លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២

ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង

ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សួន​ដ៏​ស្អាត​មួយ ហៅ​ថា​អេដែន។ ក្នុង​សួន​អេដែន​មាន​ពេញ​ដោយ​ផ្កា ដើម​ឈើ និង​សត្វ​ផ្សេង​ៗ​ជា​ច្រើន។ រួច​ព្រះ​បាន​បង្កើត​បុរស​ដំបូង​ឈ្មោះ​អាដាម។ លោក​បាន​បង្កើត​គាត់​ពី​ធូលី​ដី ហើយ​ផ្លុំ​ដង្ហើម​ជីវិត​ចូល​ទៅ​ក្នុង​ច្រមុះ​របស់​គាត់។ បន្ទាប់​មក តើ​មាន​អ្វី​កើត​ឡើង? គាត់​ក៏​មាន​ជីវិត​ជា​មនុស្ស! ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​ថែ​រក្សា​សួន​នោះ និង​ឲ្យ​គាត់​ដាក់​ឈ្មោះ​សត្វ​ទាំង​អស់។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​បង្គាប់​ដ៏​សំខាន់​មួយ​ទៅ​អាដាម។ លោក​ប្រាប់​គាត់​ថា​៖ ‹អ្នក​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នេះ​បាន​តាម​ចិត្ត លើក​លែង​តែ​ដើម​ឈើ​មួយ​ប៉ុណ្ណោះ។ បើ​អ្នក​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›។

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បង្កើត​ជំនួយ​ម្នាក់​សម្រាប់​អាដាម›។ រួច​លោក​បាន​ធ្វើ​ឲ្យ​អាដាម​ដេក​លក់​ស៊ប់ បន្ទាប់​មក លោក​ដក​ឆ្អឹង​ជំនីរ​មួយ​របស់​អាដាម ដើម្បី​បង្កើត​ប្រពន្ធ​ម្នាក់​សម្រាប់​គាត់។ ឈ្មោះ​របស់​នាង​គឺ​អេវ៉ា។ អាដាម​និង​អេវ៉ា​គឺ​ជា​ក្រុម​គ្រួសារ​ទី​១។ តើ​អាដាម​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ប្រពន្ធ​របស់​គាត់? អាដាម​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ បាន​ជា​គាត់​និយាយ​ថា​៖ ‹មើល! ស្ត្រី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ពី​ឆ្អឹង​ជំនីរ​របស់​ខ្ញុំ។ នាង​ជា​មនុស្ស​ដូច​ខ្ញុំ​ដែរ!›។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ឲ្យ​បង្កើត​កូន​ពេញ​ផែនដី។ លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​រីករាយ ដើម្បី​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន ឬ​សួន​ដ៏​ស្រស់​ស្អាត​ដូច​សួន​អេដែន។ ប៉ុន្តែ នេះ​មិន​បាន​កើត​ឡើង​ដូច​គោល​បំណង​របស់​លោក​ទេ។ ហេតុ​អ្វី? យើង​នឹង​រៀន​ថែម​ទៀត​នៅ​មេ​រៀន​បន្ទាប់

​«​ព្រះ​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី​»។—ម៉ាថាយ ១៩:៤