លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២២

អព្ភូតហេតុនៅសមុទ្រក្រហម

អព្ភូតហេតុនៅសមុទ្រក្រហម

ពេល​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ផារ៉ូ​ស្ដាយ​ក្រោយ​ដែល​ដោះ​លែង​ពួក​គេ។ រួច​មក ផារ៉ូ​ក៏​ប្រញាប់​បញ្ជា​កង​ទ័ព​អង់អាច​របស់​គាត់​ថា​៖ ‹ចូរ​រៀប​ចំ​រទេះ​ចម្បាំង​ទាំង​អស់​របស់​យើង។ យើង​នឹង​ដេញ​តាម​ពួក​គេ យើង​មិន​ឲ្យ​ពួក​គេ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ›។ ដូច្នេះ ផារ៉ូ​និង​កង​ទ័ព​របស់​គាត់ ចាប់​ផ្ដើម​ដេញ​តាម​ពួក​អ៊ីស្រាអែល។

ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​រាស្ត្រ​របស់​លោក ដោយ​ប្រើ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ ហើយ​ប្រើ​បង្គោល​ភ្លើង​នៅ​ពេល​យប់។ លោក​បាន​នាំ​ពួក​គេ​ទៅ​ដល់​សមុទ្រ​ក្រហម ហើយ​ប្រាប់​ពួក​គេ​ឲ្យ​បោះ​ជំរំ​នៅ​ទី​នោះ។

ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​កំពុង​មក។ ឥឡូវ​នេះ ពួក​គេ​ទាល់​ច្រក​ហើយ នៅ​ខាង​មុខ​មាន​សមុទ្រ​ក្រហម ហើយ​នៅ​ខាង​ក្រោយ​មាន​កង​ទ័ព​អេហ្ស៊ីប។ ដូច្នេះ ពួក​គេ​បាន​ស្រែក​ទៅ​ម៉ូសេ​ថា​៖ ‹យើង​ច្បាស់​ជា​ស្លាប់​ហើយ! អ្នក​មិន​គួរ​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ទេ›។ ប៉ុន្តែ ម៉ូសេ​ឆ្លើយ​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ។ ចូរ​ចាំ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​យើង›។ ម៉ូសេ​ពិត​ជា​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា មែន​ទេ?

ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រើ​ជំរំ។ នៅ​យប់​នោះ លោក​បាន​រំកិល​បង្គោល​ពពក ហើយ​ដាក់​នៅ​រវាង​ជន​ជាតិ​អេហ្ស៊ីប​និង​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​ខាង​ជន​ជាតិ​អេហ្ស៊ីប​មាន​ភាព​ងងឹត តែ​នៅ​ខាង​ជន​ជាតិ​អ៊ីស្រាអែល​មាន​ពន្លឺ។

ព្រះ​យេហូវ៉ា​បង្គាប់​ម៉ូសេ​ឲ្យ​លើក​ដៃ​ឡើង​ទៅ​លើ​សមុទ្រ។ រួច​លោក​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់។ ខ្យល់​នោះ​ញែក​សមុទ្រ​ជា​ពីរ ក៏​បង្កើត​ចេញ​ជា​ផ្លូវ​គោក​ស្ងួត​នៅ​កណ្ដាល។ ជន​ជាតិ​អ៊ីស្រាអែល​រាប់​លាន​នាក់​បាន​ដើរ​ឆ្លង​កាត់​បាត​សមុទ្រ​ស្ងួត​នោះ​ទៅ​ត្រើយ​ម្ខាង ទាំង​មាន​កំពែង​ទឹក​សមុទ្រ​នៅ​សង​ខាង​ពួក​គេ។

កង​ទ័ព​ផារ៉ូ​បាន​សម្រុក​ដេញ​តាម​ពួក​អ៊ីស្រាអែល ដោយ​ឆ្លង​តាម​បាត​សមុទ្រ​ស្ងួត​នោះ។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​កង​ទ័ព​ផារ៉ូ​មាន​ភាព​ច្របូក​ច្របល់។ លោក​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​របស់​ពួក​គេ​របូត​កង់។ ពួក​ទាហាន​ស្រែក​ឡើង​ថា​៖ ‹ចូរ​យើង​ដក​ថយ​ចេញ​ពី​ទី​នេះ! ព្រះ​យេហូវ៉ា​កំពុង​ច្បាំង​នឹង​យើង​ជំនួស​ពួក​គេ​ហើយ›។

ព្រះ​យេហូវ៉ា​ប្រាប់​ទៅ​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ​»។ ភ្លាម​នោះ កំពែង​ទឹក​សមុទ្រ​បាន​ធ្លាក់​មក​គ្រប​លើ​កង​ទ័ព​អេហ្ស៊ីប។ ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​ស្លាប់​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។

ចំណែក​នៅ​ឯ​ត្រើយ​សមុទ្រ​ម្ខាង​ទៀត ក្រុម​មនុស្ស​ដ៏​ធំ​កំពុង​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ‹ខ្ញុំ​សូម​ច្រៀង​ជូន​ព្រះ ព្រោះ​លោក​មាន​កិត្តិយស​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា។ លោក​បាន​គ្រវែង​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ›។ ដំណាល​គ្នា​នោះ ពួក​ស្ត្រី​ក៏​នាំ​គ្នា​រាំ​និង​លេង​ស្គរ​ដៃ។ ពួក​គេ​គ្រប់​រូប​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ពីព្រោះ​ឥឡូវ​ពួក​គេ​មាន​សេរី​ភាព​ពិត​ប្រាកដ។

​«​ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?›​»។—ហេប្រឺ ១៣:៦