លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៩

ចូរ​នៅ​ជិត​ព្រះ​យេហូវ៉ា

ចូរ​នៅ​ជិត​ព្រះ​យេហូវ៉ា

១, ២​. នៅ​សព្វ​ថ្ងៃ​នេះ តើ​ខ្ញុំ​អាច​ទទួល​ការ​ការពារ​យ៉ាង​ដូច​ម្ដេច​បាន?

សូម​ស្រមៃ​គិត​ថា នៅ​ថ្ងៃ​មួយ​អ្នក​កំពុង​ដើរ​តាម​ផ្លូវ ស្រាប់​តែ​ឃើញ​ពពក​ឡើង​ខ្មៅ ផ្លេក​បន្ទោរ​ភ្លឺ​ភ្លែត ឮ​ផ្គរ​លាន់​រំពង។ មិន​យូរ​ប៉ុន្មាន ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​យ៉ាង​ខ្លាំង​ដូច​ជា​គេ​ហែក​មេឃ។ អ្នក​រត់​ត្របាញ់​ជើង​ខំ​រក​កន្លែង​ជ្រក​ភ្លៀង។ អ្នក​ពិត​ជា​ធូរ​ស្រាល​ក្នុង​ចិត្ដ​ខ្លាំង​ណាស់ ខណៈ​ដែល​អ្នក​ឃើញ​មាន​កន្លែង​មួយ​ដែល​អាច​ជ្រក​ភ្លៀង​បាន​ហើយ​មាន​សុវត្ថិភាព!

នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដែរ។ ស្ថានភាព​ពិភព​លោក​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ ម៉្លោះ​ហើយ​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​ទទួល​ការ​ការពារ​យ៉ាង​ដូច​ម្ដេច​បាន?›។ ក្នុង​គម្ពីរ​អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះ​យេហូវ៉ា​ថា ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុក​ចិត្ដ​នឹង​ទ្រង់​»។ (​ទំនុក​តម្កើង ៩១:២​) ពិត​មែន ព្រះ​យេហូវ៉ា​អាច​ជា​ទី​ពឹង​ឬ​អាច​ការពារ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ ហើយ​លោក​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​អនាគត​ផង​ដែរ។

៣​. តើ​តាម​របៀប​ណា​យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង?

តើ​ព្រះ​យេហូវ៉ា​អាច​ការពារ​យើង​យ៉ាង​ដូច​ម្ដេច? លោក​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ហើយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​មាន។ ម្យ៉ាង​ទៀត លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​បុគ្គល​ណា​ទាំង​អស់​ដែល​ប្រហែល​ជា​ព្យាយាម​ធ្វើ​បាប​យើង។ ទោះ​បី​នៅ​សព្វ​ថ្ងៃ​នេះ​យើង​រង​ទុក្ខ​លំបាក​ក្ដី យើង​អាច​ជឿ​ប្រាកដ​ថា​នៅ​អនាគត​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ស្លាកស្នាម​ផ្លូវ​ចិត្ដ​និង​ផល​វិបាក​ដែល​មក​ពី​ទុក្ខ​លំបាក​នោះ។ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ថា​៖ ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»។ (​យូដាស ២១​) យើង​ត្រូវ​នៅ​ជិត​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​លោក​ជួយ​យើង​ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នេះ។ ប៉ុន្ដែ តើ​យើង​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ប្រព្រឹត្ដ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

៤, ៥​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​តាម​របៀប​ណា​ខ្លះ?

ដើម្បី​នៅ​ជិត​ព្រះ​យេហូវ៉ា យើង​ត្រូវ​យល់​អំពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង។ សូម​គិត​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង។ ជា​ឧទាហរណ៍ លោក​ផ្ដល់​ឲ្យ​យើង​នូវ​ផែន​ដី​ដ៏​សែន​ស្អាត ដែល​ពោរ​ពេញ​ទៅ​ដោយ​សត្វ​និង​រុក្ខជាតិ​ដ៏​គួរ​ឲ្យ​ពេច​ពិល​រមិល​មើល។ បន្ថែម​ទៅ​ទៀត លោក​ផ្ដល់​ឲ្យ​យើង​នូវ​ទឹក​ដែល​មាន​ផាសុកភាព​និង​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។ ម្យ៉ាង​ទៀត តាម​រយៈ​គម្ពីរ ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​នាម​និង​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក។ សំខាន់​បំផុត លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង ពេល​លោក​បាន​ចាត់​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​ឲ្យ​មក​ផែន​ដី​ដើម្បី​លះ​បង់​ជីវិត​សម្រាប់​យើង​ទាំង​អស់​គ្នា។ (​យ៉ូហាន ៣:១៦​) ដោយ​សារ​គ្រឿង​បូជា​លោះ​នោះ យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​អនាគត។

ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ក៏​បាន​រៀប​ចំ​រាជាណាចក្រ​មេស្ស៊ី​ដែល​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​សម្រាប់​យើង​ផង​ដែរ។ មិន​យូរ​ទៀត​រាជាណាចក្រ​នោះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ជា​សួន​ឧទ្យាន។ នៅ​ពេល​នោះ មនុស្ស​គ្រប់​រូប​នឹង​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ​សាន្ដ​និង​សុភមង្គល​ជា​រៀង​រហូត។ (​ទំនុក​តម្កើង ៣៧:២៩​) វិធី​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង គឺ​ដោយ​បង្រៀន​យើង​អំពី​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​សម្រាប់​គ្រា​ឥឡូវ​នេះ។ បន្ថែម​ទៀត លោក​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​លោក ហើយ​លោក​ប្រុង​ប្រៀប​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ជា​និច្ច។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​ស្រឡាញ់​យើង​ទាំង​អស់​គ្នា។

៦​. តើ​យើង​គួរ​ប្រព្រឹត្ដ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

តើ​យើង​គួរ​ប្រព្រឹត្ដ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? សូម​បង្ហាញ​លោក​ថា​អ្នក​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក។ ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​គ្មាន​ចិត្ដ​ដឹង​គុណ​ឡើយ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ក៏​ធ្លាប់​ជួប​មនុស្ស​រមិល​គុណ​ដែរ។ នៅ​ពេល​មួយ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​កើត​ឃ្លង់​១០​នាក់​ជា​សះ​ស្បើយ ប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បានអរគុណ​លោក។ (​លូកា ១៧:១២​-​១៧​) យើង​ច្បាស់​ជា​ចង់​ធ្វើ​ដូច​បុរស​ដែល​បាន​អរគុណ​លោក​យេស៊ូ។ យើង​ពិត​ជា​ចង់​អរគុណ​ព្រះ​យេហូវ៉ា​ជា​និច្ច។

៧​. តើ​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ដល់​កម្រិត​ណា?

ម្យ៉ាង​ទៀត យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ដ អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត។ (​សូម​អាន ម៉ាថាយ ២២:៣៧) តើ​នោះ​មាន​ន័យ​យ៉ាង​ណា?

៨, ៩​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​លោក?

បើ​យើង​គ្រាន់​តែ​និយាយ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា តើ​គ្រប់​គ្រាន់​ឬ​ទេ? មិន​គ្រប់​គ្រាន់​ទេ។ បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ដ អស់​ពី​ព្រលឹង និង​អស់​ពី​សមត្ថភាព​រិះ​គិត នោះ​យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​តាម​រយៈ​ការ​ប្រព្រឹត្ដ។ (​ម៉ាថាយ ៧:១៦​-​២០​) គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​នឹង​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក។ តើ​ការ​ធ្វើ​ដូច​នោះ​ពិបាក​ទេ? មិន​ពិបាក​ឡើយ ពី​ព្រោះ‹បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ›។—សូម​អាន យ៉ូហាន​ទី១ ៥:៣

ពេល​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​មាន​សុភមង្គល​និង​មាន​ជីវិត​ដ៏​គាប់​ចិត្ដ។ (​អេសាយ ៤៨:១៧, ១៨​) ប៉ុន្ដែ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា? សូម​យើង​ពិនិត្យ​មើល​រឿង​នេះ។

ចូរ​បន្ដ​នៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា

១០​. ហេតុ​អ្វី​អ្នក​គួរ​បន្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា?

១០ តើ​តាម​របៀប​ណា​អ្នក​អាច​ក្លាយ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា? តាម​រយៈ​ការ​រៀន​គម្ពីរ អ្នក​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ថែម​ទៀត ហើយ​បណ្ដុះ​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក។ ចំណង​មិត្ដភាព​នេះ​ប្រៀប​ដូច​ជា​ភ្នក់​ភ្លើង​ដែល​អ្នក​ចង់​ឲ្យ​នៅ​ឆេះ​រហូត។ ដូច​ជា​ភ្នក់​ភ្លើង​ដែល​ត្រូវ​ការ​ឧស នោះ​អ្នក​ត្រូវ​បន្ដ​រៀន​អំពី​ព្រះ​យេហូវ៉ា​ដើម្បី​រក្សា​ចំណង​មិត្ដភាព​រវាង​អ្នក​និង​លោក​ឲ្យ​កាន់​តែ​រឹង​មាំ។—សុភាសិត ២:១​-​៥

ដូច​ជា​ភ្នក់​ភ្លើង​ដែល​ត្រូវ​ការ​ឧស​ឲ្យ​ឆេះ​ខ្លាំង​ជា​និច្ច នោះ​អ្នក​ក៏​ត្រូវ​រក្សា​សេចក្ដី​ស្រឡាញ់​រវាង​អ្នក និង​ព្រះ​យេហូវ៉ា​ឲ្យ​នៅ​រឹង​មាំ​រហូត​ដែរ

១១​. តើ​តាម​របៀប​ណា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​លើ​ចិត្ដ​របស់​អ្នក?

១១ កាល​ដែល​អ្នក​បន្ដ​រៀន​គម្ពីរ អ្នក​នឹង​រៀន​អំពី​អ្វី​ៗ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងទៅ​លើ​ចិត្ដ​របស់​អ្នក។ សូម​កត់​សម្គាល់​អំពី​អារម្មណ៍​របស់​អ្នក​កាន់​តាម​លោក​យេស៊ូ​ពីរ​នាក់ ក្រោយ​ពី​លោក​បាន​ពន្យល់​ទំនាយ​ក្នុង​គម្ពីរ​ប្រាប់​ពួក​គេ។ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​រំភើប​ចិត្ដ​ជា​ខ្លាំង កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​មក​យើង​តាម​ផ្លូវ ហើយ​កំពុង​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​ឲ្យ​យើង​យល់ មែន​ទេ?​»។—លូកា ២៤:៣២

១២, ១៣​. (​ក​) តើ​អ្វី​អាច​កើត​ឡើង​ដល់​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ? (​ខ​) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​នៅ​រឹង​មាំ?

១២ អ្នក​កាន់​តាម​ទាំង​ពីរ​នាក់​នោះ​បាន​រំភើប​ចិត្ដ​យ៉ាង​ខ្លាំង ក្រោយ​ពី​ពួក​គេ​បាន​យល់​អត្ថន័យ​បទ​គម្ពីរ។ អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​រំភើប​ដូច​ពួក​គេ​ដែរ ក្រោយ​ពី​អ្នក​បាន​ចាប់​ផ្ដើម​យល់​នូវ​អ្វី​ដែល​គម្ពីរ​បង្រៀន។ នេះ​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ហើយ​ស្រឡាញ់​លោក។ អ្នក​មិន​ចង់​ឲ្យ​សេចក្ដី​ស្រឡាញ់​នេះ​រសាយ​ទៅ​ឡើយ។—ម៉ាថាយ ២៤:១២

១៣ ពេល​អ្នក​ក្លាយ​ជា​សម្លាញ់​របស់​ព្រះ អ្នក​ត្រូវ​ខំ​ប្រឹង​រក្សា​ចំណង​មិត្ដភាព​នេះ​ឲ្យ​នៅ​រឹង​មាំ​ជា​និច្ច។ អ្នក​ត្រូវ​បន្ដ​រៀន​អំពី​ព្រះ​និង​លោក​យេស៊ូ ហើយ​រំពឹង​គិត​អំពី​អ្វីដែល​អ្នក​បាន​រៀន​និង​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ដ​តាម​ក្នុង​ជីវិត​របស់​អ្នក។ (​យ៉ូហាន ១៧:៣​) ពេល​អ្នក​អាន​ឬ​សិក្សា​គម្ពីរ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​ព្រះ​យេហូវ៉ា? ហេតុ​អ្វី​ខ្ញុំ​គួរ​ស្រឡាញ់​លោក​ឲ្យ​អស់​ពី​ចិត្ដ​និង​អស់​ពី​ព្រលឹង?›។—ធីម៉ូថេ​ទី១ ៤:១៥

១៤​. តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​បន្ដ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង?

១៤ ពេល​អ្នក​មាន​មិត្ដ​ភក្ដិ​ល្អ អ្នក​នឹង​ប្រស្រ័យ​ទាក់​ទង​គាត់​ជា​ទៀង​ទាត់។ នេះ​នឹង​ជួយ​ឲ្យ​ចំណង​មិត្ដភាព​របស់​អ្នក​និង​គាត់​នៅ​ជិត​ស្និទ្ធ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់ នោះ​ចំណង​មិត្ដភាព​រវាង​យើង​និង​ព្រះ​កាន់​តែ​រឹង​មាំ​ជា​និច្ច។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:១៧) សេចក្ដី​អធិដ្ឋាន​គឺ​ជា​អំណោយ​ដ៏​ពិសេស​ពី​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ យើង​មិន​គួរ​អធិដ្ឋាន​ដោយ​ពោល​ពាក្យ​ដដែល​ៗ​នោះ​ទេ តែ​យើង​គួរ​ជម្រាប​លោក​យ៉ាង​អស់​ពី​ចិត្ដ ហើយ​យើង​គួរ​ខំ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​យើង​អធិដ្ឋាន​សុំ។ (​ទំនុក​តម្កើង ៦២:៨​) បើ​យើង​បន្ដ​សិក្សា​គម្ពីរ ហើយ​អធិដ្ឋាន​ចេញ​ពី​ចិត្ដ នោះ​នឹង​ជួយ​យើង​ឲ្យ​បន្ដ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង។

ចូរ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា

១៥, ១៦​. តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

១៥ បើ​យើង​ចង់​នៅ​ជិត​ព្រះ​យេហូវ៉ា យើង​ក៏​ត្រូវ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង​ដែរ។ ការ​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ។ (​លូកា ១:៧៤​) ម្យ៉ាង​ទៀត នេះ​ជា​ភារកិច្ច​មួយ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​គ្រិស្ដ​សាសនិក​ពិត​ទាំង​អស់។ យើង​ម្នាក់​ៗ​គួរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ តើ​អ្នក​កំពុង​ធ្វើ​កិច្ច​ការ​នេះ​ឬ​ទេ?—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

១៦ សាវ័ក​ប៉ូល​បាន​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​ដ៏​មាន​តម្លៃ​ណាស់។ គាត់​ហៅ​កិច្ច​ការ​នេះ​ថា​ជា​«​ទ្រព្យ​វិសេស​»។ (​កូរិនថូស​ទី២ ៤:៧​) ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន។ នេះ​ជា​របៀប​មួយ​ដែល​អ្នក​អាច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​សម្រាប់​លោក។ (​ហេប្រឺ ៦:១០​) ម្យ៉ាង​ទៀត កិច្ច​ការ​ផ្សព្វផ្សាយ​អាច​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​និង​មនុស្ស​ដែល​ស្តាប់​អ្នក។ ហេតុ​អ្វី? ពី​ព្រោះ​អ្នក​ជួយ​ពួក​គេ​និង​ជួយ​ខ្លួន​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ព្រម​ទាំង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​សូម​អាន កូរិនថូស​ទី១ ១៥:៥៨) តើ​មាន​កិច្ច​ការ​ណា​ផ្សេង​ទៀត​ដែល​អាច​នាំ​ឲ្យ​អ្នក​គាប់​ចិត្ដ​ជាង​នេះ​ឬ​ទេ?

១៧​. ហេតុ​អ្វី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ត្រូវ​ធ្វើ​ឡើង​ជា​បន្ទាន់?

១៧ កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។ យើង​គួរ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ​»​ ហើយ​យើង​គួរ​«​ប្រកាស​ជា​បន្ទាន់​»។ (​ធីម៉ូថេ​ទី២ ៤:២​) មនុស្ស​ត្រូវ​ឮ​អំពី​រាជាណាចក្រ​របស់​ព្រះ។ គម្ពីរ​ចែង​ថា​៖ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ​»​ ហើយ​ទី​បញ្ចប់​«​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ!​»។ (​សេផានា ១:១៤; ហាបាគុក ២:៣​) ពិត​ណាស់​មិន​យូរ​ទៀត​ទេ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​ពិភព​លោក​ដ៏​ទុច្ចរិត​របស់​សាថាន។ មុន​ដែល​លោក​ធ្វើ​ដូច្នេះ មនុស្ស​ត្រូវ​ទទួល​ការ​ព្រមាន​ជា​មុន​សិន ដើម្បី​ពួក​គេ​អាច​សម្រេច​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា

១៨​. ហេតុ​អ្វី​យើង​គួរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​គ្រិស្ដ​សាសនិក​ពិត​ឯ​ទៀត?

១៨ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​គ្រិស្ដ​សាសនិក​ពិត​ឯ​ទៀត។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ដ​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ ប៉ុន្ដែ​ដោយ​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ដូច្នេះ​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។ (​ហេប្រឺ ១០:២៤, ២៥​) យើង​គួរ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់។ កិច្ច​ប្រជុំ​ផ្ដល់​ឱកាស​ឲ្យ​យើង​លើក​ទឹក​ចិត្ដ​គ្នា​និង​ពង្រឹង​ជំនឿ​គ្នា​ទៅ​វិញ​ទៅ​មក។

១៩​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ?

១៩ ពេល​អ្នក​ចូល​រួម​កិច្ច​ប្រជុំ អ្នក​នឹង​រក​ឃើញ​មិត្ដ​ភក្ដិ​ល្អ​ដែល​ជួយ​អ្នក​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ អ្នក​នឹង​ជួប​បង​ប្អូន​ជា​ច្រើន​ដែល​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ដូច​អ្នក​ដែរ។ ពួក​គាត់​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស​ដូច​អ្នក​ដែរ។ ពេល​ពួក​គាត់​ធ្វើ​ខុស សូម​ចេះ​អភ័យ​ទោស​ឲ្យ​ពួក​គាត់។ (​សូម​អាន កូឡុស ៣:១៣) សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អ​របស់​បង​ប្អូន​រួម​ជំនឿ​ជា​និច្ច។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ស្រឡាញ់​ពួក​គាត់​ហើយ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។

ជីវិត​ដ៏​ពិត​ប្រាកដ

២០, ២១​. តើ​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ជា​ជីវិត​បែប​ណា?

២០ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ដ​សម្លាញ់​ទាំង​អស់​របស់​លោក​មាន​ជីវិត​ដ៏​ល្អ​បំផុត។ គម្ពីរ​បង្រៀន​យើង​ថា​ជីវិត​របស់​យើង​នៅ​អនាគត​នឹង​ខុស​គ្នា​ស្រឡះ​ពី​ជីវិត​នៅ​សព្វ​ថ្ងៃ​នេះ។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ទទួល​«​ជីវិត​ដ៏​ពិត​ប្រាកដ​»។ តើ​អ្នក​នឹង​ខំ​ឲ្យ​បាន​ជីវិត​បែប​នោះ​ឬ​ទេ?

២១ នៅ​អនាគត យើង​នឹង​រស់​ជា​រៀង​រហូត មិន​គ្រាន់​តែ​រស់​ត្រឹម​អាយុ​៧០​ឆ្នាំ​ឬ​៨០​ឆ្នាំ​ប៉ុណ្ណោះ​ទេ។ យើង​នឹង​មាន​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ មាន​សុខភាព​ល្អ​ឥត​ខ្ចោះ មាន​សេចក្ដី​សុខ​សាន្ដ និង​សប្បាយ​រីក​រាយ​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ នេះ​ជា​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«​ជីវិត​ដ៏​ពិត​ប្រាកដ​»។ ព្រះ​យេហូវ៉ា​សន្យា​ផ្ដល់​ឲ្យ​យើង​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​នេះ ប៉ុន្ដែ​យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​នៅ​ឥឡូវ​នេះ​ដើម្បី​«​ចាប់​ឲ្យ​ជាប់​នូវ​ជីវិត​»​ដូច​នោះ។—ធីម៉ូថេ​ទី១ ៦:១២, ១៩

២២​. (​ក​) តើ​តាម​របៀប​ណា​យើង​អាច​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»​? (​ខ​) ហេតុ​អ្វី​យើង​មិន​អាច​ទទួល​អំណោយ​នេះ​តាម​រយៈ​សមត្ថភាព​របស់​យើង?

២២ តើ​តាម​របៀប​ណា​យើង​អាច​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»​? យើង​ត្រូវ​«​ព្យាយាម​ធ្វើ​អំពើ​ល្អ​»​ ហើយ​«​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ​»។ (​ធីម៉ូថេ​ទី១ ៦:១៨​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​មិន​អាច​ទទួល​អំណោយ​នេះ​តាម​រយៈ​សមត្ថភាព​របស់​យើង​ទេ។ តាម​ពិត ជីវិត​ដ៏​ពិត​ប្រាកដ​ជា​អំណោយ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក ហើយ​នេះ​ជា​«​គុណ​ដ៏​វិសេស​លើស​លប់​»​មួយ​ពី​លោក។ (​រ៉ូម ៥:១៥​) បិតា​នៅ​ស្ថាន​សួគ៌​ពិត​ជា​ចង់​ឲ្យ​អំណោយ​នេះ​ដល់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​ខ្លាំង​ណាស់។

២៣​. ហេតុ​អ្វី​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ​នៅ​ឥឡូវ​នេះ?

២៣ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ​ឬ​ទេ?›។ បើ​អ្នក​ឃើញ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ខ្លះ អ្នក​គួរ​ធ្វើ​ដូច្នេះ​ភ្លាម។ ពេល​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ហើយ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ស្តាប់​បង្គាប់​លោក នោះ​លោក​នឹង​ទៅ​ជា​ទី​ពឹង​ជ្រក​របស់​យើង។ លោក​នឹង​ការពារ​រាស្ដ្រ​ស្មោះត្រង់​របស់​លោក​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ពិភព​លោក​ដ៏​ទុច្ចរិត​របស់​សាថាន។ បន្ទាប់​មក ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ជា​រៀង​រហូត តាម​សេចក្ដី​សន្យា​របស់​លោក។ ពិត​ណាស់ អ្នក​អាច​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ​បាន បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ​នៅ​ឥឡូវ​នេះ!