លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨

អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ

អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ

នៅ​មិន​ឆ្ងាយ​ពី​ក្រុង​បាបិល មាន​ក្រុង​មួយ​ឈ្មោះ​អឺ។ មនុស្ស​នៅ​ក្រុង​នោះ មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ ពួក​គេ​គោរព​បូជា​រូប​ព្រះ​ផ្សេង​ៗ​ជា​ច្រើន។ ប៉ុន្តែ នៅ​ក្រុង​អឺ​មាន​បុរស​ម្នាក់​ដែល​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ គាត់​ឈ្មោះ​អាប្រាហាំ។

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា​៖ ‹ចូរ​ចេញ​ពី​ផ្ទះ និង​ពី​ញាតិ​សន្ដាន​របស់​អ្នក រួច​ទៅ​ស្រុក​ដែល​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក›។ បន្ទាប់​មក ព្រះ​បាន​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ខ្លាំង​ក្លា ហើយ​ខ្ញុំ​នឹង​ឲ្យ​គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​ទទួល​ពរ​តាម​រយៈ​អ្នក›។

អាប្រាហាំ​មិន​ដឹង​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​ទៅ​កន្លែង​ណា​ទេ ប៉ុន្តែ​គាត់​ទុក​ចិត្ត​លោក។ អាប្រាហាំ​និង​សារ៉ា​ជា​ប្រពន្ធ ថេរ៉ា​ជា​ឪពុក និង​ឡុត​ជា​ក្មួយ​ប្រុស​បាន​ធ្វើ​តាម​បង្គាប់ ដោយ​រៀបចំ​អីវ៉ាន់ រួច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ។

អាប្រាហាំ​មាន​អាយុ​៧៥​ឆ្នាំ ពេល​គាត់​និង​ក្រុម​គ្រួសារ​បាន​មក​ដល់​ទឹក​ដី ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គាត់​ឃើញ។ ទឹក​ដី​នោះ​ឈ្មោះ​ថា កាណាន។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ម្ដង​ទៀត ហើយ​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​ដែល​អ្នក​ឃើញ​នេះ ដល់​កូន​ចៅ​របស់​អ្នក›។ ប៉ុន្តែ អាប្រាហាំ​និង​សារ៉ា​មាន​វ័យ​ចាស់​ហើយ ពួក​គាត់​គ្មាន​កូន​ទេ។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ក្លាយ​ជា​ការ​ពិត?

‹ដោយ​សារ​ជំនឿ អាប្រាហាំ​បាន​ស្ដាប់​បង្គាប់​ដោយ​ចេញ​ទៅ​កន្លែង​ដែល​គាត់​ត្រូវ​ទទួល​ជា​មត៌ក។ គាត់​ចាក​ចេញ​ទៅ ទោះ​ជា​គាត់​មិន​បាន​ដឹង​ថា​គាត់​ទៅ​កន្លែង​ណា​ក៏​ដោយ›។—ហេប្រឺ ១១:៨