លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៥

ត្រសាលសម្រាប់គោរពប្រណិប័តន៍ព្រះ

ត្រសាលសម្រាប់គោរពប្រណិប័តន៍ព្រះ

ពេល​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​សង់​រោង​ពិសេស​មួយ​ហៅ​ថា ត្រសាល​ជំនុំ។ ត្រសាល​នោះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ប្រើ​ជា​កន្លែង​គោរព​ប្រណិប័តន៍​លោក។ រាល់​ដង​ដែល​ពួក​គេ​រើ​ជំរំ ពួក​គេ​តែង​យក​ត្រសាល​នោះ​ទៅ​ជា​មួយ។

ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ‹ចូរ​ប្រាប់​បណ្ដា​ជន​ឲ្យ​ធ្វើ​វិភាគទាន​តាម​លទ្ធភាព ដើម្បី​ជួយ​សង់​ត្រសាល›។ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឲ្យ​ប្រាក់ មាស ស្ពាន់ ត្បូង​មាន​តម្លៃ និង​គ្រឿង​អលង្ការ​ផ្សេង​ៗ។ ពួក​គេ​ថែម​ទាំង​ឲ្យ​អំបោះ ក្រណាត់​លេនីន ស្បែក​សត្វ និង​របស់​ជា​ច្រើន​ទៀត។ ពួក​គេ​មាន​ចិត្ត​ទូលាយ​ឲ្យ​ច្រើន​ដល់​ម្ល៉េះ រហូត​ដល់​ម៉ូសេ​ប្រាប់​ថា​៖ ‹យើង​មាន​គ្រប់​គ្រាន់​ហើយ! មិន​ត្រូវ​យក​មក​ថែម​ទៀត​ទេ›។

បុរស​និង​ស្ត្រី​ដែល​មាន​ជំនាញ​ផ្សេង​ៗ បាន​ចូល​រួម​សាង​សង់​ត្រសាល។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​មាន​ប្រាជ្ញា​ធ្វើ​កិច្ច​ការ​នេះ។ អ្នក​ខ្លះ​វេញ​អំបោះ ត្បាញ​ក្រណាត់ ឬ​ដេរ​ប៉ាក់។ ចំណែក​អ្នក​ខ្លះ​ទៀត ដាំ​ត្បូង​លាយ​ជា​មួយ​មាស ឬ​ឆ្លាក់​ឈើ​ជា​ដើម។

ពួក​គេ​សង់​ត្រសាល​ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ពួក​គេ​ធ្វើ​វាំងនន​ដ៏​ស្អាត​មួយ ដើម្បី​ខណ្ឌ​ចែក​ត្រសាល​ជា​ពីរ​ផ្នែក។ ផ្នែក​មួយ​ហៅ​ថា បន្ទប់​បរិសុទ្ធ ហើយ​ផ្នែក​មួយ​ទៀត​ហៅ​ថា បន្ទប់​បរិសុទ្ធ​បំផុត។ ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត មាន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ដែល​ធ្វើ​ពី​ឈើ​អាកាស្យា​និង​មាស។ រី​ឯ​ក្នុង​បន្ទប់​បរិសុទ្ធ មាន​ជើង​ចង្កៀង​មាស មាន​តុ និង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ចំណែក​ក្នុង​ទី​ធ្លា​ត្រសាល​វិញ មាន​អាង​ស្ពាន់ និង​ទី​បូជា​ធំ​មួយ។ ហឹប​នៃ​កិច្ច​ព្រម​ព្រៀង គឺ​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា ពួក​គេ​បាន​ធ្វើ​សេចក្ដី​សន្យា​ពិសេស​មួយ​ថា ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​យេ​ហូវ៉ា។

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ឲ្យ​ធ្វើ​ជា​សង្ឃ​នៅ​ឯ​ត្រសាល។ ពួក​គេ​មាន​ភារកិច្ច​មើល​ថែ​រក្សា​ត្រសាល និង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ មាន​តែ​អេរ៉ុន​ដែល​ជា​សម្ដេច​សង្ឃ​ប៉ុណ្ណោះ អាច​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។ មួយ​ឆ្នាំ​ម្ដង គាត់​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ដើម្បី​ជូន​គ្រឿង​បូជា​សម្រាប់​ភាព​ខុស​ឆ្គង​របស់​គាត់ ក្រុម​គ្រួសារ​គាត់ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។

មួយ​ឆ្នាំ​បន្ទាប់​ពី​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ជន​ជាតិ​អ៊ីស្រាអែល​បាន​សង់​ត្រសាល​រួច​រាល់។ ឥឡូវ ពួក​គេ​មាន​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ត្រសាល​ពេញ​ដោយ​សិរី​រុង​រឿង​របស់​លោក ទាំង​ធ្វើ​ឲ្យ​ពពក​លេច​ពី​លើ​ត្រសាល​នោះ​ផង។ ដរាប​ណា​ពពក​នៅ​លើ​ត្រសាល ដរាប​នោះ​ជន​ជាតិ​អ៊ីស្រាអែល​មិន​រើ​ជំរំ​ទេ។ ប៉ុន្តែ ពេល​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ជា​សញ្ញា​ថា​ពួក​គេ​ត្រូវ​រើ​ជំរំ។ រួច​មក ពួក​គេ​ធ្វើ​ដំណើរ​តាម​ពពក ដោយ​នាំ​យក​ត្រសាល​ទៅ​ជា​មួយ​ដែរ។

​«​រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា​៖ ‹មើល! ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​លោក។ ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់›​»។—ការ​បើក​បង្ហាញ ២១:៣