លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៥

រាជាណាចក្រមួយបានត្រូវបែងចែក

រាជាណាចក្រមួយបានត្រូវបែងចែក

ក្នុង​ពេល​ដែល​សាឡូម៉ូន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា នាំ​ឲ្យ​ស្រុក​អ៊ីស្រាអែល​មាន​សន្តិភាព។ ប៉ុន្តែ សាឡូម៉ូន​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​បរទេស​ជា​ច្រើន ដែល​គោរព​បូជា​រូប​ព្រះ។ បន្តិច​ម្ដង​ៗ សាឡូម៉ូន​បាន​ផ្លាស់​ប្ដូរ ហើយ​ចាប់​ផ្ដើម​គោរព​បូជា​រូប​ព្រះ​ដូច​ពួក​នាង​ដែរ។ ព្រះ​យេហូវ៉ា​ខឹង​ខ្លាំង​ណាស់។ លោក​ប្រាប់​សាឡូម៉ូន​ថា​៖ ‹ខ្ញុំ​នឹង​ដក​ហូត​ទឹក​ដី​អ៊ីស្រាអែល​ចេញ​ពី​ក្រុម​គ្រួសារ​របស់​អ្នក ហើយ​ចែក​ជា​ពីរ​ចំណែក។ ខ្ញុំ​នឹង​ប្រគល់​ចំណែក​ធំ​ឲ្យ​ទៅ​អ្នក​បម្រើ​ម្នាក់​របស់​អ្នក ហើយ​ខ្ញុំ​នឹង​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​គ្រប់​គ្រង​តែ​មួយ​ចំណែក​តូច​ប៉ុណ្ណោះ›។

រួច​មក ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ការ​សម្រេច​ចិត្ត​នេះ​តាម​វិធី​មួយ​ទៀត។ ថ្ងៃ​មួយ កាល​ដែល​អ្នក​បម្រើ​ម្នាក់​របស់​សាឡូម៉ូន ឈ្មោះ​យេរ៉ូបោម​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​បាន​ជួប​អាហាយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ អាហាយ៉ា​បាន​យក​អាវ​របស់​ខ្លួន​មក​ហែក​ជា​១២​ចម្រៀក រួច​ប្រាប់​យេរ៉ូបោម​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​រាជាណាចក្រ​អ៊ីស្រាអែល​ចេញ​ពី​ក្រុម​គ្រួសារ​របស់​សាឡូម៉ូន ហើយ​ចែក​ជា​២​ចំណែក។ ចូរ​យក​១០​ចម្រៀក ព្រោះ​អ្នក​នឹង​ធ្វើ​ជា​ស្ដេច​លើ​កុលសម្ព័ន្ធ​១០›។ ពេល​សាឡូម៉ូន​ឮ​អំពី​រឿង​នេះ គាត់​ប៉ុន​ប៉ង​សម្លាប់​យេរ៉ូបោម! ប៉ុន្តែ យេរ៉ូបោម​បាន​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប។ ក្រោយ​មក​សាឡូម៉ូន​ទទួល​មរណភាព ហើយ​រេហូបោម​ដែល​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។ យេរ៉ូបោម​គិត​ថា ឥឡូវ​នេះ​មាន​សុវត្ថិភាព​ហើយ ដូច្នេះ​គាត់​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ។

ពួក​បុរស​ចាស់​ទុំ​ស្រុក​អ៊ីស្រាអែល បាន​ប្រាប់​រេហូបោម​ថា​៖ ‹បើ​លោក​ប្រព្រឹត្ត​ល្អ​ចំពោះ​បណ្ដា​ជន នោះ​ពួក​គេ​នឹង​ស្មោះ​ត្រង់​ចំពោះ​លោក›។ ប៉ុន្តែ មិត្ត​ភក្ដិ​រេហូបោម​ប្រាប់​គាត់​ថា​៖ ‹អ្នក​មិន​ត្រូវ​អាណិត​បណ្ដា​ជន​ទេ! អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ការ​ធ្ងន់​ជាង​មុន!›។ រេហូបោម​បាន​ធ្វើ​តាម​យោបល់​ពី​មិត្ត​ភក្ដិ ហើយ​ប្រព្រឹត្ត​ចំពោះ​បណ្ដា​ជន​យ៉ាង​ឃោរឃៅ។ ដូច្នេះ បណ្ដា​ជន​នាំ​គ្នា​បះ​បោរ​ប្រឆាំង ហើយ​តែង​តាំង​យេរ៉ូបោម​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​កុលសម្ព័ន្ធ​១០ ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​រាជាណាចក្រ​អ៊ីស្រាអែល។ ចំណែក​កុលសម្ព័ន្ធ​២​ទៀត​បន្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​រេហូបោម ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​រាជាណាចក្រ​យូដា។ ចាប់​ពី​ពេល​នោះ​មក កុលសម្ព័ន្ធ​ទាំង​១២​នៃ​អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក។

យេរ៉ូបោម​មិន​ចង់​ឲ្យ​រាស្ត្រ​របស់​គាត់​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ឡើយ។ តើ​អ្នក​ដឹង​មូលហេតុ​ទេ? ពីព្រោះ​ក្រុង​យេរូសាឡិម​ស្ថិត​ក្នុង​រាជាណាចក្រ​របស់​រេហូបោម។ យេរ៉ូបោម​ខ្លាច​ថា បណ្ដា​ជន​នឹង​បែរ​ទៅ​គាំទ្រ​រេហូបោម​វិញ។ ហេតុ​នេះ គាត់​បាន​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​ប្រាប់​បណ្ដា​ជន​ថា​៖ ‹ក្រុង​យេរូសាឡិម​នៅ​ឆ្ងាយ​ពេក ដូច្នេះ​អ្នក​រាល់​គ្នា​គួរ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ទី​នេះ​វិញ›។ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​គោរព​បូជា​រូប​កូន​គោ​មាស​នោះ ហើយ​ពួក​គេ​បាន​ភ្លេច​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។

‹កុំ​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​ឡើយ។ ព្រោះ​តើ​សេចក្ដី​សុចរិត​និង​ការ​ប្រឆាំង​ច្បាប់​មាន​អ្វី​ត្រូវ​គ្នា? ឬ​តើ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​អ្នក​មិន​ជឿ?›។—កូរិនថូស​ទី២ ៦:១៤, ១៥