លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤

កំហឹងនាំឲ្យមានការសម្លាប់

កំហឹងនាំឲ្យមានការសម្លាប់

ក្រោយ​ពី​អាដាម​និង​អេវ៉ា​ចាក​ចេញ​ពី​សួន​អេដែន ពួក​គេ​មាន​កូន​ជា​ច្រើន។ កូន​ប្រុស​ទី​១​ឈ្មោះ​កាអ៊ីន ជា​កសិករ ហើយ​កូន​ប្រុស​ទី​២​ឈ្មោះ​អេបិល ជា​អ្នក​ឃ្វាល​សត្វ។

នៅ​ថ្ងៃ​មួយ កាអ៊ីន​និង​អេបិល​បាន​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា។ តើ​អ្នក​ដឹង​ទេ​ថា​គ្រឿង​បូជា​គឺ​ជា​អ្វី? គឺ​ជា​អំណោយ​ពិសេស​ដែល​បាន​ត្រូវ​ជូន​ដល់​ព្រះ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អំណោយ​របស់​អេបិល តែ​លោក​មិន​ពេញ​ចិត្ត​អំណោយ​របស់​កាអ៊ីន​ទេ។ នេះ​បាន​ធ្វើ​ឲ្យ​កាអ៊ីន​ខឹង​យ៉ាង​ខ្លាំង។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​កាអ៊ីន​ថា កំហឹង​របស់​គាត់​អាច​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​អាក្រក់។ ប៉ុន្តែ កាអ៊ីន​មិន​ស្ដាប់​ព្រះ​ទេ។

ក្រោយ​មក កាអ៊ីន​បាន​បបួល​អេបិល​ថា​៖ ​«​តោះ​យើង​ទៅ​ឯ​វាល​»។ ពេល​ដែល​ពួក​គេ​នៅ​ឯ​វាល​តែ​ពីរ​នាក់ នោះ​កាអ៊ីន​បាន​វាយ​សម្លាប់​អេបិល​ជា​ប្អូន។ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី? ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​កាអ៊ីន ដោយ​បញ្ជូន​គាត់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​គាត់។ កាអ៊ីន​គ្មាន​ថ្ងៃ​ត្រឡប់​មក​វិញ​បាន​ឡើយ។

តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​រឿង​នេះ? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ខឹង បើ​អ្វី​ៗ​មិន​កើត​ឡើង​ដូច​ការ​គិត​របស់​យើង។ បើ​យើង​ខឹង​កាន់​តែ​ខ្លាំង ឬ​បើ​មាន​គេ​ប្រាប់​យើង​ថា​យើង​កំពុង​ខឹង នោះ​យើង​គួរ​ឆាប់​រំសាយ​កំហឹង មុន​ពេល​កំហឹង​គ្រប់​គ្រង​លើ​យើង។

អេបិល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ចង​ចាំ​អេបិល​ជា​និច្ច។ ព្រះ​នឹង​ប្រោស​អេបិល​ឲ្យ​រស់​ឡើង​វិញ ពេល​ដែល​លោក​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន។

​«​ទៅ​រក​ជា​នឹង​បង​ប្អូន​របស់​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ​»។—ម៉ាថាយ ៥:២៤