លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៦

ពាក្យសន្យារបស់យែបថា

ពាក្យសន្យារបស់យែបថា

ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ហើយ​បែរ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត។ នៅ​ពេល​ពួក​អាំម៉ូន​មក​វាយ​ប្រហារ​ពួក​គេ ព្រះ​មិន​ពិត​ទាំង​នោះ​មិន​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​វេទនា​អស់​ជា​ច្រើន​ឆ្នាំ។ នៅ​ទី​បំផុត ពួក​គេ​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ‹យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ។ សូម​លោក​ជួយ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​សត្រូវ​ផង›។ បន្ទាប់​មក ពួក​គេ​បាន​បំផ្លាញ​ចោល​រូប​ព្រះ ហើយ​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឃើញ​ពួក​គេ​រង​ទុក្ខ​វេទនា​ត​ទៅ​ទៀត​ឡើយ។

រួច​មក បុរស​ចម្បាំង​ដ៏​អង់អាច​ម្នាក់​ឈ្មោះ​យែបថា បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ដឹក​នាំ​បណ្ដា​ជន​អ៊ីស្រាអែល ដើម្បី​ធ្វើ​សង្គ្រាម​នឹង​ពួក​អាំម៉ូន។ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹បើ​លោក​ជួយ​ពួក​យើង​ឲ្យ​ឈ្នះ​សង្គ្រាម​នេះ ខ្ញុំ​សន្យា​ថា​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ មនុស្ស​ដំបូង​ដែល​ចេញ​ពី​ផ្ទះ​មក​ទទួល​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​អ្នក​នោះ​ជូន​លោក›។ ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យែបថា ហើយ​បាន​ជួយ​គាត់​ឲ្យ​ឈ្នះ​សង្គ្រាម។

កាល​យែបថា​ត្រឡប់​ទៅ​ផ្ទះ​វិញ មនុស្ស​ដំបូង​ដែល​ចេញ​មក​ទទួល​គាត់ គឺ​កូន​ស្រី​តែ​មួយ​របស់​គាត់។ នាង​រាំ​ផង និង​លេង​ស្គរ​ដៃ​ផង។ តើ​យែបថា​គួរ​ធ្វើ​យ៉ាង​ណា? គាត់​នឹក​ឃើញ​អ្វី​ដែល​គាត់​បាន​សន្យា ហើយ​ក៏​ពោល​ថា​៖ ‹ឱ​កូន​ស្រី​សម្លាញ់​អើយ! កូន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពុក​ខ្ទេច​ខ្ទាំ​អស់​ហើយ។ ពុក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​រួច​ហើយ ពុក​មិន​អាច​លេប​សម្ដី​វិញ​បាន​ទេ។ ពុក​ត្រូវ​បញ្ជូន​កូន​ឲ្យ​ទៅ​បម្រើ​នៅ​វិហារ​របស់​លោក​ក្នុង​ក្រុង​ស៊ីឡូរ›។ កូន​ស្រី​គាត់​និយាយ​ថា​៖ ‹ពុក​អើយ បើ​ពុក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ហើយ សូម​ពុក​ធ្វើ​តាម​ពាក្យ​សន្យា​ចុះ។ ប៉ុន្តែ សូម​ទុក​ពេល​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​កូន​ស្នាក់​នៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ភក្តិ​ស្រី​ៗ។ បន្ទាប់​មក កូន​នឹង​ទៅ›។ កូន​ស្រី​យែបថា​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​នៅ​វិហារ​អស់​មួយ​ជីវិត។ ជា​រៀង​រាល់​ឆ្នាំ មិត្ត​ភក្តិ​របស់​នាង​តែង​ទៅ​លេង​នាង​នៅ​ឯ​ក្រុង​ស៊ីឡូរ។

​«​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ឬ​កូន​ស្រី​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​ក៏​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ដែរ​»។—ម៉ាថាយ ១០:៣៧