លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៧

ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ា

ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ា

ក្រោយ​មក ពេល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ កូរ៉ា ដាថាន អាបាយរ៉ាម និង​មនុស្ស​២៥០​នាក់​ទៀត នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ម៉ូសេ។ ពួក​គេ​និយាយ​ទៅ​ម៉ូសេ​ថា​៖ ‹យើង​ទ្រាំ​នឹង​អ្នក​យូរ​ហើយ! ហេតុ​អ្វី​បាន​ជា​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​យើង ហើយ​ឲ្យ​អេរ៉ុន​ធ្វើ​ជា​សម្ដេច​សង្ឃ? ព្រះ​យេហូវ៉ា​ក៏​នៅ​ជា​មួយ​ពួក​យើង​ដែរ មិន​គ្រាន់​តែ​នៅ​ជា​មួយ​អ្នក​និង​អេរ៉ុន​ទេ›។ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ឡើយ។ លោក​ចាត់​ទុក​ទង្វើ​របស់​ពួក​គេ​ថា ជា​ការ​បះ​បោរ​ប្រឆាំង​នឹង​លោក!

ម៉ូសេ​បាន​តប​ទៅ​កូរ៉ា​និង​ពួក​អ្នក​គាំទ្រ​កូរ៉ា​ថា​៖ ‹ថ្ងៃ​ស្អែក ចូរ​មក​ត្រសាល​ជំនុំ ហើយ​យក​ប្រដាប់​ដាក់​រងើក​ភ្លើង និង​គ្រឿង​ក្រអូប​មក​ជា​មួយ​ផង។ ព្រះ​យេហូវ៉ា​នឹង​បញ្ជាក់​ច្បាស់​ថា អ្នក​ណា​ដែល​លោក​បាន​ជ្រើស​រើស›។

នៅ​ថ្ងៃ​បន្ទាប់ កូរ៉ា​និង​ពួក​អ្នក​គាំទ្រ​២៥០​នាក់ បាន​ទៅ​ជួប​ម៉ូសេ​នៅ​ឯ​ត្រសាល​ជំនុំ។ ពួក​គេ​បាន​ដុត​គ្រឿង​ក្រអូប​នៅ​ទី​នោះ ធ្វើ​ដូច​ជា​ពួក​គេ​ជា​សង្ឃ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ‹ចូរ​ញែក​ខ្លួន​ចេញ​ពី​កូរ៉ា​និង​ពួក​អ្នក​គាំទ្រ​គាត់›។

ពេល​កូរ៉ា​ទៅ​ជួប​ម៉ូសេ​នៅ​ឯ​ត្រសាល​ជំនុំ ដាថាន អាបាយរ៉ាម និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មិន​ព្រម​ទៅ​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ចេញ​ឆ្ងាយ​ពី​ជំរំ​របស់​កូរ៉ា ដាថាន និង​អាបាយរ៉ាម។ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​ភ្លាម​ៗ។ រីឯ​ដាថាន អាបាយរ៉ាម និង​ក្រុម​គ្រួសារ​ពួក​គេ បាន​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​របស់​ខ្លួន។ រំពេច​នោះ ដី​ចាប់​ផ្ដើម​ប្រេះ ហើយ​លេប​ត្របាក់​ពួក​គេ​ទាំង​រស់! នៅ​ឯ​ត្រសាល​ជំនុំ​វិញ ភ្លើង​បាន​ធ្លាក់​ពី​លើ​មេឃ មក​ឆាប​ឆេះ​កូរ៉ា និង​មនុស្ស​២៥០​នាក់​ដែល​គាំទ្រ​គាត់។

រួច​មក ព្រះ​យេហូវ៉ា​បង្គាប់​ម៉ូសេ​ថា​៖ ‹ចូរ​ឲ្យ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នីមួយ​ៗ​យក​ដំបង​ម្នាក់​មួយ​ៗ ហើយ​ចារ​ឈ្មោះ​រៀង​ខ្លួន​នៅ​លើ​ដំបង​របស់​ពួក​គេ។ ប៉ុន្តែ ដំបង​ពី​កុលសម្ព័ន្ធ​លេវី ត្រូវ​ចារ​ឈ្មោះ​របស់​អេរ៉ុន។ បន្ទាប់​មក ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ក្នុង​ត្រសាល​ជំនុំ។ ដំបង​របស់​អ្នក​ណា​ដែល​ខ្ញុំ​ជ្រើស​រើស នោះ​នឹង​ចេញ​ពន្លក​ផ្កា›។

នៅ​ថ្ងៃ​បន្ទាប់ ម៉ូសេ​បាន​យក​ដំបង​ទាំង​អស់​មក​បង្ហាញ​មេ​ដឹក​នាំ​នីមួយ​ៗ។ ដំបង​របស់​អេរ៉ុន​មាន​ពន្លក​ផ្កា ថែម​ទាំង​ចេញ​ផ្លែ​អល់ម៉ុន​ទុំ​នៅ​ពី​លើ​ទៀត​ផង។ នេះ​បញ្ជាក់​ច្បាស់​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អេរ៉ុន​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ។

​«​ចូរ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​»។—ហេប្រឺ ១៣:១៧