លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៥

ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប

ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប

ពេល​យ៉ូសែប​នៅ​ក្នុង​គុក ផារ៉ូ​ដែល​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​មាន​សុបិន​មួយ ដែល​គ្មាន​អ្នក​ណា​អាច​បក​ស្រាយ​បាន។ អ្នក​បម្រើ​ម្នាក់​ប្រាប់​ផារ៉ូ​ថា យ៉ូសែប​អាច​បក​ស្រាយ​សុបិន​របស់​គាត់​បាន។ ដូច្នេះ ផារ៉ូ​បាន​បង្គាប់​គេ​ឲ្យ​នាំ​យ៉ូសែប​មក​ភ្លាម​ៗ។

ផារ៉ូ​សួរ​យ៉ូសែប​ថា​៖ ‹តើ​អ្នក​អាច​កាត់​ស្រាយ​សុបិន​របស់​ខ្ញុំ​បាន​ទេ?›។ យ៉ូសែប​ប្រាប់​ផារ៉ូ​ថា​៖ ‹ក្នុង​រយៈ​ពេល​៧​ឆ្នាំ ស្រុក​អេហ្ស៊ីប​នឹង​មាន​ភោគ​ផល​ជា​បរិបូរ។ ប៉ុន្តែ បន្ទាប់​ពី​នោះ​នឹង​មាន​ការ​អត់​ឃ្លាន​អស់​រយៈ​ពេល​៧​ឆ្នាំ​វិញ។ ដូច្នេះ សូម​លោក​ជ្រើស​រើស​បុរស​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ឲ្យ​ប្រមូល​ភោគ​ផល​ទុក ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​របស់​លោក​ជួប​ការ​អត់​ឃ្លាន›។ ផារ៉ូ​និយាយ​ថា​៖ ‹ខ្ញុំ​ជ្រើស​រើស​អ្នក! ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​អំណាច​ទី​២​ក្នុង​ស្រុក​អេហ្ស៊ីប!›។ ហេតុ​អ្វី​យ៉ូសែប​អាច​បក​ស្រាយ​សុបិន​របស់​ផារ៉ូ​បាន? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។

អស់​៧​ឆ្នាំ យ៉ូសែប​បាន​ប្រមូល​ស្បៀង​អាហារ​ទុក​ច្រើន​ក្រៃ​លែង។ បន្ទាប់​មក ក៏​កើត​មាន​ការ​អត់​ឃ្លាន​នៅ​ពេញ​ផែនដី ដូច​សម្ដី​របស់​យ៉ូសែប​មែន។ មនុស្ស​ពី​គ្រប់​កន្លែង​បាន​មក​រក​ទិញ​អាហារ​ពី​យ៉ូសែប។ យ៉ាកុប​ដែល​ជា​ឪពុក​បាន​ឮ​ថា នៅ​ស្រុក​អេហ្ស៊ីប​មាន​អាហារ។ ដូច្នេះ គាត់​ក៏​ចាត់​កូន​ប្រុស​១០​នាក់​ឲ្យ​ទៅ​ទិញ​អាហារ​នៅ​ស្រុក​នោះ។

កូន​ៗ​របស់​យ៉ាកុប​បាន​ទៅ​ឯ​យ៉ូសែប។ យ៉ូសែប​ស្គាល់​ភ្លាម​ថា ពួក​គេ​ជា​បង​ៗ​របស់​គាត់។ ប៉ុន្តែ ពួក​គេ​មិន​ស្គាល់​ថា​គាត់​ជា​យ៉ូសែប​ទេ។ ពួក​គេ​មក​ឱន​គោរព​គាត់ ដូច​ដែល​គាត់​បាន​សុបិន​កាល​ពី​ក្មេង។ ឥឡូវ​យ៉ូសែប​ចង់​ដឹង​ថា តើ​បង​ៗ​គាត់​នៅ​តែ​មាន​ចិត្ត​អាក្រក់​ដូច​ពី​មុន​ឬ​ទេ? ម្ល៉ោះ​ហើយ គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​ស៊ើប​ការណ៍!។ អ្នក​រាល់​គ្នា​មក​រក​មើល​ចំណុច​ខ្សោយ​របស់​ស្រុក​យើង!​»។ ពួក​គេ​ឆ្លើយ​ថា​៖ ‹មិន​មែន​ទេ! យើង​មក​ពី​ស្រុក​កាណាន។ យើង​មាន​បង​ប្អូន​១២​នាក់ ប្អូន​ប្រុស​ម្នាក់​បាន​ស្លាប់​ហើយ ឯ​ប្អូន​ពៅ​នៅ​ជា​មួយ​លោក​ឪពុក›។ យ៉ូសែប​តប​ថា​៖ ‹ចូរ​នាំ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ទើប​ខ្ញុំ​ជឿ›។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ជួប​ឪពុក​វិញ។

ពេល​អស់​អាហារ យ៉ាកុប​ក៏​ចាត់​កូន​ប្រុស​ៗ​ឲ្យ​ទៅ​ឲ្យ​ស្រុក​អេហ្ស៊ីប​ម្ដង​ទៀត។ លើក​នេះ ពួក​គេ​បាន​នាំ​បេនយ៉ាមីន​ជា​ប្អូន​ប្រុស​ពៅ​ទៅ​ជា​មួយ​ដែរ។ យ៉ូសែប​បាន​សាក​ចិត្ត​បង​ៗ​របស់​គាត់ ដោយ​លាក់​ពែង​ប្រាក់​នៅ​ក្នុង​បាវ​ស្រូវ​របស់​បេនយ៉ាមីន ហើយ​ចោទ​ប្អូន​ពួក​គេ​ថា បាន​លួច​ពែង។ ពេល​អ្នក​បម្រើ​យ៉ូសែប​រក​ឃើញ​ពែង​នៅ​ក្នុង​បាវ​ស្រូវ​របស់​បេនយ៉ាមីន នោះ​បង​ៗ​គាត់​ភ័យ​តក់​ស្លុត​ណាស់។ ពួក​គេ​បាន​អង្វរ​សុំ​យ៉ូសែប​ឲ្យ​ដាក់​ទោស​ពួក​គេ ជំនួស​បេនយ៉ាមីន​វិញ។

ឥឡូវ​យ៉ូសែប​ដឹង​ថា បង​ៗ​គាត់​បាន​កែ​ប្រែ​ចិត្ត​ហើយ។ យ៉ូសែប​មិន​អាច​ទប់​អារម្មណ៍​បាន​ទៀត គាត់​ក៏​ទ្រហោ​យំ​យ៉ា​ង​ខ្លាំង ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​ជា​យ៉ូសែប ជា​ប្អូន​របស់​បង។ តើ​លោក​ឪពុក​ខ្ញុំ​នៅ​រស់​ទេ?›។ នេះ​ធ្វើ​ឲ្យ​បង​ៗ​គាត់​ភ្ញាក់​ផ្អើល​និង​ភ័យ​ជា​ខ្លាំង។ ប៉ុន្តែ យ៉ូសែប​ប្រាប់​ពួក​គេ​ថា​៖ ‹សូម​កុំ​បន្ទោស​ខ្លួន​ចំពោះ​អ្វី​ដែល​ពួក​បង​បាន​ធ្វើ​មក​លើ​ខ្ញុំ​ឡើយ។ ព្រះ​បានចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ​ដើម្បី​សង្គ្រោះ​ជីវិត​ពួក​បង។ ឥឡូវ​សូម​នាំ​លោក​ឪពុក​របស់​ខ្ញុំ​មក​ទី​នេះ​ផង›។

ពួក​គេ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​ឪពុក​អំពី​ដំណឹង​ល្អ​នេះ រួច​នាំ​គាត់​មក​ស្រុក​អេហ្ស៊ីប។ ក្រោយ​ពី​បែក​គ្នា​អស់​ជា​ច្រើន​ឆ្នាំ នៅ​ទី​បំផុត​យ៉ូសែប​និង​ឪពុក​របស់​គាត់ បាន​ជួប​គ្នា​វិញ។

​«​បើ​អ្នក​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ​»។—ម៉ាថាយ ៦:១៥