លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៦

ការសាកល្បងលើភ្នំកើមែល

ការសាកល្បងលើភ្នំកើមែល

កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​មាន​ស្ដេច​អាក្រក់​ជា​ច្រើន តែ​ស្ដេច​ដែល​អាក្រក់​ជាង​គេ​គឺ​អាហាប់។ អាហាប់​បាន​រៀប​ការ​នឹង​ស្ត្រី​កំណាច​ម្នាក់​ឈ្មោះ​យេសិបិល ជា​អ្នក​គោរព​បូជា​ព្រះ​បាល។ អាហាប់​និង​យេសិបិល​បាន​ធ្វើ​ឲ្យ​ស្រុក​ពេញ​ដោយ​ការ​គោរព​បូជា​ព្រះ​បាល ហើយ​បាន​សម្លាប់​អ្នក​ប្រកាស​ទំនាយ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា។ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា? លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា​ឲ្យ​នាំ​សារ​ទៅ​ប្រាប់​អាហាប់។

អេលីយ៉ា​ប្រាប់​ស្ដេច​អាហាប់​ថា ដោយ​សារ​គាត់​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ស្រុក​អ៊ីស្រាអែល​នឹង​គ្មាន​ភ្លៀង​ទេ។ ពិត​មែន អស់​ជាង​បី​ឆ្នាំ​ដំណាំ​មិន​ដុះ​លូត​លាស់ នាំ​ឲ្យ​បណ្ដា​ជន​ជួប​ការ​អត់​ឃ្លាន។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​អេលីយ៉ា​ឲ្យ​ត្រឡប់​ទៅ​ជួប​អាហាប់​វិញ។ ស្ដេច​អាហាប់​និយាយ​ថា​៖ ‹ឱ​អ្នក​បង្ក​បញ្ហា​អើយ! អ្នក​បាន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​វេទនា›។ អេលីយ៉ា​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​បាន​ធ្វើ​ទេ តែ​អ្នក​វិញ​ទេ​ដែល​បាន​ធ្វើ ដោយ​សារ​អ្នក​គោរព​បូជា​ព្រះ​បាល។ ឥឡូវ យើង​នឹង​សាក​ល្បង​គ្នា។ សូម​អ្នក​កោះ​ហៅ​បណ្ដា​ជន និង​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល›។

បណ្ដា​ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ​នោះ។ អេលីយ៉ា​និយាយ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​សម្រេច​ចិត្ត។ បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ចូរ​កាន់​តាម​លោក។ តែ​បើ​ព្រះ​បាល​ជា​ព្រះ​ពិត ចូរ​កាន់​តាម​ព្រះ​បាល​ទៅ។ សូម​យើង​សម្រេច​គ្នា​ថា​ធ្វើ​ដូច្នេះ។ ចូរ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​ទាំង​៤៥០​នាក់​រៀប​ចំ​គ្រឿង​បូជា ហើយ​ហៅ​ឈ្មោះ​ព្រះ​របស់​ពួក​គេ។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀប​ចំ​គ្រឿង​បូជា ហើយ​ហៅ​ឈ្មោះ​ព្រះ​យេហូវ៉ា។ បើ​ព្រះ​ណា​ដែល​ឆ្លើយ​មក​ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ជា​ព្រះ​ពិត›។ បណ្ដា​ជន​ក៏​យល់​ស្រប។

អ្នក​ប្រកាស​ទំនាយ​ព្រះ​បាល​ក៏​នាំ​គ្នា​រៀប​ចំ​ជូន​គ្រឿង​បូជា ហើយ​ស្រែក​ហៅ​ព្រះ​របស់​ពួក​គេ​ពេញ​មួយ​ថ្ងៃ​ថា​៖ ​«​ឱ​ព្រះ​បាល​អើយ! សូម​ឆ្លើយ​មក​យើង​ផង​»។ ប៉ុន្តែ គ្មាន​សំឡេង​ឆ្លើយ​តប​ពី​ព្រះ​បាល​ឡើយ។ ដូច្នេះ អេលីយ៉ា​ក៏​ចំអក​ឲ្យ​ពួក​គេ​ថា​៖ ‹សូម​ពួក​អ្នក​ស្រែក​ឲ្យ​ខ្លាំង​ឡើង ប្រហែល​ជា​គាត់​កំពុង​ដេក​លក់​ទេ​ដឹង សូម​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ដាស់​គាត់​ទៅ›។ អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល បន្ត​ហៅ​រក​ព្រះ​បាល​រហូត​ដល់​ល្ងាច ប៉ុន្តែ​គ្មាន​សំឡេង​ឆ្លើយ​សោះ។

រីឯ​អេលីយ៉ា​វិញ គាត់​ដាក់​គ្រឿង​បូជា​លើ​ទី​បូជា រួច​ចាក់​ទឹក​ពី​លើ។ បន្ទាប់​មក គាត់​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឲ្យ​បណ្ដា​ជន​ដឹង​ថា​លោក​គឺ​ជា​ព្រះ​ពិត›។ ខណៈ​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​គ្រឿង​បូជា។ បណ្ដា​ជន​ស្រែក​ឡើង​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត!​»។ អេលីយ៉ា​និយាយ​ថា​៖ ‹កុំ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​រួច​ខ្លួន​ឡើយ!›។ នៅ​ថ្ងៃ​នោះ អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​ទាំង​៤៥០​នាក់​បាន​ត្រូវ​សម្លាប់។

ពេល​អេលីយ៉ា​ឃើញ​ពពក​តូច​មួយ​ឡើង​ពី​សមុទ្រ គាត់​ក៏​ប្រាប់​អាហាប់​ថា​៖ ‹ភ្លៀង​កំពុង​មក​ហើយ! សូម​អ្នក​ប្រញាប់​ឡើង​រទេះ​ត្រឡប់​ទៅ​វិមាន​វិញ​ទៅ›។ ភ្លាម​នោះ​មេឃ​ចាប់​ផ្ដើម​ងងឹត ហើយ​ខ្យល់​វាយ​បក់​បោក ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង។ ទី​បំផុត ភាព​រាំង​ស្ងួត​បាន​ត្រូវ​បញ្ចប់។ ស្ដេច​អាហាប់​ខំ​បរ​រទេះ​យ៉ាង​លឿន តែ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អេលីយ៉ា​រត់​លឿន​ជាង​រទេះ​អាហាប់! ប៉ុន្តែ តើ​បញ្ហា​របស់​អេលីយ៉ា​ចប់​ត្រឹម​នេះ​ឬ? សូម​យើង​មើល​បន្ត​ទៀត។

​«​សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨