លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៦

ចូរ​សម្រេច​ចិត្ដ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ

ចូរ​សម្រេច​ចិត្ដ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ

១, ២​. តើ​អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​អ្វី ហើយ​ហេតុ​អ្វី​សំណួរ​នេះ​សំខាន់?

តាម​រយៈ​ការ​សិក្សា​គម្ពីរ អ្នក​បាន​រៀន​ថា​មនុស្ស​ជា​ច្រើន​អះអាង​ថា​ពួក​គេ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ តែ​តាម​ពិត​អ្វី​ដែល​ពួក​គេ​បង្រៀន​និង​ប្រព្រឹត្ដ គឺ​ជា​អ្វី​ដែល​ព្រះ​ស្អប់ខ្ពើម។ (​កូរិនថូស​ទី២ ៦:១៧​) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​បង្គាប់​យើង​ឲ្យ​ចេញ​ពី​សាសនា​មិន​ពិត​ដែល​ជា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ (​ការ​បើក​បង្ហាញ ១៨:២,​) តើ​អ្នក​នឹង​ធ្វើ​តាម​បង្គាប់​នេះ​ឬ​ទេ? យើង​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង ហើយ​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចង់​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ដែល​លោក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ឬ​ក៏​តាម​របៀប​ដែល​ខ្ញុំ​តែង​តែ​ធ្វើ​វិញ?›។

បើ​អ្នក​បាន​ចាក​ចេញ ឬ​លុប​ឈ្មោះ​ពី​សាសនា​មិន​ពិត​ហើយ នោះ​គឺ​ជា​ការ​ល្អ​ណាស់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្នុង​ចិត្ដ​របស់​អ្នក​ប្រហែល​ជា​នៅ​តែ​មាន​ទំនៀម​ទម្លាប់​និង​ការ​ប្រព្រឹត្ដ​ខ្លះ​ដែល​មក​ពី​សាសនា​មិន​ពិត។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ការ​ប្រព្រឹត្ដ​និង​ទំនៀម​ទម្លាប់​ទាំង​នោះ។ យើង​ក៏​ពិចារណា​ដែរ​អំពី​មូលហេតុ​សំខាន់​ដែល​យើង​ត្រូវ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នោះ។

ការ​គោរព​បូជា​រូប​ព្រះ​និង​ដូន​តា

៣​. (​ក​) ហេតុ​អ្វី​មនុស្ស​ខ្លះ​ប្រហែល​ជា​ពិបាក​ឈប់​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ? (​ខ​) តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍?

អស់​ជា​ច្រើន​ឆ្នាំ មនុស្ស​ខ្លះ​ប្រើ​រូប​ព្រះ​និង​កន្លែង​សម្រាប់​ធ្វើ​សក្ការបូជា ឬ​អាសនៈ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។ តើ​អ្នក​មាន​របស់​ទាំង​នោះ​ឬ​ទេ? បើ​ដូច្នេះ​មែន អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា គឺ​ជា​ការ​ចម្លែក​ឬ​មិន​ត្រឹម​ត្រូវ​ទេ បើ​គ្មាន​របស់​ទាំង​នោះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្ដែ​សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​របៀប​គោរព​ប្រណិប័តន៍​លោក ហើយ​គម្ពីរ​ក៏​បាន​ប្រាប់​យ៉ាង​ច្បាស់​ដែរ​ថា ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​ឡើយ។—សូម​អាន និក្ខមនំ ២០:៤, ៥; ទំនុក​តម្កើង ១១៥:៤​-​៨; អេសាយ ៤២:៨; យ៉ូហាន​ទី១ ៥:២១

៤​. (​ក​) ហេតុ​អ្វី​យើង​មិន​គួរ​គោរព​បូជា​ដូន​តា? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រាប់​រាស្ដ្រ​របស់​លោក​កុំ​ឲ្យ​ព្យាយាម​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ស្លាប់?

មនុស្ស​ខ្លះ​ប្រហែល​ជា​ខំ​ប្រឹង​ចំណាយ​ពេល​វេលា​និង​កម្លាំង​យ៉ាង​ច្រើន ដើម្បី​ផ្គាប់​ចិត្ដ​ដូន​តា​របស់​ពួក​គេ​ដែល​បាន​ស្លាប់​ទៅ។ ជួន​កាល​ពួក​គេ​ថែម​ទាំង​គោរព​បូជា​ដូន​តា​ទៀត​ផង។ ប៉ុន្ដែ យើង​បាន​រៀន​ហើយ​ថា​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ មិន​អាច​ជួយ​ឬ​ធ្វើ​បាប​យើង​បាន​ឡើយ។ ក្រោយ​ពី​ពួក​គេ​ស្លាប់ ពួក​គេ​មិន​រស់​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ទេ។ តាម​ពិត ការ​ខំ​ព្យាយាម​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ស្លាប់​គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ពី​ព្រោះ​ព័ត៌មាន​ណា​ដែល​ហាក់​ដូច​ជា​មក​ពី​មនុស្ស​ស្លាប់ គឺ​មក​ពី​ពួក​វិញ្ញាណ​កំណាច​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​កុំ​ឲ្យ​ព្យាយាម​ទាក់​ទង​នឹង​មនុស្ស​ស្លាប់ ឬ​ចូល​រួម​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច (​សូម​មើលលេខ​២៦និង៣១​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—ចោទិយកថា ១៨:១០​-​១២

៥​. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ឈប់​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ឬ​ឈប់​គោរព​បូជា​ដូន​តា?

តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ឈប់​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ឬ​ឈប់​គោរព​បូជា​ដូន​តា? អ្នក​ត្រូវ​អាន​គម្ពីរ ហើយ​រំពឹង​គិត​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នោះ។ លោក​ចាត់​ទុក​របស់​ទាំង​នោះ​ថា​«​ជា​ទី​ស្អប់ខ្ពើម​»។ (​ចោទិយកថា ២៧:១៥​) សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ ដើម្បី​សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ដូច​លោក និង​ឲ្យ​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ចង់​ឲ្យ​អ្នក​ធ្វើ។ (​អេសាយ ៥៥:៩​) អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​អ្នក​មាន​កម្លាំង​ដែល​អ្នក​ត្រូវ​ការ ដើម្បី​អ្នក​អាច​លះ​ចោល​នូវ​អ្វី​ណា​ក៏​ដោយ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។

តើ​យើង​គួរ​ធ្វើ​បុណ្យ​ណូអែល​ឬ​ទេ?

៦​. ហេតុ​អ្វី​បាន​ជា​គេ​ជ្រើស​រើស​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ធ្វើ​ជា​ថ្ងៃ​ខួប​កំណើត​លោក​យេស៊ូ?

នៅ​ទូ​ទាំង​ពិភព​លោក បុណ្យ​ណូអែល​គឺ​ជា​បុណ្យ​មួយ​ដែល​គេ​ពេញ​និយម​បំផុត។ មនុស្ស​ភាគ​ច្រើន​គិត​ថា​នោះ​គឺ​ជា​បុណ្យ​សម្រាប់​រំលឹក​ថ្ងៃ​កំណើត​របស់​លោក​យេស៊ូ។ ក៏​ប៉ុន្ដែ តាម​ពិត​បុណ្យ​ណូអែល​គឺ​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ សព្វវចនាធិប្បាយ​មួយ​ពន្យល់​ថា​ជន​ជាតិ​រ៉ូម​ដែល​មិន​កាន់​គ្រិស្ដ​សាសនា​បាន​ធ្វើ​បុណ្យ​ខួប​កំណើត​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ ពួក​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ដ​សាសនា​ចង់​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​មិន​កាន់​គ្រិស្ដ​សាសនា ក្លាយ​ទៅ​ជា​អ្នក​កាន់​គ្រិស្ដ​សាសនា​វិញ។ ដូច្នេះ ទោះ​ជា​លោក​យេស៊ូ​មិន​បាន​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ក៏​ដោយ ក៏​ពួក​គេ​សម្រេច​ចិត្ដ​ធ្វើ​បុណ្យ​ខួប​កំណើត​លោក​យេស៊ូ​នៅ​ថ្ងៃ​នោះ​ដែរ។ (​លូកា ២:៨​-​១២​) ប៉ុន្ដែ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​ធ្វើ​បុណ្យ​ណូអែល​ទេ។ សៀវភៅ​មួយ​ពន្យល់​ថា ក្នុង​រយៈ​ពេល​២០០​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត​មក ​«​គ្មាន​អ្នក​ណា​ដឹង និង​មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ថា​លោក​បាន​កើត​មក​នៅ​ថ្ងៃ​ណា​ខែ​ណា​នោះ​ឡើយ​»​ (​Sacred Origins of Profound Things​)។ អស់​រាប់​រយ​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​លែង​នៅ​ផែន​ដី មនុស្ស​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​ណូអែល។

៧​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ពិត​មិន​ធ្វើ​បុណ្យ​ណូអែល?

៧​មនុស្ស​ជា​ច្រើន​ដឹង​ថា​បុណ្យ​ណូអែល​មាន​ដើម​កំណើត​មក​ពី​អ្នក​មិន​កាន់​គ្រិស្ដ​សាសនា។ ទំនៀម​ទម្លាប់​ក្នុង​បុណ្យ​នោះ​រួម​មាន​ពិធី​ជប់​លៀង​និង​ការ​ឲ្យ​អំណោយ​គ្នា​ជា​ដើម។ ជា​ឧទាហរណ៍ កាល​ពី​មុន​នៅ​ប្រទេស​អង់គ្លេស​និង​តំបន់​ខ្លះ​ក្នុង​ប្រទេស​អាម៉េរិក​បាន​ហាម​ធ្វើ​បុណ្យ​ណូអែល ពី​ព្រោះ​បុណ្យ​នោះ​មាន​ដើម​កំណើត​មក​ពី​ពួក​អ្នក​ដែល​មិន​កាន់​គ្រិស្ដ​សាសនា។ អ្នក​ណា​ដែល​ធ្វើ​បុណ្យ​នោះ​នឹង​ត្រូវ​ដាក់​ទោស។ យ៉ាង​ណា​ក្ដី នៅ​ទី​បំផុត​មនុស្ស​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​ណូអែល​ម្ដង​ទៀត។ ហេតុ​អ្វី​បាន​ជា​គ្រិស្ដ​សាសនិក​ពិត​មិន​ធ្វើ​បុណ្យ​ណូអែល? ដោយ​សារ​ពួក​គេ​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​ពេញ​ចិត្ដ។

តើ​យើង​គួរ​ធ្វើ​បុណ្យ​ខួប​កំណើត​ឬ​ទេ?

៨, ៩​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​មិន​ធ្វើ​បុណ្យ​ខួប​កំណើត?

បុណ្យ​មួយ​ទៀត​ដែល​មនុស្ស​ជា​ច្រើន​ពេញ​និយម គឺ​បុណ្យ​ខួប​កំណើត។ តើ​គ្រិស្ដ​សាសនិក​គួរ​ធ្វើ​បុណ្យ​ខួប​កំណើត​ឬ​ទេ? បុណ្យ​ខួប​កំណើត​ដែល​គម្ពីរ​បាន​រៀប​រាប់ គឺ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​លោកុប្បត្ដិ ៤០:២០; ម៉ាកុស ៦:២១​) ម្យ៉ាង​ទៀត បុណ្យ​ខួប​កំណើត​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បីលើក​តម្កើង​ព្រះ​មិន​ពិត។ នេះ​ជា​មូលហេតុ​ដែល​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​«​បាន​ចាត់​ទុក​ថា​ការ​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​មនុស្ស​ណា​ម្នាក់ ជា​ទំនៀម​ទម្លាប់​របស់​អ្នក​ដែល​មិន​ជឿ​គ្រិស្ដ​សាសនា​»​ (​The World Book Encyclopedia​)។

នៅ​សម័យ​បុរាណ​ជន​ជាតិ​រ៉ូម​និង​ជន​ជាតិ​ក្រិច​ជឿ​ថា មាន​វិញ្ញាណ​មួយ​រូប​មាន​វត្ដមាន​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​កើត​មក ហើយ​ថា​វិញ្ញាណ​នេះ​នឹង​ការពារ​អ្នក​នោះ​អស់​មួយ​ជីវិត។ សៀវភៅ​មួយ​ប្រាប់​ថា​៖ ​«​វិញ្ញាណ​នោះ​មាន​ទំនាក់​ទំនង​អាថ៌​កំបាំង​ជា​មួយ​នឹង​ព្រះ​ណា​ដែល​មាន​ខួប​កំណើត​នៅ​ចំ​ថ្ងៃ​ដែល​មនុស្ស​ម្នាក់​ៗ​កើត​មក​»​ (​The Lore of Birthdays​)។

១០​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​មិន​គួរ​ធ្វើ​បុណ្យ​ខួប​កំណើត?

១០ តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​បុណ្យ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ឬ? (​អេសាយ ៦៥:១១, ១២​) លោក​មិន​ពេញ​ចិត្ដ​ទេ។ នេះ​ជា​មូលហេតុ​ដែល​យើង​មិន​ធ្វើ​បុណ្យ​ខួប​កំណើត ឬ​បុណ្យ​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត។

តើ​នេះ​ពិត​ជា​សំខាន់​ឬ​ទេ?

១១​. ហេតុ​អ្វី​មនុស្ស​ខ្លះ​ធ្វើ​បុណ្យ​ផ្សេង​ៗ​? តើ​អ្វី​គួរ​សំខាន់​បំផុត​ចំពោះ​អ្នក?

១១ មនុស្ស​ខ្លះ​ទទួល​ស្គាល់​ថា​បុណ្យ​ណូអែល​និង​បុណ្យ​ផ្សេង​ទៀត​មាន​ដើម​កំណើត​មក​ពី​អ្នក​មិន​កាន់​គ្រិស្ដ​សាសនា ប៉ុន្ដែ​ពួក​គេ​នៅ​តែ​បន្ដ​ធ្វើ​បុណ្យ​ទាំង​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ថា​បុណ្យ​ទាំង​នោះ​គឺ​ជា​ឱកាស​ល្អ​ឲ្យ​ពួក​គេ​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​គ្រួសារ។ តើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ឬ? តាម​ពិត​គឺ​មិន​ខុស​ទេ​ដែល​អ្នក​ចង់​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​អ្នក ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ ដូច្នេះ​លោក​ចង់​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង។ (​អេភេសូរ ៣:១៤, ១៥​) យ៉ាង​ណា​មិញ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​មាន​ចំណង​មិត្ដភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​ជាង​ធ្វើ​ឲ្យ​សាច់​ញាតិ​ពេញ​ចិត្ដ ដោយ​ចូល​រួម​ធ្វើ​បុណ្យ​សាសនា​មិន​ពិត។ ហេតុ​នេះ សាវ័ក​ប៉ូល​និយាយ​ថា​៖ ​«​ចូរ​ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ដ​»។—អេភេសូរ ៥:១០

១២​. តើ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​បុណ្យ​បែប​ណា?

១២ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ដើម​កំណើត​នៃ​បុណ្យ​ណា​មួយ​គឺ​មិន​សំខាន់​ទេ។ ប៉ុន្ដែ ចំពោះ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ណាស់។ លោក​មិន​ពេញ​ចិត្ដ​នឹង​បុណ្យ​ដែល​មាន​ដើម​កំណើត​មក​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត ឬ​ដែល​លើក​តម្កើង​មនុស្ស ឬ​និមិត្ដរូប​ជាតិ​ឡើយ។ ជា​ឧទាហរណ៍ ជន​ជាតិ​អេស៊ីប​មាន​បុណ្យ​ជា​ច្រើន​សម្រាប់​បណ្ដា​ព្រះ​មិន​ពិត​របស់​ពួក​គេ។ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ធ្វើ​តាម​បុណ្យ​មួយ​របស់​ជន​ជាតិ​អេស៊ីប ហើយ​ដាក់​ឈ្មោះ​ថា​«​បុណ្យ​ថ្វាយ​ព្រះ​យេហូវ៉ា​»។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ពួក​គេ​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​បុណ្យ​នោះ។ (​និក្ខមនំ ៣២:២​-​១០​) ដូច​អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​ប្រាប់​យើង​ថា​៖ ​«​កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ​»។—សូម​អាន អេសាយ ៥២:១១

ចូរ​មាន​ចិត្ដ​សប្បុរស​ពេល​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក

១៣​. ពេល​ដែល​អ្នក​សម្រេច​ចិត្ដ​ឈប់​ធ្វើ​បុណ្យ​ផ្សេង​ៗ តើ​អ្នក​ប្រហែល​ជា​មាន​ចម្ងល់​អ្វី​ខ្លះ?

១៣ ពេល​អ្នក​សម្រេច​ចិត្ដ​ឈប់​ធ្វើ​បុណ្យ​ផ្សេង​ៗ អ្នក​ប្រហែល​ជា​មាន​ចម្ងល់​ជា​ច្រើន។ ជា​ឧទាហរណ៍ អ្នក​ឆ្ងល់​ថា តើ​ខ្ញុំ​គួរ​និយាយ​យ៉ាង​ណា​បើ​អ្នក​រួម​ការ​ងារ​សួរ​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​មិន​ធ្វើ​បុណ្យ​ណូអែល​ជា​មួយ​នឹង​ពួក​គេ? តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បើ​អ្នក​ណា​ម្នាក់​ឲ្យ​អំណោយ​បុណ្យ​ណូអែល​ដល់​ខ្ញុំ? តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​បើ​គូ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បុណ្យ​ណា​មួយ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ជួយ​កូន​ខ្ញុំ​កុំ​ឲ្យ​មាន​អារម្មណ៍​ក្រៀម​ក្រំ​ដោយ​សារ​តែ​មិន​បាន​ធ្វើ​បុណ្យ​ខួប​កំណើត​ឬ​បុណ្យ​ផ្សេង​ទៀត?

១៤, ១៥​. តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​បើ​អ្នក​ណា​ម្នាក់​ជូន​ពរ​អ្នក ឬ​ជូន​អំណោយ​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​បុណ្យ?

១៤ ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​គិត​ពិចារណា​ដើម្បី​អ្នក​អាច​ដឹង​អំពី​របៀប​ដែល​អ្នក​គួរ​និយាយ​និង​គួរ​ធ្វើ​ក្នុង​ករណី​នីមួយ​ៗ។ ជា​ឧទាហរណ៍ បើ​មាន​គេ​ជូន​ពរ​អ្នក​នៅ​ថ្ងៃ​បុណ្យ អ្នក​មិន​ចាំ​បាច់​ធ្វើ​មិន​ឮ​នោះ​ទេ តែ​អ្នក​អាច​បង្ហាញ​ការ​គួរ​សម​ដោយ​និយាយ​ថា​៖ ​«​អរគុណ​»។ ចុះ​បើ​អ្នក​ណា​ម្នាក់​ចង់​ដឹង​អំពី​មូលហេតុ​ដែល​អ្នក​មិន​ចូល​រួម​ធ្វើ​បុណ្យ​ណា​មួយ? អ្នក​អាច​សម្រេច​ចិត្ដ​ពន្យល់​គាត់​អំពី​មូលហេតុ​នោះ។ ទោះជា​យ៉ាង​ណា​ក្ដី សូម​និយាយ​ដោយ​គោរព ដោយ​មិន​ធ្វើ​ឲ្យ​គេ​អន់​ចិត្ដ និង​ដោយ​សប្បុរស​ជា​និច្ច។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ​»។ (​កូឡុស ៤:៦​) ប្រហែល​ជា​អ្នក​អាច​ពន្យល់​គាត់​ថា​អ្នក​ចូល​ចិត្ដ​ចំណាយ​ពេល​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ហើយ​ជូន​អំណោយ​គ្នា តែ​អ្នក​ចង់​ធ្វើ​ដូច្នោះ​នៅ​ពេល​ផ្សេង​ទៀត​ដែល​មិន​ចំ​ថ្ងៃ​បុណ្យ​ទាំង​នោះ។

១៥ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​បើ​អ្នក​ណា​ម្នាក់​ជូន​អំណោយ​ដល់​អ្នក? គម្ពីរ​មិន​មាន​ច្បាប់​ចែង​ក្នុង​គ្រប់​ករណី​នោះ​ទេ តែ​គម្ពីរ​ចែង​ថា​យើង​គួរ​រក្សា​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ (​ធីម៉ូថេ​ទី១ ១:១៨, ១៩​) ប្រហែល​ជា​បុគ្គល​ម្នាក់​ឲ្យ​អំណោយ​ដល់​អ្នក ដោយ​សារ​គាត់​មិន​បាន​ដឹង​ថា​អ្នក​មិន​ធ្វើ​បុណ្យ​នោះ​ឡើយ។ ឬ​មួយ​គាត់​ប្រហែល​ជា​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​មិន​ធ្វើ​បុណ្យ​ទេ តែ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​អំណោយ​នេះ​ដល់​អ្នក​»។ ក្នុង​ករណី​ទាំង​ពីរ​នេះ អ្នក​អាច​សម្រេច​ចិត្ដ​ថា​ព្រម​ទទួល​ឬ​មិន​ព្រម​ទទួល​អំណោយ​នោះ។ ក៏​ប៉ុន្ដែ ទោះ​ជា​អ្នក​សម្រេច​ចិត្ដ​បែប​ណា​ក៏​ដោយ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​រក្សា​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ យើង​មិន​ចង់​ធ្វើ​អ្វី​ណា​មួយ​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើយ។

អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក

អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា មាន​ចិត្ដ​សប្បាយ​រីក​រាយ

១៦​. តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​ក្រុម​គ្រួសារ​ចង់​ធ្វើ​បុណ្យ​ផ្សេង​ៗ​?

១៦ តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​ក្រុម​គ្រួសារ​អ្នក​ចង់​ធ្វើ​បុណ្យ​ណា​មួយ? អ្នក​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​ពួក​គាត់​ទេ។ សូម​ចាំ​ថា ពួក​គាត់​មាន​សិទ្ធិ​សម្រេច​ចិត្ដ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ពួក​គាត់​ចង់​ធ្វើ។ ចូរ​មាន​ចិត្ដ​សប្បុរស​និង​ចេះ​គោរព​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​ពួក​គាត់ ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គាត់​គោរព​ការ​សម្រេច​ចិត្ដ​របស់​អ្នក​ដែរ។ (​សូម​អាន ម៉ាថាយ ៧:១២) ប៉ុន្ដែ បើ​ក្រុម​គ្រួសារ​របស់​អ្នក​ចង់​ឲ្យ​អ្នក​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គាត់​ក្នុង​ពេល​មាន​បុណ្យ​ទាន តើ​អ្នក​គួរ​ធ្វើ​អ្វី? មុន​ដែល​អ្នក​សម្រេច​ចិត្ដ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​លោក​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ។ សូម​ចេះ​គិត​ពិចារណា​អំពី​ស្ថានភាព ហើយ​ស្វែង​យល់​ឲ្យ​ដឹង​អំពី​បុណ្យ​នោះ។ សូម​ចាំ​ថា អ្នក​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​អ្នក​ជា​និច្ច។

១៧​. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​កូន​មិន​ឲ្យ​មាន​អារម្មណ៍​ថា​ពួក​គេ​ខាន​សប្បាយ ពេល​ដែល​ពួក​គេ​ឃើញ​អ្នក​ឯ​ទៀត​ធ្វើ​បុណ្យ​ផ្សេង​ៗ​?

១៧ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​កូន​របស់​អ្នក​ពេល​ដែល​ពួក​គេ​ឃើញ​អ្នក​ឯ​ទៀត​ធ្វើ​បុណ្យ​ផ្សេង​ៗ​? ម្ដង​ម្កាល​អ្នក​អាច​រៀប​ចំ​អ្វី​ដែល​ពិសេស​សម្រាប់​ពួក​គេ។ អ្នក​ក៏​អាច​ឲ្យ​អំណោយ​ដែល​កូន​មិន​ដឹង​ទុក​ជា​មុន។ ប៉ុន្ដែ អំណោយ​មួយ​ដែល​ល្អ​បំផុត​សម្រាប់​កូន គឺ​ជា​ពេល​វេលា​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក។

ចូរ​ធ្វើ​តាម​ការ​គោរព​ប្រណិប័តន៍​ពិត

១៨​. ហេតុ​អ្វី​យើង​គួរ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក?

១៨ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ យើង​ត្រូវ​បោះ​បង់​ចោល​សាសនា​មិន​ពិត។ នេះ​រួម​បញ្ចូល​ទំនៀម​ទម្លាប់​និង​បុណ្យ​ផ្សេង​ៗ​ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត។ ប៉ុន្ដែ យើង​ក៏​ត្រូវ​ធ្វើ​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​ដែរ។ តើ​តាម​របៀប​ណា? វិធី​មួយ​គឺ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក​ជា​ទៀង​ទាត់(​សូម​អាន ហេប្រឺ ១០:២៤, ២៥) កិច្ច​ប្រជុំ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ណាស់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ទំនុក​តម្កើង ២២:២២; ១២២:១​) យើង​អាច​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ។—រ៉ូម ១:១២

១៩​. ហេតុ​អ្វី​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​អ្នក​បាន​រៀន​គឺ​សំខាន់​ម៉្លេះ?

១៩ ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​ដែល​បង្ហាញ​ថា​អ្នក​សម្រេច​ចិត្ដ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត គឺ​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គម្ពីរ។ មនុស្ស​ជា​ច្រើន​តាន​តឹង​ចិត្ដ ដោយ​សារ​តែ​មាន​អំពើ​អាក្រក់​ផ្សេង​ៗ​មិន​ចេះ​ចប់។ អ្នក​ប្រហែល​ជា​ស្គាល់​មនុស្ស​ខ្លះ​ដែល​មាន​អារម្មណ៍​ដូច​នេះ។ សូម​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​អ្នក​អំពី​អនាគត។ កាល​ដែល​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ នោះ​អ្នក​នឹង​ឃើញ​ថា​អ្នក​លែង​ចង់​ធ្វើ​បុណ្យ ឬ​ទំនៀម​ទម្លាប់​ណា​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ទៀត។ អ្នក​អាច​ប្រាកដ​ថា​អ្នក​នឹង​សប្បាយ​រីក​រាយ ហើយ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ជា​ច្រើន​ដល់​ការ​ខំ​ព្យាយាម​របស់​អ្នក ដោយ​សារ​អ្នក​បាន​សម្រេច​ចិត្ដ​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ត្រឹម​ត្រូវ។—ម៉ាឡាគី ៣:១០