លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣១

យ៉ូស្វេនិងពួកអ្នកក្រុងគីបៀន

យ៉ូស្វេនិងពួកអ្នកក្រុងគីបៀន

ដំណឹង​អំពី​ក្រុង​យេរីខូ​បាន​ឮ​សុសសាយ ទៅ​ដល់​ជន​ជាតិ​ផ្សេង​ៗ​ក្នុង​ស្រុក​កាណាន។ ពួក​ស្ដេច​របស់​ជន​ជាតិ​ទាំង​នោះ​សម្រេច​ចិត្ត​រួម​ដៃ​គ្នា ដើម្បី​ប្រយុទ្ធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ ពួក​អ្នក​ក្រុង​គីបៀន​ធ្វើ​ខុស​ពី​ពួក​ស្ដេច​ទាំង​នោះ។ ពួក​គេ​បាន​ទៅ​ជួប​យ៉ូស្វេ ដោយ​ស្លៀក​សម្លៀក​បំពាក់​សឹក​រហែក ហើយ​និយាយ​ថា​៖ ‹ពួក​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ។ ពួក​ខ្ញុំ​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា​និង​អ្វី​ៗ​ទាំង​អស់ ដែល​លោក​បាន​ធ្វើ​ចំពោះ​ស្រុក​អេហ្ស៊ីប​និង​ស្រុក​ម៉ូអាប់។ បើ​ពួក​លោក​សន្យា​ថា មិន​វាយ​ប្រហារ​ពួក​ខ្ញុំ នោះ​ពួក​ខ្ញុំ​នឹង​បម្រើ​ពួក​លោក›។

យ៉ូស្វេ​ជឿ​សម្ដី​របស់​ពួក​គេ ហើយ​សន្យា​ថា​មិន​វាយ​ប្រហារ​ពួក​គេ​ទេ។ បី​ថ្ងៃ​ក្រោយ​មក យ៉ូស្វេ​ដឹង​ថា​ពួក​គេ​មិន​មែន​មក​ពី​ស្រុក​ឆ្ងាយ​ឡើយ តែ​មក​ពី​ស្រុក​កាណាន។ ដូច្នេះ យ៉ូស្វេ​បាន​សួរ​ពួក​គេ​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​កុហក​យើង?›។ ពួក​គេ​ឆ្លើយ​ថា​៖ ‹ពីព្រោះ​ពួក​ខ្ញុំ​ភ័យ​ខ្លាច! ពួក​ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក នឹង​ច្បាំង​ជំនួស​ពួក​លោក។ សូម​មេត្តា​កុំ​សម្លាប់​ពួក​ខ្ញុំ›។ យ៉ូស្វេ​បាន​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន ដោយ​ទុក​ជីវិត​ឲ្យ​ពួក​គេ។

មិន​យូរ​ប៉ុន្មាន ស្ដេច​ស្រុក​កាណាន​ប្រាំ​នាក់​បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​គីបៀន។ យ៉ូស្វេ​និង​កង​ទ័ព​របស់​គាត់​បាន​ធ្វើ​ដំណើរ​ពេញ​មួយ​យប់ ដើម្បី​ទៅ​ជួយ​ពួក​អ្នក​ក្រុង​គីបៀន។ លុះ​ព្រលឹម​ឡើង យ៉ូស្វេ​វាយ​ប្រហារ​កង​ទ័ព​កាណាន​ភ្លាម​ៗ បណ្ដាល​ឲ្យ​ពួក​គេ​រត់​ខ្ចាត់​ខ្ចាយ​តាម​ផ្លូវ​ផ្សេង​ៗ។ ប៉ុន្តែ មិន​ថា​ពួក​គេ​រត់​ទៅ​ផ្លូវ​ណា​ទេ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដុំ​ទឹក​កក​ធ្លាក់​ពី​លើ​មេឃ មក​សង្កត់​លើ​ពួក​គេ។ រួច​មក យ៉ូស្វេ​បាន​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ដួង​អាទិត្យ​នៅ​ទ្រឹង។ ដួង​អាទិត្យ​មិន​ដែល​នៅ​ទ្រឹង​ពី​មុន​ឡើយ ប៉ុន្តែ​ហេតុ​អ្វី​យ៉ូស្វេ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ដូច្នេះ? នោះ​គឺ​ដោយ​សារ​យ៉ូស្វេ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។ រំពេច​នោះ ដួង​អាទិត្យ​នៅ​ទ្រឹង​ពេញ​មួយ​ថ្ងៃ រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​ពួក​ស្ដេច​ស្រុក​កាណាន និង​កង​ទ័ព​របស់​ពួក​គេ។

‹ចូរ​អ្នក​រក្សា​សម្ដី បើ​ថា​«​មែន​»​ គឺ​មែន បើ​ថា​«​ទេ​»​ គឺ​ទេ ពីព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេ​កំណាច›។—ម៉ាថាយ ៥:៣៧