លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​៦

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​ឈ្នះ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា?

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​ឈ្នះ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា?

មូលហេតុ​ត្រូវ​ដឹង

បើ​ប្អូន​មិន​ចុះ​ចាញ់​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា ប្អូន​នឹង​អាច​ធ្វើ​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន មិន​មែន​ឲ្យ​អ្នក​ឯ​ទៀត​គ្រប់​គ្រង​ជីវិត​ប្អូន​នោះ​ទេ។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: ពេល​ផា​និត​ឃើញ​សិស្ស​ពីរ​នាក់​ដើរ​តម្រង់​មក​រក​គាត់ គាត់​ចាប់​ផ្ដើម​ភ័យ​បុក​ពោះ ពី​ព្រោះ​ក្នុង​សប្ដាហ៍​នេះ ពួក​គេ​បាន​ព្យាយាម​បង្ខំ​គាត់​ពីរ​ដង​ហើយ​ឲ្យ​ជក់​បារី។ ឥឡូវ​ពួក​គេ​នឹង​បង្ខំ​គាត់​ជា​លើក​ទី៣។

ក្មេង​ប្រុស​ទី១​និយាយ​ថា​៖

​«​ឯង​នៅ​ឯកោ​ទៀត​ហើយ​អ៊្ហៃ? ចាំ​គ្នា​ណែនាំ​ឲ្យ​ស្គាល់​មិត្ត​ភក្ដិ​ម្នាក់​»។

ក្មេង​ប្រុស​នោះ​ញញឹម​លាក់​កំណួច កាល​ដែល​គាត់​និយាយ​ពាក្យ​ថា​«​មិត្ត​ភក្ដិ​»​ រួច​គាត់​បាន​យក​អ្វី​មួយ​ចេញ​ពី​ហោប៉ៅ​របស់​គាត់ ហើយ​ហុច​ទៅ​ឲ្យ​ផា​និត។

ពេល​ផា​និត​ឃើញ​គាត់​យក​បារី​ចេញ​មក ផា​និត​បុក​ពោះ​កាន់​តែ​ខ្លាំង​ឡើង។

ផា​និត​និយាយ​ថា​៖ ​«​សូម​ទោស ខ្ញុំ​ប្រាប់​ឯង​ហើយ​ថា​ខ្ញុំ​មិន . . . ​»​

ក្មេង​ប្រុស​ទី២​និយាយ​កាត់​ថា​៖ ​«​កុំ​កំសាក​ពេក!​»​

ផា​និត​ខំ​ធ្វើ​ជា​ក្លាហាន​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​កំសាក​ទេ!​»។

ក្មេង​ប្រុស​ទី២​ដាក់​ដៃ​លើ​ស្មា​ផា​និត ដោយ​និយាយ​យ៉ាង​ផ្អែម​ថា​៖ ​«​យក​ទៅ​»។

ក្មេង​ប្រុស​ទី១​ដាក់​បារី​កាន់​តែ​ជិត​មុខ​ផា​និត ហើយ​និយាយ​តិច​ៗ​ថា​៖ ​«​យើង​មិន​ប្រាប់​អ្នក​ណា​ទេ។ គ្មាន​អ្នក​ណា​ដឹង​ឡើយ​»។

បើ​ប្អូន​ជា​ផា​និត តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

តើ​មិត្ត​ភក្ដិ​ផា​និត​បាន​គិត​យ៉ាង​ច្បាស់​លាស់​អំពី​ការ​ជក់​បារី​ឬ​ទេ? តើ​ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ខ្លួន​ឯង​ឬ? ប្រហែល​ជា​មិន​មែន​ទេ។ ជា​ទូ​ទៅ​ពួក​គេ​ច្រើន​តែ​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ឯ​ទៀត។ ពួក​គេ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​រាប់​អាន​ខ្លួន ដូច្នេះ​ពួក​គេ​ក៏​ចេះ​តែ​ធ្វើ​តាម​គេ​ទៅ។

បើ​ប្អូន​ជួប​ស្ថានភាព​ដូច​នេះ តើ​ប្អូន​នឹង​សម្រេច​ចិត្ត​បែប​ណា ហើយ​តើ​ប្អូន​នឹង​ធ្វើ​អ្វី​ដើម្បី​យក​ឈ្នះ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន?

  1. ១. គិត​ទុក​ជា​មុន

    គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ​»។—សុភាសិត ២២:៣

    ជា​រឿយ​ៗ ប្អូន​អាច​ឃើញ​បញ្ហា​ទុក​ជា​មុន។ ជា​ឧទាហរណ៍ ប្អូន​ឃើញ​សិស្ស​រួម​សាលា​មួយ​ក្រុម​កំពុង​ដើរ​មក​ទាំង​ជក់​បារី។ ដោយ​គិត​ទុក​ជា​មុន​អំពី​បញ្ហា​ដែល​អាច​កើត​ឡើង ប្អូន​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។

  2. ២. ពិចារណា

    គម្ពីរ​ចែង​ថា​៖ ​«​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ឡើយ​»។—ពេត្រុស​ទី១ ៣:១៦

    សូម​សួរ​ខ្លួន​ប្អូន​ថា ‹តើ​ខ្ញុំ​នឹង​ស្ដាយ​ក្រោយ​ទេ​បើ​ខ្ញុំ​ធ្វើ​តាម​មនុស្ស​ស្រករ​គ្នា?›។ ពិត​មែន បើ​ប្អូន​ធ្វើ​តាម​មនុស្ស​ស្រករ​ប្អូន ពួក​គេ​នឹង​ពេញ​ចិត្ត​រាប់​អាន​ប្អូន​អស់​មួយ​រយៈ​ពេល។ ប៉ុន្តែ​ក្រោយ​មក តើ​ប្អូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? តើ​ប្អូន​នឹង​សុខ​ចិត្ត​លះ​បង់​គោល​ការណ៍​របស់​ខ្លួន​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​រួម​ថ្នាក់​ឬ​ទេ?—និក្ខមនំ ២៣:២

  3. ៣. សម្រេច​ចិត្ត

    គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»។—សុភាសិត ១៤:១៥

    មិន​យូរ​មិន​ឆាប់ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​យើង​ត្រូវ​ទទួល​លទ្ធផល​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ គម្ពីរ​ប្រាប់​អំពី​បុរស​ខ្លះ​ដែល​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ដូច​ជា យ៉ូសែប យ៉ូប និង​លោក​យេស៊ូ​ជា​ដើម។ ប៉ុន្តែ គម្ពីរ​ក៏​ប្រាប់​អំពី​អ្នក​ដែល​បាន​សម្រេច​ចិត្ត​មិន​ល្អ​ដែរ​ដូច​ជា កាអ៊ីន អេសាវ និង​យូដាស​ជា​ដើម។ ចុះ​ប្អូន​វិញ តើ​ប្អូន​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា?

គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​ដ៏​តូច​បំផុត អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​ជា​ច្រើន​ដែរ​»។ (​លូកា ១៦:១០​) បើ​ប្អូន​បាន​គិត​ទុក​ជា​មុន​អំពី​លទ្ធផល ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ប្អូន នោះ​ការ​ប្រាប់​មនុស្ស​ស្រករ​គ្នា​អំពី​ការ​សម្រេច​ចិត្ត​របស់​ប្អូន​នឹង​ងាយ​ស្រួល​ជាង​ប្អូន​នឹក​ស្មាន​ទៅ​ទៀត ជា​លទ្ធផល​ប្អូន​នឹង​មាន​អារម្មណ៍​ល្អ​ជាង។

ប្អូន​មិន​ចាំ​បាច់​និយាយ​វែង​ឆ្ងាយ​ប្រាប់​មនុស្ស​ស្រករ​ប្អូន​នោះ​ទេ។ ប្អូន​គ្រាន់​តែ​ប្រាប់​ថា​ទេ គឺ​គ្រប់​គ្រាន់​ហើយ។ ម្យ៉ាង​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា​ប្អូន​នឹង​មិន​ធ្វើ​តាម​ពួក​គេ​ទេ នោះ​ប្អូន​អាច​និយាយ​ថា:

  • «​ខ្ញុំ​មិន​ធ្វើ​ទេ!​»

  • «​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ!​»

  • «​ក្រែង​ឯង​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​តើ ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង​ទេ!​»

អ្វី​ដែល​សំខាន់​គឺ​ប្អូន​ឆ្លើយ​ភ្លាម​ដោយ​ជឿ​ជាក់។ បើ​ប្អូន​ធ្វើ​ដូច្នោះ ប្អូន​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​ភ្លាម​នោះ​មនុស្ស​ស្រករ​គ្នា​ឈប់​បង្ខំ​ប្អូន​ទៀត!

របៀប​តប​ឆ្លើយ​ចំពោះ​អ្នក​ដែល​ចំអក​ឲ្យ​ប្អូន

បើ​ប្អូន​ព្រម​ធ្វើ​តាម​មនុស្ស​ស្រករ​ប្អូន នោះ​ប្អូន​ប្រៀប​ដូច​ជា​មនុស្ស​យន្ត ដែល​ពួក​គេ​បញ្ជា​តាម​ចិត្ត

តើ​ប្អូន​នឹង​ឆ្លើយ​យ៉ាង​ណា​បើ​មនុស្ស​ស្រករ​ប្អូន​ចំអក​ឲ្យ​ប្អូន? ចុះ​បើ​ពួក​គេ​និយាយ​ថា ​«​ឯង​កំសាក​មែន?​»។ សូម​ចាំ​ថា ការ​ចំអក​ដូច​នេះ​គឺ​ជា​លក្ខណៈ​នៃ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា។ តើ​ប្អូន​នឹង​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច? យ៉ាង​ហោច​ណាស់ ប្អូន​មាន​ជម្រើស​ពីរ។

  • ទី១ ប្អូន​អាច​ទទួល​យក​ពាក្យ​ចំអក​នោះ ដោយ​និយាយ​ថា«​ត្រូវ​មែន ខ្ញុំ​មិន​ហ៊ាន​ទេ!​»។ រួច​មក​ប្រាប់​មូលហេតុ​យ៉ាង​ខ្លី។

  • ទី២ ប្អូន​អាច​ទុក​ឲ្យ​ពួក​គេ​ឆ្លើយ​វិញ​ដោយ​និយាយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គិត​ពិចារណា ដោយ​ប្រាប់​ថា​«​ខ្ញុំ​ស្មានថា​ឯង​ដឹង​ហើយ​ថា​បារី​មិន​ល្អ!​»។

បើ​មនុស្ស​ស្រករ​ប្អូន​បន្ត​ចំអក​ឲ្យ​ប្អូន សូម​ដើរ​ចេញ! ហើយ​សូម​ចាំ​ថា បើ​ប្អូន​នៅ​កាន់​តែ​យូរ នោះ​ប្អូន​នឹង​ទទួល​ការ​បង្ខិត​បង្ខំ​កាន់​តែ​ខ្លាំង។ ប៉ុន្តែ បើ​ប្អូន​ដើរ​ចេញ នោះ​បង្ហាញ​ថា​ប្អូន​មិន​ព្រម​ឲ្យ​មនុស្ស​ឯ​ទៀត​មក​ផ្លាស់​ប្ដូរ​គោល​ការណ៍​របស់​ប្អូន​ឡើយ។

ប្អូន​មិន​អាច​គេច​ផុត​ពី​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា​បាន​ទេ។ ប៉ុន្តែ ប្អូន​អាច​គិត​ទុក​ជា​មុន​នូវ​អ្វី​ដែល​ប្អូន​ត្រូវ​ធ្វើ ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​សម្រេច​ចិត្ត​របស់​ប្អូន ហើយ​ប្អូន​ត្រូវ​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង។ នៅ​ទី​បំផុត គឺ​ប្អូន​ជា​អ្នក​សម្រេច​ចិត្ត!—យ៉ូស្វេ ២៤:១៥