លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៧

ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ា

ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ា

ម្ចាស់​ក្សត្រី​យេសិបិល​ខឹង​ខ្លាំង​ណាស់ ពេល​ឮ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល។ នាង​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា​៖ ‹ថ្ងៃ​ស្អែក អ្នក​នឹង​ត្រូវ​ស្លាប់​ដូច​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​ដែរ›។ អេលីយ៉ា​ភ័យ​ខ្លាច​ដល់​ម្ល៉េះ បាន​ជា​គាត់​រត់​ទៅ​លាក់​ខ្លួន​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ គាត់​បាន​អធិដ្ឋាន​ថា​៖ ‹ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ សូម​យក​ជីវិត​ខ្ញុំ​ទៅ›។ ពេល​នោះ​អេលីយ៉ា​អស់​កម្លាំង​ខ្លាំង រហូត​ដល់​គាត់​ដេក​លក់​ក្រោម​ដើម​ឈើ។

ទេវតា​មួយ​រូប​ដាស់​គាត់ ហើយ​និយាយ​ថ្នម​ៗ​ថា​៖ ‹ចូរ​ក្រោក​ឡើង បរិភោគ​សិន​ទៅ›។ អេលីយ៉ា​បើក​ភ្នែក​ឡើង​ឃើញ​នំ​ប៉័ង​មួយ​ដុំ​ដុត​នៅ​លើ​ថ្ម​ក្ដៅ និង​ទឹក​មួយ​ក្អម។ គាត់​បរិភោគ ហើយ​ផឹក​ទឹក រួច​ដេក​ទៅ​វិញ។ បន្ទាប់​មក ទេវតា​បាន​ដាស់​គាត់​ម្ដង​ទៀត ហើយ​និយាយ​ថា​៖ ‹ចូរ​បរិភោគ​ដើម្បី​មាន​កម្លាំង ព្រោះ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ›។ ដូច្នេះ អេលីយ៉ា​ក៏​បរិភោគ​ថែម​ទៀត។ រួច​មក គាត់​បាន​ធ្វើ​ដំណើរ​អស់​៤០​ថ្ងៃ​៤០​យប់ រហូត​ទៅ​ដល់​ភ្នំ​ហូរែប។ នៅ​ទី​នោះ អេលីយ៉ា​បាន​ចូល​ទៅ​ដេក​ក្នុង​រអាង​ភ្នំ​មួយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​សួរ​គាត់​ថា​៖ ​«​អេលីយ៉ា តើ​អ្នក​មក​នៅ​ទី​នេះ​ធ្វើ​អ្វី?​»។ គាត់​ឆ្លើយ​ថា​៖ ‹បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​សម្ដី​ដែល​ពួក​គេ​បាន​សន្យា​ចំពោះ​លោក​ទេ។ ពួក​គេ​បាន​បំផ្លាញ​ទី​បូជា​របស់​លោក ហើយ​សម្លាប់​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ឥឡូវ ពួក​គេ​ព្យាយាម​តាម​សម្លាប់​ខ្ញុំ​ទៀត›។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេលីយ៉ា​ថា​៖ ​«​ចូរ​ចេញ​ទៅ​ឈរ​លើ​ភ្នំ​»។ មុន​ដំបូង ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ទៅ​លើ​មាត់​រអាង​ភ្នំ។ បន្ទាប់​មក មាន​រញ្ជួយ​ដី រួច​មាន​ភ្លើង​ឆេះ។ ចុង​ក្រោយ អេលីយ៉ា​បាន​ឮ​សំឡេង​ស្រាល​ស្រទន់។ ពេល​ឮ​សំឡេង​នោះ​ភ្លាម គាត់​ទាញ​អាវ​មក​បាំង​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​រអាង។ រួច​ព្រះ​យេហូវ៉ា​បាន​សួរ​គាត់​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច?›។ អេលីយ៉ា​ឆ្លើយ​ថា​៖ ‹នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ›។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹មិន​មែន​នៅ​សល់​តែ​អ្នក​ទេ នៅ​មាន​មនុស្ស​៧.០០០​នាក់​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល ដែល​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ។ ចូរ​ត្រឡប់​ទៅ​វិញ ហើយ​តែង​តាំង​អេលីសេ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​បន្ទាប់​ពី​អ្នក›។ អេលីយ៉ា​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ភ្លាម​ៗ។ បើ​អ្នក​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​ជឿ​ថា​លោក​នឹង​ជួយ​អ្នក​ដែរ​ឬ​ទេ? លោក​ប្រាកដ​ជា​នឹង​ជួយ​មែន។ សូម​យើង​ពិនិត្យ​មើល​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​គ្រោះ​រាំង​ស្ងួត។

​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ​»។—ភីលីព ៤:៦