លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១១

ព្រះសាកល្បងអាប្រាហាំ

ព្រះសាកល្បងអាប្រាហាំ

អាប្រាហាំ​បាន​បង្រៀន​អ៊ីសាក​ជា​កូន​ប្រុស​គាត់ ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ឲ្យ​ទុក​ចិត្ត​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ ប៉ុន្តែ ពេល​អ៊ីសាក​អាយុ​ប្រហែល​២៥​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ពិបាក​ខ្លាំង​ណាស់។ តើ​លោក​សុំ​គាត់​ឲ្យ​ធ្វើ​អ្វី?

ព្រះ​បាន​ប្រាប់​អាប្រាហាំ​ថា​៖ ‹សូម​នាំ​កូន​ប្រុស​តែ​មួយ​របស់​អ្នក ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ម៉ូរីយ៉ា ហើយ​ជូន​គាត់​ជា​គ្រឿង​បូជា›។ អាប្រាហាំ​មិន​ដឹង​មូលហេតុ ដែល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ស្ដាប់​បង្គាប់​លោក។

នៅ​ព្រឹក​បន្ទាប់ អាប្រាហាំ​បាន​នាំ​អ៊ីសាក និង​អ្នក​បម្រើ​ពីរ​នាក់​ចេញ​ដំណើរ​ទៅ​តំបន់​ភ្នំ​ម៉ូរីយ៉ា។ បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ភ្នំ​នោះ​ពី​ចម្ងាយ។ អាប្រាហាំ​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​រង់​ចាំ​នៅ​ទី​នេះ​សិន រួច​គាត់​និង​អ៊ីសាក​ក៏​ចេញ​ទៅ​ភ្នំ​នោះ ដើម្បី​ជូន​គ្រឿង​បូជា។ អាប្រាហាំ​ឲ្យ​អ៊ីសាក​លី​អុស ឯ​គាត់​កាន់​កាំបិត​មួយ។ អ៊ីសាក​បាន​សួរ​ឪពុក​ថា​៖ ‹តើ​សត្វ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត នៅ​ឯ​ណា?›។ អាប្រាហាំ​ឆ្លើយ​ថា​៖ ‹កូន​អើយ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សត្វ​សម្រាប់​ជា​គ្រឿង​បូជា​ដុត›។

ពេល​ពួក​គាត់​ទៅ​ដល់​ទី​នោះ ពួក​គាត់​បាន​សង់​ទី​បូជា​មួយ។ រួច​មក អាប្រាហាំ​ចង​ដៃ​ចង​ជើង​អ៊ីសាក ហើយ​ផ្ដេក​គាត់​នៅ​លើ​ទី​បូជា។

អាប្រាហាំ​បាន​ដក​កាំបិត។ ភ្លាម​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ហៅ​គាត់​ពី​លើ​មេឃ​ថា​៖ ‹អាប្រាហាំ! កុំ​សម្លាប់​កូន​នោះ​ឡើយ! ឥឡូវ​ខ្ញុំ​ដឹង​ថា អ្នក​មាន​ជំនឿ​លើ​ព្រះ ព្រោះ​អ្នក​សុខ​ចិត្ត​ប្រគល់​កូន​តែ​មួយ​របស់​អ្នក​ជា​គ្រឿង​បូជា›។ បន្ទាប់​មក អាប្រាហាំ​បាន​ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ព្រៃ។ ដូច្នេះ គាត់​ប្រញាប់​ស្រាយ​អ៊ីសាក ហើយ​ជូន​ចៀម​នោះ​ជា​គ្រឿង​បូជា​ជំនួស​វិញ។

ចាប់​ពី​ពេល​នោះ​មក ព្រះ​យេហូវ៉ា​បាន​ហៅ​អាប្រាហាំ​ថា មិត្ត​សម្លាញ់​របស់​លោក។ តើ​អ្នក​ដឹង​ហេតុ​អ្វី​ទេ? ពីព្រោះ​អាប្រាហាំ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​មិន​យល់​មូលហេតុ ដែល​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ក៏​ដោយ។

ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​អាប្រាហាំ​ម្ដង​ទៀត​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​ឬ​ពូជ​របស់​អ្នក មាន​ចំនួន​ច្រើន​ឥត​គណនា›។ នេះ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ល្អ​ទាំង​អស់ តាម​រយៈ​កូន​ចៅ​របស់​អាប្រាហាំ។

​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—យ៉ូហាន ៣:១៦