លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤១

ដាវីឌនិងសុល

ដាវីឌនិងសុល

ក្រោយ​ពី​ដាវីឌ​សម្លាប់​កូលីយ៉ាត ស្ដេច​សុល​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​មេ​ទ័ព​ម្នាក់។ ដាវីឌ​បាន​ឈ្នះ​សង្គ្រាម​ជា​ច្រើន ហើយ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ។ រាល់​ដង​ដែល​ដាវីឌ​ត្រឡប់​មក​ពី​ធ្វើ​សង្គ្រាម​វិញ ពួក​ស្ត្រី​តែង​តែ​ចេញ​មក​រាំ​និង​ច្រៀង​ថា​៖ ‹សុល​សម្លាប់​សត្រូវ​រាប់​ពាន់ ហើយ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន!›។ នេះ​ធ្វើ​ឲ្យ​សុល​ច្រណែន​ដាវីឌ ហើយ​ចង់​សម្លាប់​គាត់។

ដាវីឌ​ពូកែ​ដេញ​ពិណ​ណាស់។ ថ្ងៃ​មួយ ពេល​ដាវីឌ​កំពុង​ដេញ​ពិណ​ឲ្យ​សុល​ស្ដាប់ នោះ​ស្រាប់​តែ​សុល​ពួយ​លំពែង​ទៅ​ដាវីឌ។ ប៉ុន្តែ ដាវីឌ​គេច​ផុត ឯ​លំពែង​ក៏​ជាប់​នៅ​នឹង​ជញ្ជាំង។ បន្ទាប់​ពី​នោះ​មក សុល​ព្យាយាម​សម្លាប់​ដាវីឌ​ម្ដង​ហើយ​ម្ដង​ទៀត។ ទី​បំផុត ដាវីឌ​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។

សុល​បាន​ដឹក​នាំ​កង​ទ័ព​៣.០០០​នាក់​ចេញ​តាម​រក​ដាវីឌ។ ប៉ុន្តែ ចៃដន្យ​គាត់​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​មួយ ចំ​កន្លែង​ដែល​ដាវីឌ​និង​គ្នា​របស់​គាត់​កំពុង​លាក់​ខ្លួន។ គ្នា​របស់​ដាវីឌ​ខ្សឹប​ប្រាប់​គាត់​ថា​៖ ‹នេះ​គឺ​ជា​ឱ​កាស​ល្អ​ឲ្យ​លោក​សម្លាប់​សុល​ហើយ!›។ ដាវីឌ​ក៏​លប​ៗ​ទៅ​កាត់​ជាយ​សម្លៀក​បំពាក់​របស់​សុល តែ​សុល​មិន​បាន​ដឹង​ទេ។ ប៉ុន្តែ ដាវីឌ​ស្ដាយ​ក្រោយ​ជា​ខ្លាំង ដែល​គាត់​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ស្ដេច ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។ ដាវីឌ​បាន​ហាម​គ្នា​របស់​គាត់ កុំ​ឲ្យ​សម្លាប់​សុល។ រួច​មក ដាវីឌ​បាន​ស្រែក​ប្រាប់​សុល​ថា គាត់​មាន​ឱ​កាស​សម្លាប់​សុល តែ​គាត់​មិន​ព្រម​ធ្វើ​ទេ។ តើ​នេះ​នឹង​ធ្វើ​ឲ្យ​សុល​ប្រែ​ចិត្ត​ឬ​ទេ?

អត់​ទេ សុល​បន្ត​តាម​ប្រមាញ់​ដាវីឌ។ នៅ​យប់​មួយ ដាវីឌ​និង​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ​អាប៊ីសាយ បាន​លួច​ចូល​ក្នុង​ជំរំ​របស់​សុល។ ពេល​នោះ​សូម្បី​តែ​អាប់ណឺ​ជា​អង្គរក្ស​សុល ក៏​ដេក​លក់​ដែរ។ អាប៊ីសាយ​បាន​ប្រាប់​ដាវីឌ​ថា​៖ ‹នេះ​ជា​ឱ​កាស​ល្អ​ណាស់! សូម​ឲ្យ​ខ្ញុំ​សម្លាប់​ស្ដេច​ចោល›។ ដាវីឌ​តប​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ស្ដេច​សុល។ យើង​គ្រាន់​តែ​យក​លំពែង និង​ក្អម​ទឹក​របស់​ស្ដេច​ចេញ​ទៅ​បាន​ហើយ›។

បន្ទាប់​មក ដាវីឌ​ឡើង​ទៅ​លើ​ភ្នំ​មួយ ហើយ​ស្រែក​ពី​លើ​នោះ​មក​ថា​៖ ‹អាប់ណឺ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ការ​ពារ​ស្ដេច​របស់​អ្នក? តើ​ក្អម​ទឹក​និង​លំពែង​របស់​ស្ដេច​សុល​នៅ​ឯ​ណា?›។ សុល​ស្គាល់​សំឡេង​របស់​ដាវីឌ ហើយ​និយាយ​ថា​៖ ‹ដាវីឌ អ្នក​មាន​ឱ​កាស​សម្លាប់​ខ្ញុំ តែ​អ្នក​មិន​ធ្វើ​ទេ។ ខ្ញុំ​ដឹង​ថា​អ្នក​នឹង​ទៅ​ជា​ស្ដេច​បន្ទាប់​ក្នុង​ស្រុក​អ៊ីស្រាអែល›។ រួច​សុល​ក៏​ត្រឡប់​ទៅ​វិមាន​របស់​គាត់​វិញ។ ប៉ុន្តែ មិន​មែន​ទាំង​អស់​គ្នា​ក្នុង​គ្រួសារ​របស់​សុល​ស្អប់​ដាវីឌ​ឡើយ។

​«​ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​»។—រ៉ូម ១២:១៨, ១៩