លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៤

ក្រុម​គ្រួសារ​អ្នក​អាច​មាន​សុភមង្គល​បាន

ក្រុម​គ្រួសារ​អ្នក​អាច​មាន​សុភមង្គល​បាន

១, ២​. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ក្រុម​គ្រួសារ​មាន​ជីវិត​បែប​ណា?

ព្រះ​យេហូវ៉ា​ជា​អ្នក​រៀប​ចំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដំបូង​បង្អស់។ គម្ពីរ​ប្រាប់​យើង​ថា​លោក​បាន​បង្កើត​ស្ដ្រី​ដំបូង ហើយ‹នាំ​ទៅ​ឯ​អាដាម›។ ពេល​នោះ​អាដាម​សប្បាយ​ចិត្ដ​ខ្លាំង​ដល់​ម៉្លេះ​រហូត​ដល់​គាត់​និយាយ​ថា​៖ ​«​នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ​»។ (​លោកុប្បត្ដិ ២:២២, ២៣​) នេះ​ប្រាប់​យើង​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គូ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល។

ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ​ណាស់ មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​មាន​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ​ទេ។ យ៉ាង​ណា​ក្ដី ក្នុង​គម្ពីរ​មាន​គោល​ការណ៍​ជា​ច្រើន​ដែល​នឹង​ជួយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ សាមគ្គី​ភាព​និង​សុភមង្គល។—លូកា ១១:២៨

អ្វី​ដែល​ព្រះ​តម្រូវ​ពី​ប្ដី

៣, ៤​. (​ក​) តើ​ប្ដី​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា​ទៅ​លើ​ប្រពន្ធ? (​ខ​) ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ប្ដី​និង​ប្រពន្ធ​ចេះ​អភ័យ​ទោស​ឲ្យ​គ្នា?

គម្ពីរ​ចែង​ថា​ប្ដី​ល្អ​គួរ​ប្រព្រឹត្ដ​ចំពោះ​ប្រពន្ធ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។ សូម​អាន អេភេសូរ ៥:២៥​-​២៩ប្ដី​នឹង​ប្រព្រឹត្ដ​ទៅ​លើ​ប្រពន្ធ​តាម​របៀប​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​និច្ច។ គាត់​នឹង​ថែ​រក្សា​ការពារ​នាង ហើយ​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​នាង​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ដ​និង​ផ្លូវ​កាយ​ឡើយ។

ក៏​ប៉ុន្ដែ តើ​ប្ដី​គួរ​ធ្វើ​អ្វី​ពេល​ដែល​ប្រពន្ធ​ធ្វើ​ខុស? គម្ពីរ​ប្រាប់​ប្ដី​ទាំង​ឡាយ​ថា​៖ ​«​ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​និច្ច ហើយ​កុំ​ក្រេវ​ក្រោធ​នឹង​នាង​»។ (​កូឡុស ៣:១៩​) ប្ដី​គួរ​ចាំ​ថា​ខ្លួន​ក៏​ធ្វើ​ខុស​ដែរ។ បើ​អ្នក​ចង់​ឲ្យ​ព្រះ​អភ័យ​ទោស​ឲ្យ​អ្នក នោះ​អ្នក​ត្រូវ​ចេះអភ័យ​ទោស​ឲ្យ​ប្រពន្ធ។ (​ម៉ាថាយ ៦:១២, ១៤, ១៥​) ពេល​ប្ដី​និង​ប្រពន្ធ​សុខ​ចិត្ដ​អភ័យ​ទោស​ឲ្យ​គ្នា នោះ​នឹង​ជួយ​ពួក​គេ​ទាំង​ពីរ​នាក់​ឲ្យ​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។

៥​. ហេតុ​អ្វី​ប្ដី​គួរ​ផ្ដល់​កិត្ដិយស​ឲ្យ​ប្រពន្ធ?

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ផ្ដល់​កិត្ដិយស​ឲ្យ​ប្រពន្ធ។ ប្ដី​គួរ​គិត​យ៉ាង​ហ្មត់​ចត់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ប្រពន្ធ។ នេះ​គឺ​ជា​រឿង​សំខាន់​ណាស់ ពី​ព្រោះ​បើ​ប្ដី​មិន​ប្រព្រឹត្ដ​ល្អ​ចំពោះ​ប្រពន្ធ​ទេ នោះ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ឡើយ។ (​ពេត្រុស​ទី១ ៣:៧​) អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ដោយ​សារ​គាត់​ស្រឡាញ់​លោក។ ដូច្នេះ លោក​មិន​លម្អៀង​ដោយ​ស្រឡាញ់​មនុស្ស​ប្រុស​ច្រើន​ជាង​មនុស្ស​ស្រី​ឡើយ។

៦​. តើ​ប្ដី​និង​ប្រពន្ធ​ជា​«​សាច់​ឈាម​តែ​មួយ​»​ក្នុង​ន័យ​អ្វី?

លោក​យេស៊ូ​បាន​ពន្យល់​ថា​ប្ដី​និង​ប្រពន្ធ​«​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្ដែ​ជា​សាច់​ឈាម​តែ​មួយ​វិញ​»។ (​ម៉ាថាយ ១៩:៦​) ពួក​គេ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​គ្នា ហើយ​មិន​ត្រូវ​ផិត​ក្បត់​គ្នា​ឡើយ។ (​សុភាសិត ៥:១៥​-​២១; ហេប្រឺ ១៣:៤​) ប្ដី​និង​ប្រពន្ធ​គួរ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​គិត​តែ​ពី​ខ្លួន​ឯង​នោះ​ទេ។ (​កូរិនថូស​ទី១ ៧:៣​-​៥​) ប្ដី​គួរ​ចាំ​ថា​«​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ តែ​គេ​តែង​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម​»។ ដូច្នេះ ប្ដី​គួរ​ស្រឡាញ់​ហើយ​ថ្នាក់​ថ្នម​ប្រពន្ធ។ សំខាន់​ជាង​នោះ​ទៅ​ទៀត ប្រពន្ធ​ចង់​ឲ្យ​ប្ដី​ប្រព្រឹត្ដ​ដោយ​សប្បុរស​និង​ស្រឡាញ់​នាង។—អេភេសូរ ៥:២៩

អ្វី​ដែល​ព្រះ​តម្រូវ​ពី​ប្រពន្ធ

៧​. ហេតុ​អ្វី​ក្រុម​គ្រួសារ​ត្រូវ​ការ​ប្រមុខ?

ក្រុម​គ្រួសារ​ទាំង​ឡាយ​ត្រូវ​ការ​ប្រមុខ ដើម្បី​ណែនាំ​សមាជិក​ម្នាក់​ៗ​ឲ្យ​ចេះ​សហការ​គ្នា​យ៉ាង​ល្អ។ ក្នុង​គម្ពីរ​នៅ​កូរិនថូស​ទី១ ១១:៣ ចែង​ថា​៖ ​«​ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ដ ឯ​ប្រមុខ​របស់​ស្ដ្រី​ទាំង​ឡាយ​គឺ​បុរស ឯ​ប្រមុខ​របស់​គ្រិស្ដ​គឺ​ព្រះ​»។

៨​. តើ​ប្រពន្ធ​អាច​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្ដី​យ៉ាង​ដូច​ម្ដេច?

ប្ដី​គ្រប់​រូប​ចេះ​ធ្វើ​ខុស។ ប៉ុន្ដែ ពេល​ប្រពន្ធ​គាំ​ទ្រ​ការ​សម្រេច​ចិត្ដ​របស់​ប្ដី ហើយ​សហការ​ជា​មួយ​នឹង​គាត់​ដោយ​ស្ម័គ្រ​ពី​ចិត្ដ នោះ​ក្រុម​គ្រួសារ​ទាំង​មូល​ទទួល​ប្រយោជន៍។ (​ពេត្រុស​ទី១ ៣:១​-​៦​) គម្ពីរ​ចែង​ថា​៖ ​«​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។ (​អេភេសូរ ៥:៣៣​) ចុះ​យ៉ាង​ណា​បើ​ប្ដី​មិន​មាន​ជំនឿ​ដូច​ប្រពន្ធ? នាង​នៅ​តែ​ត្រូវ​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ។ គម្ពីរ​ប្រាប់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ដ​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ពី​ព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ដ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​ពេត្រុស​ទី១ ៣:១, ២​) គំរូ​ល្អ​របស់​ប្រពន្ធ​អាច​ជួយ​ប្ដី​ឲ្យ​យល់​និង​គោរព​ជំនឿ​របស់​នាង។

៩​. (​ក​) តើ​ប្រពន្ធ​គួរ​ធ្វើ​យ៉ាង​ណា​បើ​នាង​មិន​យល់​ស្រប​នឹង​ប្ដី? (​ខ​) តើ​ទីតុស ២:៤, ៥ មាន​ឱវាទ​អ្វី​ខ្លះ​សម្រាប់​ប្រពន្ធ?

តើ​ប្រពន្ធ​អាច​ធ្វើ​អ្វី​ពេល​ដែល​នាង​មិន​យល់​ស្រប​នឹង​ប្ដី? នាង​គួរ​ប្រាប់​ទស្សនៈរបស់​នាង​តាម​របៀប​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ ជា​ឧទាហរណ៍ សារ៉ា​បាន​និយាយ​អ្វី​មួយ​ដែល​អាប្រាហាំ​មិន​ពេញ​ចិត្ដ យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹ត្រូវ​ស្តាប់​តាម​នាង›។ (​លោកុប្បត្ដិ ២១:៩​-​១២​) ប្ដី​ដែល​ជា​គ្រិស្ដ​សាសនិក​កម្រ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ណា​ដែល​ប្រឆាំង​នឹង​គោល​ការណ៍​ក្នុង​គម្ពីរ។ ហេតុ​នេះ ប្រពន្ធ​គួរ​គាំ​ទ្រ​ប្ដី។ (​សកម្មភាព ៥:២៩; អេភេសូរ ៥:២៤​) ប្រពន្ធ​ល្អ​នឹង​មើល​ថែ​ក្រុម​គ្រួសារ។ (​សូម​អាន ទីតុស ២:៤, ៥) ពេល​ប្ដី​និង​កូន​ឃើញ​ការ​ខំ​ប្រឹង​ប្រែង​របស់​នាង​ដើម្បី​ពួក​គេ នោះ​ពួក​គេ​នឹង​ស្រឡាញ់​ហើយ​គោរព​នាង​ខ្លាំង​ជាង​មុន​ទៅ​ទៀត។—សុភាសិត ៣១:១០, ២៨

ហេតុ​អ្វី​សារ៉ា​ជា​គំរូ​ល្អ​សម្រាប់​ប្រពន្ធ?

១០​. តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​ការ​បែក​លំនៅ​និង​ការ​លែង​លះ?

១០ ជួន​កាល​ប្ដី​ប្រពន្ធ​សម្រេច​ចិត្ដ​រស់​នៅ​បែក​គ្នា ឬ​លែង​លះ​គ្នា​ភ្លាម​ៗ។ យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ប្រាប់​ថា​៖ ​«​ប្រពន្ធ​មិន​គួរ​ចុះ​ចោល​ប្ដី​ឡើយ​»​ ហើយ​ថា​៖ ​«​ប្ដី​មិន​គួរ​ចុះ​ចោល​ប្រពន្ធ​»​ទេ។ (​កូរិនថូស​ទី១ ៧:១០, ១១​) ប៉ុន្ដែ មាន​ករណី​ខ្លះ​ដែល​ពិបាក​ហួស​ហេតុ​ពេក​ដែល​ប្ដី​ប្រពន្ធ​ប្រហែល​ជា​ត្រូវ​បែក​លំនៅ​គ្នា តែ​នេះ​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់។ ចុះ​យ៉ាង​ណា​អំពី​ការ​លែង​លះ? គម្ពីរ​បង្ហាញ​ថា​មាន​មូលហេតុ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ដូច្នេះ​បាន គឺ​បើ​ប្ដី​ឬ​ប្រពន្ធ​បាន​រួម​ភេទ​ជា​មួយ​នឹង​អ្នក​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន។—ម៉ាថាយ ១៩:៩

អ្វី​ដែល​ព្រះ​តម្រូវ​ពី​ឪ​ពុក​ម្ដាយ

លោក​យេស៊ូ​ជា​គំរូ​ល្អ​សម្រាប់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ

១១​. តើ​កូន​ត្រូវ​ការ​អ្វី​ខ្លាំង​បំផុត?

១១ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ សូម​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​បំផុត​ជា​មួយ​នឹង​កូន​របស់​អ្នក។ កូន​ៗ​ត្រូវ​ការ​អ្នក ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់។ កូន​ៗ​ត្រូវ​ការ​ឲ្យ​អ្នក​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។—ចោទិយកថា ៦:៤​-​៩

១២​. តើ​ឪ​ពុក​ម្ដាយ​គួរ​ធ្វើ​អ្វី​ដើម្បី​ការពារ​កូន?

១២ ពិភព​លោក​សាថាន​កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​មាន​មនុស្ស​ខ្លះ​ប្រហែល​ជា​ចង់​ធ្វើ​បាប​កូន​របស់​យើង រហូត​ដល់​បៀត​បៀន​កេរ្ដិ៍​ខ្មាស​របស់​កូន​យើង​ទៀត​ផង។ ឪ​ពុក​ម្ដាយ​ខ្លះ​ពិបាក​និយាយ​ជា​មួយ​នឹង​កូន​អំពី​រឿង​បែប​នេះ។ ក៏​ប៉ុន្ដែ ឪ​ពុក​ម្ដាយត្រូវ​ព្រមាន​កូន​របស់​ខ្លួន​អំពី​មនុស្ស​ដូច​នោះ ហើយ​បង្រៀន​កូន​អំពី​របៀប​ជៀស​ចេញ​ពី​ពួក​គេ។ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ អ្នក​ត្រូវ​ការពារ​កូន​របស់​អ្នក។ *ពេត្រុស​ទី១ ៥:៨

១៣​. តើ​ឪ​ពុក​ម្ដាយ​គួរ​បង្រៀន​កូន​យ៉ាង​ដូច​ម្ដេច?

១៣ ឪ​ពុក​ម្ដាយ​មាន​ភារកិច្ច​បង្រៀន​កូន​ឲ្យ​ចេះ​ប្រព្រឹត្ដ​ល្អ។ តើ​អ្នក​អាច​បង្រៀន​កូន​យ៉ាង​ដូច​ម្ដេច? កូន​របស់​អ្នក​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន ប៉ុន្ដែ​អ្នក​មិន​គួរ​កែ​តម្រង់​កូន​ដោយ​រិះ​គន់ ឬ​តាម​របៀប​ដែល​សាហាវ​ឃោរ​ឃៅ​ឡើយ។ (​យេរេមា ៣០:១១​) សូម​កុំ​ប្រដៅ​ទូន្មាន​កូន​ពេល​ដែល​អ្នក​ខឹង ពី​ព្រោះ​អ្នក​មិន​ចង់​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​ប្រៀប​ដូច​ជា​«​ចាក់​ដោយ​ដាវ​»​ ដែល​ធ្វើ​ឲ្យ​កូន​ឈឺ​ចិត្ដ​នោះ​ទេ។ (​សុភាសិត ១២:១៨​) សូម​បង្រៀន​កូន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​ស្តាប់​បង្គាប់​អ្នក (​សូម​មើលលេខ​៣០​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—អេភេសូរ ៦:៤; ហេប្រឺ ១២:៩​-​១១

អ្វី​ដែល​ព្រះ​តម្រូវ​ពី​កូន

១៤, ១៥​. ហេតុ​អ្វី​កូន​គួរ​ស្តាប់​បង្គាប់​ឪ​ពុក​ម្ដាយ?

១៤ លោក​យេស៊ូ​តែង​តែ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា សូម្បី​តែ​នៅ​ពេល​ពិបាក។ (​លូកា ២២:៤២; យ៉ូហាន ៨:២៨, ២៩​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​កូន​ស្តាប់​បង្គាប់​ឪ​ពុក​ម្ដាយ។—អេភេសូរ ៦:១​-​៣

១៥ កូន​ទាំង​ឡាយ ទោះ​បី​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ស្តាប់​បង្គាប់​ឪ​ពុក​ម្ដាយ​ក៏​ដោយ សូម​ចាំ​ថា​ពេល​ដែល​អ្នក​ធ្វើ​តាម​បង្គាប់​ពួក​គាត់ នោះ​ព្រះ​យេហូវ៉ា​និង​ឪ​ពុក​ម្ដាយ​របស់​អ្នក​នឹង​ពេញ​ចិត្ដ​ចំពោះ​អ្នក។ *សុភាសិត ១:៨; ៦:២០; ២៣:២២​-​២៥

តើ​អ្វី​នឹង​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ពេល​ដែល​មាន​ការ​ល្បួង?

១៦​. (​ក​) តើ​តាម​របៀប​ណា​សាថាន​ព្យាយាម​ល្បួង​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ធ្វើ​អំពើ​អាក្រក់? (​ខ​) ហេតុ​អ្វី​ការ​ជ្រើស​រើស​មិត្ដ​ភក្ដិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ម៉្លេះ?

១៦ មេ​កំណាច​អាច​ប្រើ​មិត្ដ​ភក្ដិ​និង​មនុស្ស​វ័យ​ក្មេង​ឯ​ទៀត​ឲ្យ​ល្បួង​កូន​ធ្វើ​អ្វី​មួយ​ដែល​ខុស។ វា​ដឹង​ថា​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា អាច​ធ្វើ​ឲ្យ​កូន​ពិបាក​យក​ឈ្នះ។ ជា​ឧទាហរណ៍ កូន​ស្រី​របស់​យ៉ាកុប​ឈ្មោះ​ឌីណា នាង​មាន​មិត្ដ​ភក្ដិ​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នេះ​នាំ​ឲ្យ​នាង​និង​ក្រុម​គ្រួសារ​នាង​ជួប​បញ្ហា​ជា​ច្រើន។ (​លោកុប្បត្ដិ ៣៤:១, ២​) បើ​មិត្ដ​ភក្ដិ​របស់​កូន​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ នោះ​ពួក​គេ​អាច​ល្បួង​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ស្អប់ ហើយ​នេះ​នឹង​នាំ​ឲ្យ​កូន ក្រុម​គ្រួសារ​កូន ព្រម​ទាំង​ព្រះ​ដែរ ទទួល​រង​នូវ​ការ​ឈឺ​ចាប់។ (​សុភាសិត ១៧:២១, ២៥​) ហេតុ​នេះ​ហើយ​គឺសំខាន់​ណាស់​ដែល​កូន​ជ្រើស​រើស​មិត្ដ​ភក្ដិ​ណា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។—កូរិនថូស​ទី១ ១៥:៣៣

ក្រុម​គ្រួសារ​អ្នក​អាច​មាន​សុភមង្គល​បាន

១៧​. តើ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​មាន​តួនាទី​អ្វី?

១៧ ពេល​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ ពួក​គេ​អាច​ជៀស​វាង​ពី​បញ្ហា​ជា​ច្រើន។ ដូច្នេះ បើ​អ្នក​ជា​ប្ដី សូម​ស្រឡាញ់​ប្រពន្ធ ហើយ​ប្រព្រឹត្ដ​ល្អ​ចំពោះ​នាង។ បើ​អ្នក​ជា​ប្រពន្ធ សូម​គោរព​និង​ចុះ​ចូល​ចំពោះ​ប្ដី ហើយ​ធ្វើ​តាម​គំរូ​របស់​ប្រពន្ធ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សុភាសិត ៣១:១០​-​៣១។ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ សូម​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ។ (​សុភាសិត ២២:៦​) បើ​អ្នក​ជា​ឪ​ពុក សូម​ដឹក​នាំ​ក្រុម​គ្រួសារ​ឲ្យ​បាន​«​ល្អ​ប្រសើរ​»។ (​ធីម៉ូថេ​ទី១ ៣:៤, ៥; ៥:៨​) បើ​អ្នក​ជា​កូន សូម​ស្តាប់​បង្គាប់​ឪ​ពុក​ម្ដាយ។ (​កូឡុស ៣:២០​) សូម​ចាំ​ថា សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​អាច​ធ្វើ​ខុស ដូច្នេះ​សូម​មាន​ចិត្ដ​រាប​ទាប និង​ចេះ​សុំ​ការ​អភ័យ​ទោស។ ពិត​ណាស់ ក្នុង​គម្ពីរ​មាន​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​សម្រាប់​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ។

^ វគ្គ 12 ស្ដី​អំពី​របៀប​ការពារ​កូន អ្នក​អាច​រក​ព័ត៌មាន​ថែម​ទៀត​ក្នុង​សៀវភៅ​សូម​ស្តាប់​គ្រូ​ដ៏​ល្អ​ប្រសើរ ជំពូក​ទី​៣២ បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 15 ក្នុង​ករណី​ដែល​ឪ​ពុក​ម្ដាយ​ឲ្យ​កូន​ធ្វើ​អ្វី​ណា​មួយ​ដែល​បំពាន​ច្បាប់​ព្រះ នោះ​ជា​ការ​ត្រឹម​ត្រូវ​ដែល​កូន​ស្តាប់​បង្គាប់​ព្រះ​ជា​ជាង​ឪ​ពុក​ម្ដាយ​ក្នុង​រឿង​នោះ។—សកម្មភាព ៥:២៩