លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៥

ការ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ

ការ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ

១​. តើ​អ្នក​ណា​មាន​សិទ្ធិ​ប្រាប់​យើង​អំពី​របៀប​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ?

សាសនា​ភាគ​ច្រើន​អះអាង​ថា​ពួក​គេ​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ។ ប៉ុន្ដែ នេះ​មិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​សាសនា​ទាំង​នោះ​មាន​សេចក្ដី​បង្រៀន​ខុស​ៗ​គ្នា​អំពី​ព្រះ និង​អំពី​របៀប​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍​លោក។ តើ​យើង​អាច​ដឹង​អំពី​របៀប​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​ជា​បុគ្គល​តែ​មួយ​គត់​ដែល​អាច​ប្រាប់​យើង​អំពី​របៀប​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍​លោក។

២​. តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​អំពី​របៀប​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ?

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​គម្ពីរ​ឲ្យ​យើង ដូច្នេះ​យើង​អាច​រៀន​អំពី​របៀប​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ត្រឹម​ត្រូវ។ ហេតុ​នេះ សូម​សិក្សា​គម្ពីរ ហើយ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​របស់​លោក ពី​ព្រោះ​លោក​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក។—អេសាយ ៤៨:១៧

៣​. តើ​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?

មនុស្ស​ខ្លះ​ជឿ​ថា​ព្រះ​ពេញ​ចិត្ដ​នឹង​សាសនា​ទាំង​អស់ ប៉ុន្ដែ​នេះ​មិន​មែន​ជា​អ្វី​ដែល​លោក​យេស៊ូ​បង្រៀន​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​»។ ដូច្នេះ គឺ​ជា​ការ​ចាំ​បាច់​ដែល​យើង​រៀន​ឲ្យ​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​ទាំង​នោះ។ នេះ​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់ ពី​ព្រោះ​លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​ព្រះ​ទៅ​នឹង​ឧក្រិដ្ឋជន​ឬ​«​មនុស្ស​ប្រព្រឹត្ដ​ប្រឆាំង​ច្បាប់​»។—ម៉ាថាយ ៧:២១​-​២៣

៤​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ស្ដី​អំពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ?

លោក​យេស៊ូ​បាន​ព្រមាន​យើង​ថា​ពេល​យើង​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ យើង​នឹង​ជួប​ទុក្ខ​លំបាក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច ពីព្រោះ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ច្រើន​ចូល​តាម​ផ្លូវ​នោះ។ រីឯ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។ (​ម៉ាថាយ ៧:១៣, ១៤​) ផ្លូវ​ចង្អៀត​ឬ​របៀប​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ផ្លូវ​ធំ​ទូលាយ​ឬ​របៀប​មិន​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ស្លាប់​ទេ។ លោក​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ទាំង​អស់​រៀន​អំពី​លោក។—ពេត្រុស​ទី២ ៣:៩

របៀប​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ

៥​. តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​អាច​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ។ យើង​ធ្វើ​ដូច្នេះ​ដោយ​ពិនិត្យ​មើល​អ្វី​ដែល​ពួក​គេ​ជឿ​និង​អ្វី​ដែល​ពួក​គេ​ប្រព្រឹត្ដ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ដោយ​ផល​ផ្លែ​របស់​ពួក​គេ​»។ រួច​មក លោក​បន្ថែម​ថា​៖ ​«​ដើម​ឈើ​ល្អ បង្កើត​ផល​ល្អ​»។ (​ម៉ាថាយ ៧:១៦, ១៧​) នេះ​មិន​មែន​មាន​ន័យ​ថា​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​មាន​ការ​ប្រព្រឹត្ដ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ យ៉ាង​ណា​ក្ដី អ្នក​បម្រើ​របស់​ព្រះ​តែង​តែ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ឥឡូវ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ។

៦, ៧​. ហេតុ​អ្វី​ការ​គោរព​ប្រណិប័តន៍​ពិត​មាន​មូលដ្ឋាន​លើ​គម្ពីរ? តើ​គំរូ​របស់​លោក​យេស៊ូ​បង្រៀន​យើង​អំពី​អ្វី?

ការ​គោរព​ប្រណិប័តន៍​របស់​យើង​គួរ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ គម្ពីរ​ចែង​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត ដើម្បី​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​មាន​សមត្ថភាព​ពេញ​លេញ និង​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង​»។ (​ធីម៉ូថេ​ទី២ ៣:១៦, ១៧​) សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ទទួល​បណ្ដាំ​របស់​ព្រះ គឺ​ជា​បណ្ដាំ​ដែល​អ្នក​រាល់​គ្នាបាន​ឮ​ពី​យើង អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ទុក​ជា​បណ្ដាំ​របស់​មនុស្ស​ទេ ប៉ុន្ដែ​បាន​ទទួល​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ ពោល​គឺ​ទទួល​ទុក​ជា​បណ្ដាំ​របស់​ព្រះ​»។ (​ថែស្សាឡូនិច​ទី១ ២:១៣​) ការ​គោរព​ប្រណិប័តន៍​ពិត​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ប៉ុណ្ណោះ មិន​មែន​មាន​មូលដ្ឋាន​លើ​ទស្សនៈ​របស់​មនុស្ស ទំនៀម​ទម្លាប់ ឬ​អ្វី​ផ្សេង​ទៀត​ឡើយ។

សេចក្ដី​បង្រៀន​ទាំង​អស់​របស់​លោក​យេស៊ូ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ (​សូម​អាន យ៉ូហាន ១៧:១៧) ជា​ញឹក​ញយ​លោក​ដក​ស្រង់​ពី​បទ​គម្ពីរ។ (​ម៉ាថាយ ៤:៤, ៧, ១០​) អ្នក​បម្រើ​ពិត​របស់​ព្រះ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​សេចក្ដី​បង្រៀន​ទាំង​អស់​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​គម្ពីរ។

៨​. តើ​លោក​យេស៊ូ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

យើង​គួរ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ទំនុក​តម្កើង ៨៣:១៨ ចែង​ថា​៖ ​«​គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ លោក​យេស៊ូ​ចង់​ឲ្យ​មនុស្ស​ដឹង​យ៉ាង​ច្បាស់​ថា​ព្រះ​ពិត​ជា​អ្នក​ណា ហេតុ​នេះ​ហើយ​លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​អំពី​នាម​របស់​ព្រះ។ (​សូម​អាន យ៉ូហាន ១៧:៦) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»។ (​ម៉ាថាយ ៤:១០​) ដូច្នេះ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ យើង​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ហើយ​យើង​ប្រើ​នាម​របស់​ព្រះ។ យើង​ថែម​ទាំង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​នាម​របស់​ព្រះ និង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​សម្រាប់​យើង​ទាំង​អស់​គ្នា។

៩, ១០​. តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​ដូច​ម្ដេច?

យើង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ចំពោះ​មនុស្ស។ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​គ្នា។ (​សូម​អាន យ៉ូហាន ១៣:៣៥) ទោះ​ជា​យើង​មក​ពី​ណា មាន​វប្បធម៌​បែប​ណា ជា​អ្នក​មាន​ឬ​ជា​អ្នក​ក្រ នោះ​គឺ​មិន​សំខាន់​ឡើយ។ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា គួរ​បង្រួប​បង្រួម​យើង​ជា​បង​ប្អូន​ប្រុស​ស្រី។ (​កូឡុស ៣:១៤​) ម៉្លោះ​ហើយ យើង​មិន​ធ្វើ​សង្គ្រាម ហើយ​មិន​សម្លាប់អ្នក​ឯ​ទៀត​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​យើង​អាច​សម្គាល់​កូន​របស់​ព្រះ និង​កូន​របស់​មេ​កំណាច​បាន ដោយ​សេចក្ដី​នេះ​ឯង គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ដ​អំពើ​សុចរិត ឬ​មិន​ស្រឡាញ់​បង​ប្អូន​ខ្លួន អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ​ទេ​»។ បន្ទាប់​មក គម្ពីរ​ចែង​ទៀត​ថា​៖ ​«​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មិន​ត្រូវ​ប្រព្រឹត្ដ​ដូច​កាអ៊ីន​ដែល​កើត​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​ខ្លួន​យ៉ាង​សាហាវ​នោះ​ឡើយ​»។—យ៉ូហាន​ទី១ ៣:១០​-​១២; ៤:២០, ២១

១០ យើង​ប្រើ​ពេល​វេលា កម្លាំង និង​ធន​ធាន​របស់​យើង​ដើម្បី​ជួយ​ហើយ​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក។ (​ហេប្រឺ ១០:២៤, ២៥​) យើង​«​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់​»។—កាឡាទី ៦:១០

១១​. ហេតុ​អ្វី​យើង​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ព្រះ?

១១ យើង​ត្រូវ​ស្តាប់​បង្គាប់​លោក​យេស៊ូ​ពី​ព្រោះ​លោក​គឺ​ជា​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ព្រះ។ គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​អ្នក​ណា​ទៀត​ឡើយ ព្រោះ​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្សជាតិ​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ​»។ (​សកម្មភាព ៤:១២​) ក្នុងជំពូក​ទី​៥ យើង​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​បុត្រ​របស់​លោក ដើម្បី​ផ្ដល់​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ដែល​ស្តាប់​បង្គាប់​ព្រះ។ (​ម៉ាថាយ ២០:២៨​) ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។ ហេតុ​នេះ គម្ពីរ​ប្រាប់​យើង​ថា​យើង​ត្រូវ​តែ​ស្តាប់​បង្គាប់​លោក​យេស៊ូ បើ​យើង​ចង់​រស់​ជា​រៀង​រហូត។—សូម​អាន យ៉ូហាន ៣:៣៦

១២​. ហេតុ​អ្វី​យើង​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ?

១២ យើង​មិន​គួរ​រួម​ចំណែក​ក្នុង​រឿង​នយោបាយ។ លោក​យេស៊ូ​មិន​បាន​ចូល​រួម​ក្នុង​រឿង​នយោបាយ​ឡើយ។ កាល​ដែល​លោក​កំពុង​ត្រូវ​គេ​កាត់​ក្ដី លោក​ប្រាប់​អ្នក​គ្រប់​គ្រង​ជន​ជាតិ​រ៉ូម​ម្នាក់​ឈ្មោះ​ពីឡាត​ថា​៖ ​«​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។ (​សូម​អាន យ៉ូហាន ១៨:៣៦) ដូច​លោក​យេស៊ូ​ដែរ យើង​ស្មោះ​ត្រង់​ចំពោះ​រាជាណាចក្រ​ព្រះ​ដែល​នៅ​ស្ថាន​សួគ៌។ អាស្រ័យ​ហេតុ​នេះ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី គម្ពីរ​បង្គាប់​យើង​ឲ្យ​ចុះ​ចូល​នឹង​«​ពួក​អាជ្ញាធរ​»​ ពោល​គឺ​រដ្ឋាភិបាល​របស់​មនុស្ស។ (​រ៉ូម ១៣:១​) ដូច្នេះ យើង​គោរព​ច្បាប់​ក្នុង​ប្រទេស​ដែល​យើង​រស់​នៅ។ ក៏​ប៉ុន្ដែ ពេល​ច្បាប់​ណា​មួយ​របស់​មនុស្ស​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ យើង​យក​តម្រាប់​ពួក​សាវ័ក​ដែល​បាន​និយាយ​ថា​៖ ​«​យើង​ត្រូវ​ស្តាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។—សកម្មភាព ៥:២៩; ម៉ាកុស ១២:១៧

១៣​. ស្ដី​អំពី​រាជាណាចក្រ​របស់​ព្រះ តើ​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​អ្វី?

១៣ យើង​ជឿ​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​»​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី។ (​សូម​អាន ម៉ាថាយ ២៤:១៤) គ្មាន​រដ្ឋាភិបាល​ណា​របស់​មនុស្ស​អាច​ធ្វើ​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​យើង​ឡើយ។ (​ទំនុក​តម្កើង ១៤៦:៣​) ស្ដី​អំពី​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) គម្ពីរ​បាន​ប្រាប់​យើង​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​រាជាណាចក្រ​ព្រះ​«​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។—ដានីយ៉ែល ២:៤៤

១៤​. តើ​អ្នក​ជឿ​ថា​អ្នក​ណា​ដែល​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ?

១៤ ក្រោយ​ពី​បាន​រៀន​ចំណុច​ទាំង​អស់​នេះ​រួច​ហើយ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្នក​ណា​បាន​យក​គម្ពីរ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្រៀន? តើ​អ្នក​ណា​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​នាម​របស់​ព្រះ? តើ​អ្នក​ណា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​គ្នា ហើយ​ជឿ​ថា​ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​សង្គ្រោះ​យើង? តើ​អ្នក​ណា​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ? តើ​អ្នក​ណា​ផ្សព្វ​ផ្សាយ​ថា​មាន​តែ​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​របស់​យើង?›។ គឺ​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។—អេសាយ ៤៣:១០​-​១២

តើ​អ្នក​នឹង​ធ្វើ​អ្វី?

១៥​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​ឲ្យ​ព្រះ​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

១៥ ការ​ជឿ​ថា​មាន​ព្រះ​គឺ​មិន​គ្រប់​គ្រាន់​ទេ សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច​ក៏​ជឿ​ថា​មាន​ព្រះ​ដែរ ប៉ុន្ដែ​ពួក​វា​មិន​បាន​ស្តាប់​បង្គាប់​លោក​ទេ។ (​យ៉ាកុប ២:១៩​) ប្រសិនបើ​យើង​ចង់​ឲ្យ​ព្រះ​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​យើង យើង​មិន​គ្រាន់​តែ​ជឿ​ថា​មាន​ព្រះ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ដែល​លោក​បង្គាប់​ផង​ដែរ។

១៦​. ហេតុ​អ្វី​យើង​គួរ​បដិសេធ​សាសនា​មិន​ពិត?

១៦ ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ដ​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង យើង​ត្រូវ​តែ​បដិសេធ​សាសនា​មិន​ពិត​ទាំង​ស្រុង។ អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ​»។ (​អេសាយ ៥២:១១; កូរិនថូស​ទី២ ៦:១៧​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​បដិសេធ​អ្វី​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។

១៧, ១៨​. តើ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ជា​អ្វី ហើយ​ហេតុ​អ្វី​អ្នក​ត្រូវ​ចាក​ចេញ​ជា​បន្ទាន់​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១៧ តើ​សាសនា​មិន​ពិត​ជា​អ្វី? គឺ​ជា​សាសនា​ណា​ក៏​ដោយ​ដែល​បង្រៀន​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​មួយ​ដែល​ផ្ទុយ​ពី​បណ្ដាំ​របស់​ព្រះ។ គម្ពីរ​ហៅ​សាសនា​មិន​ពិត​ទាំង​អស់​ថា​ជា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ (​ការ​បើក​បង្ហាញ ១៧:៥​) ហេតុ​អ្វី? ពី​ព្រោះ​ក្រោយ​ពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ សេចក្ដី​បង្រៀន​របស់​សាសនា​មិន​ពិត​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ពី​ក្រុង​បាប៊ីឡូន។ ក្រោយ​មក សេចក្ដី​បង្រៀន​មិន​ពិត​ទាំង​នោះ​បាន​ត្រូវ​ផ្សាយ​ទូ​ទាំង​ផែន​ដី។ ជា​ឧទាហរណ៍ មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុង​បាប៊ីឡូន បាន​គោរព​បូជា​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ។ សព្វ​ថ្ងៃ​នេះ​ដែរ សាសនា​ជា​ច្រើន​បង្រៀន​ថា​ព្រះ​គឺ​ជា​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ ប៉ុន្ដែ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​គឺ​ជា​ព្រះ​ពិត ហើយ​លោក​យេស៊ូ​គឺ​ជា​បុត្រ​របស់​ព្រះ។ (​យ៉ូហាន ១៧:៣​) បន្ថែម​ទៅ​ទៀត ពួក​អ្នក​ដែល​រស់​នៅ​ក្រុង​បាប៊ីឡូន​ជឿ​ថា​ផ្នែក​មួយ​នៃ​មនុស្ស​បន្ដ​រស់​នៅ ហើយ​អាច​រង​ទុក្ខ​វេទនា​ក្នុង​ភ្លើង​នរក​ក្រោយ​ពី​ពួក​គេ​ស្លាប់​ទៅ។ ប៉ុន្ដែ នេះ​គឺ​មិន​ពិត​ទេ (​សូម​មើលលេខ​១៤, ១៧ និង១៨​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

១៨ ព្រះ​បាន​ប្រាប់​ទុក​ជា​មុន​ថា មិន​យូរ​ទៀត​សាសនា​មិន​ពិត​ទាំង​អស់​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​ការ​បើក​បង្ហាញ ១៨:៨​) តើ​អ្នក​យល់​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវ​ចាក​ចេញ​ជា​បន្ទាន់​ពី​សាសនា​មិន​ពិត​ឬ​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​មុន​នឹង​ហួស​ពេល។—ការ​បើក​បង្ហាញ ១៨:៤

ពេល​អ្នក​បម្រើ​ព្រះ​យេហូវ៉ាជា​មួយ​នឹង​រាស្ដ្រ​របស់​លោក អ្នក​នឹង​ក្លាយ​ទៅ​ជា​សមាជិកនៃ​ក្រុម​គ្រួសារ​ពិភព​លោក

១៩​. ពេល​អ្នក​សម្រេច​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា តើ​លោក​នឹង​ថែ​រក្សា​អ្នក​យ៉ាង​ដូច​ម្ដេច?

១៩ ពេល​អ្នក​សម្រេច​ចិត្ដ​ចាក​ចេញ​ពី​សាសនា​មិន​ពិត​ហើយ​បម្រើ​ព្រះ​យេហូវ៉ា មិត្ដ​ភក្ដិ​ឬ​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​អ្នក ប្រហែល​ជា​មិន​យល់​អំពី​ការ​សម្រេច​ចិត្ដ​របស់​អ្នក​ឡើយ។ ពួក​គេ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជួប​ទុក្ខ​លំបាក​ទៀត​ផង។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​អ្នក​ឡើយ។ អ្នក​នឹង​ទៅ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​ពិភព​លោក​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ។ ម្យ៉ាង​ទៀត អ្នក​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ (​ម៉ាកុស ១០:២៨​-​៣០​) ប្រហែល​ជា​ក្រោយ​មក មិត្ដ​ភក្ដិ​និង​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដែល​បាន​ប្រឆាំង​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា នឹង​សម្រេច​ចិត្ដ​សិក្សា​គម្ពីរ​ដែរ។

២០​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ?

២០ មិន​យូរ​ទៀត ព្រះ​នឹង​បំផ្លាញ​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​រាជាណាចក្រ​របស់​លោក​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី។ (​ពេត្រុស​ទី២ ៣:៩, ១៣​) គ្រា​នោះ​នឹង​ទៅ​ជា​គ្រា​ដ៏​អស្ចារ្យ​ណាស់! មនុស្ស​ទាំង​អស់​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ។ ហេតុ​នេះ គឺ​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ចាត់​វិធានការ​នៅ​ឥឡូវ​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ