លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៧

ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ា

ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ា

ពេល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប កូន​ចៅ​យ៉ាកុប​បាន​ត្រូវ​ហៅ​ថា​ជន​ជាតិ​អ៊ីស្រាអែល។ ក្រោយ​ពី​យ៉ាកុប​និង​យ៉ូសែប​ស្លាប់ ផារ៉ូ​ថ្មី​បាន​ឡើង​គ្រប់​គ្រង។ ផារ៉ូ​ម្នាក់​នេះ​ភ័យ​ខ្លាច​ថា ជន​ជាតិ​អ៊ីស្រាអែល​មាន​អំណាច​ខ្លាំង​ជាង​ជន​ជាតិ​អេហ្ស៊ីប។ ដូច្នេះ គាត់​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​ទាសករ ដោយ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ឥដ្ឋ និង​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក​ក្នុង​ស្រែ​ចម្ការ។ ប៉ុន្តែ កាល​ដែល​ជន​ជាតិ​អេហ្ស៊ីប​គាប​សង្កត់​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​យ៉ាង​ណា ជន​ជាតិ​អ៊ីស្រាអែល​ក៏​កើន​ចំនួន​ច្រើន​យ៉ាង​នោះ​ដែរ។ នេះ​ធ្វើ​ឲ្យ​ផារ៉ូ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។ ហេតុ​នេះ គាត់​បាន​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ទារក​ប្រុស​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ទើប​នឹង​កើត។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​យ៉ាង​ណា​ទេ?

ស្ត្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យ៉ុកេបេត កើត​បាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់។ ដើម្បី​ការ​ពារ​កូន​ង៉ែត យ៉ុកេបេត​បាន​ដាក់​កូន​នៅ​ក្នុង​កញ្ជើ ហើយ​យក​ទៅ​លាក់​នៅ​កណ្ដាល​គុម្ព​ត្រែង​ក្បែរ​ច្រាំង​ទន្លេ​នីល។ បង​ស្រី​ទារក​ឈ្មោះ​មីរៀម កំពុង​ឈរ​ចាំ​នៅ​ជិត​នោះ ដើម្បី​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង។

ពេល​នោះ កូន​ស្រី​ផារ៉ូ​ចុះ​ទៅ​ងូត​ទឹក​ក្នុង​ទន្លេ​នីល ហើយ​នាង​បាន​ឃើញ​កញ្ជើ។ នាង​បើក​មើល ក៏​ឃើញ​ទារក​កំពុង​យំ ធ្វើ​ឲ្យ​នាង​រំជួល​ចិត្ត​ដោយ​ក្ដី​អាណិត។ ឃើញ​ដូច្នោះ មីរៀម​បាន​សួរ​កូន​ស្រី​ផារ៉ូ​ថា​៖ ​«​តើ​អ្នក​នាង​ម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ទៅ​ហៅ​មេ​ដោះ​ឲ្យ​មក​បំបៅ​កូន​នេះ​ទេ?​»។ កូន​ស្រី​ផារ៉ូ​យល់​ព្រម ដូច្នេះ​មីរៀម​បាន​ទៅ​ហៅ​ម្ដាយ​មក។ កូន​ស្រី​ផារ៉ូ​បាន​ប្រាប់​យ៉ុកេបេត​ថា​៖ ​«​ចូរ​យក​ទារក​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ។ ខ្ញុំ​នឹង​ឲ្យ​ថ្លៃ​ឈ្នួល​ដល់​អ្នក​»។

ពេល​កូន​នោះ​ធំ​ឡើង​បន្តិច យ៉ុកេបេត​បាន​នាំ​កូន​ទៅ​ជួប​កូន​ស្រី​ផារ៉ូ។ កូន​ស្រី​ផារ៉ូ​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ម៉ូសេ ហើយ​ចិញ្ចឹម​បី​បាច់​ទុក​ដូច​ជា​កូន​របស់​នាង។ ម៉ូសេ​បាន​ធំ​ឡើង​ជា​បុត្រ​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ហើយ​គាត់​អាច​ធ្វើ​អ្វី​ទាំង​អស់​តាម​ដែល​គាត់​ចង់​បាន។ ប៉ុន្តែ ម៉ូសេ​មិន​ដែល​ភ្លេច​ព្រះ​យេហូវ៉ា​ទេ។ គាត់​ដឹង​ច្បាស់​ថា​ខ្លួន​ជា​ជន​ជាតិ​អ៊ីស្រាអែល មិន​មែន​ជា​ជន​ជាតិ​អេហ្ស៊ីប​ឡើយ។ ម្ល៉ោះ​ហើយ គាត់​ជ្រើស​រើស​បម្រើ​ព្រះ​យេហូវ៉ា។

ពេល​អាយុ​៤០​ឆ្នាំ ម៉ូសេ​បាន​សម្រេច​ចិត្ត​ជួយ​ជន​រួម​ជាតិ​របស់​គាត់។ នៅ​ថ្ងៃ​មួយ ម៉ូសេ​បាន​ឃើញ​ជន​ជាតិ​អេហ្ស៊ីប​វាយ​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល ហេតុ​នេះ​គាត់​បាន​វាយ​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប​នោះ ហើយ​កប់​សាក​សព​នៅ​ក្នុង​ខ្សាច់។ ប៉ុន្តែ ពេល​ផារ៉ូ​ដឹង​រឿង​នោះ គាត់​ចង់​សម្លាប់​ម៉ូសេ។ ដូច្នេះ ម៉ូសេ​ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​ម៉ាឌាន។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​បាន​មើល​ថែ​គាត់។

​«​ដោយ​សារ​ជំនឿ . . . [​ម៉ូសេ​]​មិន​ព្រម​ឲ្យ​គេ​ហៅ​គាត់​ថា​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ​ឡើយ។ គាត់​សម្រេច​ចិត្ត​ឲ្យ​គេ​ធ្វើ​បាប​គាត់​ជា​មួយ​នឹង​រាស្ដ្រ​របស់​ព្រះ​»។—ហេប្រឺ ១១:២៤, ២៥