លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៨

ព្រះយេហូវ៉ាបានធ្វើឲ្យសាំសុនមានកម្លាំងខ្លាំង

ព្រះយេហូវ៉ាបានធ្វើឲ្យសាំសុនមានកម្លាំងខ្លាំង

ម្ដង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់ បាន​ត្រឡប់​ទៅ​គោរព​បូជា​រូប​ព្រះ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​ភីលីស្ទីន​គ្រប់​គ្រង​ទឹក​ដី​របស់​ពួក​គេ។ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​នៅ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដូច​ជា​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា។ គាត់​និង​ប្រពន្ធ​គ្មាន​កូន​ទេ។ នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​ឲ្យ​មក​ជួប​ប្រពន្ធ​របស់​ម៉ាណូអា។ ទេវតា​ប្រាប់​នាង​ថា​៖ ‹អ្នក​នឹង​មាន​កូន​ប្រុស​មួយ។ គាត់​នឹង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ពួក​ភីលីស្ទីន។ គាត់​នឹង​ក្លាយ​ជា​ណាសារីត›។ អ្នក​ដឹង​ទេ​ថា តើ​ណាសារីត​ជា​អ្នក​ណា? ពួក​គេ​ជា​អ្នក​បម្រើ​ពិសេស​របស់​ព្រះ​យេហូវ៉ា។ អ្នក​ដែល​ជា​ណាសារីត មិន​ត្រូវ​កាត់​សក់​របស់​ខ្លួន​ឡើយ។

ក្រោយ​មក ម៉ាណូអា​និង​ប្រពន្ធ​មាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​សាំសុន។ ពេល​សាំសុន​ធំ​ឡើង ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ខ្លាំង​ក្រៃ​លែង។ គាត់​អាច​សម្លាប់​សត្វ​តោ​ដោយ​ដៃ​ទទេ។ មាន​ពេល​មួយ សាំសុន​តែ​ម្នាក់​ឯង​បាន​សម្លាប់​ពួក​ភីលីស្ទីន​អស់​៣០​នាក់។ ហេតុ​នេះ ពួក​ភីលីស្ទីន​ស្អប់​គាត់​ជា​ខ្លាំង ហើយ​រិះ​រក​គ្រប់​វិធី​ដើម្បី​សម្លាប់​គាត់។ នៅ​យប់​មួយ ពេល​សាំសុន​កំពុង​ដេក​ក្នុង​ក្រុង​កាសា ពួក​គេ​បាន​ទៅ​ពួន​នៅ​ឯ​ទ្វារ​កំពែង​ក្រុង ហើយ​ចាំ​ដល់​ព្រឹក​ដើម្បី​សម្លាប់​គាត់។ ប៉ុន្តែ លុះ​ពាក់​កណ្ដាល​អធ្រាត្រ សាំសុន​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ឯ​ទ្វារ​កំពែង​ក្រុង រួច​គាត់​ចាប់​រំលើង​ជញ្ជាំង​ក្រុង​នោះ។ បន្ទាប់​មក គាត់​លើក​ទ្វារ​កំពែង​ក្រុង​ដាក់​លើ​ស្មា ហើយ​លី​ទៅ​កំពូល​ភ្នំ​នៅ​ជិត​ក្រុង​ហេប្រុន!

ក្រោយ​មក​ទៀត ពួក​ភីលីស្ទីន​បាន​ទៅ​ជួប​ដេលីឡា​ដែល​ជា​មិត្ត​ស្រី​របស់​សាំសុន។ ពួក​គេ​ប្រាប់​នាង​ថា​៖ ‹យើង​ម្នាក់​ៗ​នឹង​ឲ្យ​នាង​១.១០០​កាក់​ធ្វើ​ពី​ប្រាក់ បើ​នាង​ប្រាប់​អំពី​មូលហេតុ​ដែល​សាំសុន​មាន​កម្លាំង​ខ្លាំង ពីព្រោះ​យើង​ចង់​ចាប់​គាត់​ដាក់​គុក›។ ដេលីឡា​យល់​ព្រម ដោយ​សារ​នាង​ស្រឡាញ់​ប្រាក់។ ដំបូង សាំសុន​មិន​ព្រម​ប្រាប់​នាង​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ខ្លាំង​ទេ។ ប៉ុន្តែ ដោយ​សារ​នាង​ចេះ​តែ​រំអុក​គាត់ បាន​ជា​គាត់​ប្រាប់​អាថ៌​កំបាំង​ដល់​នាង។ គាត់​ប្រាប់​នាង​ថា​៖ ‹សក់​របស់​បង​មិន​ដែល​កាត់​ឡើយ ពីព្រោះ​បង​ជា​ណាសារីត។ បើ​បង​កាត់​សក់ កម្លាំង​ដ៏​ខ្លាំង​របស់​បង​នឹង​បាត់​ទៅ›។ នេះ​ជា​កំហុស​ដ៏​ធំ​មួយ ដែល​សាំសុន​ទម្លាយ​អាថ៌​កំបាំង​ប្រាប់​នាង មែន​ទេ?

ដេលីឡា​ទៅ​ប្រាប់​ពួក​ភីលីស្ទីន​ភ្លាម​ៗ​ថា​៖ ‹ខ្ញុំ​ដឹង​អាថ៌​កំបាំង​របស់​គាត់​ហើយ!›។ បន្ទាប់​មក នាង​បាន​ធ្វើ​ឲ្យ​សាំសុន​ដេក​លក់​លើ​ភ្លៅ​របស់​នាង ហើយ​ហៅ​គេ​ឲ្យ​មក​កាត់​សក់​របស់​គាត់។ រួច​នាង​ស្រែក​ឡើង​ថា​៖ ‹សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ហើយ!›។ សាំសុន​ស្ទុះ​ក្រោក​ឡើង តែ​គ្មាន​កម្លាំង​សោះ។ ដូច្នេះ ពួក​ភីលីស្ទីន​បាន​ចាប់​គាត់ រួច​ចាក់​ភ្នែក​គាត់ ហើយ​យក​គាត់​ទៅ​ដាក់​គុក។

ថ្ងៃ​មួយ ពួក​ភីលីស្ទីន​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​វិហារ​ព្រះ​ដាកុន​របស់​ពួក​គេ ហើយ​ស្រែក​ឡើង​ថា​៖ ‹ព្រះ​របស់​យើង បាន​ជួយ​យើង​ឲ្យ​ចាប់​សាំសុន! ចូរ​នាំ​សាំសុន​ចេញ​មក ដើម្បី​ឲ្យ​យើង​បាន​សើច​សប្បាយ!›។ រួច​មក ពួក​គេ​បាន​ឲ្យ​សាំសុន​ទៅ​ឈរ​នៅ​ចន្លោះ​សសរ​ពីរ ហើយ​នាំ​គ្នា​សើច​ចំអក​ឲ្យ​គាត់។ សាំសុន​បន្លឺ​សំឡេង​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​កម្លាំង​តែ​ម្ដង​នេះ​ទៀត›។ នៅ​ពេល​នោះ សក់​របស់​គាត់​បាន​ដុះ​វែង​ហើយ។ គាត់​ខំ​ប្រឹង​ច្រាន​សសរ​ទាំង​ពីរ​អស់​ពី​កម្លាំង ហើយ​វិហារ​ទាំង​មូល​ក៏​រលំ​សម្លាប់​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​វិហារ​នោះ រួម​ទាំង​សាំសុន​ដែរ។

​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភីលីព ៤:១៣