លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០

សេចក្ដី​ពិត​អំពី​ទេវតា​និង​ពួក​វិញ្ញាណ​កំណាច

សេចក្ដី​ពិត​អំពី​ទេវតា​និង​ពួក​វិញ្ញាណ​កំណាច

១​. ហេតុ​អ្វី​យើង​គួរ​រៀន​អំពី​ទេវតា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ម្នាក់​ៗ​ស្គាល់​ក្រុម​គ្រួសារ​របស់​លោក។ បណ្ដា​ទេវតា​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ។ ក្នុង​គម្ពីរ​ទេវតា​បាន​ត្រូវ​ហៅ​ថា​«​កូន​ព្រះ​»។ (​យ៉ូប ៣៨:៧​) តើ​ទេវតា​មាន​តួនាទី​អ្វី​ខ្លះ? តើ​ពួក​គេ​បាន​ជួយ​មនុស្ស​នៅ​អតីតកាល​យ៉ាង​ដូច​ម្ដេច? នៅ​សព្វ​ថ្ងៃ​នេះ តើ​ពួក​គេ​អាច​ជួយ​យើង​បាន​ដែរ​ឬ​ទេ? (​សូម​មើលលេខ​៨​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

២​. តើ​ទេវតា​មាន​ដើម​កំណើត​មក​ពី​ណា? តើ​មាន​ទេវតា​ប៉ុន្មាន​រូប​ដែល​បាន​ត្រូវ​បង្កើត​មក?

យើង​ត្រូវ​ដឹង​អំពី​ដើម​កំណើត​របស់​ទេវតា​ជា​មុន​សិន។ សៀវភៅ​កូឡុស ១:១៦ ចែង​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​យេស៊ូ ហើយ​ក្រោយ​មក​«​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​បាន​ត្រូវ​បង្កើត​មក​»​ដែរ។ នេះ​រួម​បញ្ចូល​ពួក​ទេវតា។ តើ​មាន​ទេវតា​ប៉ុន្មាន​រូប​ដែល​បាន​ត្រូវ​បង្កើត​មក? គម្ពីរ​ប្រាប់​ថា​មាន​រាប់​រយ​លាន​រូប។—ទំនុក​តម្កើង ១០៣:២០; ការ​បើក​បង្ហាញ ៥:១១

៣​. តើ​សៀវភៅ​យ៉ូប ៣៨:៤​-​៧ ប្រាប់​យើង​អ្វី​ខ្លះ​អំពី​ពួក​ទេវតា?

ម្យ៉ាង​ទៀត គម្ពីរ​បង្រៀន​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​ទេវតា​មុន​ពេល​ដែល​លោក​បាន​បង្កើត​ផែន​ដី។ តើ​បណ្ដា​ទេវតា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ពួក​គេ​ឃើញ​ផែន​ដី​ដែល​ព្រះ​បាន​បង្កើត? សៀវភៅ​យ៉ូប​ប្រាប់​ថា ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង។ នៅ​ពេល​នោះ ទេវតា​ទាំង​ឡាយ​រួម​ជា​ក្រុម​គ្រួសារ​មួយ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គី​ភាព។—យ៉ូប ៣៨:៤​-​៧

ទេវតា​ជួយ​រាស្ដ្រ​របស់​ព្រះ

៤​. ហេតុ​អ្វី​យើង​ដឹង​ថា​ទេវតា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​មនុស្ស?

ទេវតា​តែង​តែ​ចាប់​អារម្មណ៍​នឹង​មនុស្សជាតិ ព្រម​ទាំង​គោល​បំណង​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​ផែន​ដី​និង​មនុស្ស។ (​សុភាសិត ៨:៣០, ៣១; ពេត្រុស​ទី១ ១:១១, ១២​) ពេល​ដែល​អាដាម​និង​អេវ៉ា​បះ​បោរ​ប្រឆាំង​ព្រះ នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​ទេវតា​ពិបាក​ចិត្ដ​ណាស់។ នៅ​សព្វ​ថ្ងៃ​នេះ ពួក​គេ​កាន់​តែ​ពិបាក​ចិត្ដ​ខ្លាំង​ឡើង​ពេល​ឃើញ​មនុស្ស​ភាគ​ច្រើន​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ ពេល​អ្នក​ណា​ម្នាក់​ប្រែ​ចិត្ដ ហើយ​ត្រឡប់​មក​ព្រះ​វិញ នោះ​ពួក​ទេវតា​មាន​អំណរ​ក្រៃ​លែង។ (​លូកា ១៥:១០​) ទេវតា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ព្រះ​ប្រើ​ទេវតា​ឲ្យ​ជួយ​ការពារ​អ្នក​បម្រើ​លោក​នៅ​ផែន​ដី។ (​ហេប្រឺ ១:៧, ១៤​) សូម​យើង​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

​«​ព្រះ​នៃ​ទូល​បង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់​»។—ដានីយ៉ែល ៦:២២

៥​. តើ​ពួក​ទេវតា​បាន​ជួយ​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​ពីរ​រូប​ឲ្យ​មក​ជួយ​ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​គេច​ផុត​ពី​ការ​បំផ្លាញ​ចោល​ក្រុង​សូដុម​និង​កូម៉ូរ៉ា។ (​លោកុប្បត្ដិ ១៩:១៥, ១៦​) រាប់​រយ​ឆ្នាំ​ក្រោយ​មក អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​បាន​ត្រូវ​បោះ​ទៅ​ក្នុង​រូង​សិង្ហ តែ​គាត់​មិន​បាន​ជួប​គ្រោះ​ថ្នាក់​អ្វី​ឡើយ ពី​ព្រោះ​«​ព្រះ . . . បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់​»។ (​ដានីយ៉ែល ៦:២២​) ក្រោយ​មក ពេល​សាវ័ក​ពេត្រុស​ជាប់​គុក ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​ដោះ​លែង​គាត់។ (​សកម្មភាព ១២:៦​-​១១​) ទេវតា​ក៏​បាន​ជួយ​លោក​យេស៊ូ​ដែរ​ពេល​លោក​នៅ​ផែន​ដី។ ជា​ឧទាហរណ៍ ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច ​«​ពួក​ទេវតា​បាន​មក​បម្រើ​លោក​»។ (​ម៉ាកុស ១:១៣​) បន្ដិច​មុន​នឹង​លោក​យេស៊ូ​ត្រូវ​គេ​ប្រហារ​ជីវិត ទេវតា​មួយ​រូប​បាន​មក​«​ពង្រឹង​កម្លាំង​ចិត្ដ​របស់​លោក​»។—លូកា ២២:៤៣

៦​. (​ក​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ទេវតា​ជួយ​រាស្ដ្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

នៅ​សព្វ​ថ្ងៃ​នេះ ទេវតា​មិន​លេច​មក​ឲ្យ​មនុស្ស​ឃើញ​ទៀត​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​នៅ​តែ​ប្រើ​ទេវតា​ឲ្យ​ជួយ​អ្នក​បម្រើ​របស់​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំ​វិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច​»។ (​ទំនុក​តម្កើង ៣៤:៧​) ហេតុ​អ្វី​យើង​ត្រូវ​ការ​ឲ្យ​ព្រះ​ការពារ​យើង? ពី​ព្រោះ​យើង​មាន​សត្រូវ​ដ៏​ខ្លាំង​ក្លា​ដែល​ចង់​ពាធា​យើង។ តើ​ពួក​វា​ជា​នរណា? តើ​ពួក​វា​មក​ពី​ណា? តើ​តាម​របៀប​ណា​ពួក​វា​ព្យាយាម​ធ្វើ​បាប​យើង? ដើម្បី​ដឹង​ចម្លើយ សូម​យើង​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​មិន​យូរ​ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​ត្រូវ​បង្កើត​មក។

សត្រូវ​ដែល​យើង​មើល​មិន​ឃើញ

៧​. តើ​សាថាន​បាន​ជោគ​ជ័យ​ដល់​កម្រិត​ណា​ក្នុង​ការ​បោក​បញ្ឆោត​មនុស្ស​មិន​ឲ្យ​បម្រើ​ព្រះ?

យើង​បាន​រៀន​ហើយ​ក្នុងជំពូក​ទី៣អំពី​ទេវតា​មួយ​រូប​ដែល​បាន​បះ​បោរ​ប្រឆាំង​ព្រះ ថែម​ទាំង​ចង់​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត​ផង​ដែរ។ គម្ពីរ​ហៅ​វា​ថា​មេ​កំណាចសាថាន។ (​ការ​បើក​បង្ហាញ ១២:៩​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ចង់​ឲ្យ​អ្នក​ឯ​ទៀត​បះ​បោរ​ប្រឆាំង​ព្រះ​ដែរ។ វា​បាន​បោក​បញ្ឆោត​នាង​អេវ៉ា ហើយ​តាំង​ពី​ពេល​នោះ​មក វា​បាន​បោក​បញ្ឆោត​មនុស្ស​ស្ទើរតែ​ទាំង​អស់។ យ៉ាង​ណា​ក្ដី នៅ​មាន​មនុស្ស​ខ្លះ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​ជា អេបិល អេណុក និង​ណូអេ​ជា​ដើម។—ហេប្រឺ ១១:៤, ៥,

៨​. (​ក​) តើ​តាម​របៀប​ណា​ទេវតា​ខ្លះ​បាន​ក្លាយ​ទៅ​ជា​វិញ្ញាណ​កំណាច? (​ខ​) តើ​ពួក​វិញ្ញាណ​កំណាច​បាន​ធ្វើ​អ្វី​ដើម្បី​រួច​ជីវិត​ពី​ទឹក​ជំនន់?

នៅ​សម័យ​ណូអេ ទេវតា​ខ្លះ​បាន​បះ​បោរ ហើយ​ចាក​ចេញ​ពី​ស្ថាន​សួគ៌ ដើម្បី​រស់​ជា​មនុស្ស​នៅ​ផែន​ដី។ ហេតុ​អ្វី? គម្ពីរ​ប្រាប់​យើង​ថា ពួក​វា​ចង់​យក​កូន​ស្រី​មនុស្ស​ធ្វើ​ជា​ប្រពន្ធ។ (​សូម​អាន លោកុប្បត្ដិ ៦:២) ប៉ុន្ដែ​ការ​ដែល​ទេវតា​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ខុស។ (​យូដាស ៦​) ដូច​ទេវតា​អាក្រក់​ទាំង​នោះ​ដែរ មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​នោះ​ទៅ​ជា​អាក្រក់ ហើយ​សាហាវ​ឃោរ​ឃៅ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​សម្រេច​ចិត្ដ​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​ពាស​ពេញ​ផែន​ដី​ទាំង​មូល​ដើម្បី​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត។ ប៉ុន្ដែ លោក​បាន​សង្គ្រោះ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក។ (​លោកុប្បត្ដិ ៧:១៧, ២៣​) ដើម្បី​រួច​ជីវិត ទេវតា​អាក្រក់​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ គម្ពីរ​ហៅ​ទេវតា​អាក្រក់​ទាំង​នោះ​ថា​ពួក​វិញ្ញាណ​កំណាច ដោយ​សារ​ពួក​វា​បាន​សម្រេច​ចិត្ដ​ចូល​រួម​បះ​បោរ​ជា​មួយ​នឹង​មេ​កំណាច​សាថាន។ ម៉្លោះ​ហើយ មេ​កំណាច​បាន​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​វា។—ម៉ាថាយ ៩:៣៤

៩​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ពួក​វិញ្ញាណ​កំណាច​ពេល​ពួក​វា​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​នៅ​វគ្គ​បន្ទាប់?

ដោយ​សារ​ពួក​វា​បាន​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា នោះ​លោក​មិន​អនុញ្ញាត​ឲ្យ​ពួក​វា​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​ស្ថាន​សួគ៌​របស់​លោក​ទៀត​ទេ។ (​ពេត្រុស​ទី២ ២:៤​) ពួក​វិញ្ញាណ​កំណាច​មិន​អាច​កាឡា​ខ្លួន​ជា​មនុស្ស​បាន​ទៀត​ឡើយ ប៉ុន្ដែ​ពួក​វា​«​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​ការ​បើក​បង្ហាញ ១២:៩; យ៉ូហាន​ទី១ ៥:១៩​) សូម​យើង​រៀន​អំពី​វិធី​ផ្សេង​ៗ​ដែល​ពួក​វា​បាន​ប្រើ​ដើម្បី​បោក​បញ្ឆោត ឬ​បំភាន់​មនុស្ស​ជា​ច្រើន។—សូម​អាន កូរិនថូស​ទី២ ២:១១

វិធី​ដែល​ពួក​វិញ្ញាណ​កំណាច​បោក​បញ្ឆោត​មនុស្ស

១០​. តើ​តាម​របៀប​ណា​ពួក​វិញ្ញាណ​កំណាច​បោក​បញ្ឆោត​មនុស្ស?

១០ ពួក​វិញ្ញាណ​កំណាច​បោក​បញ្ឆោត​មនុស្ស​តាម​វិធី​ជា​ច្រើន។ ពេល​មនុស្ស​ទាក់​ទង​ពួក​វិញ្ញាណ​កំណាច ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ផ្ទាល់​ឬ​តាម​រយៈ​អ្នក​ណា​ម្នាក់​ទៀត ដូច​ជា​តាម​រយៈ​គ្រូ​មន្ដអាគម​ជា​ដើម។ ប៉ុន្ដែ គម្ពីរ​បង្គាប់​យើង​ឲ្យ​ជៀស​ចេញ​ឆ្ងាយ​ពី​អ្វី​ណា​ក៏​ដោយ​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច។ (​កាឡាទី ៥:១៩​-​២១​) ហេតុ​អ្វី? ដូច​ព្រាន​ព្រៃ​ដែល​ប្រើ​អន្ទាក់​ដើម្បី​ចាប់​សត្វ នោះ​ពួក​វិញ្ញាណ​កំណាច​ក៏​ប្រើ​អន្ទាក់​ផ្សេង​ៗ​ដើម្បី​គ្រប់​គ្រង​មនុស្ស​ដែរ (​សូម​មើលលេខ​២៦​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

១១​. តើ​ការ​ទស្សន៍​ទាយ​គន់​គូរ​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​គួរ​ជៀស​វាង?

១១ វិធី​មួយ​ដែល​ពួក​វា​ប្រើ​ដើម្បី​បំភាន់​មនុស្ស គឺ​តាម​រយៈ​ការ​ទស្សន៍​ទាយ​គន់​គូរ។ នេះ​គឺ​ជា​ការ​ប្រើ​អំណាច​ពិសេស​ពី​ពួក​វិញ្ញាណ​កំណាច​ដើម្បី​ខំ​ស្វែង​យល់​អំពី​អនាគត​ឬ​រឿង​អាថ៌​កំបាំង។ មនុស្ស​ម្នាក់​ប្រហែល​ជា​ចង់​ដឹង​អំពី​អនាគត​ដោយ​មើល​ផ្កាយ គន់​មើល​ប្រផ្នូល ទាយ​សន្លឹក​បៀ ឬ​ទាយ​បាត​ដៃ។ មនុស្ស​ជា​ច្រើន​គិត​ថា​អ្វី​ៗ​ទាំង​នេះ​គ្មាន​គ្រោះ​ថ្នាក់​ទេ តែ​នោះ​គឺ​ជា​ពាក្យ​កុហក​សុទ្ធ។ តាម​ពិត វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ គម្ពីរ​បង្ហាញ​ថា​គ្រូ​ទាយ​រួម​ដៃ​គ្នា​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច។ ជា​ឧទាហរណ៍ នៅ​សកម្មភាព ១៦:១៦​-​១៨ ប្រាប់​យើង​អំពី​«​វិញ្ញាណ​កំណាច​»​មួយ​រូប​បាន​ជួយ​ក្មេង​ស្រី​ម្នាក់​«​ឲ្យ​នាង​ចេះ​ទាយ​»។ ក្រោយ​ពី​សាវ័ក​ប៉ូល​បណ្ដេញ​វិញ្ញាណ​កំណាច​នោះ​ចេញ​ពី​ខ្លួន​នាង នោះ​នាង​ក៏​លែង​ចេះ​ទាយ​ទៀត។

១២​. (​ក​) ហេតុ​អ្វី​ការ​ខំ​ព្យាយាម​ទាក់​ទង​នឹង​មនុស្ស​ស្លាប់​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់? (​ខ​) ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​មិន​ត្រូវ​ចូល​រួម​ទំនៀម​ទម្លាប់​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច?

១២ ពួក​វិញ្ញាណ​កំណាច​ប្រើ​វិធី​មួយ​ទៀត​ដើម្បី​បំភាន់​មនុស្ស គឺ​ពួក​វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា​យើង​អាច​និយាយ​ជា​មួយ​នឹង​មនុស្ស​ស្លាប់​បាន ហើយ​ថា​អ្នក​ដែល​ស្លាប់​នោះ កំពុង​បន្ដ​រស់​នៅ​កន្លែង​ណា​មួយ។ បន្ថែម​ទៀត ពួក​វា​ធ្វើ​ឲ្យ​យើង​ជឿ​ថា អ្នក​ស្លាប់​អាច​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​រស់ ឬ​ក៏​អាច​ធ្វើ​បាប​យើង​ផង​ដែរ។ ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​ដែល​មាន​មិត្ដ​ភក្ដិ​ឬ​សាច់​ញាតិ​បាន​ស្លាប់ គាត់​ទំនង​ជា​ទៅ​ជួប​គ្រូ​ខាប​ដើម្បី​ហៅ​អ្នក​ស្លាប់​ឲ្យ​មក​និយាយ​ជា​មួយ​នឹង​គាត់។ គ្រូ​ខាប​ប្រហែល​ជាប្រាប់​បុគ្គល​នោះ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​មិត្ដ​ភក្ដិ​ឬ​សាច់​ញាតិ​របស់​គាត់​ដែល​បាន​ស្លាប់ ហើយ​គ្រូ​ខាប​ថែម​ទាំង​ត្រាប់​តាម​សំឡេង​មនុស្ស​ស្លាប់​នោះ​ទៀត​ផង។ (​សាំយូអែល​ទី១ ២៨:៣​-​១៩​) ម្យ៉ាង​ទៀត ទំនៀម​ទម្លាប់​បុណ្យ​សព​ជា​ច្រើន​ក៏​មាន​មូលដ្ឋាន​លើ​ជំនឿ​ដែល​ថា​មនុស្ស​ស្លាប់​កំពុង​បន្ដ​នៅ​រស់​កន្លែង​ណា​មួយ​ដែរ។ ទំនៀម​ទម្លាប់​នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​សែន​ព្រេន ឬ​បុណ្យ​ខួប​មនុស្ស​ស្លាប់​ជា​ដើម។ ពេល​គ្រិស្ដ​សាសនិក​បដិសេធ​មិន​ចូល​រួម​បុណ្យ​ទាំង​នេះ ក្រុម​គ្រួសារ​ឬ​មនុស្ស​ក្នុង​តំបន់​របស់​ពួក​គេ​ប្រហែល​ជា​រិះ​គន់ មើល​ងាយ ឬ​មិន​ចង់​រាប់​អាន​ពួក​គេ​ឡើយ។ ប៉ុន្ដែ គ្រិស្ដ​សាសនិក​ពិត​ដឹង​ថា​មនុស្ស​ស្លាប់​គឺ​សូន្យ​បាត់​ទៅ មិន​មែន​រស់​នៅ​កន្លែង​ណា​មួយ​ទៀត​ទេ។ មនុស្ស​រស់​មិន​អាច​ទាក់​ទង​នឹង​មនុស្ស​ស្លាប់​បាន​ឡើយ ហើយ​មនុស្ស​ស្លាប់​ក៏​មិន​អាច​ធ្វើ​បាប​យើង​បាន​ដែរ។ (​ទំនុក​តម្កើង ១១៥:១៧​) យ៉ាង​ណា​ក្ដី សូម​ប្រុង​ប្រយ័ត្ន​ជា​និច្ច កុំ​ព្យាយាម​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច ឬ​មនុស្ស​ស្លាប់​ឲ្យ​សោះ។ មួយ​ទៀត អ្នក​ក៏​មិន​ត្រូវ​ចូល​រួម​ពិធី​ឬ​ទំនៀម​ទម្លាប់​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វា​ដែរ។—សូម​អាន ចោទិយកថា ១៨:១០, ១១; អេសាយ ៨:១៩

១៣​. តើ​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ខ្លាច​ពួក​វិញ្ញាណ​កំណាច ឥឡូវ​មាន​អារម្មណ៍​យ៉ាង​ណា?

១៣ ពួក​វិញ្ញាណ​កំណាច​មិន​ត្រឹម​តែ​នាំ​មនុស្ស​ឲ្យ​វង្វេង​ប៉ុណ្ណោះ​ទេ តែ​ពួក​វា​ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ដឹង​ថា ពួក​វា​មាន​«​ពេល​តែ​បន្ដិច​បន្ដួច​»​ទេ មុន​ពេល​ដែល​ព្រះ​បញ្ឈប់​សកម្មភាព​របស់​ពួក​វា​នៅ​ផែន​ដី។ ដូច្នេះ ពួក​វា​ខឹង​កាន់​តែ​ខ្លាំង ហើយ​កាច​សាហាវ​ជាង​មុន​ទៅ​ទៀត។ (​ការ​បើក​បង្ហាញ ១២:១២, ១៧​) យ៉ាង​ណា​ក៏​ដោយ មនុស្ស​រាប់​ពាន់​នាក់​ដែល​ធ្លាប់​ខ្លាច​ពួក​វិញ្ញាណ​កំណាច ឥឡូវ​លែង​ខ្លាច​ពួក​វា​ទៀត​ហើយ។ តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​ខ្លាច​ពួក​វា​ទៀត?

ចូរ​ត​យុទ្ធ​ហើយ​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច

១៤​. ដូច​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១ តើ​យើង​អាច​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​យ៉ាង​ដូច​ម្ដេច?

១៤ គម្ពីរ​ប្រាប់​យើង​អំពី​វិធី​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​កំណាច និង​វិធី​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​វា។ ជា​ឧទាហរណ៍ អ្នក​ក្រុង​អេភេសូរ​ខ្លះ​ធ្លាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណកំណាច មុន​ពេល​ដែល​ពួក​គេ​រៀន​សេចក្ដី​ពិត។ តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​វា? គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ជា​ច្រើន​ដែល​ចេះ​វេទមន្ដ​បាន​យក​សៀវភៅ​របស់​ពួក​គេ​មក​ដាក់​រួម​គ្នា រួច​ដុត​ចោល​នៅ​មុខ​គេ​ទាំង​អស់​គ្នា​»។ (​សកម្មភាព ១៩:១៩​) ដោយ​សារ​ពួក​គេ​ចង់​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក ពួក​គេ​បាន​ដុត​ចោល​សៀវភៅ​ទាំង​អស់​របស់​ខ្លួន​ដែល​ទាក់​ទង​នឹង​វេទមន្ដ។ នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​ធ្វើ​តាម​គំរូ​ពួក​គេ​ដែរ។ អ្នក​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​បោះ​ចោល​អ្វី​ណា​ក៏​ដោយ​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច។ នេះ​រួម​បញ្ចូល​សៀវភៅ ទស្សនាវដ្ដី ភាពយន្ដ បទ​ភ្លេង ចម្រៀង ហ្គេម និង​រូប​ភាព ដែល​ទាក់​ទាញ​យើង​ឲ្យ​គិត​ថា​អំណាច​ពិសេស​ពី​ពួក​វិញ្ញាណ​កំណាច​ជា​អ្វី​ដែល​សប្បាយ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ នេះ​ក៏​រួម​បញ្ចូល​ខ្សែ​គាថា​ឬ​របស់​ឯ​ទៀត​ដែល​មនុស្ស​ពាក់​ជា​គ្រឿង​ការពារ​រា​រាំង​សត្រូវ​ឬ​គ្រោះ​អន្ដរាយ​ផ្សេង​ៗ​ដែរ។—កូរិនថូស​ទី១ ១០:២១

១៥​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត​ដើម្បី​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច?

១៥ រាប់​ឆ្នាំ​ក្រោយ​ពី​ពួក​អ្នក​ក្រុង​អេភេសូរ​បាន​បំផ្លាញ​ចោល​សៀវភៅ​វេទមន្ដ​របស់​ពួក​គេ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​ពួក​គេ​នៅ​តែ​ត្រូវ​«​ប្រយុទ្ធ​»​ប្រឆាំង​«​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​ងងឹត​នេះ​»។ (​អេភេសូរ ៦:១២​) ពិត​មែន​តែ​ពួក​គេ​បាន​ដុត​ចោល​សៀវភៅ​ទាំង​នោះ​ហើយ​ក្ដី តែ​ពួក​វិញ្ញាណ​កំណាច​នៅ​តែ​ព្យាយាម​ធ្វើ​បាប​ពួក​គេ។ ដូច្នេះ តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត? ប៉ូល​ប្រាប់​ពួក​គេ​ថា​ចូរ​«​ទទួល​យក​ខែល​ធំ​នៃ​ជំនឿ ដែល​អ្នក​អាច​ប្រើ​ដើម្បី​ពន្លត់[​ឬ​បញ្ឈប់​]អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច​»។ (​អេភេសូរ ៦:១៦​) ដូច​ខែល​ការពារ​ទាហាន​ក្នុង​សង្គ្រាម នោះ​ជំនឿ​ក៏​អាច​ការពារ​យើង​បាន​ដែរ។ បើ​យើង​ទុក​ចិត្ដ​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​អាច​ការពារ​យើង នោះ​យើង​នឹង​អាច​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន។—ម៉ាថាយ ១៧:២០

១៦​. តើ​តាម​របៀប​ណា​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា?

១៦ តើ​យើង​អាច​ពង្រឹង​ជំនឿ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​អាន​គម្ពីរ​រាល់​ថ្ងៃ ហើយ​រៀន​ពឹង​ផ្អែក​លើ​លោក​ឲ្យ​ការពារ​យើង។ បើ​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​មិន​អាច​ធ្វើ​បាប​យើង​បាន​ឡើយ។—យ៉ូហាន​ទី១ ៥:៥

១៧​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ការពារ​ខ្លួន​ពី​ពួក​វិញ្ញាណ​កំណាច?

១៧ តើ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​អេភេសូរ​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត? ពួក​គេ​រស់​នៅ​ក្នុង​ក្រុង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មន្ដអាគម​និង​ការ​ទាក់​ទង​ពួក​វិញ្ញាណ​កំណាច។ ដូច្នេះ ប៉ូល​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​បន្ដ​អធិដ្ឋាន​នៅ​គ្រប់​ឱកាស​»។ (​អេភេសូរ ៦:១៨​) ម៉្លោះ​ហើយ ពួក​គេ​ត្រូវ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ការពារ​ពួក​គេ​គ្រប់​ពេល​វេលា។ ចុះ​យើង​វិញ? យើង​ក៏​រស់​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​មន្ដអាគម​និង​ការ​ទាក់​ទង​ពួក​វិញ្ញាណ​កំណាច​ដែរ។ ដូច្នេះ​យើង​ត្រូវ​សុំ​ព្រះ​យេហូវ៉ា​ការពារ​យើង ហើយ​យើង​ត្រូវ​ប្រើ​នាម​របស់​លោក​ពេល​យើង​អធិដ្ឋាន។ (​សូម​អាន សុភាសិត ១៨:១០) បើ​យើង​បន្ដ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​សាថាន នោះ​លោក​នឹង​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។—ទំនុក​តម្កើង ១៤៥:១៩; ម៉ាថាយ ៦:១៣

១៨, ១៩​. (​ក​) តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន? (​ខ​) តើ​សំណួរ​អ្វី​ដែល​នឹង​ត្រូវ​ឆ្លើយ​នៅ​ជំពូក​បន្ទាប់?

១៨ បើ​យើង​បោះ​បង់​ចោល​អ្វី​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​និង​មន្ដអាគម ហើយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ការពារ​យើង នោះ​យើង​អាច​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន។ យើង​មិន​ចាំ​បាច់​ខ្លាច​ពួក​វា​ឡើយ។ (​សូម​អាន យ៉ាកុប ៤:៧, ៨) ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ពួក​វិញ្ញាណ​កំណាច​ឆ្ងាយ​ណាស់។ លោក​បាន​ដាក់​ទោស​ពួក​វា​នៅ​សម័យ​ណូអេ ហើយ​នៅ​អនាគត​លោក​នឹង​បំផ្លាញ​ពួក​វា​ចោល​ជា​មិន​ខាន។ (​យូដាស ៦​) សូម​ចាំ​ថា​យើង​មិន​មែន​តយុទ្ធ​ជា​មួយ​នឹង​ពួក​វា​តែ​ម្នាក់​ឯង​នោះ​ទេ។ ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ទេវតា​របស់​លោក​ឲ្យ​ការពារ​យើង។ (​ពង្សាវតារ​ក្សត្រ​ទី២ ៦:១៥​-​១៧​) យើង​អាច​មាន​ទំនុក​ចិត្ដ​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ពិត​ជា​អាច​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។—ពេត្រុស​ទី១ ៥:៦, ៧; ពេត្រុស​ទី២ ២:៩

១៩ ក៏​ប៉ុន្ដែ បើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​កំពុង​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ខ្លាំង​ដល់​ម៉្លេះ ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​ទាន់​បំផ្លាញ​ពួក​វា​ចោល? សំណួរ​នេះ​នឹង​ត្រូវ​ឆ្លើយ​នៅ​ជំពូក​បន្ទាប់។