លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​៥

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បើ​គេ​សម្លុត​ធ្វើ​បាប​នៅ​សាលា?

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បើ​គេ​សម្លុត​ធ្វើ​បាប​នៅ​សាលា?

មូលហេតុ​ត្រូវ​ដឹង

ប្រតិកម្ម​របស់​ប្អូន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ទៅ​ជា​ល្អ​ជាង ឬ​អាក្រក់​ជាង។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: ថ្ងៃ​នេះ​បូ​រ៉ា មិន​ចង់​ទៅ​សាលា​ទេ ហើយ​ថ្ងៃ​ស្អែក​ក៏​មិន​ចង់​ទៅ​ដែរ។ តាម​ពិត គាត់​លែង​ចង់​ទៅ​សាលា​រហូត។ ហេតុ​អ្វី? ពី​ព្រោះ​បី​ខែ​មុន សិស្ស​រួម​ថ្នាក់​បាន​និយាយ​រឿង​មិន​ពិត​អំពី​គាត់។ រួច​មក ពួក​គេ​បាន​ដាក់​ងារ​ឲ្យ​គាត់។ ជួន​កាល មាន​សិស្ស​ម្នាក់​ដើរ​បុក​បូ​រ៉ា​ឲ្យ​ជ្រុះ​សៀវភៅ​ពី​ដៃ​គាត់ ហើយ​ធ្វើ​ដូច​ជា​បុក​គាត់​ដោយ​អ​ចេតនា ឬ​មួយ​ក៏​មាន​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​មួយ​ក្រុម​ដែល​ដើរ​ពី​ក្រោយ​គាត់​បាន​រុញ​គាត់ តែ​ពេល​គាត់​ងាក​ទៅ គាត់​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​រុញ​គាត់​ទេ។ កាល​ពី​ម្សិលមិញ បូ​រ៉ា​ទទួល​រង​ការ​ធ្វើ​បាប​កាន់​តែ​សាហាវ​ជាង​មុន ពេល​គាត់​បាន​ទទួល​សារ​គំរាម​មួយ​តាម​អ៊ីនធឺណិត . . .

បើ​ប្អូន​ជា​បូ​រ៉ា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

តាម​ពិត ប្អូន​អាច​យក​ឈ្នះ​បាន! ប្អូន​អាច​តបត​នឹង​ពួក​អ្នក​ដែល​សម្លុត​ធ្វើ​បាប​ប្អូន ដោយ​មិន​ចាំ​បាច់​ប្រើ​កណ្ដាប់​ដៃ។ តើ​តាម​របៀប​ណា?

  • កុំ​មាន​ប្រតិកម្ម។ គម្ពីរ​ចែង​ថា​៖ ​«​ពួក​ល្ងី​ល្ងើ សំ​ដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំ​ងាប់​ចេញ​វិញ​»។ (​សុភាសិត ២៩:១១​) ពួក​អ្នក​ដែល​សម្លុត​ប្អូន​ប្រហែល​ជា​លែង​ចាប់​អារម្មណ៍​ធ្វើ​បាប​ប្អូន​ទៀត បើ​ពួក​គេ​មើល​ទៅ​ឃើញ​ថា​ប្អូន​ចេះ​ទប់​ចិត្ត។

  • កុំ​សង​សឹក។ គម្ពីរ​ចែង​ថា​៖ ​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ​»។ (​រ៉ូម ១២:១៧​) ការ​សង​សឹក​នឹង​នាំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ឡើង។

  • ចូរ​គេច​ចេញ​ពី​បញ្ហា។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ​»។ (​សុភាសិត ២២:៣​) ពេល​ណា​ដែល​ប្អូន​អាច​ធ្វើ​បាន សូម​ជៀស​ចេញ​ពី​ស្ថានភាព​និង​មនុស្ស​ដែល​អាច​សម្លុត​គំរាម​ប្អូន។

  • ចូរ​ឆ្លើយ​ដោយ​ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត។ គម្ពីរ​ចែង​ថា​៖ ​«​ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំ​ងាប់​សេចក្ដី​ក្រោធ​ទៅ​»។ (​សុភាសិត ១៥:១​) ប្អូន​អាច​សាកល្បង​ឆ្លើយ​របៀប​កំប្លែង។ ជា​ឧទាហរណ៍ បើ​អ្នក​ដែល​សម្លុត​ប្អូន​ប្រាប់​ថា​ប្អូន​ធាត់​ពេក ប្អូន​ប្រហែល​ជា​ញាក់​ស្មា រួច​និយាយ​ថា​៖ ​«​អូ​មែន ខ្ញុំ​ត្រូវ​ស្រក​ពីរ​បី​គីឡូ​សិន!​»។

  • ចូរ​ដើរ​ចេញ។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ណូរ៉ា អាយុ​១៩​ឆ្នាំ បាន​និយាយ​ថា​៖ ​«​ការ​នៅ​ស្ងៀម​បង្ហាញ​ថា​អ្នក​មាន​គំនិត​ចាស់​ទុំ​និង​ចេះ​ទប់​ចិត្ត។ តែ​មនុស្ស​ដែល​ចំអក​ឲ្យ​អ្នក​និង​មនុស្ស​ដែល​សម្លុត​អ្នក គ្មាន​គុណ​សម្បត្ដិ​ដូច​នេះ​ទេ​»។—ធីម៉ូថេ​ទី២ ២:២៤

  • ចូរ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ជា​ញឹក​ញយ ពួក​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ ពួក​គេ​ឆាប់​សម្គាល់​ឃើញ​អ្នក​ដែល​ទំនង​ជា​ខ្វះ​ទំនុក​ចិត្ត និង​អ្នក​ដែល​មិន​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​សម្លុត​ធ្វើ​បាប​ប្អូន​នឹង​លែង​ធ្វើ​ដូច្នោះ​ទៀត បើ​ពួក​គេ​ឃើញ​ថា​ពួក​គេ​មិន​អាច​បំភ័យ​ប្អូន​បាន។

  • ចូរ​ប្រាប់​អ្នក​ណា​ម្នាក់។ អតីត​គ្រូ​បង្រៀន​ម្នាក់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ដែល​ត្រូវ​គេ​សម្លុត​ធ្វើ​បាប ឲ្យ​ហ៊ាន​ប្រាប់​អ្នក​ឯ​ទៀត។ នេះ​ជា​អ្វី​ត្រឹម​ត្រូវ​ដែល​ពួក​គេ​គួរ​ធ្វើ ហើយ​នេះ​អាច​ជួយ​ការពារ​មនុស្ស​ផ្សេង​ទៀត​ពី​ការ​សម្លុត​ធ្វើ​បាប​»។

ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នឹង​ជួយ​ប្អូន​ឲ្យ​មាន​កម្លាំង​ពិត​ប្រាកដ តែ​អ្នក​ដែល​សម្លុត​ធ្វើ​បាប​ប្អូន​ខ្លាំង​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ