លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១២

យ៉ាកុបបានទទួលមត៌ក

យ៉ាកុបបានទទួលមត៌ក

អ៊ីសាក​មាន​អាយុ​៤០​ឆ្នាំ ពេល​គាត់​រៀប​ការ​ជា​មួយ​នឹង​រេបិកា។ គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ មួយ​រយៈ​ក្រោយ​មក ពួក​គាត់​មាន​កូន​ប្រុស​ភ្លោះ​ពីរ​នាក់។

កូន​ច្បង​ឈ្មោះ​អេសាវ ឯ​កូន​ប្អូន​ឈ្មោះ​យ៉ាកុប។ អេសាវ​ចូល​ចិត្ត​នៅ​ខាង​ក្រៅ ហើយ​ពូកែ​បរបាញ់​សត្វ។ ប៉ុន្តែ យ៉ាកុប​ចូល​ចិត្ត​នៅ​ក្នុង​ត្រសាល។

នៅ​សម័យ​នោះ ពេល​ឪពុក​ស្លាប់​ទៅ កូន​ប្រុស​ច្បង​នឹង​ទទួល​បាន​ដី និង​មាស​ប្រាក់​ច្រើន​ជាង​កូន​ឯ​ទៀត។ នេះ​ហៅ​ថា​មត៌ក។ សម្រាប់​គ្រួសារ​របស់​អ៊ីសាក មត៌ក​រួម​បញ្ចូល​ផ្នែក​មួយ​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ។ អេសាវ​មិន​សូវ​ខ្វល់​នឹង​សេចក្ដី​សន្យា​ទាំង​នោះ​ទេ។ ប៉ុន្តែ យ៉ាកុប​ដឹង​ថា សេចក្ដី​សន្យា​ទាំង​នោះ​សំខាន់​ណាស់។

ថ្ងៃ​មួយ បន្ទាប់​ពី​បរបាញ់​សត្វ​ពេញ​មួយ​ថ្ងៃ អេសាវ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នឿយ​ហត់​ជា​ខ្លាំង។ គាត់​ធំ​ក្លិន​ឈ្ងុយ​ម្ហូប​ដែល​យ៉ាកុប​កំពុង​ធ្វើ។ រួច​គាត់​និយាយ​ថា​៖ ‹បង​ហេវ​ណាស់! សូម​ឲ្យ​បបរ​សណ្ដែក​ក្រហម​បង​បរិភោគ​ផង!›។ យ៉ាកុប​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​បង។ ប៉ុន្តែ សូម​បង​សន្យា​នឹង​ខ្ញុំ​សិន​ថា បង​នឹង​ឲ្យ​មត៌ក​របស់​បង​ដល់​ខ្ញុំ›។ អេសាវ​ឆ្លើយ​ថា​៖ ‹បង​មិន​ខ្វល់​អំពី​មត៌ក​របស់​បង​ទេ! ប្អូន​យក​ចុះ បង​គ្រាន់​តែ​ចង់​បរិភោគ​ប៉ុណ្ណោះ›។ ពេល​អេសាវ​ធ្វើ​ដូច្នេះ តើ​បង្ហាញ​ថា​គាត់​មាន​ប្រាជ្ញា​ឬ​ទេ? អត់​ទេ។ អេសាវ​បោះ​ចោល​អ្វី​ដែល​មាន​តម្លៃ​បំផុត ជា​ថ្នូរ​នឹង​បបរ​មួយ​ចាន។

កាល​ដែល​អ៊ីសាក​កាន់​តែ​ចាស់​ទៅ នោះ​ដល់​ពេល​ដែល​គាត់​ត្រូវ​ឲ្យ​ពរ​ដល់​កូន​ប្រុស​ច្បង​របស់​គាត់។ ប៉ុន្តែ រេបិកា​បាន​ជួយ​យ៉ាកុប​ដែល​ជា​កូន​ប្អូន ឲ្យ​ទទួល​ពរ​ជំនួស​វិញ។ ពេល​អេសាវ​ដឹង​អំពី​រឿង​នេះ គាត់​ខឹង​ខ្លាំង​ណាស់ ហើយ​រៀប​គម្រោង​សម្លាប់​យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស។ អ៊ីសាក​និង​រេបិកា​ចង់​ការ​ពារ​យ៉ាកុប ដូច្នេះ​ពួក​គាត់​បាន​ប្រាប់​យ៉ាកុប​ថា​៖ ‹ចូរ​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ឡាបាន់​ដែល​ជា​បង​ប្រុស​ម្ដាយ​កូន រហូត​ដល់​អេសាវ​ស្ងប់​កំហឹង›។ យ៉ាកុប​ស្ដាប់​តាម​យោបល់​របស់​ឪពុក​ម្ដាយ រួច​ក៏​រត់​ភៀស​ខ្លួន​ទៅ។

​«​បើ​អ្នក​ណា​ម្នាក់​បាន​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក តែ​បាត់​បង់​ជីវិត​ខ្លួន​វិញ តើ​នោះ​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​សុខ​ចិត្ត​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន?​»។—ម៉ាកុស ៨:៣៦, ៣៧