លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦

មនុស្ស៨នាក់បានរួចជីវិត

មនុស្ស៨នាក់បានរួចជីវិត

ណូអេ ក្រុម​គ្រួសារ​របស់​គាត់ និង​សត្វ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ។ រួច​មក ព្រះ​យេហូវ៉ា​បិទ​ទ្វារ​ទូក ហើយ​ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់។ ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់ រហូត​ដល់​ទូក​អណ្ដែត​លើ​ផ្ទៃ​ទឹក។ យូរ​ៗ​ទៅ ទឹក​បាន​ជន់​លិច​ពិភព​លោក​ទាំង​មូល។ នៅ​ខាង​ក្រៅ​ទូក មនុស្ស​អាក្រក់​ទាំង​អស់​បាន​ស្លាប់។ ប៉ុន្តែ នៅ​ក្នុង​ទូក​វិញ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​សុវត្ថិភាព។ សូម​ស្រមៃ​គិត​ទៅ​មើល​ថា ពួក​គាត់​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា ដែល​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា!

បន្ទាប់​ពី​ធ្លាក់​ភ្លៀង​ខ្លាំង​អស់​៤០​ថ្ងៃ​៤០​យប់ មេឃ​ក៏​ឈប់​ភ្លៀង។ រួច​ទឹក​បាន​ស្រក​បន្តិច​ម្ដង​ៗ។ ក្រោយ​មក ទូក​បាន​កឿង​នៅ​លើ​ភ្នំ​មួយ។ ប៉ុន្តែ នៅ​តែ​មាន​ទឹក​គ្រប់​កន្លែង​នៅ​ឡើយ។ ហេតុ​នេះ ណូអេ​និង​ក្រុម​គ្រួសារ​មិន​អាច​ចេញ​ពី​ទូក​ភ្លាម​ៗ​បាន​ទេ។

បន្តិច​ម្ដង​ៗ​ទឹក​ក៏​ស្រក​អស់ រហូត​ដល់​ស្ងួត​ដី។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​និង​ក្រុម​គ្រួសារ​គាត់​ឲ្យ​ចេញ​ពី​ទូក​ធំ។ ពួក​គាត់​នៅ​ក្នុង​ទូក​ធំ​អស់​ជាង​មួយ​ឆ្នាំ​ហើយ។ ឥឡូវ​នេះ នៅ​ខាង​ក្រៅ​គឺ​ជា​ពិភព​លោក​ដែល​គ្មាន​មនុស្ស​អាក្រក់។ ណូអេ​និង​ក្រុម​គ្រួសារ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដែល​បាន​សង្គ្រោះ​ជីវិត​ពួក​គាត់។ ដូច្នេះ ពួក​គាត់​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គ្រឿង​បូជា​របស់​ពួក​គាត់។ លោក​សន្យា​ថា​នឹង​មិន​បំផ្លាញ​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ។ ម្ល៉ោះ​ហើយ លោក​បាន​ធ្វើ​ឲ្យ​មាន​ឥន្ទធនូ​ជា​លើក​ដំបូង​នៅ​លើ​មេឃ ដើម្បី​បញ្ជាក់​អំពី​ពាក្យ​សន្យា​របស់​លោក។ តើ​អ្នក​ធ្លាប់​ឃើញ​ឥន្ទធនូ​ទេ?

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ និង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​មាន​កូន​ជា​ច្រើន និង​ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី។

​«​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ហើយ​[​មនុស្ស​]​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ។—ម៉ាថាយ ២៤:៣៨, ៣៩