លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧

ប៉មបាបិល

ប៉មបាបិល

ក្រោយ​ពី​ទឹក​ជំនន់ កូន​ប្រុស​ៗ​របស់​ណូអេ​និង​កូន​ប្រសា​គាត់ មាន​កូន​ជា​ច្រើន។ ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ ដូច្នេះ​កូន​ចៅ​ពួក​គេ​ក៏​បាន​រីក​សុស​សាយ ទៅ​រស់​នៅ​កន្លែង​ផ្សេង​ៗ​នៅ​ផែនដី ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​គេ។

ប៉ុន្តែ កូន​ចៅ​ខ្លះ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ពួក​គេ​និយាយ​គ្នា​ថា​៖ ‹ចូរ​យើង​សង់​ក្រុង​មួយ ហើយ​រស់​នៅ​ទី​នេះ។ យើង​នឹង​សង់​ប៉ម​ដែល​មាន​កម្ពស់​ខ្ពស់​ដល់​មេឃ។ រួច​យើង​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ›។

ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ទេ។ ហេតុ​នេះ លោក​សម្រេច​ចិត្ត​បញ្ឈប់​ការ​សាង​សង់​របស់​ពួក​គេ។ តើ​អ្នក​ដឹង​ទេ​ថា លោក​ធ្វើ​ដូច្នេះ​ដោយ​របៀប​ណា? ភ្លាម​ៗ​នោះ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​និយាយ​ភាសា​ផ្សេង​ពី​គ្នា។ ពេល​ពួក​គេ​និយាយ​មិន​យល់​ភាសា​គ្នា ពួក​គេ​ក៏​ឈប់​សាង​សង់។ ក្រោយ​មក ក្រុង​នោះ​មាន​ឈ្មោះ​ថា​បាបិល មាន​ន័យ​ថា​«​ការ​បំភាន់​»។ មនុស្ស​ចាប់​ផ្ដើម​បែក​ខ្ញែក​គ្នា ទៅ​រស់​នៅ​កន្លែង​ផ្សេង​ៗ​ពេញ​ផែនដី។ ប៉ុន្តែ សូម្បី​តែ​ពួក​គេ​រស់​នៅ​កន្លែង​ថ្មី ក៏​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​អំពើ​អាក្រក់​ដែរ។ ដូច្នេះ តើ​នៅ​មាន​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ? សូម​យើង​រក​ចម្លើយ​នៅ​មេ​រៀន​បន្ទាប់

​«​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។—លូកា ១៨:១៤