លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣២

អ្នកដឹកនាំថ្មីនិងស្ត្រីក្លាហានពីរនាក់

អ្នកដឹកនាំថ្មីនិងស្ត្រីក្លាហានពីរនាក់

ក្រោយ​ពី​យ៉ូស្វេ​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​មក គាត់​បាន​ស្លាប់​នៅ​អាយុ​១១០​ឆ្នាំ។ អំឡុង​ពេល​ដែល​យ៉ូស្វេ​នៅ​រស់ ជន​ជាតិ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្តែ បន្ទាប់​ពី​យ៉ូស្វេ​ស្លាប់ ពួក​គេ​បែរ​ទៅ​គោរព​បូជា​រូប​ព្រះ​ផ្សេង​ៗ​ដូច​ជន​ជាតិ​កាណាន។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដោយ​ឲ្យ​យ៉ាប៊ីន​ជា​ស្ដេច​ស្រុក​កាណាន សង្កត់​សង្កិន​ធ្វើ​បាប​ពួក​គេ។ បណ្ដា​ជន​អ៊ីស្រាអែល​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ។ ដូច្នេះ លោក​បាន​តែង​តាំង​បារ៉ាក់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ថ្មី ដើម្បី​ជួយ​បណ្ដា​ជន​ឲ្យ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ។

អ្នក​ប្រកាស​ទំនាយ​ស្រី​ម្នាក់​ឈ្មោះ​ដេបូរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក់​មក​ជួប​នាង។ នាង​បាន​ប្រាប់​បារ៉ាក់​នូវ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ថា​៖ ‹ចូរ​នាំ​មនុស្ស​១០.០០០​នាក់ ទៅ​ច្បាំង​នឹង​កង​ទ័ព​របស់​យ៉ាប៊ីន​នៅ​ឯ​ស្ទឹង​គីសុន។ នៅ​ទី​នោះ អ្នក​នឹង​វាយ​ឈ្នះ​ស៊ីសេរ៉ា​ដែល​ជា​មេ​ទ័ព​របស់​យ៉ាប៊ីន›។ បារ៉ាក់​ប្រាប់​ដេបូរ៉ា​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ បើ​នាង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​»។ នាង​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​ជា​មួយ​អ្នក តែ​មិន​មែន​អ្នក​ដែល​នឹង​សម្លាប់​ស៊ីសេរ៉ា​ទេ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា គឺ​ស្ត្រី​ម្នាក់​នឹង​សម្លាប់​គាត់​វិញ›។

ដេបូរ៉ា​បាន​ចេញ​ទៅ​ជា​មួយ​បារ៉ាក់​និង​ទាហាន​របស់​គាត់​ឡើង​ភ្នំ​ថេបោ ដើម្បី​ត្រៀម​ប្រយុទ្ធ។ កាល​ស៊ីសេរ៉ា​ឮ​ដំណឹង​នេះ គាត់​ប្រញាប់​ប្រមូល​រទេះ​ចម្បាំង​និង​កង​ទ័ព​ទៅ​ជ្រលង​ភ្នំ​ខាង​ក្រោម។ ដេបូរ៉ា​ប្រាប់​បារ៉ាក់​ថា​៖ ‹ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អ្នក​ទទួល​ជ័យ​ជម្នះ›។ បារ៉ាក់​និង​ទាហាន​១០.០០០​នាក់​សម្រុក​ចុះ​ពី​ភ្នំ ទៅ​ច្បាំង​នឹង​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​របស់​ស៊ីសេរ៉ា។

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ស្ទឹង​គីសុន​ជន់​ឡើង។ រទេះ​ចម្បាំង​របស់​ស៊ីសេរ៉ា​ជាប់​គាំង​ក្នុង​ភក់ ដូច្នេះ​គាត់​ទុក​រទេះ​ចោល ហើយ​រត់​ចេញ​ទៅ។ បារ៉ាក់​និង​ទាហាន​របស់​គាត់​បាន​វាយ​ឈ្នះ​កង​ទ័ព​របស់​ស៊ីសេរ៉ា ប៉ុន្តែ​ស៊ីសេរ៉ា​បាន​រត់​គេច​ខ្លួន! គាត់​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ត្រសាល​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​យ៉ាអែល។ នាង​បាន​ឲ្យ​គាត់​ផឹក​ទឹក​ដោះ​គោ រួច​យក​ភួយ​ដណ្ដប់​ឲ្យ​គាត់។ មេ​ទ័ព​នេះ​អស់​កម្លាំង​ជា​ខ្លាំង រហូត​ដល់​ដេក​លក់។ ពេល​នោះ​យ៉ាអែល​បាន​ដើរ​លប​ៗ​ទៅ​ជិត​គាត់ រួច​យក​ស្នឹង​ដំ​ក្បាល​ស៊ីសេរ៉ា​ធ្លុះ​ដល់​ដី ហើយ​គាត់​ក៏​ស្លាប់​ទៅ។

បារ៉ាក់​បាន​ដេញ​តាម​ស៊ីសេរ៉ា រហូត​ដល់​ត្រសាល​របស់​យ៉ាអែល។ យ៉ាអែល​ចេញ​មក​ជួប​គាត់ ហើយ​និយាយ​ថា​៖ ​«​សូម​ចូល​ក្នុង ខ្ញុំ​នឹង​បង្ហាញ​បុរស​ដែល​អ្នក​កំពុង​រក​»។ បារ៉ាក់​ក៏​ចូល​ទៅ​ក្នុង ហើយ​ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់។ រួច​មក បារ៉ាក់​និង​ដេបូរ៉ា​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា ដែល​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​វាយ​ឈ្នះ​ពួក​សត្រូវ។ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​អ៊ីស្រាអែល​មាន​សន្តិភាព​អស់​៤០​ឆ្នាំ។

​«​ពួក​ស្ត្រី​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ ពួក​នាង​ប្រៀប​ដូច​ជា​កង​ទ័ព​ដ៏​ធំ​មួយ​»។—ចម្រៀង​សរសើរ​ព្រះ ៦៨:១១