លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៨

ភ្លើងឆេះក្នុងគុម្ពបន្លា

ភ្លើងឆេះក្នុងគុម្ពបន្លា

ម៉ូសេ​រស់​នៅ​ស្រុក​ម៉ាឌាន​អស់​៤០​ឆ្នាំ។ គាត់​បាន​រៀប​ការ ហើយ​មាន​កូន។ ថ្ងៃ​មួយ ពេល​ម៉ូសេ​កំពុង​ឃ្វាល​ចៀម​នៅ​ក្បែរ​ភ្នំ​ស៊ីណាយ គាត់​បាន​ឃើញ​រឿង​ដ៏​អស្ចារ្យ​មួយ គឺ​ឃើញ​អណ្ដាត​ភ្លើង​ឆេះ​ក្នុង​គុម្ព​បន្លា តែ​គុម្ព​បន្លា​មិន​ឆេះ​ទេ! ហេតុ​នេះ ម៉ូសេ​ក៏​ចូល​ទៅ​ជិត ដើម្បី​ដឹង​ថា​មាន​អ្វី​កើត​ឡើង ស្រាប់​តែ​គាត់​ឮ​សំឡេង​មួយ​ចេញ​ពី​គុម្ព​បន្លា​ថា​៖ ‹ម៉ូសេ! កុំ​ចូល​មក​ជិត​ទៀត។ ចូរ​ដោះ​ស្បែក​ជើង​អ្នក​ចេញ ព្រោះ​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ គឺ​ជា​ដី​បរិសុទ្ធ›។ នេះ​ជា​សំឡេង​របស់​ព្រះ​យេហូវ៉ា ដែល​កំពុង​មាន​ប្រសាសន៍​តាម​រយៈ​ទេវតា​មួយ​រូប។

ពេល​ឮ​សំឡេង​នោះ ម៉ូសេ​ភ័យ​ណាស់ ដូច្នេះ​គាត់​ក៏​បាំង​មុខ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹ខ្ញុំ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ខ្ញុំ​នឹង​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​អេហ្ស៊ីប ហើយ​នាំ​ពួក​គេ​ទៅ​ស្រុក​ដ៏​ល្អ។ អ្នក​គឺ​ជា​បុគ្គល​ដែល​ខ្ញុំ​នឹង​ប្រើ ដើម្បី​ដឹក​នាំ​រាស្ដ្រ​របស់​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប›។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ូសេ​ភ្ញាក់​ផ្អើល​ណាស់ មែន​ទេ?

ម៉ូសេ​សួរ​ថា​៖ ‹តើ​ខ្ញុំ​គួរ​ឆ្លើយ​យ៉ាង​ណា បើ​បណ្ដា​ជន​សួរ​ថា​អ្នក​ណា​ចាត់​ខ្ញុំ​ឲ្យ​មក?›។ ព្រះ​តប​ថា​៖ ‹ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា›។ ម៉ូសេ​ក៏​សួរ​ទៀត​ថា​៖ ‹ចុះ​បើ​បណ្ដា​ជន​មិន​ជឿ​ខ្ញុំ?›។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ម៉ូសេ​ថា លោក​នឹង​ជួយ​គាត់។ លោក​បាន​ប្រាប់​គាត់​ឲ្យ​បោះ​ដំបង​ទៅ​លើ​ដី។ ពេល​គាត់​ធ្វើ​តាម ដំបង​នោះ​បាន​ប្រែ​ទៅ​ជា​សត្វ​ពស់! ពេល​គាត់​លូក​ដៃ​ចាប់​កាន់​កន្ទុយ​ពស់ នោះ​វា​ក៏​ប្រែ​ទៅ​ជា​ដំបង​វិញ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ពេល​អ្នក​ធ្វើ​ការ​អស្ចារ្យ​ដូច​នេះ ពួក​គេ​នឹង​ជឿ​ថា​ខ្ញុំ​បាន​ចាត់​អ្នក​ឲ្យ​មក›។

ប៉ុន្តែ ម៉ូសេ​បន្ត​ប្រាប់​ថា​៖ ‹ខ្ញុំ​មិន​ពូកែ​និយាយ​ទេ›។ ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ ហើយ​ខ្ញុំ​នឹង​ចាត់​អេរ៉ុន​បង​ប្រុស​របស់​អ្នក​ឲ្យ​ជួយ​អ្នក›។ ពេល​ម៉ូសេ​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់ នោះ​គាត់​បាន​នាំ​ប្រពន្ធ​និង​កូន​ៗ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។

​«​កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​ឡើយ ពីព្រោះ​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​វេលា​នោះ​ឯង​»។—ម៉ាថាយ ១០:១៩