មេរៀនទី១៩
សេចក្តីវេទនាបីដំបូង
ជនជាតិអ៊ីស្រាអែលបានត្រូវបង្ខំឲ្យធ្វើការយ៉ាងលំបាកក្នុងភាពជាខ្ញុំបម្រើ។ ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេនិងអេរ៉ុនឲ្យទៅជួបផារ៉ូ ហើយប្រាប់ថា៖ ‹ចូរឲ្យរាស្ត្ររបស់ខ្ញុំចេញទៅតំបន់ស្ងាត់ជ្រងំ ដើម្បីពួកគេអាចគោរពប្រណិប័តន៍ខ្ញុំ›។ ផារ៉ូតបទៅវិញដោយអំណួតថា៖ ‹ខ្ញុំមិនខ្វល់នឹងសម្ដីរបស់ព្រះយេហូវ៉ាទេ ហើយខ្ញុំមិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ›។ រួចមក ផារ៉ូបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការធ្ងន់ជាងមុនទៅទៀត។ ព្រះយេហូវ៉ានឹងបង្រៀនផារ៉ូនូវមេរៀនមួយ។ តើអ្នកដឹងថាលោកនឹងធ្វើអ្វីទេ? លោកនឹងធ្វើឲ្យមានសេចក្ដីវេទនា១០យ៉ាងនៅស្រុកអេហ្ស៊ីប។ ព្រះយេហូវ៉ាប្រាប់ម៉ូសេថា៖ ‹ផារ៉ូមិនព្រមស្ដាប់ខ្ញុំទេ។ នៅព្រឹកស្អែក គាត់នឹងចេញទៅទន្លេនីល។ ចូរទៅជួបគាត់ ហើយប្រាប់ថា៖ «ដោយសារអ្នកមិនព្រមឲ្យរាស្ត្ររបស់ខ្ញុំចេញទៅ នោះទឹកទន្លេនីលនឹងប្រែទៅជាឈាម»›។ ម៉ូសេក៏ទៅជួបផារ៉ូតាមបង្គាប់លោក។ រួចអេរ៉ុនបានយកដំបងវាយទឹកទន្លេនីលនៅចំពោះមុខផារ៉ូ ស្រាប់តែទន្លេក៏ប្រែទៅជាឈាម ហើយត្រីចាប់ផ្ដើមងាប់ ធ្វើឲ្យទឹកទន្លេនោះស្អុយ រហូតដល់មិនអាចផឹកបាន។ ប៉ុន្តែ ផារ៉ូមិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។
ប្រាំពីរថ្ងៃក្រោយមក ព្រះយេហូវ៉ាបានចាត់ម៉ូសេឲ្យទៅប្រាប់ផារ៉ូថា៖ ‹បើអ្នកមិនព្រមឲ្យរាស្ត្ររបស់ខ្ញុំចាកចេញទេ នោះស្រុកអេហ្ស៊ីបនឹងពេញទៅដោយកង្កែប›។ ពេលអេរ៉ុនលើកដំបងគាត់ឡើង នោះក៏មានហ្វូងកង្កែបឡើងមកពាសពេញស្រុកអេហ្ស៊ីប។ មានកង្កែបនៅក្នុងផ្ទះ នៅលើគ្រែ សូម្បីតែចានក៏មានដែរ គឺមាននៅគ្រប់កន្លែងក្នុងស្រុកនោះ! ផារ៉ូបានប្រាប់ម៉ូសេឲ្យអង្វរព្រះយេហូវ៉ាដកសេចក្ដីវេទនានោះចេញ ហើយផារ៉ូសន្យាថានឹងដោះលែងជនជាតិអ៊ីស្រាអែល។ ដូច្នេះ ព្រះយេហូវ៉ាបានបញ្ឈប់សេចក្ដីវេទនានោះ។ កង្កែបចាប់ផ្ដើមងាប់ ហើយជនជាតិអេហ្ស៊ីបបានប្រមូលហ្វូងកង្កែបដែលងាប់ទៅជាគំនររាប់មិនអស់។ ស្រុកទាំងមូលពេញទៅដោយក្លិនស្អុយ។ ប៉ុន្តែ ផារ៉ូនៅតែរឹងចចេសមិនឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
បន្ទាប់មក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ ‹ចូរឲ្យអេរ៉ុនវាយដំបងទៅនឹងដី នោះធូលីដីនឹងក្លាយទៅជាសត្វសុច។ ពួកវានឹងធ្វើទុក្ខទាំងមនុស្សទាំងសត្វ›។ ភ្លាមៗនោះ ក៏កើតមានសត្វសុចគ្រប់ទីកន្លែង។ មនុស្សរបស់ផារ៉ូបានប្រាប់ផារ៉ូថា៖ ‹សេចក្ដីវេទនានេះគឺមកពីព្រះ›។ ប៉ុន្តែ ផារ៉ូនៅតែមិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។
«ខ្ញុំនឹងបង្ហាញឲ្យពួកគេឃើញ គឺឃើញថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ នោះពួកគេនឹងដឹងថានាមខ្ញុំគឺយេហូវ៉ា»។—យេរេមា ១៦:២១