លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១

ព្រះបានបង្កើតមេឃនិងផែនដី

ព្រះបានបង្កើតមេឃនិងផែនដី

ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំងអស់ ទាំង​អ្វី​ដែល​យើង​មើល​ឃើញ និង​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ លោក​បាន​បង្កើត​ទេវតា​ជា​ច្រើន មុន​ពេល​លោក​បាន​បង្កើត​អ្វី​ដែល​យើង​មើល​ឃើញ។ តើ​ដឹង​ទេ​ថា ទេវតា​ជា​អ្នក​ណា? ទេវតា​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ លោក​បាន​បង្កើត​ទេវតា​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។ យើង​មិន​អាច​មើល​ឃើញ​ទេវតា ដូច​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ដែរ។ ទេវតា​មួយ​រូប​ដំបូង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត បាន​ទៅ​ជា​ជំនួយ​របស់​លោក។ ទេវតា​នោះ​បាន​ជួយ​ពេល​ដែល​ព្រះ​យេហូវ៉ា​បង្កើត​ផ្កាយ ភព​ផ្សេង​ៗ និង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់។ ក្នុង​ចំណោម​ភព​ទាំង​នោះ ផែនដី​គឺ​ជា​លំនៅ​ដ៏​ស្រស់​ស្អាត​របស់​យើង។

រួច​មក ព្រះ​យេហូវ៉ា​បាន​រៀបចំ​ផែនដី​ដើម្បី​ឲ្យ​មនុស្ស​និង​សត្វ​ស្រួល​រស់​នៅ។ លោក​បាន​ធ្វើ​ឲ្យ​ដួង​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ផែនដី។ លោក​បាន​បង្កើត​ភ្នំ សមុទ្រ និង​ទន្លេ។

បន្ទាប់​មក តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ទៀត? លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ស្មៅ រុក្ខជាតិ និង​ដើម​ឈើ›។ ដូច្នេះ ក៏មាន​រុក្ខជាតិ និង​ដើម​ឈើ​ផ្សេង​ៗ ព្រម​ទាំង​មាន​ផ្កា​ជា​ច្រើន​ដុះ​លូត​លាស់​ឡើង។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្កើត​សត្វ​គ្រប់​ប្រភេទ ទាំង​សត្វ​ហើរ​លើ​មេឃ សត្វ​នៅ​លើ​គោក និង​សត្វ​នៅ​ក្នុង​ទឹក។ លោក​បាន​បង្កើត​សត្វ​តូច​ៗ​ដូច​ជា​សត្វ​ទន្សាយ និង​សត្វ​ធំ​ៗ​ដូច​ជា​សត្វ​ដំរី។ តើ​អ្នក​ចូល​ចិត្ត​សត្វ​អ្វី?

រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ទេវតា​ដំបូង​ថា​៖ ‹ចូរ​យើង​បង្កើត​មនុស្ស›។ មនុស្ស​ខុស​ពី​សត្វ។ មនុស្ស​មាន​សមត្ថភាព​ច្នៃ​ប្រឌិត​ឬ​ធ្វើ​របស់​ជា​ច្រើន។ ពួក​គេ​អាច​និយាយ សើច​សប្បាយ និង​អធិដ្ឋាន។ ភារកិច្ច​របស់​ពួក​គេ គឺ​ថែ​រក្សា​ផែនដី និង​សត្វ។ តើ​ដឹង​ទេ​ថា អ្នក​ណា​ជា​មនុស្ស​ដំបូង​គេ? សូម​យើង​មើល​ជា​មួយ​គ្នា។

​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែនដី​»។—ដើម​កំណើត ១:១