លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៦

អ្នកស៊ើបការណ៍១២នាក់

អ្នកស៊ើបការណ៍១២នាក់

ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ភ្នំ​ស៊ីណាយ ហើយ​ធ្វើ​ដំណើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន ទៅ​ដល់​កន្លែង​មួយ​ឈ្មោះ​ថា​កាដេស។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ‹ចូរ​ចាត់​បុរស​១២​នាក់ គឺ​ម្នាក់​ពី​កុលសម្ព័ន្ធ​មួយ​ៗ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ជា​ទឹក​ដី​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល›។ ដូច្នេះ ម៉ូសេ​បាន​ជ្រើស​រើស​បុរស​១២​នាក់ ហើយ​ប្រាប់​ថា​៖ ‹ចូរ​ទៅ​ស្រុក​កាណាន ហើយ​ស៊ើប​មើល​ថា តើ​ដី​នៅ​ទី​នោះ​ល្អ​សម្រាប់​ដាំ​ដំណាំ​ឬ​ទេ ហើយ​តើ​មនុស្ស​នៅ​ទី​នោះ​ខ្លាំង​ឬ​ខ្សោយ ហើយ​តើ​ពួក​គេ​រស់​នៅ​ក្រុង​ឬ​ក្នុង​ជំរំ?›។ រួច​មក អ្នក​ស៊ើប​ការណ៍​ទាំង​១២​នាក់ រួម​មាន​យ៉ូស្វេ​និង​កាលែប ក៏​ចេញ​ទៅ​ស្រុក​កាណាន។

បន្ទាប់​ពី​ស៊ើប​ការណ៍​អស់​៤០​ថ្ងៃ ពួក​គេ​ក៏​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ផ្លែ​ល្វា ផ្លែ​ទទឹម និង​ផ្លែ​ទំពាំង​បាយ​ជូរ​មក​ជា​មួយ​ផង។ ពួក​គេ​ប្រាប់​ថា​៖ ‹នៅ​ស្រុក​នោះ​ទឹក​ដី​ល្អ​ណាស់។ ប៉ុន្តែ មនុស្ស​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​ក្រុង​របស់​ពួក​គេ​មាន​កំពែង​រឹង​មាំ›។ ពេល​នោះ កាលែប​និយាយ​ថា​៖ ‹យើង​អាច​វាយ​ឈ្នះ​ពួក​គេ​បាន។ តោះ​យើង​ទៅ!›។ អ្នក​ដឹង​ទេ​ថា ហេតុ​អ្វី​កាលែប​និយាយ​ដូច្នេះ? គឺ​ដោយ​សារ​គាត់​និង​យ៉ូស្វេ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ពួក​អ្នក​ស៊ើប​ការណ៍​១០​នាក់​ទៀត​និយាយ​ថា​៖ ‹កុំ​ទៅ​ឲ្យ​សោះ! មនុស្ស​នៅ​ស្រុក​នោះ មាន​មាឌ​ធំ​ខ្លាំង​ណាស់! បើ​ប្រៀប​ធៀប​នឹង​ពួក​គេ យើង​ដូច​ជា​កណ្ដូប›។

ពេល​ឮ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្លាក់​ទឹក​ចិត្ត។ ពួក​គេ​ចាប់​ផ្ដើម​ត្អូញត្អែរ ហើយ​និយាយ​គ្នា​ថា​៖ ‹ចូរ​យើង​ជ្រើស​រើស​អ្នក​ដឹក​នាំ​ថ្មី ហើយ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។ ហេតុ​អ្វី​យើង​ត្រូវ​ទៅ​ទឹក​ដី​នោះ​ដើម្បី​ឲ្យ​ពួក​គេ​សម្លាប់​យើង?›។ យ៉ូស្វេ​និង​កាលែប​និយាយ​ថា​៖ ‹យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​កុំ​ភ័យ​ខ្លាច​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​យើង›។ ប៉ុន្តែ បណ្ដា​ជន​អ៊ីស្រាអែល​មិន​ស្ដាប់​ឡើយ ពួក​គេ​ថែម​ទាំង​ចង់​សម្លាប់​យ៉ូស្វេ​និង​កាលែប​ទៀត​ផង!

តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា? លោក​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ‹ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ខ្ញុំ។ ដូច្នេះ ពួក​គេ​នឹង​រស់​នៅក្នុង​តំបន់​ស្ងាត់​ជ្រងំ​នេះ​អស់​៤០​ឆ្នាំ ហើយ​ស្លាប់​នៅ​ទី​នេះ។ មាន​តែ​កូន​ៗ​របស់​ពួក​គេ យ៉ូស្វេ និង​កាលែប​ប៉ុណ្ណោះ ដែល​នឹង​រស់​នៅ​ក្នុង​ទឹក​ដី​ដែល​ខ្ញុំ​បាន​សន្យា​ប្រគល់​ឲ្យ​ពួក​គេ›។

​«​អ្នក​រាល់​គ្នា​ដែល​មាន​ជំនឿ​តិច ហេតុ​អ្វី​បាន​ជា​ភ័យ​ខ្លាច​ដូច្នេះ?​»។—ម៉ាថាយ ៨:២៦