លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៤

គេឌានបានវាយឈ្នះពួកម៉ាឌាន

គេឌានបានវាយឈ្នះពួកម៉ាឌាន

ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ហើយ​បែរ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត។ អស់​រយៈ​ពេល​៧​ឆ្នាំ ពួក​ម៉ាឌាន​បាន​លួច​ហ្វូង​សត្វ​និង​បំផ្លាញ​ផល​ដំណាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នេះ​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បង្ខំ​ចិត្ត​រត់​ទៅ​ជ្រក​កោន​ក្នុង​រូង​ភ្នំ​និង​លើ​ភ្នំ។ ពួក​គេ​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ ដូច្នេះ ព្រះ​យេហូវ៉ា​ចាត់​ទេវតា​មួយ​រូប ឲ្យ​ទៅ​ជួប​យុវជន​ម្នាក់​ឈ្មោះ​គេឌាន។ ទេវតា​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច›។ ប៉ុន្តែ គេឌាន​សួរ​ថា​៖ ‹តើ​ខ្ញុំ​អាច​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ម្ដេច​បាន? ខ្ញុំ​មិន​មែន​ជា​មនុស្ស​សំខាន់​ទេ›។

តើ​គេឌាន​ធ្វើ​អ្វី​ដើម្បី​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់? គាត់​បាន​ហាល​រោម​ចៀម​នៅ​លើ​ដី ហើយ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹នៅ​ព្រឹក​ថ្ងៃ​ស្អែក បើ​រោម​ចៀម​នេះ​សើម តែ​ដី​ស្ងួត នោះ​ខ្ញុំ​ដឹង​ប្រាកដ​ថា លោក​ចង់​ឲ្យ​ខ្ញុំ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល›។ លុះ​ព្រឹក​ឡើង រោម​ចៀម​ទទឹក​ជោក តែ​ដី​ស្ងួត​ចែស! រួច​មក គេឌាន​បាន​សុំ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​ថា នៅ​ព្រឹក​ស្អែក សូម​ឲ្យ​រោម​ចៀម​ស្ងួត តែ​ដី​សើម​វិញ។ ពេល​អ្វី​ទាំង​នេះ​កើត​ឡើង​មែន គេឌាន​ជឿ​ជាក់​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់។ ដូច្នេះ គាត់​ប្រមូល​ទាហាន​របស់​គាត់ ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួក​ម៉ាឌាន។

ព្រះ​យេហូវ៉ា​ប្រាប់​គេឌាន​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ឈ្នះ​សង្គ្រាម​នេះ។ ប៉ុន្តែ ដោយ​សារ​អ្នក​មាន​ទាហាន​ច្រើន​ពេក អ្នក​ប្រហែល​ជា​គិត​ថា អ្នក​ឈ្នះ​សង្គ្រាម​នេះ​ដោយ​កម្លាំង​ខ្លួន​ឯង។ ចូរ​ទៅ​ប្រាប់​ទាហាន​ទាំង​អស់​ថា អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ›។ ហេតុ​នេះ ទាហាន​២២.០០០​នាក់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សល់​ទាហាន​ត្រឹម​តែ​១០.០០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​នៅ​តែ​មាន​ទាហាន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ទៅ​ផឹក​ទឹក​នៅ​ឯ​ស្ទឹង ហើយ​ជ្រើស​រើស​តែ​ទាហាន​ណា​ដែល​ឃ្លាំ​មើល​សត្រូវ​បណ្ដើរ ក្បង់​ទឹក​ផឹក​បណ្ដើរ›។ រួច​មក ឃើញ​មាន​ទាហាន​៣០០​នាក់​ប៉ុណ្ណោះ ដែល​ឃ្លាំ​មើល​សត្រូវ​ពេល​ក្បង់​ទឹក​ផឹក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទាហាន​មាន​គ្នា​តិច​នេះ នឹង​វាយ​ឈ្នះ​កង​ទ័ព​ម៉ាឌាន​ចំនួន​១៣៥.០០០​នាក់។

នៅ​យប់​នោះ ព្រះ​យេហូវ៉ា​ប្រាប់​គេឌាន​ថា​៖ ‹ឥឡូវ ចូរ​ទៅ​វាយ​ប្រហារ​ពួក​ម៉ាឌាន​ចុះ!›។ ដូច្នេះ គេឌាន​បាន​ឲ្យ​ទាហាន​ទាំង​អស់​កាន់​ស្នែង​និង​ក្អម ដែល​មាន​ចន្លុះ​នៅ​ខាង​ក្នុង។ គាត់​បញ្ជា​ពួក​គេ​ថា​៖ ‹ចូរ​មើល​ខ្ញុំ ហើយ​ធ្វើ​តាម​ខ្ញុំ›។ គេឌាន​ក៏​ផ្លុំ​ស្នែង ហើយ​វាយ​បំបែក​ក្អម រួច​គ្រវី​ចន្លុះ ទាំង​ស្រែក​ខ្លាំង​ៗ​ថា​៖ ​«​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»។ ពេល​នោះ​ទាហាន​ទាំង​៣០០​នាក់ បាន​ធ្វើ​តាម​គាត់។ ក្នុង​ភាព​ចលាចល​នោះ កង​ទ័ព​ម៉ាឌាន​ភ័យ​ស្លន់​ស្លោ ហើយ​រត់​ទៅ​គ្រប់​ទិស។ ពួក​គេ​ថែម​ទាំង​ប្រយុទ្ធ​នឹង​គ្នា​ឯង​ទៀត​ផង។ ជា​ថ្មី​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ច្បាំង​ឈ្នះ​ពួក​សត្រូវ។

​«​ដើម្បី​ស​ឲ្យ​ឃើញ​ថា ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​បាន​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​ទេ​»។—កូរិនថូស​ទី២ ៤:៧