លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤០

ដាវីឌនិងកូលីយ៉ាត

ដាវីឌនិងកូលីយ៉ាត

ព្រះ​យេហូវ៉ា​ប្រាប់​សាំយូអែល​ថា​៖ ‹ចូរ​ទៅ​ផ្ទះ​អ៊ីសាយ។ ខ្ញុំ​នឹង​ជ្រើស​រើស​កូន​ប្រុស​ម្នាក់​របស់​គាត់ ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល›។ ដូច្នេះ សាំយូអែល​បាន​ទៅ​ផ្ទះ​អ៊ីសាយ។ ពេល​គាត់​ឃើញ​កូន​ច្បង​របស់​អ៊ីសាយ គាត់​គិត​ថា​៖ ‹ម្នាក់​នេះ​ច្បាស់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស›។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា មិន​មែន​ម្នាក់​នេះ​ទេ។ លោក​ប្រាប់​ទៀត​ថា​៖ ‹ខ្ញុំ​មិន​មើល​មនុស្ស​តាម​សម្បក​ក្រៅ​ឡើយ តែ​ខ្ញុំ​មើល​ក្នុង​ចិត្ត​វិញ›។

អ៊ីសាយ​បាន​នាំ​កូន​ប្រុស​៦​នាក់​ទៀត ចេញ​មក​ជួប​សាំយូអែល។ ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ក៏​មិន​បាន​ជ្រើស​រើស​ពួក​គេ​ដែរ។ តើ​អ្នក​មាន​កូន​ប្រុស​ទៀត​ទេ?›។ អ៊ីសាយ​ប្រាប់​ថា​៖ ‹ខ្ញុំ​មាន​ម្នាក់​ទៀត​ជា​កូន​ពៅ ឈ្មោះ​ដាវីឌ។ គាត់​កំពុង​ឃ្វាល​ចៀម​នៅ​ខាង​ក្រៅ›។ ពេល​ដាវីឌ​មក​ដល់ ព្រះ​យេហូវ៉ា​ប្រាប់​សាំយូអែល​ថា​៖ ‹គឺ​ម្នាក់​នេះ​ហើយ!›។ ដូច្នេះ សាំយូអែល​ក៏​ចាក់​ប្រេង​លើ​ក្បាល​ដាវីឌ តែង​តាំង​គាត់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​នា​អនាគត។

ក្រោយ​មក​ទៀត ពួក​អ៊ីស្រាអែល​ប្រឈម​មុខ​នឹង​ពួក​ភីលីស្ទីន​នៅ​ឯ​សមរភូមិ។ ក្នុង​ចំណោម​ពួក​ភីលីស្ទីន មាន​អ្នក​ចម្បាំង​ដែល​មាន​មាឌ​ធំ​សម្បើម​ម្នាក់ ឈ្មោះ​កូលីយ៉ាត។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កូលីយ៉ាត​តែង​មក​ចំអក​ឲ្យ​ពួក​អ៊ីស្រាអែល ទាំង​ស្រែក​ឡើង​ថា​៖ ‹ចូរ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​មក​ប្រយុទ្ធ​ត​ទល់​នឹង​ខ្ញុំ។ បើ​គាត់​ឈ្នះ ពួក​យើង​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា។ ប៉ុន្តែ បើ​ខ្ញុំ​ឈ្នះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​យើង›។

នៅ​ពេល​នោះ ដាវីឌ​បាន​ទៅ​ជំរំ​កង​ទ័ព​ដើម្បី​យក​ស្បៀង​ឲ្យ​បង​ប្រុស​របស់​គាត់ ហើយ​ក៏​បាន​ឮ​អ្វី​ដែល​កូលីយ៉ាត​និយាយ។ ដូច្នេះ គាត់​ប្រាប់​ស្ដេច​សុល​ថា​៖ ‹ខ្ញុំ​នឹង​ចេញ​ទៅ​ច្បាំង​ត​ទល់​នឹង​គាត់!›។ ស្ដេច​សុល​និយាយ​ថា​៖ ​«​អ្នក​នៅ​ក្មេង​ណាស់​»។ ប៉ុន្តែ ដាវីឌ​តប​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​ជួយ​ខ្ញុំ›។

សុល​បាន​យក​គ្រឿង​ចម្បាំង​របស់​គាត់​ទៅ​ពាក់​លើ​ខ្លួន​ដាវីឌ រួច​ដាវីឌ​និយាយ​ថា​៖ ‹ដោយ​ពាក់​គ្រឿង​ចម្បាំង​នេះ ខ្ញុំ​មិន​អាច​ចេញ​ទៅ​ច្បាំង​បាន​ឡើយ›។ បន្ទាប់​មក ដាវីឌ​បាន​កាន់​ខ្សែ​ដង្ហក់​របស់​ខ្លួន ហើយ​ចេញ​ទៅ​ឯ​ទឹក​អូរ។ គាត់​រើស​គ្រាប់​ថ្ម​រលីង​ប្រាំ​គ្រាប់​ដាក់​ក្នុង​ថង់​យាម ហើយ​រត់​ទៅ​ជួប​កូលីយ៉ាត។ បុរស​ដ៏​ធំ​សម្បើម​នោះ​ស្រែក​ឡើង​ថា​៖ ‹ចូរ​មក អា​ក្មេង​តូច។ យើង​នឹង​យក​សាក​សព​ឯង​ឲ្យ​សត្វ​ស្លាប​និង​សត្វ​សាហាវ​ស៊ី​ជា​ចំណី›។ ប៉ុន្តែ ដាវីឌ​មិន​ភ័យ​ខ្លាច​ឡើយ គាត់​ឆ្លើយ​យ៉ាង​ខ្លាំង​ថា​៖ ‹អ្នក​មក​ប្រកួត​នឹង​ខ្ញុំ​ដោយ​មាន​ដាវ​និង​លំពែង តែ​ខ្ញុំ​មក​ប្រកួត​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា។ អ្នក​មិន​មែន​កំពុង​ប្រយុទ្ធ​នឹង​យើង​ទេ តែ​អ្នក​កំពុង​ប្រយុទ្ធ​នឹង​ព្រះ​វិញ។ មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ទី​នេះ​នឹង​ឃើញ​ថា ព្រះ​យេហូវ៉ា​គឺ​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ដាវ​និង​លំពែង។ លោក​នឹង​ប្រគល់​ពួក​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​យើង›។

ដាវីឌ​បាន​យក​ថ្ម​មួយ​គ្រាប់​ដាក់​ក្នុង​ខ្សែ​ដង្ហក់ ហើយ​គ្រវី​អស់​ពី​កម្លាំង រួច​ពន្លែង​គ្រាប់​ថ្ម​ចេញ​ទៅ។ ដោយ​ជំនួយ​ពី​ព្រះ​យេហូវ៉ា គ្រាប់​ថ្ម​នោះ​បោះ​ពួយ​ចូល​ចំ​ថ្ងាស​របស់​កូលីយ៉ាត បណ្ដាល​ឲ្យ​គាត់​ដួល​ស្លាប់​នៅ​នឹង​ដី។ ពេល​ឃើញ​ដូច្នេះ ពួក​ភីលីស្ទីន​ក៏​នាំ​គ្នា​រត់​យក​រួច​ខ្លួន។ តើ​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ​ទេ?

​«​មនុស្ស​មិន​អាច​សម្រេច​ការ​នេះ​បាន​ឡើយ តែ​ព្រះ​អាច​សម្រេច​ការ​នេះ​បាន ពីព្រោះ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​»។—ម៉ាកុស ១០:២៧