊ូ​គ្រិស្ដ។ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើលលេខ​២៣​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ