លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣០

រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍

រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍

ពេល​អ្នក​ស៊ើប​ការណ៍​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​មក​ដល់​ក្រុង​យេរីខូ ពួក​គេ​ស្នាក់​នៅ​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​រ៉ាហាប។ ស្ដេច​ក្រុង​យេរីខូ​ជ្រាប​អំពី​រឿង​នេះ ក៏​ចាត់​ពួក​ទាហាន​ឲ្យ​ទៅ​ផ្ទះ​របស់​រ៉ាហាប។ រ៉ាហាប​បាន​ជួយ​លាក់​ពួក​អ្នក​ស៊ើប​ការណ៍​នៅ​លើ​ដំបូល ហើយ​ចង្អុល​ប្រាប់​ពួក​ទាហាន​ទៅ​ទិស​ផ្សេង​ទៀត។ រួច​មក នាង​និយាយ​ទៅ​អ្នក​ស៊ើប​ការណ៍​ពីរ​នាក់​ថា​៖ ‹ខ្ញុំ​ជួយ​អ្នក ពីព្រោះ​ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ខាង​អ្នក ហើយ​ថា​អ្នក​នឹង​វាយ​យក​បាន​ទឹក​ដី​នេះ។ សូម​សន្យា​នឹង​ខ្ញុំ​ថា អ្នក​នឹង​ទុក​ជីវិត​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ›។

អ្នក​ស៊ើប​ការណ៍​ទាំង​ពីរ​ប្រាប់​រ៉ាហាប​ថា​៖ ‹យើង​សន្យា​ថា នឹង​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ផ្ទះ​របស់​នាង​រង​គ្រោះ​ថ្នាក់​ឡើយ›។ ពួក​គេ​ប្រាប់​ទៀត​ថា​៖ ‹នាង​ត្រូវ​ចង​ខ្សែ​ពួរ​ក្រហម​ទម្លាក់​តាម​បង្អួច នោះ​ក្រុម​គ្រួសារ​របស់​នាង​នឹង​រួច​ជីវិត›។

រ៉ាហាប​បាន​ឲ្យ​អ្នក​ស៊ើប​ការណ៍​ទាំង​ពីរ​ចង​ខ្សែ​ចុះ​តាម​បង្អួច។ រួច​ពួក​គេ​រត់​ទៅ​លាក់​ខ្លួន​នៅ​តំបន់​ភ្នំ​អស់​បី​ថ្ងៃ ហើយ​ក៏​ត្រឡប់​ទៅ​ជួប​យ៉ូស្វេ​វិញ។ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ត្រៀម​ខ្លួន​ចូល​កាន់​កាប់​ទឹក​ដី​ស្រុក​កាណាន។ ក្រុង​យេរីខូ​ជា​ក្រុង​ដំបូង​ដែល​ពួក​គេ​បាន​វាយ​យក។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​គេ​ឲ្យ​ដើរ​ជុំ​វិញ​ក្រុង​នោះ​មួយ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​៦​ថ្ងៃ។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៧ ពួក​គេ​បាន​ដើរ​ជុំ​វិញ​ក្រុង​នោះ​៧​ដង។ ពេល​ជុំ​ទី​៧ ពួក​សង្ឃ​ផ្លុំ​ស្នែង ហើយ​ពួក​ទាហាន​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ៗ។ ពេល​នោះ កំពែង​ក្រុង​ក៏​ដួល​រលំ! ប៉ុន្តែ ផ្ទះ​របស់​រ៉ាហាប​ដែល​ជាប់​លើ​កំពែង​នោះ​នៅ​ដដែល។ រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​នាង​បាន​ត្រូវ​សង្គ្រោះ ដោយ​សារ​នាង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។

​«​ដូច​គ្នា​ដែរ រ៉ាហាប . . . បាន​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​នាង​បាន​ទទួល​អ្នក​នាំ​សារ​យ៉ាង​រាក់​ទាក់ រួច​បាន​ឲ្យ​ពួក​គេ​ចេញ​ទៅ​តាម​ផ្លូវ​ផ្សេង មែន​ទេ?​»។—យ៉ាកុប ២:២៥