លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៣

ស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គង

ស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គង

ពេល​សុល​ស្លាប់ ដាវីឌ​ឡើង​ធ្វើ​ជា​ស្ដេច​ក្នុង​អាយុ​៣០​ឆ្នាំ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​យប់​មួយ កាល​ដែល​ដាវីឌ​នៅ​លើ​ដំបូល​វិមាន គាត់​ឃើញ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់។ បន្ទាប់​មក ដាវីឌ​ដឹង​ថា​នាង​ឈ្មោះ​បាតសេបា មាន​ប្ដី​ជា​ទាហាន​ឈ្មោះ​អ៊ូរី។ ដាវីឌ​បាន​បង្គាប់​ឲ្យ​គេ​នាំ​បាតសេបា​មក​វិមាន​របស់​គាត់ ហើយ​ក៏​រួម​ដំណេក​ជា​មួយ​នឹង​នាង។ ក្រោយ​មក បាតសេបា​មាន​ផ្ទៃ​ពោះ។ ដូច្នេះ ដាវីឌ​ព្យាយាម​លាក់​បាំង​ការ​ពិត។ គាត់​បាន​បញ្ជា​មេ​ទ័ព​ឲ្យ​ដាក់​អ៊ូរី​ក្នុង​សមរភូមិ​ជួរ​មុខ រួច​ឲ្យ​ទាហាន​ផ្សេង​ទៀត​ដក​ថយ។ ដូច្នេះ អ៊ូរី​បាន​ស្លាប់​ក្នុង​ចម្បាំង។ បន្ទាប់​មក ដាវីឌ​បាន​យក​បាតសេបា​មក​ធ្វើ​ជា​ប្រពន្ធ។

ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​អស់​នោះ។ តើ​លោក​នឹង​ធ្វើ​អ្វី? ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ណាថាន់​ឲ្យ​ទៅ​ជួប​ដាវីឌ។ ណាថាន់​ប្រាប់​ដាវីឌ​ថា​៖ ‹មាន​បុរស​អ្នក​មាន​ម្នាក់​មាន​សត្វ​ចៀម​ជា​ច្រើន រីឯ​បុរស​អ្នក​ក្រ​ម្នាក់ គាត់​មាន​តែ​កូន​ចៀម​តូច​មួយ​ប៉ុណ្ណោះ ហើយ​គាត់​ស្រឡាញ់​វា​ខ្លាំង​ណាស់។ ប៉ុន្តែ បុរស​អ្នក​មាន​បាន​យក​កូន​ចៀម​តែ​មួយ​របស់​បុរស​អ្នក​ក្រ›។ ពេល​ស្ដាប់​រួច ដាវីឌ​ខឹង​យ៉ាង​ខ្លាំង​ដោយ​និយាយ​ថា​៖ ‹បុរស​អ្នក​មាន​នោះ​សម​តែ​ស្លាប់!›។ ណាថាន់​ប្រាប់​ដាវីឌ​ថា​៖ ‹អ្នក​គឺ​ជា​បុរស​អ្នក​មាន​នោះ!›។ នេះ​ធ្វើ​ឲ្យ​ដាវីឌ​សោក​ស្ដាយ​ពន់​ពេក គាត់​សារភាព​ប្រាប់​ណាថាន់​ថា​៖ ‹ខ្ញុំ​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា›។ កំហុស​ដ៏​ធ្ងន់​របស់​ដាវីឌ​បាន​នាំ​ឲ្យ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ជួប​បញ្ហា​ជា​ច្រើន។ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ដាវីឌ តែ​មិន​សម្លាប់​គាត់​ទេ ដោយ​សារ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់​និង​រាប​ទាប។

ដាវីឌ​ចង់​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​សាឡូម៉ូន​ដែល​ជា​កូន​ប្រុស​គាត់​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ដាវីឌ​បាន​ត្រៀម​គ្រប់​យ៉ាង​សម្រាប់​សាឡូម៉ូន ហើយ​គិត​ថា​៖ ‹វិហារ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​រុង​រឿង​អស្ចារ្យ។ សាឡូម៉ូន​នៅ​ក្មេង ដូច្នេះ​ខ្ញុំ​នឹង​រៀប​ចំ​អ្វី​ៗ​សម្រាប់​គាត់›។ ដាវីឌ​បាន​ធ្វើ​វិភាគទាន​យ៉ាង​ច្រើន​សម្រាប់​កិច្ច​ការ​នេះ។ គាត់​បាន​ជ្រើស​រើស​សិប្បករ​ជំនាញ​ជា​ច្រើន​នាក់ ហើយ​បាន​ប្រមូល​មាស​និង​ប្រាក់ ក៏​បាន​ទិញ​ឈើ​ស៊ីដារ​ពី​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ដែរ។ ពេល​ដាវីឌ​ជិត​ស្លាប់ គាត់​បាន​ឲ្យ​គម្រោង​សាង​សង់​វិហារ​ទៅ​សាឡូម៉ូន ហើយ​ប្រាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពុក​កត់​ទុក​អ្វី​ៗ​ទាំង​នេះ​សម្រាប់​កូន។ កុំ​ខ្លាច​ឡើយ ព្រះ​យេហូវ៉ា​នឹង​ជួយ​កូន។ ចូរ​កូន​រឹង​មាំ ហើយ​ធ្វើ​កិច្ច​ការ​នេះ›។

​«​អ្នក​ដែល​ខំ​លាក់​បាំង​អំពើ​រំលង​របស់​ខ្លួន នឹង​មិន​បាន​ជោគ​ជ័យ​ទេ តែ​អ្នក​ណា​ដែល​សារភាព​កំហុស ហើយ​ឈប់​ធ្វើ​ខុស​ទៀត អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​»។—សុភាសិត ២៨:១៣